នាយករង​សាលា​ម្នាក់ និង​ចុងភៅ​ម្នាក់​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ជុំវិញ​ការ​បង្ហោះ​សារ​រិះគន់​រឿង​ព្រំដែន

0
22
នាយករងសាលា​បឋមសិក្សា​លោក ម៉ា ចន្ទតារា (ឆ្វេង) និង​ចុងភៅ​ម្ហូប​ការលោក គង់ សុភាព។ រូប៖ លីកាដូ
នាយករងសាលា​បឋមសិក្សា​លោក ម៉ា ចន្ទតារា (ឆ្វេង) និង​ចុងភៅ​ម្ហូប​ការលោក គង់ សុភាព។ រូប៖ លីកាដូ

អង្គការ​លីកាដូ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ថា នាយករង​សាលា​ម្នាក់ និង​ចុងភៅ​ម្ហូប​ការ​ម្នាក់ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ចន្លោះ​១ ឆ្នាំ ដល់ ២ ឆ្នាំ ពី​បទ​«​ញុះញង់​»​ជុំវិញ​ការ​ចែករំលែក​ព័ត៌មាន និង​រិះគន់​ពី​បញ្ហា​ព្រំដែន ។ សង្គម​ស៊ីវិល និង​អ្នកនយោបាយ យល់ថា ការ​កាត់ទោស​អ្នក​បញ្ចេញមតិ រឿង​ព្រំដែន និង​បញ្ហា​សង្គម​នេះ នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​រង​ការរិះគន់​បន្ថែម​ទៀត ខណៈ​ពលរដ្ឋ​មាន​សិទ្ធិ​បញ្ចេញមតិ និង​ឈឺឆ្អាល​ពី​បញ្ហា​បូរណភាព​ទឹកដី ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ។

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅតែ​បន្ត​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​ចាប់ខ្លួន ចោទប្រកាន់ និង​កាត់ទោស​អ្នក​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​របស់​លោក ពាក់ព័ន្ធ​នឹង​បញ្ហា​ជម្លោះព្រំដែន​បន្តបន្ទាប់។

សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១១ ខែមិថុនា បាន​ផ្ដន្ទាទោស​នាយករងសាលា​បឋមសិក្សា​មួយ​គឺ លោក ម៉ា ចន្ទតារា ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ២ លាន​រៀល​ឬ​ប្រមាណ ៥០០ ដុល្លារ​ពី​បទ «​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» និង​បទ​«​ប្រមាថ​» ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​រឿង​ព្រំដែន។

អង្គការ​លីកាដូ​បាន​ចេញ​ផ្សាយ​នូវ​អត្ថបទ​ខ្លី​នៅ​ថ្ងៃទី​១២ ខែ​មិថុនា​នេះ ថា នាយករង​សាលាបឋមសិក្សា​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាមៗ នៅ​ថ្ងៃទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នៅផ្ទះ​របស់​លោក​ក្នុង​ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ក្រោយ​លោក ចែករំលែក និង​បង្ហោះ​សារ​រិះគន់​លើ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ និង​ការ​ចាប់​ខ្លួន អ្នកសារព័ត៌មាន​អនឡាញ​ម្នាក់​ដែល​លើកឡើង​ពី​បញ្ហា​កង្វះ​ទឹក​ចំពោះ​ទាហាន​កម្ពុជា​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក។

លោក ម៉ា ចន្ទតារា តែងតែ​សកម្ម ក្នុង​ការ​ចែករំលែក​ព័ត៌មាន និង​បញ្ចេញមតិ​នៅ លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក ពាក់ព័ន្ធ​នឹង​បញ្ហា​សង្គម​និង រឿង​ជម្លោះ ព្រំដែន។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត លើកឡើង​ថា អំឡុង​ពេល​មាន​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​នេះ លោក ម៉ា ចន្ទតារា បាន​បង្ហោះ​សារ​រិះគន់​ផ្សេង​នៅ លើ​បណ្ដាញ​សង្គម​របស់ លោក ខណៈ​លោក​ស្ថិតនៅ​ក្នុងចំណោម​មនុស្ស ១០៩ នាក់ ដែល​ត្រូវ​បាន​ចាប់ខ្លួន ចោទប្រកាន់ និង​ផ្ដន្ទាទោស។

