
គណបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត គ្មានឆន្ទៈបង្រួបបង្រួមជាតិពិតប្រាកដនោះទេ ព្រោះខ្លាចបាត់បង់អំណាច។ ការលើកឡើងបែបនេះ ព្រោះពួកគាត់ មើលឃើញថា ទោះបីជាលោក ហ៊ុន សែន និងហ៊ុន ម៉ាណែត បញ្ចេញសារអំពាវនាវឲ្យពលរដ្ឋគ្រប់និន្នាការនយោបាយរួបរួមគ្នាក៏ដោយ ក៏រដ្ឋាភិបាលត្រកូល «ហ៊ុន » នៅតែបន្តបង្ក្រាបទៅលើសំឡេងប្រឆាំងនិងសំឡេងអ្នករិះគន់។
ការរួបរួមសាមគ្គីខ្មែរតែមួយ គឺជាវិញ្ញាសានយោបាយ ដែលប្រជាពលរដ្ឋខ្មែរ ប្រាថ្នាចង់ឃើញក្រុមអ្នកនយោបាយខ្មែរ ដោះស្រាយឱ្យចេញចម្លើយច្បាស់ ជាពិសេសក្នុងស្ថានភាពប្រទេសកម្ពុជា ដែលកំពុងរងការគំរាមកំហែងឈ្លានពានម្ដងហើយម្ដងទៀត ពីសំណាក់កងទ័ពថៃ។ លោក ហ៊ុន ម៉ាណែត និយាយផង និងសរសេរលើហ្វេសប៊ុករបស់លោកផង អំពីសារឲ្យខ្មែររួបរួមសាមគ្គីជាតិនេះ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី មិនបានបង្ហាញសមត្ថភាពដោះស្រាយឱ្យឃើញលទ្ធផលទេ ខណៈគ្រួសាររបស់លោកមានអំណាចពេញដៃគ្រប់គ្រងប្រទេសកម្ពុជាទៅហើយ។
ក្រុមមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង និងសង្គមស៊ីវិល លើកហេតុផលថា គណបក្សកាន់អំណាចបាក់ស្បាតលែងហ៊ានប្រកួតប្រជែង តទល់នឹងគណបក្សប្រឆាំងដោយស្មើមុខហើយទើបមិនហ៊ានផ្សះផ្សាបង្រួបបង្រួមជាតិ។
អគ្គលេខាធិការគណបក្សភ្លើងទៀនលោក លី សុធារ៉ាយុត្តិ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា លោកមិនដឹងច្បាស់ អំពីចេតនារបស់រដ្ឋាភិបាលនោះទេ នៅពេលអំពាវនាវឲ្យរួបរួមគ្នាពង្រឹងខ្មែរតែមួយ ប៉ុន្តែបែរជាមិនព្រមដោះលែងអ្នកទោសនយោបាយ ខណៈគណបក្សប្រឆាំង និងអង្គការស៊ីវិល តែងតែទទូចឱ្យដោះលែង ដើម្បីបើកផ្លូវឱ្យមានការផ្សះផ្សាបង្រួមបង្រួមជាតិពិតប្រាកដ។ លោកស្នើដល់រដ្ឋាភិបាល អនុវត្តជាក់ស្ដែងឱ្យស៊ីសង្វាក់គ្នា ទៅនឹងការអំពាវនាវរបស់ខ្លួន ដើម្បីសម្រេចគោលដៅ បម្រើផលប្រយោជន៍ជាតិរួម ពីព្រោះជាតិកម្ពុជាជារបស់ប្រជាពលរដ្ឋខ្មែរ ១៧លាននាក់ មិនមែនជាបញ្ហារបស់បុគ្គល ឬក្រុមណាទេ។
លោក លី សុធារ៉ាយុត្តិ៖ «ប៉ុន្តែផ្ទុយមកវិញ មកដល់ពេលនេះ មិនទាន់មានការដោះលែង អ្នកទោសនយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនសង្គម សកម្មជនបរិស្ថាន ដែលកំពុងស្ថិតនៅក្នុងពន្ធនាគារ ខ្លះរាប់ខែ ខ្លះរាប់ឆ្នាំមកហើយនៅឡើយទេ។ ផ្ទុយទៅវិញមានតែបន្តការចាប់សកម្មជនគណបក្សប្រឆាំងជាហូរហែកន្លងមក គ្រាន់តែការបញ្ចេញមតិតាមប្រព័ន្ធសង្គមជាដើម។ នេះសរបញ្ជាក់ឲ្យសកម្មភាព នេះវាមិនស្របទៅនឹងអ្វី ដែលគាត់បានលើកឡើងកន្លងមក និងថ្មីៗនេះទេ»។
