

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បបួលថៃវាស់វែងបង្គោលព្រំដែនឡើងវិញ ក្រោយពីនាយករដ្ឋមន្ត្រីថៃអះអាងថា មិនបានឈ្លានពានទឹកដីកម្ពុជា ប៉ុន្តែ លោក ហ៊ុន សែន មិនបានបញ្ជាក់ថា នឹងប្ដឹងថៃទៅកាន់ តុលាការអន្តរជាតិនោះទេ។ អ្នកឃ្លាំមើលរិះគន់លោក ហ៊ុន សែន ថាមិនសមជាមេដឹកនាំនោះទេ ដែលបណ្ដោយឱ្យសត្រូវឈ្លានពានយកទឹកដី រួចរង់ចាំសត្រូវចូលតុចរចា ដោយគ្មានការប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ។
ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ហាក់និយាយច្រើនពីបញ្ហាព្រំដែន ក្នុងនោះមានទាំងការគំរាមចាប់ពលរដ្ឋខ្មែរ ដាក់ពន្ធនាគារ និងការទទួលស្គាល់កំហុសយុទ្ធសាស្ត្រ ដែលមិនបានពង្រឹងវិស័យយោធា ធ្វើឱ្យកម្ពុជាចាញ់សង្គ្រាមឈ្លានពានរបស់ថៃ។ ក៏ប៉ុន្មាន លោក ហាក់គ្មានជំហរច្បាស់លាស់ថា តើនឹងទាមទារទឹកដីដែលថៃកំពុងតែកាន់កាប់ជាច្រើនកន្លែងយកមកវិញ តាមរបៀបណាពិតប្រាកដនោះទេ ដោយគ្រាន់តែអះអាងថា ដោះស្រាយតាម«សន្តិវិធី»។
ប៉ុន្តែអ្នកឃ្លាំមើលរិះគន់ថា របៀបដោះស្រាយបញ្ហាព្រំដែនរបស់រដ្ឋាភិបាលត្រកូល«ហ៊ុន» តាមរយៈ«សន្តិវិធី» គឺជាការរង់ចាំថៃចូលតុចរចា បើទោះបីនាយករដ្ឋមន្ត្រីថៃ បានបញ្ជាក់ហើយថា មិនចរចាជាមួយកម្ពុជា ហើយក៏មិនទទួលស្គាល់ផែនទីបារាំង-សៀមក្ដី។ ការច្រានចោលរបស់ភាគីថៃនេះគឺធ្វើឡើង ក្រោយពីកម្ពុជាបានរុញសំណុំរឿងដែនសមុទ្រត្រួតស៊ីគ្នាទៅដោះស្រាយតាមយន្តការអន្តរជាតិ ខណៈដំណោះស្រាយព្រំដែនគោកវិញ កម្ពុជានៅតែជាប់គាំងដដែល។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងមន្ត្រីនានានៅខេត្តសៀមរាប នាថ្ងៃទី១០ ខែមិថុនា លោក ហ៊ុន សែន បានលើកឡើងថា កន្លងមកនេះរដ្ឋាភិបាលថៃ បានអះអាងថា ថៃមិនបានឈ្លានពានទឹកដីកម្ពុជានោះទេ ក៏ប៉ុន្តែលោកថា បើថៃពិតជាទៀងត្រង់មែន គឺកុំគេចវេះ ត្រូវតែងតែងប្រធានគណៈកម្មការចម្រុះព្រំដែន ដើម្បីបន្តការងារវាស់វែង និងកំណត់បង្គោលព្រំដែនគោក ឡើងវិញជាមួយកម្ពុជា ដោយស្របទៅតាមសេចក្ដីថ្លែងការណ៍រួម កាលពីថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២៥ និង យន្តការអន្តរជាតិ នានាដែលមានស្រាប់។
លោក ហ៊ុន សែន បន្តថា ភាគីថៃ បានបន្តគេចវេះ ជាបន្តបន្ទាប់ ដោយចុងក្រោយនេះ លើកហេតុផលថា ដោយសារកម្ពុជា យកបញ្ហាតំបន់ដែនសមុទ្រត្រួតស៊ីគ្នាទៅដោះស្រាយតាមយន្តការផ្សះផ្សាដោយបង្ខំរបស់ អង្គការសហប្រជាជាតិ។ លោកបញ្ជាក់ថា រឿងនេះ ជាបញ្ហាពីរដោយឡែកពីគ្នា រវាងព្រំដែនគោក និងព្រំដែនទឹក។ ជាមួយគ្នានោះ លោកក៏សម្ដែងការខឹងសម្បារចំពោះភាគីថៃ ដែលអះអាងថា ទឹកដីដែលពួកគេវាយដណ្ដើមពីកម្ពុជា ថាជាទឹកដីរបស់ថៃ។