លោក អំ សំអាត៖ «លោក ម៉ា ចន្ទតារា ស្ថិតនៅ​ក្នុងចំណោម​មនុស្ស ១០៩ នាក់ ដែល​ត្រូវ​បាន​ចាប់ខ្លួន ឃុំខ្លួន ឬក៏​មានការ​ផ្ដន្ទាទោស​ទាក់ទង​នឹង​ការ​លើកឡើង និង​ការរិះគន់​ពី​បញ្ហា​ជម្លោះព្រំដែន និង​រិះគន់​បញ្ហា​ផ្សេងៗ​ទៀត​នៅក្នុង​សង្គម»។

ក្រៅពី​នាយករង​បឋមសិក្សា​នៅ​ខេត្តសៀមរាប​នោះ តុលាការក្រុង​ភ្នំពេញ កាលពី ថ្ងៃទី ២៩ ខែឧសភា បាន​ផ្ដន្ទាទោស ចុងភៅ​ម្ហូប​ការ និង​ជា អ្នក​បញ្ចេញមតិ​តាម បណ្ដាញ​សង្គម លោក គង់ សុភាព ឲ្យ​ជាប់ពន្ធនាគារ ១ ឆ្នាំ​កន្លះ និង​ពិន័យ​ជា​ប្រាក់ ២ លាន​រៀល​ឬ​ប្រមាណ ៥០០ ដុល្លារ​ពី​បទ «​ញុះញង់​បង្ក​ឲ្យ​មាន ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ពាក់ព័ន្ធ​នឹង​ការ​ចែករំលែក​មតិ​រិះគន់​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក ជុំវិញ​បញ្ហា​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ​ដែរ។

អង្គការ​លីកាដូ​បាន​ចេញ​ផ្សាយ​នូវ​អត្ថបទ​ខ្លី​នៅ​ថ្ងៃទី​១១ ខែមិថុនា ឲ្យ​ដឹង​ថា លោក គង់ សុភាព ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន កាលពី​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៦ ដោយ​ក្រុម​គ្រួសារ​របស់​លោក ពុំ​ដឹង​ពី​ការ​ចាប់ខ្លួន​របស់​លោក​នោះ​ទេ រហូតដល់ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​នៅ​ថ្ងៃ​បន្ទាប់។

អ្នក​សិក្សា​សង្គម​នយោបាយ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿន លឿន លោក ប៉ោ មករា យល់ថា បញ្ហា​ព្រំដែន នៅតែ​ជា​រឿង​រសើប​សម្រាប់​ពលរដ្ឋ នៅក្នុង​បញ្ចេញមតិ បើ​ទោះ​បី​ជា ជា​រឿង​ព្រំដែន ក៏​ផ្នែក​មួយ​ដែល​ប្រជាពលរដ្ឋ មាន សិទ្ធិ​ក្នុង​ការ​ចូលរួម​ដឹង​ឮ​ពីព្រោះ​ពាក់ព័ន្ធ​នឹង​បូរណភាព​ទឹក​ដី​របស់​ប្រទេសជាតិ។

លោក​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១២ ខែ​មិថុនា ថា រដ្ឋាភិបាល គួរ​បែងចែក​ឲ្យ​ច្បាស់​ថា ព័ត៌មាន​ព្រំដែន​កម្រិត​ណា ដែល​ពលរដ្ឋ​អាច​និយាយ​បាន និង​ព័ត៌មាន​បែប​ណា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ ហើយ​ពលរដ្ឋ​មិនអាច​និយាយ ឬ​ចែករំលែក​បាន​នោះ។

