

ពលរដ្ឋរងគ្រោះដែលចាញ់បោកក្រុមហ៊ុន ប្រ៊ីលានស៊ីធី របស់អតីតឧកញ៉ា ឡេង ចាន់ណា ធ្លាក់ខ្លួនឈឺ និងបាត់បង់ជីវិតកាន់តែច្រើន ដោយសារវិបត្តិផ្លូវចិត្ត និងជំពាក់បំណុលវណ្ឌកដោះស្រាយមិនចេញ ខណៈគ្មានដំណោះស្រាយសំណង។ សង្គមស៊ីវិល លើកឡើងថា រដ្ឋាភិបាលហាក់ខ្វះឆន្ទៈដោះស្រាយជូនពលរដ្ឋ។
ពលរដ្ឋរងគ្រោះ ដែលចាញ់បោកក្រុមហ៊ុន ប្រ៊ីលានស៊ីធី របស់អតីតឧកញ៉ា ឡេង ចាន់ណា បានរង់ចាំដំណោះស្រាយពីរដ្ឋាភិបាល និងក្រុមហ៊ុនដោយក្តីឈឺចាប់ និងទុក្ខសោកអស់រយៈពេល៣ឆ្នាំមកហើយ។
តំណាងជនរងគ្រោះម្នាក់ ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៧ខែកញ្ញា ដោយសុំ មិនបញ្ចេញឈ្មោះថា ក្នុងចំណោមពលរដ្ឋក្នុងក្រុមរបស់លោកស្រី ដែលចាញ់បោកក្រុមហ៊ុន អ្នកស្រី ឡេង ចាន់ណា មានអ្នកស្លាប់ រហូតដល់ ៤៥នាក់ហើយ និង មានអ្នកធ្លាក់ខ្លួនឈឺជាច្រើននាក់ ដោយសារការបាក់ទឹកចិត្ត និងគ្មាន ប្រាក់ព្យាបាលជំងឺ។ លោកស្រី មានប្រសាសន៍ថា ពលរដ្ឋរងគ្រោះ រស់ពិបាកជាងស្លាប់ទៅទៀត ពីព្រោះកើតមានវិបត្តិគ្រួសារពេញបន្ទុក ហើយពួកគាត់មើលឃើញថា តុលាការ និងរដ្ឋាភិបាល ក៏ព្យាយាមបន្តបិទបាំង និងបន្ដបោកប្រាស់ជនរងគ្រោះដដែល ក្នុងរយៈពេលច្រើនឆ្នាំមកនេះ។
លោកស្រីអះអាងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងដើរលើផ្លូវបរាជ័យ ដោយសារទុកឱ្យពលរដ្ឋ បន្ដរងគ្រោះ និងស្លាប់យ៉ាងអយុត្តិធម៌ ដោយមិនមានដំណោះស្រាយ។
តំណាងជនរងគ្រោះ៖ «មកដល់ពេលនេះ គឺជនរងគ្រោះយើង មានអ្នកដែល ស្លាប់មាន ៤៥ នាក់ ហើយអ្នករងរបួសនោះមិនចាំបាច់ថ្លែង អ្នកដែលមានជំងឺ អត់មានលុយព្យាបាល»។
ពលរដ្ឋរងគ្រោះម្នាក់ទៀត ប្រាប់ទូរទស្សន៍អាស៊ីសេរីក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដែរ ថា ជនរងគ្រោះជាច្រើននាក់ ដែលចាញ់បោកក្រុមហ៊ុន អ្នកស្រី ឡេង ចាន់ណា ស្លាប់ទាំងនៅក្មេង ដោយសារវិបត្តិផ្លូវចិត្ត និងលែងមានព្រលឹងតស៊ូក្នុងជីវិត។ លោកស្រីអះអាងថា បញ្ហាធំបំផុត គឺការជំពាក់បណុលវ័ណ្ឌក ព្រោះតែយកប្រាក់ទៅដាក់វិនិយោគ ជាមួយក្រុមហ៊ុនឆបោក របស់អ្នកស្រី ឡេង ចាន់ណា។ លោកស្រីថា ស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារ នៅតែបន្តដាក់សម្ពាធឱ្យជនរងគ្រោះសងបំណុល ខណៈរដ្ឋាភិបាល និងតុលាការ ក៏នៅតែមិនដោះស្រាយឱ្យពលរដ្ឋរងគ្រោះ និងមិនជួយសម្រួលបញ្ហាជាមួយធនាគារ។
