
អ្នកឃ្លាំមើលថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គួររិះរកវិធីដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ជារឿងបន្ទាន់ ស្របតាមតម្រូវចាំបាច់របស់ពលរដ្ឋ ជាជាង ចំណាយធនធានជាតិទៅធ្វើកិច្ចការផ្សេង ដែលមិនទាន់ចាំបាច់។ ការលើកឡើងនេះ ក្រោយពីលោក ហ៊ុន ម៉ាណែត បានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញការត្រួតពិនិត្យ និងតម្រង់ទិសការងារ ក្នុងរៀបចំបូជនីយដ្ឋាន ចងចាំនៃកម្ពុជាពីឧក្រិដ្ឋកម្ម មកសន្តិភាព។
បើទោះជា លោក ហ៊ុន ម៉ាណែត តែងតែអះអាងក្ដែងៗ ស្ទើរតែគ្រប់វេទិកាថា រដ្ឋាភិបាលរបស់លោក បានចាត់ទុករឿងបូរណភាពទឹកដី និងជីវភាពពលរដ្ឋ ជាអាទិភាពក្ដី គេសង្កេតឃើញថា ក្រោយពីយោធាថៃ បានឈ្លានពានដែនអធិបតេយ្យកម្ពុជា តាមព្រំដែន និងបានដុតបំផ្លាញ ផ្ទះសម្បែងអ្នកភូមិអស់រាប់ពាន់ខ្នង ជាង២ខែមកនេះ លោក ហ៊ុន ម៉ាណែត ហាក់មិនបានដោះស្រាយបញ្ហាជនភៀសសឹក និងទឹកដីឱ្យលេចធ្លោទេ ផ្ទុយទៅវិញ លោកបានទៅធ្វើកិច្ចការងារផ្សេងៗដែលមិនទាន់ចាំបាច់ ដូចជា ការបង្កើតគណៈកម្មការរៀបចំបូជនីយដ្ឋាន ដើម្បីរំលឹកការចងចាំអំពីឧក្រិដ្ឋកម្មសង្គ្រាមមកសន្តិភាព ដើម្បីតែផលប្រយោជន៍នយោបាយបក្សកាន់អំណាច។
អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១២ ខែកុម្ភៈ ថា ការដែល លោក ហ៊ុន ម៉ាណែត ទៅកៀរគរឱ្យក្រសួងស្ថាប័ននានា រវល់តែជាមួយនឹងកិច្ចការងារ មិនសូវចាំបាច់ នាំតែខាតពេលវេលា និងធនធានជាតិ ឥតប្រយោជន៍ ខណៈប្រទេសជាតិ កំពុងត្រូវបានសត្រូវឈ្លានពានទឹកដី ហើយពលរដ្ឋរាប់ម៉ឺននាក់ បានបាត់បង់ដីធ្លី និងផ្ទះសម្បែង។ លោកថា លោក ហ៊ុន ម៉ាណែត គួរតែចំណាយពេលវេលា និងថវិកា ស្វះស្វែងរក ដំណោះស្រាយបញ្ហាព្រំដែន និងជួយដល់ពលរដ្ឋនោះ ទើបជារឿងដែលល្អ។
លោក វ៉ន ចាន់ឡូត៖ «ជាងពីរឆ្នាំមកនេះ ក្នុងតួនាទីជានាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ហាក់បរាជ័យក្នុងការអនុវត្តតាមគោលនយោបាយ របស់ខ្លួន ដើម្បីធានាទៅដល់សុខុមាលភាពរបស់ពលរដ្ឋ ហើយនឹងសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ ដែលញាំងឱ្យកម្ពុជា ជាប្រទេសដែលអំណោយផលទៅដល់ក្រុមឧក្រិដ្ឋជន បញ្ហាឆបោកតាមអនឡាញ។ ទី២ គឺបញ្ហាដែលកម្ពុជាបាត់បង់ទឹកដី ការឈ្លានពានពីយោធាថៃ ហើយពលរដ្ឋខ្មែរ ដែលកំពុងតែរងគ្រោះពីការឈ្លានពាននេះ ដែលជារឿងចាំបាច់ដែល លោក ហ៊ុន ម៉ាណែត ត្រូវគិតគូរជាបន្ទាន់ហើយ មិនមែនត្រឹមតែនិយាយឱ្យរួចតែពីមាត់ទេ»។
