

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន រំពឹងថា តុលាការកំពូល នឹងផ្ដល់យុត្តិធម៌ និងសេរីភាពធ្វើនយោបាយឲ្យលោកឡើងវិញ ដើម្បីបង្ហាញពីស្មារតីផ្សះផ្សាបង្រួបបង្រួមជាតិ។ តុលាការកំពូលគ្រោងប្រកាសសាលដីកាសំណុំរឿងលោក រ៉ុង ឈុន នៅថ្ងៃទី១៩ ខែមិថុនា ខាងមុខនេះ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ដែលចូលរួមសវនាការតុលាការ កំពូលនៅថ្ងៃនេះ ប្រាប់អ្នកគាំទ្រ និងអ្នកសារព័ត៌មាន នៅខាងមុខតុលាការកំពូល ថា លោកបានស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឲ្យបដិសេធសាលក្រមសាលាដំបូង និងសាលដីកាសាលាឧទ្ធរណ៍ ហើយទទូចឲ្យផ្ដល់សេរីភាពដល់លោក ឲ្យមានសិទ្ធិធ្វើនយោបាយពេញលេញវិញ។
លោក រ៉ុង ឈុន លើកឡើងថា តុលាការមានតួនាទីសំខាន់ ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដូច្នេះ កាលណាស្ថាប័នតុលាការខ្សោយ ក្នុងការគោរពសិទ្ធិមនុស្ស នោះដំណើរការប្រជាធិបតេយ្យរបស់ប្រទេស ក៏ធ្លាក់ចុះ ហើយប្រទេសជាតិ ប្រាកដជារងគ្រោះគ្រប់វិស័យ។ លោកបន្តថា ពេលតុលាការកំពូល មិនបើកសិទ្ធិសេរីភាពនយោបាយដល់លោក នោះសហគមន៍អន្តរជាតិនឹងមើលឃើញ ពីភាពចង្អៀតនៃលំហសិទ្ធិសេរីភាពនៅកម្ពុជា ដែលពិបាកនឹងកែប្រែ។
លោក រ៉ុង ឈុន ថា មេដឹកនាំគណបក្សជំទាស់សំខាន់ៗ ដូចជា លោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវបានតុលាការបិទសិទ្ធិនយោបាយអស់ទៅហើយ ដូច្នេះ បើបិទសិទ្ធិលោក និង អ្នកផ្សេងទៀត ដែលកំពុងមានវត្តមានប្រកួតប្រជែងនៅកម្ពុជា នោះការបោះឆ្នោតខាងមុខនេះ គឺអត់សេរី មិនត្រឹមត្រូវ និងគ្មានយុត្តិធម៌ឡើយ។ លោកបន្ថែមថា បញ្ហានេះ ទាមទារឲ្យមានដំណោះស្រាយ ដោយការ ផ្សះផ្សាគ្នា ជាចាំបាច់ ក្នុងចំណោមក្រុមអ្នកនយោបាយគ្រប់និន្នាការ ដោយលោក ថា បើមិនដូច្នោះទេ នឹងប៉ះពាល់កេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ និងនាំឲ្យ ដំណើរការសេដ្ឋកិច្ចជាតិ ប្រឈមនឹងបញ្ហាដោះស្រាយមិនចេញ។ «»