លោក ហ៊ុន សែន៖ «ឥឡូវខ្ញុំចង់សួរទៅខាង(ថៃ) តើផ្លូវលេខ៥៨ ដែលចិនជាអ្នកកសាង ឥឡូវថៃ កំពុងតែដាក់កុងតឺន័រ រាយបន្លាលួស សួរថាតើប្រទេសចិនមិនចេះមើលឬអី បានជាមកធ្វើផ្លូវឱ្យកម្ពុជា ទៅលើដីថៃទៅវិញ? ខ្ញុំចង់សួរកន្លែងហ្នឹង។ បើថាខ្លួនឯងចិត្តត្រង់ ឥឡូវមកវាស់វែងទៅ ព្រោះ(ចំណុច)ហ្នឹងយើងបានកំណត់ជាមួយគ្នាតាំងពីថ្ងៃទី ២៧ ធ្នូ ២០២៥»។
លោក ហ៊ុន សែន ក្រៅតែពីនិយាយបែបដាក់បន្ទុកមកលើប្រទេសថៃ លោក ក៏បាននិយាយលាងខ្លួនពីកំហុសដែលបានធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងភ្លើងសង្គ្រាមឈ្លានពានរបស់ថៃ ដោយលោកអះអាងថា ករណីនេះរដ្ឋាភិបាល កំពុងតែប្រឹងប្រែងរកដំណោះស្រាយ ដោយជំរុញឱ្យពលរដ្ឋជឿជាក់លើ រដ្ឋាភិបាល។ទន្ទឹមគ្នានោះ លោកក៏ មិនភ្លេចនោះទេ ក្នុងការវាយប្រហារមកលើបក្សប្រឆាំង នៅក្រៅប្រទេស ដោយចោទថា ជាអ្នកជំរុញឱ្យកម្ពុជា ប្រើប្រាស់កម្លាំងយោធា បើទោះបីជាជាក់ស្ដែងមន្ត្រីបក្សប្រឆាំង ពលរដ្ឋ និងអ្នករិះគន់ នៅក្រៅប្រទេស តែងតែជំរុញឱ្យរដ្ឋាភិបាលកម្ពុជាប្ដឹងថៃទៅកាន់តុលាការអន្តរជាតិក្ដី ក៏លោក ហ៊ុន សែនពុំបានអើពើនោះដែរ។
រឹតតែគួរឱ្យសោកស្ដាយទៀតនោះលោក ហ៊ុន សែន គ្រោងនឹងយកបញ្ហាព្រំដែនជាមួយថៃ ធ្វើជាកម្មវិធីនយោបាយ ដើម្បីត្រៀមឃោសនារកសន្លឹកឆ្នោតនៅឆ្នាំ២០២៧-២០២៨ ដែលករណីនេះ អ្នករិះគន់ថា លោក ហ៊ុន សែនកំពុងតែយកបញ្ហាទឹកដីជាការកេងចំណេញនយោបាយ ពុំមែនដើម្បីផលប្រយោជន៍ជាតិពិតប្រាកដនោះឡើយ។ អ្នកឃ្លាំមើលយល់ថាការដែល លោក ហ៊ុន សែន ធ្វើបែបនេះគឺជាការប្រមាថទឹកដី អាយុជីវិតទាហាន និងពលរដ្ឋខ្មែរ ដែលបានស្លាប់ក្នុងសង្គ្រាមជាមួយថៃ ខណៈពលរដ្ឋរាប់ម៉ឺនគ្រួសារទៀត ក៏កំពុងតែបាត់បង់ផ្ទះសម្បែង និងដីធ្លី។
ជាមួយគ្នានោះ កាលពីម្សិលមិញ នៅឯមណ្ឌលជនភៀសសឹក ខេត្តបន្ទាយមានជ័យ លោក ហ៊ុន សែន ហាក់ចាត់ទុកបញ្ហារបស់ពលរដ្ឋ គឺជាការលែងសើច ដើម្បីអួតអាងគ្នារឿងផ្ដល់ជំនួយ។ ក្នុងនោះលោកបាននិយាយដោយការសើចសប្បាយ ហើយមានអ្នកទះដៃបន្ទរផង ថាលោកបានចំណាយថវិកាផ្ទាល់ខ្លួន ជូនដល់ជនភៀសសឹក ក្នុងមួយគ្រួសារ ១លានរៀល រួមនិងសម្ភារៈមួយចំនួន។ ការដែល លោកឱ្យ១លានរៀលនេះ ព្រោះ កុំឱ្យចាញ់កូនរបស់លោក គឺលោក ហ៊ុន ម៉ាណែត ដែលធ្លាប់ផ្ដល់ឱ្យ ជនភៀសសឹកកន្លងមក១គ្រួសារ ទឹកប្រាក់១លានរៀលដែរ។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថាការថ្លែងរបស់ លោក ហ៊ុន សែន នៅខេត្តបន្ទាយមានជ័យក្ដី និងនៅខេត្តសៀមរាប ថ្មីៗនេះក្ដី គឺគ្មានយន្តការច្បាស់លាស់ ក្នុងការទាមទារយកទឹកដីខ្មែរ ដែលថៃកំពុងកាន់កាប់ជាច្រើនមកវិញនោះទេ។ លោកបន្តថា ការដែលលោក ហ៊ុន សែន បបួលថៃបោះបង្គោលព្រំដែនគឺគ្រាន់ប្រសិទ្ធភាពនោះឡើយ ព្រោះភាគីថៃបានអះអាងរួចមកហើយថា មិនទទួលស្គាល់ផែនទីដែលគូសវាសដោយបារាំងនោះឡើយ ដូច្នេះកម្ពុជា មិនត្រូវរង់ចាំភាគីថៃនោះទេ គួរតែដាក់ប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ។
លោកបន្តថា ការបកស្រាយរបស់ លោក ហ៊ុន សែន ក្ដី និង លោក ហ៊ុន ម៉ាណែត ក្ដី ពលរដ្ឋលែងចង់ស្ដាប់ ឬជឿទៀតហើយ ព្រោះបញ្ហានេះ បានអូសបន្លាយ១ឆ្នាំហើយ នៅតែគ្មានដោះស្រាយជាដុំកំភួន ខណៈរដ្ឋាភិបាល ហាក់លួចលាក់ រឿងដោះស្រាយបញ្ហា។
លោក ម៉ែន ណាត៖ «បើយើងសង្ឃឹមថា លោក ហ៊ុន សែន ទៅដោះស្រាយបញ្ហាព្រំដែន បញ្ហាជាតិ សង្ឃឹមថាបានដីមកវិញ សង្ឃឹមថាបានយុត្តិធម៌មកវិញទេ សង្ឃឹមថាថៃនឹងសង់ជំងឺចិត្តពីការរងគ្រោះ ការខូចខាតទ្រព្យសម្បត្តិអ្នកស្រុក និងខូចខាតទ្រព្យសម្បត្តិទេ គឺអត់ទេ។ ដើម្បីបានយុត្តិធម៌មកវិញវាត្រូវតែ កម្ពុជានឹងត្រូវពង្រឹងការទូត ដោយពិតប្រាកដមិនមែន ដូច លោក ហ៊ុន សែន ចេះតែនិយាយអ៊ីចឹងទេ និយាយអ៊ីចឹងគ្មានបានអ្វីទេ ថៃមិនស្ដាប់ទេ។ ដោយឡែកមួយទៀត គឺត្រូវតែប្ដឹង ប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិរឿងបញ្ហាព្រំដែន»។
ពលរដ្ឋ និងអ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលត្រកូល«ហ៊ុន»គួរតែបញ្ឈប់ការថ្លែងសារដែលបោកប្រាស់ពលរដ្ឋ និងងាកមកដោះស្រាយបញ្ហាជាក់ស្ដែងឱ្យឃើញលទ្ធផលជាដុំកំភួន។ ទន្ទឹមគ្នានោះ ពួកគាត់ស្នើឱ្យប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក្រោយពីទទួលស្គាល់ថា ខ្លួនបានប្រព្រឹត្តកំហុសយុទ្ធសាស្ត្រធ្ងន់ធ្ងរ ទើបធ្វើឱ្យចាញ់សង្គ្រាមឈ្លានពានរបស់ថៃ ដូច្នេះគួរតែងាកមកធ្វើកំណែទម្រង់វិស័យកងទ័ព លុបបំបាត់អំពើពុករលួយ បក្ខពួកនិយម និងត្រូវធ្វើបច្ចុប្បន្នភាពរាល់យន្តការនៃការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ប្រកបដោយតម្លាភាព។ ជាមួយគ្នានោះ លោក ហ៊ុន សែន ត្រូវតែបញ្ឈប់ទម្លាប់យកខ្មែរគ្នាឯងជាសត្រូវ ហើយជំរុញឱ្យមានការចូលរួមពីសំណាក់ពលរដ្ឋ មន្ត្រីសង្គមស៊ីវិល និងបក្សប្រឆាំង ដោយគ្មានការរឹតត្បិតសិទ្ធិសេរីភាព៕