ជាមួយគ្នានេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលីលោក ស៊ឹង សែនករុណា លើកឡើងថា មូលហេតុដែលរដ្ឋាភិបាលមិនហ៊ានដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការ ដើម្បីផ្សះផ្សាបង្រួបបង្រួមជាតិ ពីព្រោះតែគណបក្សកាន់អំណាច បាក់ស្បាតនឹងប្រជាប្រិយភាពរបស់គណបក្សប្រឆាំង នៅសម័យគណបក្សសង្គ្រោះជាតិ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧។ លោកអះអាងថា គណបក្សប្រជាជនកម្ពុជាដឹងខ្លួនចាញ់ប្រៀប បើបើកឱ្យមានការប្រកួតត្រឹមត្រូវនិងពេញកម្លាំងដូចគ្នា។
លោក ស៊ឹង សែនករុណា ថា សំដីរួបរួមជាតិរបស់លោក ហ៊ុន ម៉ាណែត គ្មានន័យខ្លឹមសារទេ ពីព្រោះ ខ្វះភាពស្មោះត្រង់ និងមនសិការជាតិ ដែលត្រូវបង្ហាញឱ្យប្រជាពលរដ្ឋជឿជាក់ ហើយចេះតែស្រមៃខ្លាចគេធ្វើបដិវត្តន៍ផ្ដួលរំលំ។ លោកថា នេះជាលទ្ធផលនៃការដឹកនាំរបស់រដ្ឋាភិបាល ដែលបង្កមហន្តរាយដល់ប្រទេសជាតិ ក្នុងប្រព័ន្ធបក្ខពួកគ្រួសារនិយម និងពុករលួយធ្វើបាបប្រជាពលរដ្ឋ។
លោក ស៊ឹង សែនករុណា៖ «ដឹកនាំគ្មានការរីកចម្រើន ធ្វើឲ្យប្រទេសធ្លាក់អន់ខ្សោយប្រជាពលរដ្ឋជំពាក់បំណុលវ័ណ្ឌក ចំណាកស្រុក ហើយធ្វើឲ្យបទឧក្រិដ្ឋកម្មផ្សេងៗ កើតមាននៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យអាម៉ាស់នៅលើឆាតអន្តរជាតិធ្វើឲ្យភាពកម្សោយក្នុងការទំនាក់ទំនងការបរទេស ជាមួយបណ្ដាប្រទេសដែលគេជឿលឿន ដោយសារខ្លួនមិនគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ស្របតាមកិច្ចព្រមព្រៀង ទីក្រុងប៉ារីស កតិកាសញ្ញា អនុសញ្ញាស្ដីពីសិទ្ធិមនុស្សនានាគឺមិនគោរពតាម។ ចំណុចទាំងអស់នេះ ដែលធ្វើឲ្យការដឹកនាំមានការភ័យខ្លាចមិនហ៊ានបើកឲ្យមានការប្រកួតប្រជែង»។
របាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ក្នុងខែធ្នូ ឆ្នាំ២០២៥ ឱ្យដឹងថា មានអ្នកនយោបាយ និងសកម្មជនចំនួន ៩២នាក់ ដែលកំពុងជាប់ពន្ធនាគារ ដោយសារការប្រើសេរីភាពបញ្ចេញមតិ។ បន្ថែមលើនេះទៀត ក្នុងមករា ឆ្នាំ២០២៦នេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត និងតុលាការចាប់សកម្មជន មូលដ្ឋានរបស់គណបក្សប្រឆាំង ចំនួន ៣នាក់ថែមទៀត ពាក់ព័ន្ធនឹងការបញ្ចេញមតិរបស់ពួកគាត់ អំពីស្ថានភាពព្រំដែន។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រាប់ទូរទស្សន៍អាស៊ីសេរីថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងសារបានល្អមែនទែន អំពីការរួបរួមសាមគ្គីខ្មែរតែមួយ ប៉ុន្តែគ្មានន័យទេ ពីព្រោះមិនឆ្លុះបញ្ជាំងលទ្ធផលជាក់ស្ដែង ដែលសង្គមខ្មែរកាន់តែបែកបាក់។ លោកថា មូលហេតុ ដែលលោកនាយករដ្ឋមន្ត្រីថ្លែងសារល្អហើយ តែមិនអាចអនុវត្តបាននោះ គឺដោយសារតែរដ្ឋាភិបាលមានចំណុចខ្សោយ និងគ្មានចិត្តប្រកួតប្រជែងត្រឹមត្រូវ។