ប្រតិកម្មនេះធ្វើឡើង ក្រោយពីលោក ហ៊ុន ម៉ាណែត បានចេញសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីជំរុញការត្រួតពិនិត្យ និងតម្រង់ទិសការងារបូជនីយដ្ឋានចងចាំនៃកម្ពុជាពី ឧក្រិដ្ឋកម្ម មកសន្តិភាព ដែលមានក្រសួងស្ថាប័ន ជាច្រើននឹងត្រូវទទួលខុសត្រូវ ដូចជាក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ក្រសួងមហាផ្ទៃ ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា និងក្រសួងទេសចរណ៍ ជាដើម។ ភារកិច្ច ដែលក្រសួងទាំងនោះ នឹងត្រូវធ្វើ មានដូចជា ជំរុញយន្តការការពារស្លាកស្នាមប្រវត្តិសាស្ត្រដែលគាំទ្រគុណតម្លៃជាសាកលនៃបូជនីយដ្ឋានចងចាំ អំពីឧក្រិដ្ឋកម្ម មកសន្តិភាព រួមនឹងជំរុញយន្តការការពារ ថែរក្សា ផ្សព្វផ្សាយ អប់រំ នៅតាមទីតាំងប្រវត្តិសាស្ត្រផ្សេងៗ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យជាដើម។
ប្រធានសមាគមខ្មែររដ្ឋវ៉ិកតូរីយ៉ា (Victoria) ប្រចាំប្រទេសអូស្ត្រាលី លោក ជា យូហ៊ន យល់ឃើញថា របៀបធ្វើការរបស់លោក ហ៊ុន ម៉ាណែត បច្ចុប្បន្ននេះ លោកហាក់គ្មានសុទិដ្ឋិនិយម អ្វីបន្តិចសោះ ថា ធ្វើឡើង ដើម្បីបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋ ក្រៅតែ ដើម្បីបន្លំស្ថានការណ៍ និងការកេងចំណេញនយោបាយបក្សកាន់អំណាច បើទោះជា ពេលនេះ ពលរដ្ឋរាប់ម៉ឺននាក់កំពុងកើតទុក្ខ នៅតាមព្រំដែនក្ដី ក៏លោកពុំសូវអើពើនោះដែរ។ លោកថា រឿងដែលចាំបាច់ បំផុតដែល លោក ហ៊ុន ម៉ាណែត គួរធ្វើនោះគឺ គិតពីជីវភាព ពលរដ្ឋនៅតាមព្រំដែន និងពន្លឿនការធ្វើទំនើបយោធាឱ្យបានត្រឹមត្រូវ។
លោក ជា យូហ៊ន៖ «ទី១គួរគិតដល់ជនភៀសសឹក រកដី និងធ្វើម៉េចឱ្យគ្នាមានការងារធ្វើ។ ធ្វើយ៉ាងម៉េចឱ្យប្រជាជនដែល១លាននាក់ ដែលចាកចេញពីប្រទេសសៀម ត្រឡប់មកប្រទេសកម្ពុជាហ្នឹង ជួយខាងសេដ្ឋកិច្ចដល់អ្នកអស់ហ្នឹងទី១។ ទី២ ត្រូវគិតគូរពីរឿងទាហានរបស់យើង ។ គ្រឿងសត្រាវុធ របស់របរដែលច្បាំង។ យើងអត់ថយប៉ុណ្ណឹង ត្រូវធ្វើយ៉ាងម៉េចឱ្យប្រទេសយើង ឱ្យវារីកចម្រើន ឱ្យមានសមត្ថភាពក្នុងការទៅតតាំងជាមួយនឹងគេ»។
អ្នកតាមដានបញ្ហាសង្គម និងនយោបាយយល់ថា ស្របពេលកម្ពុជា កំពុងតែរងការឈ្លានពានទឹកដី ពីសំណាក់ យោធាថៃ រដ្ឋាភិបាលកម្ពុជា មិនគួរបណ្ដែតបណ្ដោយ ទៅធ្វើកិច្ចការងារ ដែលពុំសូវចាំបាច់នោះទេ ហើយគួរតែពន្លឿនប្ដឹងថៃ ទៅកាន់តុលាការអន្តរជាតិ។ ទន្ទឹមនឹងនោះពួកគាត់ថា កម្ពុជា ក៏ត្រូវបង្កើន សកម្មភាពឱ្យផុលផុស នៅលើឆាកអន្តរជាតិ ប្រាប់ដល់អង្គទូតអន្តរជាតិ និងស្ថាប័នពាក់ព័ន្ធ អំពីទង្វើឈ្លានពាន និងការគំរាមកំហែងរបស់ប្រទេសថៃ មកលើកម្ពុជា ដើម្បីឱ្យពួកគេជួយអន្តរាគមន៍ដាក់សម្ពាធមកលើភាគីថៃ ព្រោះថា ការរក្សាភាពស្ងៀមស្ងាត់ ចាំតែការចរចាទ្វេភាគី តែមួយមុខ កម្ពុជាគ្មានថ្ងៃអាចទាមទារដីទឹក ដែលបាត់បង់បានមកវិញនោះឡើយ៕