កាលពីថ្ងៃទី៣១ ខែមីនា សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្ដន្ទាទោសលោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ពិន័យជាប្រាក់ ៤លានរៀល និងដកហូតសិទ្ធិនយោបាយអចិន្ត្រៃយ៍។ តុលាការចោទប្រកាន់លោក ពីបទ «មិនរាងចាល» ក្នុងសំណុំរឿង «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលបានប្រព្រឹត្តនៅក្នុងខែ ឧសភា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោក អំពីបញ្ហាព្រំដែន កម្ពុជា-វៀតណាម។ បន្ថែមពីនោះ សាលាឧទ្ធរណ៍ភ្នំពេញ ក៏បានដកហូតសិទ្ធិនយោបាយរបស់លោក ជាអចិន្ត្រៃយ៍ តាមបញ្ញត្តិមាត្រា៤៩៨នៃក្រមព្រហ្មទណ្ឌ។
អំឡុងពេលតុលាការកំពូលបើកសវនាការសំណុំរឿងលោក រ៉ុង ឈុន នៅថ្ងៃទី១៥ ខែមិថុនានេះ ក៏មានអ្នកគាំទ្រប្រហែល២០០នាក់ នាំគ្នាប្រមូលផ្តុំ នៅក្បែររបង តុលាការកំពូល ដើម្បីលើកទឹកចិត្តទីប្រឹក្សាគណបក្សកម្លាំងជាតិរូបនេះ នៅក្រោម បរិយាកាសរឹតប្តឹងសន្តិសុខ និង រំខានពីសំណាក់កម្លាំងសមត្ថកិច្ច នៃរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ។ អ្នកគាំទ្រខ្លះកាន់បដា ដោយស្នើឲ្យតុលាការជាន់ខ្ពស់ ទម្លាក់បទចោទ និង ផ្ដល់យុត្តិធម៌ជូនលោក រ៉ុង ឈុន។
អ្នកគាំទ្រលោក រ៉ុង ឈុន ម្នាក់មកពីខេត្តកណ្តាល គឺលោកស្រី លឹម សាន លើកឡើងថា លោកស្រីឡើងមកលើកទឹកចិត្តលោក រ៉ុង ឈុន ពីព្រោះលោកស្រីឃើញលោក ហ៊ានលះបង់ ដើម្បីប្រទេសជាតិ និងប្រជាពលរដ្ឋ។ លោកស្រី រំពឹងថា តុលាការកំពូល ផ្ដល់សេរីភាពនយោបាយដល់លោក រ៉ុង ឈុន វិញ។ «»
រីឯអាជីវករនៅខេត្តសៀមរាប ដែលឡើងមកភ្នំពេញ ដើម្បីបង្ហាញការគាំទ្រលោក រ៉ុង ឈុន គឺលោកស្រី ទឹម រដ្ឋា យល់ថា ការចោទប្រកាន់ និងដកហូតសិទ្ធិលោក រ៉ុង ឈុន ជារឿងអយុត្តិធម៌ ពីព្រោះលោក មិនបានធ្វើខុសដូចការចោទប្រកាន់របស់តុលាការឡើយ។ លោកស្រីយល់ថា ខណៈភាគីថៃ កំពុងឈ្លានពាន កម្ពុជា រដ្ឋាភិបាល និងតុលាការគួរតែផ្ដល់សេរីភាពឲ្យលោក រ៉ុង ឈុន ដើម្បីលោកអាចរួម ចំណែកកាន់តែច្រើនក្នុងការជួយជាតិ។ «»
លោក រ៉ុង ឈុន ធ្លាប់ជាប់ពន្ធនាគារចំនួនបីដងរួចមកហើយ ក្នុងសកម្មភាពសង្គម និងការបញ្ចេញមតិពីបញ្ហាព្រំដែន។
អ្នកឃ្លាំមើលលើកឡើងថា នយោបាយរបស់អ្នកដឹកនាំប្រទេស ដែលបំបិទសិទ្ធិ របស់អ្នកប្រកួតនយោបាយ ជាទូទៅគឺធ្វើឲ្យប្រទេស ជួបតែវិបត្តិ ដោះស្រាយមិនចេញ និងរងសម្ពាធពីសហគមន៍អន្តរជាតិ។ ជាលទ្ធផល វានឹងធ្វើឱ្យសង្គមប្រឈមនឹងវិបត្តិសេដ្ឋកិច្ចប្រជាពលរដ្ឋជួបប្រទះភាពក្រីក្រ ហើយបរទេសជិតខាងប្រមាថមើលងាយជាដើម៕







