

ទាហានខ្មែរបានអះអាងថា កម្ពុជាបានបាត់បង់ទីតាំងមួយផ្នែកទៀត នៃតំបន់ភ្នំបេង ដែលស្ថិតនៅព្រំដែនក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បន្ទាប់ពីកម្លាំងកម្ពុជា បានរាយបន្លាលួសការពារបានមួយរយៈ។ នៅថ្ងៃដដែលនេះដែរ ក្រសួងការបរទេសកម្ពុជាក៏បានចេញសេចក្តីតវ៉ាដោយបញ្ជាក់ថាយោធាថៃនៅតែបន្តធ្វើសកម្មភាពរំលោភបំពានចូលទឹកដីកម្ពុជានៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ខណៈមេដឹកនាំកម្ពុជាលោក ហ៊ុន ម៉ាណែត ទើបតែបានអះអាងថា កម្ពុជាមិនបានបាត់បង់ទឹកដីនៅទីតាំងណាមួយ នៃតំបន់ព្រំដែនទៅកាន់ភាគីថៃនោះ ពេលនេះទាហានខ្មែរបានអះអាងថា កម្ពុជាទើបបាត់បង់ទីតាំងក្ដៅៗ យ៉ាងតិចចំនួនពីរទៅកាន់ប្រទេសថៃ។
ទាហានខ្មែរម្នាក់ដែលកំពុងឈរជើងនៅកងការពារព្រំដែន ប្រចាំខេត្តឧត្តរមានជ័យ បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី ក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ នៅថ្ងៃនេះថា យោធាថៃបានចូលមកកាន់កាប់ទីតាំងមួយផ្នែកក្នុងតំបន់ភ្នំបេង របស់កម្ពុជា បន្ទាប់ពីមេបញ្ជាការនៃភាគីទាំងពីរបានចរចាគ្នាកាលពីថ្ងៃទី១៥ ខែកញ្ញា កន្លងទៅ។ លោកបន្តថា ការចរចានេះគឺគ្មានភាពស្មើគ្នានោះឡើយ ដោយភាគីទាហានថៃបានប្រាប់ឱ្យភាគីទាហានខ្មែរលុបបំពេញលេណដ្ឋាន និងរើបន្លាលួសដែលទាហានខ្មែរបានសាងសង់ក្នុងទឹកដីកម្ពុជានោះចេញ ដោយទាហានថៃបានអះអាងថា ភាគីថៃបានចូលកាន់កាប់ក្នុងតំបន់នេះ តាំងពីភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងបទឈប់បាញ់ ផ្អាកសង្គ្រាមកាលពីចុងឆ្នាំ២០២៥មកម្ល៉េះ។
ទាហានខ្មែររូបនេះអះអាងថា ពេលនេះកងកម្លាំងកម្ពុជាបានចុះចេញពីទីតាំងឈរជើងចាស់នៅទីតាំងភ្នំបេង ជាច្រើនម៉ែត្រខណៈភាគីថៃបានបន្តការសាងសង់លេណដ្ឋានធំៗ និងផ្លូវយុទ្ធសាស្រ្ត នៅក្នុងតំបន់នេះ ដោយបានរំលោភចូលក្នុងទឹកដីកម្ពុជា ជាច្រើនទីតាំង និងមិនបានគោរពទៅតាមបទឈប់បាញ់ ដែលភាគីថៃបានប្រាប់កម្ពុជាឱ្យអនុវត្តតាមនោះឡើយ។ លោកបន្តថា ក្រៅពីតំបន់ភ្នំបេង យោធាថៃបានចូលកាន់កាប់ទីតាំងមួយផ្នែកទៀត នៅតំបន់ទំនប់តាទុំ ដែលស្ថិតនៅក្បែរនឹងទីតាំងភ្នំបេងនេះដែរ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤១ នៃយោធភូមិភាគទី៤ ប្រចាំទិសអន្លង់វែង លោក នាង ឃីម និងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាននេះបានទេ នៅថ្ងៃទី១៧ ខែកញ្ញា។
ពាក់ព័ន្ធរឿងនេះ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃនេះ ដោយប្រឆាំងនឹងសកម្មភាពឈូសឆាយដី និងកាយប្រឡាយចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា ស្ថិតនៅភូមិសាស្ត្របង្គោលព្រំដែនលេខ៩ ក្នុងតំបន់ទំនប់តាទុំ ក្នុងស្រុកអន្លង់វែង។ ក៏ប៉ុន្តែក្រសួងមិនបានលើកឡើងពីសកម្មភាពឈ្លានពានរបស់យោធាថៃនៅតំបន់ភ្នំបេង នោះឡើយ។
