បក្ស​ប្រឆាំង​ថា កម្ពុជា​នឹង​បាត់បង់​ទឹកដី​បន្ថែម បើ​នៅ​បន្ត​ពឹង​វៀតណាម

0
15
អនុប្រធានគណបក្សប្រជាជនកម្ពុជា អ្នកស្រី ម៉ែន សំអន ជូប​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម លោក តូ ឡឹម នៅ​វៀតណាម​ កាលពី​ថ្ងៃទី២៦ ខែមករា​ ឆ្នាំ២០២៦។ រូប៖ ក្រសួង​ព័ត៌មាន
អនុប្រធានគណបក្សប្រជាជនកម្ពុជា អ្នកស្រី ម៉ែន សំអន ជូប​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម លោក តូ ឡឹម នៅ​វៀតណាម​ កាលពី​ថ្ងៃទី២៦ ខែមករា​ ឆ្នាំ២០២៦។ រូប៖ ក្រសួង​ព័ត៌មាន

បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​លើកឡើង​ថា មេដឹកនាំ​កម្ពុជា គួរ​ពិចារណា​ឡើងវិញ​ពី​ទំនាក់ទំនង​រវាង​កម្ពុជា​-​វៀតណាម ដោយ​ថា ប្រទេស​កម្ពុជា​នឹង​បាត់បង់​ទឹកដី​បន្ថែម​ទៀត បើ​នៅ​បន្ត​ពឹង​វៀតណាម​ឲ្យ​ជួយ ប៉ុន្តែ​មិន​ងាក​មក​ផ្សះផ្សា បង្រួបបង្រួម​ជាតិ និង​ធ្វើ​ទំនើបកម្ម​កម្លាំងយោធា​ការពារ​ជាតិ​ដោយ​ខ្លួនឯង។

ការ​លើកឡើង​នេះ បន្ទាប់ពី​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម លោក តូ ឡឹម បាន​ហៅ​ដំណើរ​ទស្សនកិច្ច​របស់​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា អ្នកស្រី ម៉ែន សំអន ទៅ​វៀតណាម​ថ្មីៗ​នេះ ថា ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់ នូវ​មិត្តភាព​ប្រពៃណី​នៃ​សាមគ្គីភាព​រវាង​គណបក្ស​កាន់​អំណាច​ទាំងពីរ។

បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​អះអាង​ថា វៀតណាម​គិតតែ​ពី​ផលប្រយោជន៍​របស់​ខ្លួន​ប៉ុណ្ណោះ ដោយ​ពួកគេ​កត់សម្គាល់​​ថា ពេល​ថៃ​ឈ្លានពាន​ទឹកដី​កម្ពុជា វៀតណាម​មិនបាន​ចេញ​លិខិត​ថ្កោលទោស​ថៃ​ឡើយ ហើយ​វៀតណាម​ថែមទាំង​បង្កើន​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​ថៃ បន្លាច​កម្ពុជា​ថែម​ទៀត។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន លើកឡើង​ថា ទំនាក់ទំនង​ល្អ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង បក្ស​កុម្មុយនីស្ត​វៀតណាម គឺជា​យុទ្ធវិធី​ហុត​ទឹក​សំឡឹង​កាក​របស់​វៀតណាម​តែប៉ុណ្ណោះ។ លោក​ថា ពេល​វៀតណាម​ប្រើ​កងទ័ព​ឈ្លានពាន​កម្ពុជា​នៅ​ឆ្នាំ​១៩៧៩ ហើយ​ឃោសនា​ថា ជួយ​កម្ពុជា​នោះ វៀតណាម​បាន​លើក​បន្តុប​លោក ហ៊ុន សែន ឲ្យ​ដឹកនាំ​កម្ពុជា ហើយ​ប្រើ​ដៃ​លោក ហ៊ុន សែន ឲ្យ​ចុះ​សន្ធិសញ្ញា និង កិច្ចព្រមព្រៀង​ខុសច្បាប់​ជាច្រើន កាលពីដើម​ទសវត្ស​ទី​៨០ រួម​ទាំង​ធ្វើ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ដែល​កាត់​ទឹកដី​កម្ពុជា​ឲ្យ​វៀតណាម ទាំង​ដីគោក ទាំង​ដែនសមុទ្រ និង​កោះត្រល់​ជាដើម។

