ក្រសួង​មហា​ផ្ទៃ​​ថា​ក្នុង​រយៈ​ពេល​​ជាង​​៣ឆ្នាំកម្ពុជាបណ្តេញ​ជន​បរទេស​ជាង៧ម៉ឺននាក់​​​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​​អនឡាញ

0
81
សកម្មភាព​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​ទាក់ទង​ក្រុមឆបោក អនឡាញ ទៅលើ​ទីតាំង​ផ្ទះ​វីឡា​ទោល​ចំនួន ១​កន្លែង​ ស្ថិត​ក្នុងភូមិ​ទួល​ប្រាសាទ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម
សកម្មភាព​ប្រតិបត្តិការ​បង្ក្រាប​ជនសង្ស័យ​ទាក់ទង​ក្រុមឆបោក អនឡាញ ទៅលើ​ទីតាំង​ផ្ទះ​វីឡា​ទោល​ចំនួន ១​កន្លែង​ ស្ថិត​ក្នុងភូមិ​ទួល​ប្រាសាទ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ២០២៦។ រូប៖ បណ្ដាញសង្គម

ក្រសួង​មហា​ផ្ទៃ​​​ថា​ ​ក្នុង​រយៈ​ពេល​​ជាង​​៣ឆ្នាំ កម្ពុជា​​​បណ្តេញ​ជន​បរទេស​ ​​​ជាង​៧​ម៉ឺន​នាក់​​​ ​​​​ហើយ​ ​​ក្នុង​នោះ​​​​​​ជន​បរទេស​​ភាគ​ច្រើន​​ ​​​​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​​អនឡាញ។ អ្នក​ឃ្លាំ​មើល​យល់​ថា​ ការ​​​បណ្ដេញ​​ជន​បរទេស​ខុស​ច្បាប់​ ​​​ចេញ​ពី​​​កម្ពុជា​​ គឺ​ជា​រឿង​ល្អ​ ប៉ុន្តែ​​ការ​មិន​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​មក​លើ​មេខ្លោង​​ធំ​ៗ​​ ​​​​​​​ឱ្យ​បាន​ម៉ឺងម៉ាត់​​​​ និង​មាន​ប្រសិទ្ធភាព ​​​​ជា​រឿង​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​​ព្រោះ​ថា​​​ ​កម្ពុជា ​​គ្មាន​ឆន្ទៈ​ លុប​បំបាត់​​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នោះ​ទេ។

ខណៈ​ដែល​​​រដ្ឋាភិបាល​​​​បក្ស​កាន់​អំណាច​​ កំពុងតែ​ ការ​​រង​​រិះគន់​ខ្លាំង ​ពី​​​​​​មជ្ឈដ្ឋាន​​​ភាគ​ច្រើន​​​​ ​​​រឿង​​អនុវត្ត​​​​វិធាន​ការ​បោស​សម្អាត​​​ជន​បរទេស​ ​​​​ខុស​ច្បាប់​ ​​​​​​ដោយ​​គ្មាន​តម្លាភាព​​​​នោះ​ ​​ក្រសួង​មហា​ផ្ទៃ​​​​បង្ហាញ​​ថា​​​ ក្នុង​រយៈ​ពេល​​ជាង​​៣ឆ្នាំ​​​​មក​នេះ​ កម្ពុជា​​បាន​​ បណ្ដេញ​​ជន​បរទេស​ជាង៧ម៉ឺននាក់​​​ ​​​ដែល​ភាគ​ច្រើន​​ ជាប់​​ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​​អនឡាញ។

តាម​រយៈ​ការ​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា បង្ហាញ​ថា ជន​បរទេស​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​រួម​មាន​ជន​ជាតិ​ចិន​ ជាង៣ម៉ឺន (៣២.៣៩៥)នាក់ ​ជនជាតិ ឥណ្ឌូណេស៊ី មានជាង១ម៉ឺន(១០.៥៦៨)នាក់ ​​ជនជាតិ​វៀតណាម​ជាង ៨ពាន់ (៨.៧៣៧)នាក់ និង​ជនបរទេស​ផ្សេង​ទៀត។ ដូច​ជា​ ប៉ាគីស្ថាន បង់ក្លាដេស មីយ៉ាន់ម៉ា ថៃ ឥណ្ឌា ហ្វីលីពីន អ៊ូហ្កង់ដា និង សាធារណរដ្ឋ​កូរ៉េ ជាដើម។ ​ ជា​មួយ​គ្នា​នោះ​ក្រសួង​មហា​ផ្ទៃ​ការ​បញ្ជាក់​ដែរ​ថា គិត​ត្រឹម​ខែ​កញ្ញា​នេះ ជនបរទេស​ដែល​កំពុង​ស្នាក់​នៅ​មណ្ឌល​ត្រៀម​បណ្ដេញ​ចេញទាំង៥មណ្ឌល មានជាង១ពាន់ (១.៦០៥)នាក់ ហើយមាន៣០សញ្ជាតិ។

