

អ្នកឃ្លាំមើលថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនបានយល់ពីការលំបាករបស់ពលរដ្ឋនោះទេ ក្រោយពីយោធាថៃបានរំលោភយកទឹកដី និងជេរប្រមាថគ្រប់បែបយ៉ាង ទើបលោកបន្តចាប់ពលរដ្ឋ ដែលហ៊ានរិះគន់រឿងព្រំដែនដាក់គុក ។ ការលើកឡើងនេះ ក្រោយពីលោក ហ៊ុន ម៉ាណែត បានអះអាងថា ការឈឺចាប់ របស់ពលរដ្ឋរឿងព្រំដែន គឺជាការឈឺចាប់របស់ប្រជាជាតិទាំងមូល។
ក្រោយពីសង្គ្រាមឈ្លានពានរបស់ថៃ ចំនួន២លើកមក លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ព្យាយាមនិយាយផ្អែមល្ហែម មកកាន់ពលរដ្ឋ ហាក់ដូចជាការគិតគូរសម្បើមណាស់ អំពីទុក្ខលំបាករបស់ពលរដ្ឋ។ ក៏ប៉ុន្តែ អ្នកឃ្លាំមើលថា នៅពីក្រោយសម្ដីផ្អែមល្ហែមនោះ ពលរដ្ឋជាច្រើនដែលបង្ហាញពីការឈឺចាប់រឿងព្រំដែនដែរនោះ ត្រូវបានចាប់ដាក់គុកស្ទើររាល់ថ្ងៃ។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍ អាស៊ីសេរីនៅថ្ងៃទី០៥ ខែកុម្ភៈថា សម្ដីផ្អែមល្ហែម របស់ លោក ហ៊ុន ម៉ាណែត គ្រាន់តែជាចិត្តសាស្ត្រនយោបាយ ដើម្បីបោកប្រាស់ ពលរដ្ឋកុំឱ្យខឹងនឹងរដ្ឋាភិបាល ដែលអសមត្ថភាពក្នុងការដោះស្រាយបញ្ហាព្រំដែន។ ទន្ទឹមគ្នានោះ លោកថា ការចាប់ខ្លួនពលរដ្ឋ ដែលរិះគន់រឿងព្រំដែន និងអ្នកសារព័ត៌មានដែលបើកកកាយ រឿងឧក្រិដ្ឋកម្ម ឆបោកតាម អនឡាញដាក់គុកនោះទៀតសោត គឺកាន់តែបង្ហាញច្បាស់ថា សម្ដីរបស់លោក ហ៊ុន ម៉ាណែត បង្កប់ទៅដោយសារដ៏គ្រោះថ្នាក់សម្រាប់ពលរដ្ឋ។
លោក សេង វណ្ណលី៖ «ការអនុញ្ញាតឱ្យមានការរិះគន់ក្នុងន័យស្ថាបនា ដោយគ្មានការភ័យខ្លាចពីការចាប់ខ្លួន នឹងជួយឱ្យរដ្ឋាភិបាលមើលឃើញពីចំណុចខ្សោយរបស់ ខ្លួន និងអាចកែតម្រូវឱ្យបានទាន់ពេលវេលា។ ការកសាងទំនុកចិត្តមិនមែន ជាការបង្ខំឱ្យជឿតាមរយៈការឃោសនានោះទេ ប៉ុន្តែវាកើតចេញពីការធ្វើឱ្យពលរដ្ឋមានអារម្មណ៍សុវត្ថិភាព នៅពេលនិយាយការពិត និងការឃើញថាច្បាប់ត្រូវបានអនុវត្តដោយស្មើភាពគ្នា មិនថាមន្ត្រីមានអំណាច ឬពលរដ្ឋសាមញ្ញនោះទេ»។