លោក ប៉ោ មករា ទទូច​ឲ្យ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​ដល់​ពលរដ្ឋ​ក្នុង​ការ​ជជែក បញ្ហា​ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន ដែល​បង្ហាញ​ពី​សាមគ្គីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ផង និង​អាច​បង្ហាញ​ពី​ការ​បើក​លំហ​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ។

លោក ប៉ោ មករា៖ «យើង​ដឹង​ហើយ ក្នុង​រយៈពេល​ចុងក្រោយ​នេះ កម្ពុជា​ហាក់បីដូច ជា​រង​ការរិះគន់ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​សិទ្ធិ​សេរីភាព លំហ​លទ្ធិប្រជាធិបតេយ្យ​។ អ៊ីចឹង​បើសិនជា​រដ្ឋាភិបាល​គាត់​បើក​លំហ​ផ្នែក​ហ្នឹង ឲ្យ​ពលរដ្ឋ​ចូល​យ៉ាងសកម្ម ឲ្យ ពលរដ្ឋ​ចូលរួម​ដោយ​មិន​មាន​ការភ័យខ្លាច បញ្ចេញមតិ​ដោយ​មិន​មាន​ការភ័យខ្លាច​។ ខ្ញុំ​គិតថា វា​ជា​ការ​ភ្ជាប់​រដ្ឋាភិបាល​ទៅ​នឹង​ពិភពលោក ពិសេស​គឺ​បណ្ដាល ប្រទេស​សេរី​មួយចំនួន ដើម្បី​ឲ្យ​មាន​នយោបាយ​ការទូត​មួយ​ភ្ជាប់​ជាមួយនឹង​ប្រទេស​មហា អំណាច​ដែរ ដែល​ជា​បង្អែក​របស់​កម្ពុជា នៅក្នុង​ការចរចា​ពាក់ព័ន្ធ​នឹង​ជម្លោះព្រំដែន កម្ពុជា​-​ថៃ​ហ្នឹង​តែម្ដង ព្រោះ​យើង​ដឹង​ថា អ្វី​ដែល​ជា​បង្អែក​ដ៏​របស់ កម្ពុជា ពាក់ព័ន្ធ​ទៅ​នឹង​ជម្លោះ​ហ្នឹង គឺ​យើង​ពឹង​ទៅលើ​នយោបាយ​ការទូត យើង​ពឹង ទៅលើ​ឆាក​អន្តរជាតិ យើង​ពឹង​ទៅលើ​ប្រព័ន្ធ​ច្បាប់»។

អ្នកឃ្លាំមើល​លើកឡើង​ពី​ការសង្ស័យ​លើ​ភាព​មិន​ស្មោះត្រង់​របស់​រដ្ឋា​ភិ​បាល​គ្រួសារ​ត្រកូល​ហ៊ុន ទាក់ទង​បញ្ហា​ការពារ​បូរណភាព​ទឹកដី​កម្ពុជា ពីព្រោះ មកដល់ ពេល នេះ​កម្លាំងយោធា​ថៃ​កំពុង​ត្រួតត្រា​ទឹកដី​កម្ពុជា​ជាច្រើន​តំបន់​តូច​ធំ នៅ​តាម​ព្រំដែន ប៉ុន្តែ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​ព្រម​ប្រើ​កិច្ចព្រមព្រៀង​សន្តិភាព​ទី ក្រុងប៉ារីស ហើយក៏​មិន​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​ឡើយ​។ ជា​ការ​ឆ្លើយតប អាជ្ញាធរ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត បែរជា​ចាំ​តាម ដាន​ឃ្លាំមើល​ធ្វើបាប​ពលរដ្ឋ​ខ្មែរ ដែល​ឈឺឆ្អាល​នឹង​បញ្ហា​ទឹកដី​ទៅវិញ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