យ៉ាងណាក៏ដោយចុះ ទាហានខ្មែរបានអះអាងថា ទីតាំងជម្លោះនេះគឺជាមូលដ្ឋានទ័ពរបស់យោធាខ្មែរ ដែលបានឈរជើងតាំងពីផ្ទុះសង្គ្រាមតាមព្រំដែន ដោយទីតាំងនេះស្ថិតនៅក្បែរមូលដ្ឋានរបស់យោធាថៃ នៅតំបន់ភ្នំ៤៥០ ភ្នំ៤២៩ ភ្នំ៨០០ ក្នុងតំបន់ជាំស្រង៉ាំ ដែលស្ថិតនៅជាប់នឹងតំបន់ភ្នំបេង តំបន់ទំនប់តាទុំ និងច្រកជាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ របស់កម្ពុជា។
ទាហានខ្មែរអះអាងថា ក្រោយកិច្ចចរចាផ្អាកសង្គ្រាម តំបន់ភ្នំបេង នេះ មិនបានបាត់បង់ទៅកាន់ភាគីថៃនោះទេ ក៏ប៉ុន្តែយោធាថៃបានដាក់ពង្រាយកម្លាំង និងចូលមកឈូសឆាយ ដោយបំផ្លាញមូលដ្ឋានចាស់របស់ទាហានខ្មែរគ្មានសល់។ ប្រភពបានបញ្ជាក់ថា ប្រឈមនឹងសភាពការណ៍នេះ ទាហានខ្មែរបានជីកប្រឡាយ និងរាយបន្លាលួសដើម្បីទប់ស្កាត់សកម្មភាពឈ្លានពានរបស់យោធាថៃ ចូលមកក្នុងទឹកដីកម្ពុជាបន្ថែមទៀត ក៏ប៉ុន្តែសកម្មភាពនេះ ត្រូវបានទាហានថៃរារាំង ដោយចោទថា ការសាងសង់នេះបានរំលោភចូលក្នុងតំបន់ភ្នំ៤៥០ របស់ភាគីថៃ។
ទោះជាយ៉ាងណា កាលពីថ្ងៃទី១៤ ខែកញ្ញា កងទ័ពភូមិភាគទី២ របស់ថៃបានចេញសេចក្ដីប្រកាសដោយទទួលស្គាល់ថា ទីតាំងដែលទាហានខ្មែរបានជីកប្រឡាយ និងរាយបន្លាលួសនេះ គឺជាមូលដ្ឋានយោធា ដែលទាហានខ្មែរបានប្រើប្រាស់តាំងពីសម័យសង្គ្រាមស៊ីវិលមកម្ល៉េះ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានបង្ហាញការសោកស្ដាយចំពោះសកម្មភាពឈ្លានពានរបស់យោធាថៃ ក្នុងទឹកដីកម្ពុជាដោយមិនចាំបាច់ចំណាយគ្រាប់កាំភ្លើងសូម្បីតែមួយគ្រាប់សោះ។ លោកជំរុញឱ្យរដ្ឋាភិបាលត្រូវពង្រីងសមត្ថភាពកម្លាំងជួរមុខ និងប្រើប្រាស់សិទ្ធិការពារខ្លួនលើទីតាំងជាក់ស្ដែងស្របតាមច្បាប់អន្តរជាតិ ហើយត្រូវប្រញាប់ ប្តឹងថៃទៅកាន់តុលាការអន្តរជាតិ។
លោក ម៉ែន ណាត៖«ឯកំហុសនេះ កំហុសនរណា? មិនមែនកំហុសទាហាន បងប្អូនទាហានជួរមុខទេ ព្រោះទាហានជួរមុខរង់ចាំតែបទបញ្ជា តែវាជាកំហុសរបស់មេដឹកនាំរដ្ឋាភិបាលដែលទន់ខ្សោយ ទន់ជ្រាយ គ្មានប្រធានការ គ្មានយុទ្ធសាស្ត្រ គ្មានមធ្យោបាយដាក់សម្ពាធថៃ»។
ទោះបីជាទាហានដែលឈរជើងនៅជួរមុខ និងស្ថាប័នរបស់រដ្ឋាភិបាល បានអះអាងពីសកម្មភាពឈ្លានពានជាក់ស្ដែង របស់យោធាថៃចូលក្នុងទឹកដីកម្ពុជាយ៉ាងណាក្ដី ក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាមិនបានបាត់បង់ទឹកដីនៅកន្លែងណាមួយនោះទេ ដោយកម្ពុជាគ្រាន់តែបាត់បង់ការគ្រប់គ្រងនៅតំបន់ខ្លះប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្ដី អ្នកឃ្លាំមើលលើកឡើងថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត មានអត្ថន័យផ្ទុយពីឪពុកលោក គឺលោក ហ៊ុន សែន ដែលធ្លាប់បានប្រកាសទទួលស្គាល់កំហុស និងការធ្វេសប្រហែសរបស់ខ្លួនឯង បន្ទាប់ពីធ្វើឱ្យបាត់បង់ទឹកដីតាមព្រំដែនទៅកាន់ភាគីថៃ។ អ្នកឃ្លាំមើលយល់ថា ក្នុងនាមជាមេដឹកនាំដែលរៀនចប់បណ្ឌិតយោធាពីប្រទេសមហាអំណាច លោក ហ៊ុន ម៉ាណែត មិនគួរប្រើប្រាស់វោហារសាស្ត្រ ដើម្បីបោកប្រាស់អារម្មណ៍របស់ពលរដ្ឋ និងលាងសម្អាតកំហុសរបស់ខ្លួន ដែលគ្មានសមត្ថភាពការពារទឹកដី បែបនេះឡើយ៕