ប្រតិកម្មនេះធ្វើឡើងក្រោយពី សកម្មជននយោបាយ និងពលរដ្ឋ ជិត២០នាក់ហើយ គិតត្រឹមខែ មករា ឆ្នាំ២០២៦ ត្រូវបានសមត្ថកិច្ច ចាប់ដាក់គុក បន្ទាប់ពីបានបញ្ចេញមតិ រិះគន់ ជុំវិញបញ្ហាព្រំដែន កម្ពុជា-ថៃ ។ ជាក់ស្ដែង នៅថ្ងៃទី២ ខែកុម្ភៈ គ្រូបង្រៀនម្នាក់ នៅខេត្តកណ្ដាល លោក នូ ភារម្យ ត្រូវបានចាប់ខ្លួនបន្ទាប់ពីបង្ហោះ វីដេអូ នៅលើបណ្ដាញសង្គមហ្វេសប៊ុក បញ្ចេញមតិ រឿងជម្លោះព្រំដែន កម្ពុជា-ថៃ។ បើតាមអង្គការលីកាដូថា លោក នូ ភារម្យ អាចប្រឈមនឹងជាប់ទោសពន្ធនាគារ រហូតដល់ ២ឆ្នាំ ប្រសិនបើត្រូវបានផ្ដន្ទាទោស។
រីឯ នៅថ្ងៃទី៤ ខែកុម្ភៈ ចាងហ្វាងសារព័ត៌មានអនឡាញ HVNN TV Online លោក ហែម វណ្ណា ក៏ត្រូវបានចាប់ខ្លួនដាក់គុក ដោយចោទពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងបទ លួចស្ដាប់ឮ ថតពាក្យសម្ងាត់ឯកជន» បន្ទាប់ពីលោក បានចុះផ្សាយព័ត៌មាន ពាក់ព័ន្ធ ជនជាតិបរទេស ៤ ទៅ៥នាក់ រងនូវអំពើហិង្សា ពីសំណាក់ មនុស្សមួយក្រុម ដែលគេស្គាល់ថា ជាអ្នកបម្រើការនៅក្នុងបរិវេណអាគារបិទខ្ទប់មួយកន្លែង នៅខាងក្រោយបន្ទាយប៉ូលិស នាក្រុងប៉ោយប៉ែត”។
ការចាប់ខ្លួននេះ ធ្វើឡើងក្រោយពី លោក ហ៊ុន ម៉ាណែត ធ្លាប់អំពាវនាវឱ្យពលរដ្ឋគ្រប់និន្នាការចូលរួមសាមគ្គីគ្នា ដើម្បីប្រឆាំងឧក្រិដ្ឋកម្ម ឆបោក តាមអនឡាញ ក៏ប៉ុន្តែការចូលរួមរបស់អ្នកសារព័ត៌មាន បែរជា ត្រូវរងនូវទោសទណ្ឌទៅវិញ។
រីឯ ពលរដ្ឋ ដែលកំពុងរស់នៅក្នុងជំរំភៀសសឹក មកពីតំបន់បឹងត្រកួនខេត្តបន្ទាយមានជ័យ លោក លី គឹមសាល លើកឡើងថា ថ្វីត្បិត ថារដ្ឋាភិបាល ចាត់ទុកទុក្ខលំបាករបស់ពលរដ្ឋជាទុក្ខ របស់ជាតិទាំងមូលក្ដី សម្រាប់លោក បើទោះជាកំពុងជួបទុក្ខលំបាកយ៉ាងខ្លាំង ក៏មិនហ៊ាន និយាយការពិតបង្ហោះលើបណ្ដាញសង្គម ឱ្យបានទូលំទូលាយនោះដែរ ព្រោះខ្លាចរងការធ្វើទុក្ខបុកម្នេញ ពីសំណាក់អាជ្ញាធរមូលដ្ឋាន។
លោក លី គឹមសាល៖ «មិនមាននរណាហ៊ាននិយាយទេបងអើយ។ ពេលនិយាយច្បាស់ចំពេកទៅ ក៏វាពិបាកខ្លាច ។ កាលណានិយាយច្រើនពេក គេថាយើងគាំទ្របក្សនេះ បក្សនោះ»។
