

យុវជនគណបក្សកម្លាំងជាតិ ខេត្តសៀមរាប ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃ ទៅចាប់ខ្លួនដល់ផ្ទះទាំងយប់ ដោយមិនដឹងមូលហេតុ និងគ្មានដីកានាំខ្លួន។ សង្គមស៊ីវិលលើកឡើងថា ចំណាត់ការរបស់អាជ្ញាធរ គឺជាអំពើខុសច្បាប់ និងរំលោភសិទ្ធិនយោបាយរបស់សមាជិកគណបក្សប្រឆាំង។
គណបក្សកម្លាំងជាតិឲ្យដឹងថា សមាជិកម្នាក់បន្ថែមទៀត នៃគណបក្សនេះ គឺប្រធានយុវជនបក្ស ស្រុកជីក្រែង ខេត្តសៀមរាប លោក ចក់ សារ៉ាយ ត្រូវបានអាជ្ញាធររដ្ឋាភិបាល ចាប់ខ្លួន កាលពីព្រលប់ ថ្ងៃទី១៧ ខែកញ្ញា។ គណបក្សកម្លាំងជាតិ ថា កម្លាំងសមត្ថកិច្ចពីក្រសួងមហាផ្ទៃ បានចុះទៅចាប់ខ្លួន លោក ចក់ សារ៉ាយ ដោយគ្មានដីកា នៅផ្ទះរបស់លោក ក្នុងភូមិដូនសុខ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
គណបក្សកម្លាំងជាតិ បានចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី១៨ ខែកញ្ញា ដោយ បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ពីស្ថានការណ៍នៃការរំលោភសិទ្ធិមនុស្ស សិទ្ធិសេរី ភាពការបញ្ចេញមតិ និងសិទ្ធិសេរីភាពនយោបាយ ខណៈអាជ្ញាធរនៅតែបន្តចាប់ខ្លួនសមាជិក និងសកម្មជន នៃគណបក្សនយោបាយប្រឆាំងជាបន្តបន្ទាប់។
មកដល់ពេលនេះ ទាំងសាច់ញាតិលោក ចក់ សារ៉ាយ និង ទាំងគណបក្សកម្លាំង ជាតិ មិនទាន់បានដឹងថា តើអាជ្ញាធររដ្ឋាភិបាល ចាប់ខ្លួនលោក បញ្ជូនទៅដល់ ទីណានៅឡើយទេ។
បងប្រុសរបស់លោក ចក់ សារ៉ាយ ប្រាប់ទូរទស្សន៍អាស៊ីសេរីដោយសំឡេងទុក្ខសោក ថា លោកមិនបានដឹង ថាតើអាជ្ញាធរចាប់ខ្លួនប្អូនប្រុស ដោយសាររឿងអ្វី នោះទេ។ លោកគ្រាន់តែរៀបរាប់ថា លោក ចក់ សារ៉ាយ ជាយុវជនដែលចូលចិត្ត ជួយអ្នកស្រុក ហើយការចាប់ខ្លួនយុវជនរូបនេះ ធ្វើឱ្យអ្នកភូមិជិតខាង មានការរន្ធត់ ចិត្តសោកស្ដាយ។
បងប្រុស របស់លោក ចក់ សារ៉ាយ៖ «តាំងពីគេចាប់ប្អូនយប់មិញមក ទឹកភ្នែកតាំងពី យប់រហូតដល់ល្ងាចហើម ភ្នែកអស់ហើយ។ កូនសួរក៏មិនហ៊ានមាត់ ដេកតែយំ អង្គុយតែយំ យើងអត់មានអី ដើម្បីដោះស្រាយ ដើម្បីសួរនាំ ព្រោះយើងក្មេងកំព្រាទាំងអស់ ទាំងបងទាំងប្អូនមាន ម៉ែ មានអីឪមកពីណា រហូតដល់ខ្ញុំមានទាំងកូនហើយ អត់មានម៉ែទៀត។ ចិញ្ចឹមកូន តក់ៗ បានប្អូននៅក្បែរ ដើរស៊ីឈ្នួលគេតក់ៗ ដល់ពេលនេះ លឺប្អូនមានបញ្ហាអ៊ីចឹង ទៅមិនដឹងជួយអីបាន»។
ចំណែកឯអនុប្រធានគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៨ ខែកញ្ញាថា អាជ្ញាធរគួរតែផ្ដោតលើការការពារទឹកដី កម្ចាត់ គ្រឿងញៀន និង លុបបំបាត់ការឆបោកអនឡាញ ជាជាងបន្ត ធ្វើទុក្ខបុកម្នេញ សកម្មជន និងសមាជិកគណបក្សប្រឆាំង ទើបមានប្រយោជន៍ដល់ប្រទេសកម្ពុជា និង ក៏ជាមុខមាត់របស់រដ្ឋាភិបាល។ ទាក់ទងនឹងការចាប់ខ្លួន យុវជន ចក់ សារ៉ាយ នេះ លោក សុខ គឹមសេង ក៏មិនទាន់បានដឹងទេ ថា តើអាជ្ញាធរបញ្ជូនយុវជនរូបនេះ នៅកន្លែងណាឱ្យពិតប្រាកដ។
លោក សុខ គឹមសេង៖ «រហូតមកដល់ពេលនេះ យើងអត់ដឹងថា តើគេយកគាត់ទៅ ណាទេ ព្រោះជាទូទៅយើងឃើញហើយការចាប់ ឬក៏ការនាំខ្លួនសកម្មជននយោបាយ ជាពិសេសគណបក្សប្រឆាំង តែងតែធ្វើនៅក្នុងរូបភាពប្រថុចញ៉ុច ហើយគ្មានការបង្ហាញដីកា ឬប្រភពនាំទៅណាទៅណីទេ»។