លោក អ៊ុំ សំអាន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៨ ខែ​មករា ថា ប្រសិនបើ​វៀតណាម​ធ្វើជា​ប្រើ​ល្បិច​ជួយ​កម្ពុជា​ម្ដងទៀត នោះ​ប្រាកដ​ណាស់​ថា កម្ពុជា​នឹង​អាច​បាត់បង់​ទឹកដី​បន្ថែម នៅពេល​បោះបង្គោល​ព្រំដែន​ដែល​នៅសល់ ១៦ ភាគរយ​។ លោក​ថា វៀតណាម​នៅតែ​ចិញ្ចឹម​មហិច្ឆតា​លេប​យក​ប្រទេស​កម្ពុជា ដូច​យក​កម្ពុជា​ក្រោម​ដែរ ខណៈ​វៀតណាម​តែងតែ​បង្ហូរ​ជនជាតិ​របស់​ខ្លួន​កាន់តែ​ច្រើន ចូល​មក​រស់នៅ​លើទឹក​ដី​កម្ពុជា ហើយ​រដ្ឋាភិបាល​គ្រួសារ​ត្រកូល​ហ៊ុន ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ទាំងនោះ​ងាយៗ ទោះបីជា​ក្នុង​កាលៈទេសៈ​ដែល​ថៃ​កំពុង​ឈ្លានពាន​កម្ពុជា​ក៏ដោយ​។

លោក អ៊ុំ សំអាន៖ «ខ្ញុំ​យល់ថា យល់​ល្អ​មិនបាច់​ពឹង​វៀតណាម​ល្អ​ជាង ធ្វើ​ម៉េច​ពង្រឹង សមត្ថភាព​ខ្លួនឯង ហើយ​ធ្វើ​ម៉េច​ពង្រឹង​ការ​ឯកភាព​ជាតិ ដោះលែង​លោក កឹម សុខា អ្នក​ទោស​នយោបាយ​ទៅ បង្រួបបង្រួម​ខ្មែរ​ទៅ លុបបំបាត់​អំពើពុករលួយ​ទៅ យើង​អាច​ពង្រឹង​វិស័យ​យោធា​យើង​ទៅ​។ យើង​អាច​ការពារ​ជាតិ​យើង​បាន ទប់ទល់ ជាមួយ​ថៃ​បាន​ហើយ ជាជាង​ពឹង​វៀតណាម​ដែល​តែងតែ​ហុត​ទឹក​សំឡឹង​កាក វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បូរណភាព​ទឹកដី​យើង អាច​កាត់​ទឹកដី​យើង​បន្ថែម​ទៀត ទៅ​ឲ្យ​វៀតណាម ដើម្បី​សងគុណ​វៀតណាម ហើយ​វៀតណាម​គេ​នឹង​ស្នើសុំ​ឲ្យ​ផ្ដល់ សញ្ជាតិ ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ទៅដល់​ជនជាតិ​វៀតណាម​នៅ​កម្ពុជា ដែល​ជា មហន្តរាយ​ទៅដល់​បូរណភាព​ទឹកដី​យើង​ដូច​ការបាត់បង់​កម្ពុជា​ក្រោម»។

ការ​លើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​អ្នកស្រី ម៉ែន សំអន តំណាង​លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២៦ ខែមករា បាន​ដឹកនាំ​គណប្រតិភូ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ដើម្បី​អបអរសាទរ​លោក តូ ឡឹម ដែល​ត្រូវ​បាន​តែងតាំង​បន្ត​តំណែង​កំពូល ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​គ​ណ​បក្ស​កុម្មុយនីស្ត​វៀតណាម ក្នុង​នីតិកាល​ទី​១៤។

អ្នកស្រី ម៉ែន សំអន សរសេរ​នៅ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃទី ២៦ ខែមករា​ថា ក្នុង​ជំនួប​នោះ លោក តូ ឡឹម បាន​ហៅ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី​ទៅ​វៀតណាម ថា​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​នៃ​មិត្តភាព​ប្រពៃណី និង សាមគ្គីភាព​ជិត​ស្និទ្ធរ​វាង​គណបក្សកាន់អំណាច​ទាំងពីរ និង​ប្រទេស​ទាំងពីរ។

ជុំវិញ​រឿង​នេះ អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​២៨ ខែមករា ថា ដំណើរ​ទស្សនកិច្ច​របស់​អ្នកស្រី ម៉ែន សំអន និង​ឥស្សរជន​បក្ស​ប្រជាជន​កម្ពុជា​ទៅ​វៀតណាម គឺជា​ប្រពៃណី​ទៅ​សម្ដែង​ការ​អបអរ​ផង និង​បង្ហាញ​ភក្ដីភាព​ផង នៅ​ចំពោះមុខ​មេដឹកនាំ​វៀតណាម ដែល​ជ្រោមជ្រែង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ប្រទេស​កម្ពុជា​។ យ៉ាងណា លោក​ថា រដ្ឋាភិបាល​ក្រុងភ្នំពេញ​និង​គណបក្សកាន់អំណាច​នៅ​កម្ពុជា គួរតែ​ពិនិត្យ​ឡើង​វិញ អំពី​ទំនាក់ទំនង​ចាក់ទឹកមិនលិច​នេះ ព្រោះ​ឃើញ​តែ​ភាគី​វៀតណាម មានប្រៀប​និង​បាន​ផល​ចំណេញ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​មិន​ពេញចិត្ត​ឡើយ។