អ្នក​ជំនាញ​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ​ លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​​​​ថា បើ​ទោះ​បី​ជា​ ​​​រដ្ឋាភិបាល​ បណ្ដេញ​ជន​បរទេស​ចេញ​​​ពី​ប្រទេស​ ច្រើន​រាប់​​​ម៉ឺន​នាក់​​ក៏​ដោយ ការ​​មិន​​​ចាត់​វិធាន​ការ​ផ្លូវ​​ច្បាប់​លើ​​​​ មេ​ខ្លោង​ធំ​ៗ ម្ចាស់​ទី​តាំង ​​​និង​អ្នក​មាន​អំណាច​​ ចាំ​​កាង​​​ការពារ​បណ្ដាញ​​ឧក្រិដ្ឋជន​​​ គឺ​គ្រាន់​តែ​ជា​​​​​ការ​បង្ក្រាប ដែល​​​​​​​​​​​​​គ្មាន​​​ប្រសិទ្ធភាព ​និង​តម្លាភាព។


លោក សេង វណ្ណលី៖ «និយាយ​ឱ្យ​សាមញ្ញ ការ​បណ្ដេញ​មនុស្ស​ចេញ​មិន​មែន​ជា​ចម្លើយ​ទាំង​អស់​ទេ។ អ្នក​ខ្លះ​អាច​ជា​អ្នក​ប្រតិបត្តិការ​តូច​ៗ ហើយ​អ្នក​ខ្លះ​ទៀត​អាច​ជា​ជន​រង​គ្រោះ​ដែល​ត្រូវ​គេ​បង្ខំ​ឱ្យ​ធ្វើ​ការ។ បើ​ចង់​បំបាត់​បញ្ហា​ឱ្យ​ដល់​ឫសគល់ ត្រូវ​រក​ឱ្យ​ឃើញ​ថា អ្នក​ណា​ជា​ម្ចាស់​បណ្តាញ? លុយ​ទៅ​ណា? អ្នក​ណា​ផ្ដល់​ទី​តាំង? ហើយ​អ្នក​ណា​ការពារ​? បើ​មេខ្លោង​នៅ​តែ​រួច​ខ្លួន ពួក​គេ​អាច​រក​មនុស្ស​ថ្មី​មក​ធ្វើ​ការ​ជំនួស ហើយ​អាជីវកម្ម​ឆបោក​អាច​បន្ត​ទៀត»។

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ​​លោក​នាយករដ្ឋមន្ត្រី​​​ ហ៊ុន ម៉ាណែត ​​​បាន​​ថ្លែង​នៅ​ក្នុង​ពិធី​​សម្ពោធ​ដាក់​​​​ឱ្យ​ប្រើ​ប្រាស់​មន្ទីរ​ពេទ្យ​​ហ្លួង​ម៉ែ​​​ថា​ ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​បាន​បង្ក​ផល​ប៉ះពាល់​ខ្លាំង​លើ​សេដ្ឋកិច្ច​​​និង​​មុខ​​មាត់​​កម្ពុជា​ ដូច្នេះ កម្ពុជា​មិន​អាច​​ឱ្យ​​​​ក្រុម​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ត្រឡប់​មក​កម្ពុជា​វិញ​ដាច់​ខាត​។​​ ទន្ទឹម​គ្នា​នោះ ​លោក​ក៏​​​​​ព្រមាន​ឱ្យ​​​អភិបាល​ខេត្ត​ ​​​​​មេ​​ប៉េអិម ប៉ូលិស ​និង​​អភិបាល​ស្រុក​​​មួយ​ចំនួន​ ​​​​លា​លាង​ពី​តំណែង​ បើ​ពួក​គេ​មិន​ហ៊ាន​បង្ក្រាប​​ល្បែង​ឆបោក​តាម​អនឡាញ​​។​​​