លោក រ៉ុង ឈុន៖ «បើគ្រាន់តែបំបិទសំឡេងផ្ទុយហើយ ធ្វើទុក្ខបុកម្នេញអ្នកបក្សប្រឆាំង ក៏ដូចជាសកម្មជនសង្គម ពេលនឹងមិនទទួលបានការគាំទ្រពីប្រជាពលរដ្ឋនោះទេ។ អ្វីដែលរដ្ឋាភិបាលធ្វើម្ដងហើយម្ដងទៀត មានន័យថា រដ្ឋាភិបាលក៏ដូចជា អ្នកដឹកនាំនៅមានចំណុចខ្សោយត្រង់ណាហើយ បានថាមិនហ៊ានបើកទូលាយឲ្យមានការប្រកួតប្រជែងស្មើមុខស្មើមាត់»។
ចំណែកឯ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា លោក ម៉ែន សុថាវរិន្ទ្រ លើកឡើងថា មូលហេតុដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនក្លាហានបង្រួបបង្រួមជាតិ គឺដោយសារគណបក្សកាន់អំណាច ខ្លាចកម្លាំងរួមរបស់ក្រុមអ្នកប្រជាធិបតេយ្យផង និងបារម្ភពីការមិនអាចគ្រប់គ្រងផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាបានផង នៅពេលបើកលំហសេរីភាពប្រជាធិបតេយ្យ ដែលកត្តានេះ នឹងធ្វើឱ្យក្រុមគ្រួសារហ៊ុនបាត់បង់អំណាច។ យ៉ាងណា លោកថា រដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុននៅតែប្រឈមចរន្តចង់បានការផ្លាស់ប្ដូររបស់ប្រជាពលរដ្ឋដដែល បើលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បន្តភាពមានះ ដោយធ្វើទុក្ខបុកម្នេញអ្នកតស៊ូដើម្បីប្រជាធិបតេយ្យ។
លោក ម៉ែន សុថាវរិន្ទ្រ៖ «ប៉ុន្តែបើគាត់នៅតែរឹងទទឹង ខ្ញុំជឿថា ប្រជាពលរដ្ឋខ្មែរ មិនអាចទប់បានទេ ព្រោះយើងនៅបង់ក្លាដេស្ហ យើងមើលដូចនេប៉ាល់អី ប្រជាពលរដ្ឋឈឺចាប់ ប្រជាពលរដ្ឋអត់រឿងបញ្ហាសេដ្ឋកិច្ច បញ្ហាការងារអីទាំងអស់ ហើយបញ្ហាច្រើនមែននៅប្រទេសកម្ពុជា មិនអាចធ្វើអ៊ីចឹងបានទេ»។
អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលក្រុមគ្រួសារត្រកូលហ៊ុន ដើរដល់ផ្លូវទ័លច្រក ក្នុងការពិបាកសម្រេចចិត្តផ្សះផ្សាបង្រួបបង្រួមជាតិ ឱ្យមានការស្ដារប្រជាធិបតេយ្យ សេរីពហុបក្ស ពីព្រោះគណបក្សប្រជាជនកម្ពុជា បារម្ភពីការចាញ់ការបោះឆ្នោត ប្រសិនបើកសេរីភាពនយោបាយ ប៉ុន្តែ បើមិនព្រមផ្សះផ្សាបង្រួបបង្រួមជាតិទេ រដ្ឋាភិបាលគ្រួសារត្រកូលហ៊ុន ក៏ត្រូវប្រឈមនឹងចរន្តកាន់តែសកម្មនៃប្រជាពលរដ្ឋ ខ្មែរ ដែលចង់បានការផ្លាស់ប្ដូរ ដើម្បីឱ្យមានរដ្ឋាភិបាលថ្មី ការពារទឹកដី និងដោះស្រាយវិបត្តិរបស់ប្រជាពលរដ្ឋ៕