លោក សេង វណ្ណលី លើកឡើង​ថា ពេល​មេដឹកនាំ​វៀតណាម​មក​កម្ពុជា​ម្ដងៗ ពួកគេ​តែងតែ​ប្រាប់​ភាគី​កាន់អំណាច ឲ្យ​ជួយ​យកចិត្តទុកដាក់​ដល់​ការរស់នៅ​របស់​ប្រជាជន​វៀតណាម និង អាជីវកម្ម​វៀតណាម នៅ​លើ​ទឹកដី​កម្ពុជា ដូច្នេះ​លោក​ថា ក្នុង​កាលៈទេសៈ​ដែល​ថៃ​ឈ្លានពាន​ប្រទេស​កម្ពុជា នោះ​អ្នកស្រី ម៉ែន សំអន ជា​អ្នកតំណាង​លោក ហ៊ុន សែន ដែល​បាន​ទៅ​ជួប​មេដឹកនាំ​វៀតណាម​ហើយ គួរតែ​ស្នើ​ឲ្យ​ភាគី​វៀតណាម​បញ្ចេញ​សារ​ថ្កោលទោស​ថៃ និង គាំទ្រ​ឲ្យ​កម្ពុជា​ប្ដឹង​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)។

លោក សេង វណ្ណលី៖ «យើង​ឃើញថា ទំនាក់ទំនង​ប្រទេស​ទាំងពីរ គឺ​ចាក់ទឹក​មិន​លិច មាន​ភាព​ស៊ីជម្រៅ​ណាស់ ប៉ុន្តែ​ដោយឡែក​នៅ​ពេល​ដែល​កម្ពុជា​មាន​បញ្ហា ជាមួយ​ថៃ​យើង​ឃើញថា វៀតណាម​ហាក់​បង្ហាញ​ពី​ជំហរ​អព្យាក្រឹត មិនសូវ​បាន​បញ្ចេញ​នៅ​សារ​ជា​លក្ខណៈ​ប្រទេស ថ្កោលទោស​ទៅលើ​ការឈ្លានពាន​របស់​ថៃ​នោះ​ទេ​។ យើង​ឃើញ​ពេលខ្លះ ក្រសួងការបរទេស​វៀតណាម​បាន​បញ្ចេញ​សារ មួយចំនួន​ក្នុងនាម​ប្រទេស​ជា​សមាជិក​អាស៊ាន ប៉ុន្តែ​ដោយឡែក​នៅក្នុង​ជំហរ​ផ្ទាល់ ជា​ប្រទេស​ដែល​មាន​ទំនាក់ទំនង​ជិតដិត​ជាមួយ​កម្ពុជា​ហ្នឹង មិនទាន់​បាន​បង្ហាញ អំពី​សេចក្ដីថ្លែងការណ៍​ណាមួយ ដែល​បង្ហាញ​សារ​គាំទ្រ​ដល់​រដ្ឋាភិបាល ដែល​ដឹកនាំ ដោយ​គណបក្ស​ប្រជាជន ក៏ដូចជា​ថ្កោលទោស​ទង្វើ​ឈ្លានពាន​របស់​ថៃ លើ​ដែន​អធិបតេយ្យ​កម្ពុជា​នៅឡើយ​ទេ»។

អ្នកឃ្លាំមើល​លើកឡើង​ថា ប្រពៃណី​នៃ​ទំនាក់ទំនង​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​កុម្មុយនីស្ត​វៀតណាម គឺជា​ប្រពៃណី​ដែល​ខ្មែរ​ឈឺចាប់ និង​បាត់បង់​ទឹកដី។ ពួកគាត់​ព្រមាន​ថា កាល​ណា​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​បន្ត​កាន់អំណាច​នៅ​កម្ពុជា លទ្ធផល​នៃ​ទំនាក់​ទំនងជា​ប្រពៃណី​នេះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​កាន់តែ​ខ្សោយ​ដុនដាប ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ មាន​កង្វល់​រាល់ថ្ងៃ​អំពី​គ្រោះមហន្តរាយ​បាត់បង់​ប្រទេស​កម្ពុជា ទៅ​ក្រោម​មហិច្ឆតា​ហែក​ដី​ចែក​គ្នា​រវាង​វៀតណាម និង​ថៃ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