លោក ហ៊ុន ម៉ាណែត៖ «បើ​ថា​ធ្វើ​រដ្ឋាភិបាល ធ្វើ​រដ្ឋ​មន្ត្រី ធ្វើ​ចៅហ្វាយ​ខេត្ត ធ្វើ​ចៅហ្វាយ​ស្រុក ធ្វើ​មេឃុំ មេ​​ប៉ូលិស មេPM មេ​អី មិន​ហ៊ាន​អនុវត្ត​ច្បាប់ ដោយ​សារ​ខ្លាច​ប៉ះអារម្មណ៍​គេ ឈប់​ធ្វើ​ទៅ អត់​ខ្លាច​អារម្មណ៍​ប្រជាពលរដ្ឋ​១៧​លាន​នាក់​ទេ​អី? យក​​​សម្ងំ​សុខ​​​តែ​​​ខ្លួន​ឯង។​​ ចាំ​បាច់​កន្លែង​ខ្លះ​យើង​ត្រូវ​កែសម្រួល​ក្បាល​ម៉ាស៊ីន​មួយ​ខេត្ត ព្រោះ​គាត់​អត់​ធ្វើ​ មិន​មែន​គាត់​ចូល​ដៃ​ទេ។​ ​អញ្ចឹង​យើង​ដាក់​សកម្ម ​ កន្លែង​ហ្នឹង​​​ទុក យើង​មិន​មែន​​ប៉ះ​ដៃ​កាត់​ដៃ​ ប៉ះ​ជើង​កាត់​ជើង​ទេ។​ខ្ញុំ​ហៅ​មក​ណែនាំ​ផ្ទាល់​ច្រើន​ដង​ណាស់​ទៅ​ហើយ​ គ្មាន​នាយករដ្ឋមន្ត្រី​ណា​ហៅ​ចៅហ្វាយ​ខេត្ត ហៅ​មេ​PMអង្គុយ​ណែនាំ​ផ្ទាល់​ទេ ខ្ញុំ​ផ្ដល់​ឱកាស បង​ប្អូន​គាត់​ខំ ប៉ុន្តែ​ធ្វើ​វា​លំបាក យើង​ត្រូវ​កែសម្រួល ដាក់​អ្នក​ថ្មី​ទៅ​ទទួល​ខុស​ត្រូវ បើ​ធ្វើ​មិន​បាន​ចេញ​ទៀត»។


ទោះ​ជា​យ៉ាងណា​​​​​​​​​​លោក សេង វណ្ណលី យល់​ឃើញ​ថា​ ​​​ការ​ថ្លែង​របស់​​​លោក ហ៊ុន ម៉ាណែត ​​​ពាក់ព័ន្ធ​​ ​​ការអនុវត្ត​​​ច្បាប់​ប្រឆាំង​ការ​​ឆបោក​​​​តាម​អនឡាញ​ ហើយ​​ ​មន្ត្រី​ដែល​មិន​ហ៊ាន​អនុវត្ត​ច្បាប់​គួរ​ដក​ខ្លួន​ចេញ​ពី​តំណែង គឺ​ជា​សារ​ដ៏​ល្អ​មួយ​​​ ប៉ុន្តែ​ឆន្ទៈ​ពិត​មិន​អាច​វាស់​តាម​ពាក្យ​សម្ដី​បាន​ទេ ​គឺ​​ត្រូវ​វាស់​តាម​ចំណាត់​ការ​ជាក់ស្ដែង។ ដូច្នេះ ​​លោក​យល់​ថា​ អ្វី​ដែល​គួរ​មើល​បន្ត​គឺ​ថា​​ តើ​រដ្ឋាភិបាល​ហ៊ាន​​​​ស៊ើបអង្កេត​​ មេ​ខ្លោង​ធំៗ​ ​អ្នក​មាន​លុយ ​​​​អ្នក​មាន​អំណាច ​ដែរ​ឬ​ទេ។

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​ ប្រធាន​គណៈកម្មាធិការ​ពីរ​នៃ​សភា​តំណាង​រាស្ត្រ​អាមេរិក បាន​ស្នើ​ឱ្យ​ក្រសួង​ការបរទេស និង​ក្រសួងហិរញ្ញវត្ថុ​អាមេរិក ស៊ើបអង្កេត​មន្ត្រី​ជាន់​ខ្ពស់ អ្នក​ជំនួញ និង​បុគ្គល​មាន​ឥទ្ធិពល​មួយ​ចំនួន​នៅ​កម្ពុជា ​​ដូច​ជា ​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ​អ្នក​​ស្រី ជូ ប៊ុនអេង អគ្គ​ស្នងការ​រង​នគរបាល​ជាតិ លោក ឌី វិជ្ជា ​ក្មួយ​លោក​ហ៊ុន សែន គឺ​ លោក ហ៊ុន តូ ​អភិបាល​ខេត្ត​កណ្ដាល​​ លោក​ គួច ចំរើន ​​​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក នេត សាវឿន និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ​ជាដើម​​ដែល​​សង្ស័យ​ជាប់ពាក់ព័ន្ធ​​នឹង​​ ​​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​​​​នៅ​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