ទូរទស្សន៍អាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយ ជុំវិញរឿងនេះ ពីអ្នកនាំពាក្យស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានទេ នៅថ្ងៃទី១៨ ខែកញ្ញា។
ទាំងគណបក្សកម្លាំងជាតិ និងទាំងសង្គមស៊ីវិល ទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដោះលែងយុវជន ចក់ សារ៉ាយ ព្រមទាំង អ្នកទោសនយោបាយ និង អ្នកទោសមនសិការទាំងអស់ ឱ្យមានសេរីភាពឡើងវិញ តាមអនុសាសន៍ របស់អ្នក រាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) កាលពីចុងខែកក្កដា។ លោក ថម អេនឌ្រូ បានដាស់តឿនលោក ហ៊ុន ម៉ាណែត ឱ្យដោះលែង និងផ្ដល់សេរីភាពពេញលេញ ដល់អ្នកទោសនយោបាយ និង អ្នកទោសមនសិការ ជាង ១០០នាក់ ដើម្បីអនុវត្តតាមគោលការណ៍គោរពសិទ្ធិមនុស្ស ដែលភាគីកម្ពុជាសន្យាជាអន្តរជាតិ។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិ មនុស្សអាដហុក(Adhoc) លោក យិន ម៉េងលី ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី១៨ ខែកញ្ញា ដោយកត់សម្គាល់ថា ជាធម្មតា ការចាប់ខ្លួនសកម្មជន និងសមាជិកគណបក្សនយោបាយក្រៅរដ្ឋាភិបាលកន្លងមក ពុំឃើញមានបទឧក្រិដ្ឋអ្វី ក្រៅតែពីការចោទប្រកាន់ លើបទញុះញង់ និងបទបរិហាកេរ្តិ៍ ដែលសុទ្ធតែជាសាច់រឿងពាក់ព័ន្ធនឹងសេរីភាពបញ្ចេញមតិទាំងអស់ ដោយលោកថា ជាវិធានការ ដែលធ្វើឱ្យរដ្ឋាភិបាល រងការរិះគន់ច្រើន ពីសហគមន៍អន្តរជាតិ។ លោកកត់សម្គាល់ដែរថា ការចាប់ខ្លួនយុវជនគណបក្សកម្លាំងជាតិ លោក ចក់ សារ៉ាយ នៅពេលនេះ មិនអនុវត្តត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ។
លោក យិន ម៉េងលី៖ «វាអាចជាការចាប់ខ្លួនខុសច្បាប់ ទោះជាមានដីកាអីក៏ដោយ ហេតុអីបានថា អ៊ីចឹងព្រោះ ការចាប់ខ្លួននេះ យើងមើលឃើញថា កើតឡើងនៅក្នុង វេលាម៉ោងជាង ៧ យប់។ ទី២ការចាប់ខ្លួននេះ ស្ថិតនៅក្នុងបរិវេណផ្ទះរបស់ជន ដែល គេចាប់ខ្លួន ទោះជាមានដីកាអីក៏ដោយ ប៉ុន្តែសិទ្ធិឯកជនភាព សិទ្ធិលំនៅឋាននោះ គឺមិនអាចរំលោភបានទេ។ អ៊ីចឹងអ្នកអនុវត្តច្បាប់ ក៏គប្បីតែអនុវត្តច្បាប់ឱ្យត្រឹមត្រូវដែរ ហើយចាប់យកទៅបញ្ជូនទៅបាត់ ដោយមិនមានដឹងមូលហេតុ»។
គណបក្សកម្លាំងជាតិ ទទូចឱ្យអាជ្ញាធរដោះលែង រួមទាំងបញ្ឈប់បន្តចាប់ខ្លួន សមាជិក និង សកម្មជននយោបាយ ព្រោះហេតុផលនយោបាយ ដើម្បីធានាឲ្យបាន នូវបរិយាកាសនយោបាយល្អ ដល់គ្រប់គណបក្សនយោបាយ ក្នុងសមរភូមិ ប្រកួតប្រជែងនយោបាយ ដោយស្មើភាព តាមស្មារតីរដ្ឋធម្មនុញ្ញ។
ក្នុងសេចក្ដីថ្លែងការរបស់ខ្លួន គណបក្សកម្លាំងជាតិ យល់ឃើញថា ក្នុងកាល:ទេស: ដែលប្រទេសកម្ពុជាកំពុងរងការឈ្លានពានពីកងទ័ពថៃ អាជ្ញាធរកម្ពុជាពុំគួរធ្វើទុក្ខបុកម្នេញលើក្រុមអ្នកដែលមាននិន្នាការផ្ទុយពីគណបក្សកាន់អំណាច។ លើសពីនេះ គណបក្សកម្លាំងជាតិ ទាមទារឲ្យរដ្ឋាភិបាល ចាប់ផ្តើមដើរតួនាទីផ្សះផ្សាបង្រួបបង្រួមជាតិ ឲ្យឈានដល់ការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាតិ ដើម្បីទប់ទល់ នឹងបរទេសឈ្លានពាន៕









