តុលាការ​ខេត្ត​កណ្ដាល​ចោទប្រកាន់​គ្រូបង្រៀន​ម្នាក់​ពី​បទ​ញុះញង់​ដោយសារ​និយាយ​រឿង​ព្រំដែន

0
158
លោក នូ ភារម្យ ជា​គ្រូបង្រៀន​សាលា​ឯកជន​មួយ​ក្នុង​ខេត្ត​កណ្តាល ត្រូវ​បាន​តុលាការខេត្ត​កណ្ដាល ចោទប្រកាន់ពីបទញុះញង់ ដោយសារលោកនិយាយរឿងព្រំដែន កាលពីថ្ងៃទី៤ កុម្ភៈ ២០២៦។ រូប៖ ហ្វេសប៊ុក
លោក នូ ភារម្យ ជា​គ្រូបង្រៀន​សាលា​ឯកជន​មួយ​ក្នុង​ខេត្ត​កណ្តាល ត្រូវ​បាន​តុលាការខេត្ត​កណ្ដាល ចោទប្រកាន់ពីបទញុះញង់ ដោយសារលោកនិយាយរឿងព្រំដែន កាលពីថ្ងៃទី៤ កុម្ភៈ ២០២៦។ រូប៖ ហ្វេសប៊ុក

តុលាការ​ខេត្ត​កណ្ដាល​ចោទប្រកាន់​គ្រូបង្រៀន​ម្នាក់​ពី​បទ​ញុះញង់ ដោយសារ​និយាយ​រឿង​ព្រំដែន​កម្ពុជា​ថៃ ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​ចាញ់​ប្រៀប និង​បាត់បង់​ទឹកដី​ជាច្រើន​កន្លែង។

អង្គការ​លីកាដូ (Licadho) ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៤ កុម្ភៈ ថា គ្រូបង្រៀន​ម្នាក់​នៅ​ខេត្ត​កណ្ដាល គឺ​លោក នូ ភារម្យ អាយុ ៤៧​ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​យប់​ថ្ងៃទី​២ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នៅផ្ទះ​របស់​លោក​ក្នុង​ខេត្ត កណ្តាល បន្ទាប់ពី​លោក​បាន​បង្ហោះ​វីដេអូ​នៅ​ទំព័រ​ហ្វេសប៊ុក​របស់​លោក បញ្ចេញមតិ​ជុំវិញ​ករណី​នៃ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ។

លោក នូ ភារម្យ ជា​គ្រូបង្រៀន​សាលា​ឯកជន​មួយ​ក្នុង​ខេត្ត​កណ្តាល ។ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល និង​ក្រោយ​មក​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​សាកសួរ​បន្ត។

​អង្គការ​លីកាដូ​បន្ត​ថា នៅ​ថ្ងៃទី​៤ កុម្ភៈ តុលាការ​សម្រេច​ចោទប្រកាន់​លោក នូ ភារម្យ ពី​បទ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​បញ្ញត្តិ​មាត្រា ៤៩៤ និង ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ។ លោក នូ ភារម្យ អាច​ប្រឈម​នឹង​ជាប់ទោស​ពន្ធនាគារ​រហូត​ដល់ ២ ឆ្នាំ ប្រសិនបើ​ត្រូវ​បាន​ផ្ដន្ទាទោស ។ បច្ចុប្បន្ន​នេះ សមត្ថកិច្ច​បាន​ឃុំខ្លួន លោក នូ ភារម្យ បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្តកណ្តាល។

យោង​តាម​របាយការណ៍​អង្គការ​លីកាដូ មាន​ពលរដ្ឋ​ប្រើប្រាស់​បណ្ដាញ​សង្គម ២៤​នាក់​ហើយ កំពុង​ជាប់ឃុំ​ដោយសារ​តុលាការ​ចោទប្រកាន់ និង​ផ្ដន្ទាទោស​ពី​បទ​ញុះញង់ បន្ទាប់​ពី​ពួកគេ​បញ្ចេញមតិ​រិះគន់​ការ​ដឹកនាំ​បែប​ផ្ដាច់ការ​របស់​គណបក្ស​ប្រជាជន​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