លោកស្រីថា ដោយសារទុក្ខជាន់លើទុក្ខបែបនេះ ជនរងគ្រោះខ្លះ គិតខ្លី ក៏សម្លាប់ខ្លួន រីឯ ខ្លះទៀត ដេកអស់សង្ឃឹម ងើបលែងរួច ហើយស្លាប់ទាំងនៅក្មេង។
ពលរដ្ឋរងគ្រោះ៖ «ប្រជាពលរដ្ឋរងគ្រោះនេះ ពិបាកណាស់ម្នាក់ៗ ហើយខាងស្រុក ខ្ញុំស្លាប់ពីរ ទៅបីនាក់ហើយ ដោយសារសម្ពាធផ្លូវចិត្ត ជំពាក់គេពេកអីពេកទៅដល់ ថ្នាក់ស្លាប់ ថ្ងៃមុនស្លាប់ម្នាក់ទៀត ចង់និយាយថា អត់មានឈឺអីទេ គាត់អាយុទើប ៣៧ ឆ្នាំទេ ដេកៗដូចថា គាត់ពិបាកចិត្តពេក ហើយគេទារលុយផងអីផង ហើយអា រឿងលុយ ហ្នឹងមិនងាយបានទៅ។ គាត់ដេក លើកគ្រែងើបឡើង ដួលដាច់ សសៃរឈាមខួរ ក្បាលមកដល់ភ្នំពេញស្លាប់នៅភ្នំពេញ។ មនុស្សក្មេងៗ អត់មាន ជំងឺអីសោះ តែតាម គេនិយាយថា មនុស្សគាត់មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរពេក មនុស្ស ដែលមិននិយាយចេញ គឺវាពិបាកណាស់។ នៅជិតៗផ្ទះខ្ញុំ ដែលខ្ញុំបានដឹង បីនាក់ហើយ»។
ទូរទស្សន៍អាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយ ពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃទី១៧ ខែកញ្ញា។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ធ្លាប់បានលើកឡើងថា ពេលឃើញការពិតពីការរងគ្រោះរបស់ពលរដ្ឋហើយ បែរជាអាជ្ញាធរ និងតុលាការ នៅបន្តស្ងៀមស្ងាត់ នោះគឺជាបរាជ័យរបស់អង្គការរដ្ឋ។ លោករដ្ឋមន្ត្រី ក៏ធ្លាប់មានប្រសាសន៍ដែរថា រឿងក្ដីដែលតុលាការពន្យារពេលទុកចោលយូរពេក គឺជារឿង អយុត្តិធម៌មួយ សម្រាប់ជនរងគ្រោះ។

ក្រុមហ៊ុន ប្រ៊ីលានស៊ីធី របស់អតីតឧកញ៉ា ឡេង ចាន់ណា បានផ្ទុះរឿងអាស្រូវ ឆបោក តាំងពីឆ្នាំ២០២៣ ដែលមកដល់ពេលនេះ មានរយៈពេលប្រមាណ ៣ឆ្នាំ ហើយ ប៉ុន្តែ នៅមិនទាន់មានដំណោះស្រាយនៅឡើយ។ ប្រជាពលរដ្ឋខ្មែរ ជាង ១ម៉ឺន ២ពាន់នាក់ ទាំងក្នុង និងក្រៅប្រទេស ចាញ់បោកក្រុមហ៊ុននេះ អស់ប្រាក់ជាង ៣០០លានដុល្លារ។
