

អ្នកឃ្លាំមើលសង្គមទាមទារឲ្យរដ្ឋាភិបាលកម្ពុជាធ្វើនិរាករណ៍រាល់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលមិនស្របតាមស្មារតីរដ្ឋធម្មនុញ្ញកម្ពុជា និង កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ បន្ទាប់ពីកម្ពុជា និងវៀតណាមបានឯកភាពគ្នា ផ្តល់អាទិភាពដោះស្រាយបញ្ហា ៦% ពាក់ព័ន្ធនឹងការដោះដូរដី ស្របតាមសន្ធិសញ្ញាព្រំដែនទាំងអស់ដែលប្រទេសទាំងពីរបានចុះហត្ថលេខា។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានបង្ហាញការព្រួយបារម្ភអំពីហានិភ័យរបស់កម្ពុជា ជុំវិញជំហររបស់មេដឹកនាំកម្ពុជា ពេលមានជំនួបកំពូលជាមួយមេដឹកនាំវៀតណាមថ្មីៗនេះ ដោយមេដឹកនាំកម្ពុជា នៅតែបន្តគោរព និងគាំទ្រចំពោះកិច្ចព្រមព្រៀងនានា ដែលបានចុះជាមួយរដ្ឋាភិបាលវៀតណាមក្នុងអំឡុងពេលវៀតណាមគ្រប់គ្រងកម្ពុជាក្រោយផ្តួលរំលំរបបខ្មែរក្រហម។
លោក ម៉ែន ណាត លើកឡើងថា លោក ហ៊ុន សែន ព្រមព្រៀងជាមួយវៀតណាម ប្រើប្រាស់សន្ធិសញ្ញាព្រំដែនគោកខុសច្បាប់ ឆ្នាំ១៩៨៥ និងផែនទីមិនត្រឹមត្រូវ ទៅកំណត់ខ្សែបន្ទាត់ព្រំដែនជាថ្មី រួចបោះបង្គោលព្រំដែនឡើងវិញ ដោយមិនអនុលោមតាម អនុសញ្ញារបស់អាណានិគមបារាំង (កូសាំងស៊ីន) និងកម្ពុជា ឆ្នាំ១៨៧៣ ដែលមានបង្គោលព្រំដែនអន្តរជាតិរួចហើយ ចំនួន ១២៤បង្គោល។
លោក ម៉ែន ណាត ថា សន្ធិសញ្ញាព្រំដែនខុសច្បាប់ឆ្នាំ១៩៨៥ ជាមួយវៀតណាម ត្រូវបានលោក ហ៊ុន សែន យកមកផ្តល់សច្ចាប័នឡើងវិញ នៅឆ្នាំ២០០៥ ដើម្បីឲ្យវៀតណាម កាន់តែមានទំនុកចិត្ត ក្នុងការឆ្វៀលដីព្រំដែនគោកខ្មែរមួយចំណែកបន្ថែមទៀត រួមទាំងព្រំដែនសមុទ្រ ដូចជា កោះត្រល់ (Phu Quoc) និងចង្កោមកោះក្រចកសេះ (Tho Chu island) ផងដែរ។
យ៉ាងណាក៏ដោយ លោក ម៉ែន ណាត ថា កម្ពុជា អាចកាត់បន្ថយឥទ្ធិពលនយោបាយ និងរដ្ឋបាលស៊ីរូងផ្ទៃក្នុងខ្មែរបាន លុះត្រាតែ មេដឹកនាំខ្មែរ ត្រូវឈប់ជាប់ជំពាក់គុណបំណាច់របស់វៀតណាម ហើយត្រូវធ្វើនិរាករណ៍រាល់សន្ធិសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលមិនស្របតាមស្មារតីរដ្ឋធម្មនុញ្ញកម្ពុជាសព្វថ្ងៃ និង កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។
ការយល់ឃើញរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានេះ គឺបន្ទាប់ពីរដ្ឋាភិបាលកម្ពុជា និងវៀតណាមសេចក្តីថ្លែងការណ៍រួមក្នុងឱកាសទស្សនកិច្ចរបស់អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម មកកាន់កម្ពុជា កាលពីថ្ងៃទី៦ ខែកុម្ភៈ ដោយបញ្ជាក់ថា កម្ពុជា និងវៀតណាមបានឯកភាពគ្នា ផ្តល់អាទិភាពដោះស្រាយបញ្ហា ៦% ពាក់ព័ន្ធនឹងការដោះដូរដី ស្របតាមសន្ធិសញ្ញាព្រំដែនទាំងអស់ដែលប្រទេសទាំងពីរបានចុះហត្ថលេខា។
អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សួស យ៉ារ៉ា ថ្លែងនៅក្នុងសន្និសីទព័ត៌មាន នៅព្រឹកថ្ងៃទី៨ កុម្ភៈ ស្ដីពីលទ្ធផលរួមនៃកិច្ចប្រជុំទ្វេភាគី និងត្រីភាគីរវាងមេដឹកនាំកម្ពុជា ឡាវ និងវៀតណាម ថា ការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា វៀតណាម និងឡាវធ្វើឡើងដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគ្មានការប្រើប្រាស់កម្លាំងនោះទេ។
លោក សួស យ៉ារ៉ា៖ «នៅក្នុងសន្ធិសញ្ញា១៩០៤ និង១៩០៧គឺជាសន្ធិសញ្ញាដែលយើងហៅថាបារាំងសៀម រឺអនុសញ្ញាហ្នុងជាចំណុចពិសេសមួយដែលយើងប្រើប្រាស់មិនមែនតែព្រំដែនកម្ពុជាឯណា ព្រំដែនឡាវក៏ប្រើប្រាស់សន្ធិសញ្ញាហ្នឹងដែរ អីចឹងដូច្នេះហើយការដែលថ្នាក់ដឹកនាំទាំងបី ឯកភាពគ្នាដោះស្រាយបញ្ហាព្រំដែន ការវាស់ព្រំដែនសេសសល់ដោយគោរពទៅតាមគោលការច្បាប់អន្តរជាតិនេះគឺជាគំរូមួយដែលប្រទេសថៃ ពីព្រោះថា ប្រទេសយើងទាំងពីរទោះថាខឹងគ្នាឈ្លោះគ្នាយ៉ាងណាក៏មិនអាចលើកប្រទេសទៅណាបានដែរ ត្រូវតែនៅជិតគ្នារហូត អីចឹងត្រូវតែមើលគំរូនៃកម្ពុជា វៀតណាម ឡាវដែលដោះស្រាយបញ្ហាដោយសន្តិវិធី ហើយធ្វើការដោះស្រាយតាមបច្ចេកទេស ដោះស្រាយដោយផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ ដោះស្រាយទៅលើផែនទីនិងយន្តការដែលមានស្រាប់ អីចឹងអ្វីដែលយើងធ្វើនេះគឺជាគំរូល្អមួយ»។
ទោះជាយ៉ាងណា លោក ម៉ែន ណាត កត់សម្គាល់ថា កន្លងទៅ ការដោះដូរដីរវាងកម្ពុជា និងវៀតណាម គឺធ្វើឡើងដោយលួចលាក់ ប៉ុន្តែបានបែកធ្លាយ នៅឆ្នាំ២០១៥ ក្នុងរឿងយកដីខ្មែរ នៅស្រុកមេមាត់ ខេត្តត្បូងឃ្មុំ ទៅឲ្យវៀតណាម ដើម្បីដោះដូរយកមកវិញ នូវភូមិកំណើតរបស់អតីតប្រធានរដ្ឋសភា លោក ហេង សំរិន នៅភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាច ស្រុកពញាក្រែក ត្បូងឃ្មុំ ក្រោមរូបភាព ដែលលោក ម៉ែន ណាត ហៅថា ជាការយកដីខ្មែរ ដោះដូរជាមួយដីខ្មែរទៅឲ្យវៀតណាម។
កម្ពុជា និងវៀតណាមមានព្រំដែនគោកប្រវែងជាង ១,២៧០គីឡូម៉ែត្រ និងត្រូវបានបោះបង្គោលព្រំដែនរួចប្រមាណ ៨៤% ពោលនៅសល់ ១៦%ទៀតដែលក្នុងនោះ ៦% កម្ពុជា និងវៀតណាមបានផ្តល់អាទិភាពដោះស្រាយលើការដោះដូរដី៕