នៅថ្ងៃទី៣១ ខែមករា លោក ហ៊ុន ម៉ាណែត លើកឡើងថា ជម្លោះព្រំដែនជាមួយថៃនេះ លោកកំពុងតែប្រឹងប្រែងរកដំណោះស្រាយ តាមរយៈយន្តការការទូត និងការចរចាទ្វេភាគី ដោយលោកថា រដ្ឋាភិបាល មិនទុកពលរដ្ឋណាមួយចោលនោះទេ ព្រោះការលំបាករបស់ពលរដ្ឋគឺជាការលំបាក របស់ជាតិខ្មែរ ទាំងមូល ចាប់តាំងពីព្រះមហាក្សត្រដល់ពលរដ្ឋ។
លោក ហ៊ុន ម៉ាណែត៖ «គោលដៅសំខាន់ ពេលនេះជាពេលលំបាក របស់ជាតិរបស់យើង របស់បងប្អូនផ្ទាល់តែម្ដង។ ប៉ុន្តែការលំបាក របស់បងប្អូន អ៊ំពូមីងនៅទីនេះ គឺជាការលំបាករបស់ជាតិខ្មែរយើងទាំងមូល។ តាំងពីព្រះមហាក្សត្រ រហូតដល់ប្រជាពលរដ្ឋយើង។ មានអារម្មណ៍ឈឺអារម្មណ៍ អាណិត អារម្មណ៍អាណិត ទៅដល់ ប្រទេសជាតិយើងទាំងមូល»។
បើទោះជាមានការអះអាងបែបនេះក្ដី គេសង្កេតឃើញថា អំឡុងពេលដែលប្រជាពលរដ្ឋជាង១១ម៉ឺននាក់ កំពុងតែកើត ទុក្ខព្រោះ បាត់បង់ដីធ្លី និងផ្ទះសម្បែង ខណៈគ្រួសារកងទ័ពរាប់សិបនាក់កំពុងតែកាន់ទុក្ខ ដោយសារតែ បានពលីជីវិតក្នុងសមរភូមិសង្គ្រាម២១ថ្ងៃ គេបែរជាឃើញមន្ត្រីរបស់រដ្ឋាភិបាលជាច្រើន រួមនឹង ប្រពន្ធប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន គឺ អ្នកស្រី ប៊ុនរ៉ានី និង ប្រពន្ធលោក ហ៊ុន ម៉ាណែត គឺអ្នកស្រី ពេជ្រ ចន្ទមុនី បានទៅចូលរួមពិធីមង្គលការ ដ៏អធិកអធម របស់កូនស្រី អភិបាលខេត្តប៉ៃលិន គឺអ្នកស្រី បាន ស្រីមុំ យ៉ាងហ៊ឹកហ៊ាក់។
ពិធីមង្គលការនេះ បានធ្វើឡើង នៅថ្ងៃទី២៨ ខែមករា ហើយបានរៀបចំយ៉ាងប្រណិត រួមដោយការតុបតែង លម្អ ដោយផ្កាស្រស់ និងពណ៌មាស ចែងចាំងហាក់ដូចជា ភូមិគ្រឹះ ដែលមានតម្លៃ រាប់លានដុល្លារ។ ពិធីនេះ ធ្វើឡើងហាក់ គ្មានការអៀនខ្មាស ស្របពេលប្រទេសជាតិកំពុងតែមានសង្គ្រាមឈ្លានពាន។ រីឯ លោក ហ៊ុន សែន ឯណេះវិញ មួយថ្ងៃៗ លោកហាក់មិនខ្វល់សោះ ពីទុក្ខលំបាក របស់ពលរដ្ឋតាមព្រំដែន។ លោកគិតតែពី បង្ហោះបទច្រៀង ដែលរៀបរាប់សរសើរ ពីគ្រួសារត្រកូល«ហ៊ុន» និងអាឡោះអាល័យរឿងរ៉ាវគ្រួសារក្នុងគ្រាអតីតកាល។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា លើកឡើងថា ស្របពេលប្រទេសជាតិ កំពុងមានបញ្ហាសត្រូវឈ្លានពាន រដ្ឋាភិបាលគួរតែចំណាយពេលគិតគូរ រឿងជាតិឱ្យបានច្រើន និងស្វែងរកដំណោះស្រាយ ជូនពលរដ្ឋឱ្យបានទាន់ពេល។ លោកថា ជារឿងដែលគួរឱ្យសោកស្ដាយ ប៉ុន្មានខែចុងក្រោយនេះ សកម្មជនបក្សប្រឆាំង និងពលរដ្ឋ មួយចំនួនត្រូវបានចាប់ដាក់គុកទាំងអយុត្តិធម៌ ក្រោយពី ពួកគាត់បញ្ចេញមតិរិះគន់រឿងព្រំដែន។
លោក នី សុខា៖ «ក្នុងនាមជាសង្គមស៊ីវិល យើងមានការព្រួយបារម្ភ។ យើងនៅតែគិតថាអ្វីដែលជាសកម្មភាព នៃការចាប់ខ្លួននេះ អាចជាការរុញច្រាន ឱ្យមាននូវការបន្តសកម្មភាព ប្រេះឆា ក៏ដូចជាបែកបាក់នូវផ្ទៃក្នុងជាតិ បន្តទៅថ្ងៃមុនទៀត។ យើងមិនអាចរកនូវវិធីផ្សះផ្សា រកវិធីក្នុងការសាមគ្គីជាតិ ឯកភាពជាតិ ដូចអ្វីដែលលើកឡើងរបស់រដ្ឋាភិបាល»។
ទោះជាយ៉ាងណា នៅថ្ងៃទី៤ ខែមករា លោក ហ៊ុន ម៉ាណែត តាមរយៈក្រសួងការបរទេសកម្ពុជា បានផ្ញើលិខិតទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emanuel Macron) ដើម្បីអរគុណអំពីឆន្ទៈរបស់ប្រទេសបារាំង ដែលបានត្រៀមខ្លួនផ្ដល់នូវឯកសារប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធនឹង ព្រំដែនអន្តរជាតិ រវាងប្រទេសកម្ពុជា និងថៃ។ ទន្ទឹមគ្នានោះ លោកបានស្នើសុំជាផ្លូវការ ឱ្យប្រទេសបារាំង ពិចារណា ផ្ដល់ការគាំទ្របច្ចេកទេសជំនាញ និងការប្រឹក្សាផ្ដល់យោបល់ពាក់ព័ន្ធ ឯកសារនានារឿងព្រំដែន ឱ្យមកកម្ពុជាក្នុងករណីកម្ពុជាត្រូវ។
អ្នកឃ្លាំមើលថា កម្ពុជាគួរតែពន្លឿនការប្ដឹងថៃ ទៅតុលាការអន្តរជាតិ ហើយត្រូវពង្រីងកិច្ចការទូត ឱ្យសកម្ម និងម៉ឺងម៉ាត់ ព្រោះថា កម្ពុជាមិនគួរដើរតួជា ប្រទេសទន់ខ្សោយរហូតដល់ប្រទេសជិតខាង ប្រមាថមើលងាយ ពលរដ្ឋ និងកងទ័ពជូរមុខ សព្វបែបយ៉ាងបែបនេះទេ ដែលធ្វើឱ្យពលរដ្ឋកាន់តែឈឺចាប់ និងលែងមានជំនឿចិត្តលើរដ្ឋាភិបាល។ ទន្ទឹមគ្នានោះ ពួកគាត់ទទូចឱ្យរដ្ឋាភិបាលគួរតែលុបបំបាត់«ទម្លាប់យកខ្មែរគ្នាឯង ជាសត្រូវ» ដែលធ្វើឱ្យប្រទេសជាតិ កាន់តែបន្តហិនហោច៕