ក្រៅពីអ្នកស្រី ឡេង ចាន់ណា ដែលជាអគ្គនាយិកា និងបក្ខពួកមួយចំនួនទៀត សំណុំរឿងឆបោកដ៏ធំនេះ ក៏មានមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលជាច្រើននាក់ ពាក់ព័ន្ធ ដែរ ដូចជា រដ្ឋលេខាធិការក្រសួងអប់រំ លោក ស៊ាន បូរ៉ាត និង អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ លោក ស ថាវី។ អតីតឧកញ៉ា ឡេង ចាន់ណា មុនពេលសមត្ថកិច្ចចាប់ខ្លួនធ្លាប់បានប្រកាសប្រាប់ សហការី ថា ក្រុមហ៊ុនរបស់អ្នកស្រី មានលោក ហ៊ុន ម៉ាណែត ជាខ្នងបង្អែក។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា ប្រាប់ទូរទស្សន៍ អាស៊ីសេរី នៅថ្ងៃទី១៧ ខែកញ្ញា ថា ការពន្យារពេលផ្ដល់ដំណោះស្រាយជូន ប្រជាពលរដ្ឋរងគ្រោះ យូរឆ្នាំ រហូតធ្វើឱ្យជនរងគ្រោះជាច្រើននាក់ បាក់ទឹកចិត្ត អស់សង្ឃឹម និងធ្លាក់ខ្លួនឈឺស្លាប់ ជាបន្តបន្ទាប់បែបនេះ ឆ្លុះបញ្ចាំងអំពីយន្តការ ដោះស្រាយរបស់រដ្ឋ ដែលធ្វើឱ្យពលរដ្ឋគ្មានទំនុកចិត្ត។ លោកថា ស្ថានភាពនេះ ធ្វើឱ្យពលរដ្ឋរងគ្រោះផ្ទួនៗ ដោយចាញ់បោកក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា ជំពាក់បំណុលវ័ណ្ឌកផង និងត្រូវរង់ចាំដំណោះស្រាយដ៏យូរឆ្នាំផង។
លោក នី សុខា មានប្រសាសន៍ថា ពេលនេះសមល្មមហើយ ដែលរដ្ឋាភិបាល និងតុលាការ ត្រូវផ្ដល់ដំណោះស្រាយសមរម្យជូនពលរដ្ឋរងគ្រោះ ដើម្បីស្ដារទំនុកចិត្ត របស់ពលរដ្ឋ លើការបំពេញកាតព្វកិច្ចរបស់រដ្ឋាភិបាល និងតុលាការ។
លោក នី សុខា៖ «មិនគួរណាសមត្ថកិច្ចនៅតែអូសបន្លាយពេលវេលា នៅក្នុងការ ដែលធ្វើឱ្យពលរដ្ឋគ្រង់ចាំឬ រ៉ាំរ៉ៃដែលធ្វើឱ្យមានបញ្ហារហូតទៅដល់មានគ្រោះថ្នាក់ ដល់អាយុជីវិតទេ។ អ៊ីចឹងរូបភាពនេះ ជាការជះឥទ្ធិពលមួយមិនល្អ ទី១ វាអាចធ្វើឱ្យ ប៉ះពាល់់កិត្តិយសដល់តម្លៃរបស់រដ្ឋាភិបាល ទី២វាបង្ហាញប្រព័ន្ធនៃការដោះស្រាយបញ្ហារបស់យើង វានៅមានកម្សោយ ដែលវាមិនអាចធ្វើឱ្យមានការ ជំរុញការងារដោះស្រាយនឹងបាន។ ខ្ញុំមិនចង់លើកតែពីររឿងហ្នឹងមួយទេ មានរឿង ខ្លះទៀតរហូតទៅដល់យើងបានលឺដំណឹងថា មានឧកញ៉ាដែលបោកប្រាស់មួយចំនួន ដែលបានដាក់នៅក្នុងពន្ធនាគារហើយ រហូតទៅដល់មានអ្នកខ្លះ រួចទោស ដោះលែងចេញក្រៅមកវិញសទៅទៀត ហើយបញ្ហានៅតែជា បញ្ហាដដែល»។
អ្នកឃ្លាំមើលព្រមានថា ប្រទេសកម្ពុជានឹងធ្លាក់ទៅក្នុងវិបត្តិ ដោយជៀសមិនផុត ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែមិនអាចដោះស្រាយវិបត្តិធំៗ នៅក្នុងសង្គម រួមមានបញ្ហាឆបោកប្រាក់ពលរដ្ឋ ការឆបោកអនឡាញ បញ្ហាដីធ្លីរ៉ាំរ៉ៃ បញ្ហាពលរដ្ឋអត់ការងារធ្វើ និងបញ្ហាអយុត្តិធម៌សង្គមជាច្រើនផ្សេងទៀត៕









