
សកម្មជនសង្គមលោក ធូ វ៉ាឃីម ស្នើឲ្យតុលាការដោះលែងនៅក្រៅឃុំ ដើម្បីឲ្យលោកបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រច្បាប់ឆ្នាំទី៤ និងចូលរួមធ្វើការងារសង្គមបន្តទៀត។ សង្គមស៊ីវិល យល់ថា ការបន្តធ្វើទុក្ខបុកម្នេញលើអ្នកបញ្ចេញមតិ នឹងធ្វើឲ្យរដ្ឋាភិបាល រងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិកាន់តែខ្លាំង។
សកម្មជនសង្គមលោក ធូ វ៉ាឃីម ស្នើឲ្យតុលាការដោះលែងលោក នៅក្រៅឃុំបណ្ដោះអាសន្ន និងបានសន្យាចំពោះមុខចៅក្រមថា លោកនឹងចូលរួមសវនាការគ្រប់ដំណាក់កាលតាមការកោះហៅរបស់តុលាការ។
សំណើរបស់សកម្មជនសង្គមរូបនេះ ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈ បានបើកសវនាការបណ្ដឹងសុំនៅក្រៅឃុំរបស់មេធាវីការពារក្ដី លោក ធូ វ៉ាឃីម។
សហមេធាវីការពារក្ដីលោក ធូ វ៉ាឃីម គឺលោក ឯម ចន្ថា ប្រាប់អ្នកសារព័ត៌មានថា សវនាការនៅថ្ងៃនេះ កូនក្ដីរបស់លោកបានអះអាងអំពីមូលហេតុ ដែលស្នើឲ្យនៅក្រៅឃុំ និងបង្ហាញឆន្ទះ ក្នុងការចូលរួមគ្រប់នីតិវិធីរបស់តុលាការ។ លោកសង្ឃឹមថា តុលាការនឹងដោះលែងកូនក្ដីរបស់លោកឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
លោក ឯម ចន្ថា៖ «លោក ធូ វ៉ាឃីម បានស្នើសុំតុលាការដោះលែងគាត់នៅក្រៅឃុំ ដោយសារគាត់ចង់បន្តសិក្សាដោយសារគាត់សិក្សាឆ្នាំទី៤ហើយ បញ្ញាប័ត្រច្បាប់ហើយគាត់ធ្វើការជាមន្ត្រីឥទានផងគាត់មានកិច្ចការមូលនិធិសម្រាប់ជួយកុមារ និងជនក្រីក្រ ដូច្នេះ គាត់ចង់ចូលរួមក្នុងការជួយសង្គម ហើយជាការកសាងចំណេះដឹងរបស់គាត់។ តាមអង្គច្បាប់រឿងនេះ គឺមានការស៊ើបអង្កេតហើយ ដែលសហមេធាវី យើងទាំងពីរ បានស្នើសុំបានបង្ហាញទៅតុលាការគឺថា ការស៊ើបអង្កេតមូលហើយ ហើយដូចជាមិនមានភាពចាំបាច់អីត្រូវឃុំខ្លួនគាត់ទេ ហើយមានមូលហេតុជាច្រើន ដែលសមរម្យ។ មេធាវីមានការសង្ឃឹមទៅតាមអ្វីដែលជាការលើកឡើង»។
លោក ធូ វ៉ាឃីម ជាអតីតព្រះសង្ឃ និងសកម្មជនសង្គម ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្រោយពេលលោកបញ្ចេញមតិជាច្រើន ពាក់ព័ន្ធនឹងបញ្ហាសង្គមនៅលើបណ្ដាញសង្គម។ លោកត្រូវបានតុលាការក្រុងភ្នំពេញ ចោទប្រកាន់ពីបទ«បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំនៅពន្ធនាគារខេត្តពោធិ៍សាត់។
ម្តាយលោក ធូ វ៉ាឃីម គឺលោកស្រី ឌឿក ឈាង ខកចិត្តដែលតុលាការចោទប្រកាន់ និងឃុំខ្លួនកូនលោកស្រី។ លោកស្រីទទូចឲ្យតុលាការដោះលែងកូនប្រុស ដោយថា កូនលោកស្រីជាមនុស្សល្អ មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។
លោកស្រី ឌឿក ឈាង៖ «យើងខ្ញុំពិបាកណាស់ ចង់ទទួលយកមិនបានទេ ប៉ុនមិនដឹងធ្វើម៉េច កូនខ្ញុំវាគ្មានរឿង គ្មានហេតុអី ស្រាប់តែរឿងថា ចេះថាចុះបន្តិចបន្តួច ស្រាប់តែ មកដល់ថ្នាក់ហ្នឹង និយាយមិនចេញ»។
យុវជនសកម្មការងារសង្គមលោក ថន ធន បានថ្លែងនៅខាងមុខសាលាដំបូង ថា ការចោទប្រកាន់និងឃុំខ្លួន លោក ធូ វ៉ាឃីម ជាការបំបិទសំឡេង អ្នកបញ្ចេញមតិពីបញ្ហា ដែលកំពុងកើតឡើងនៅក្នុងសង្គម។ លោកថា ការធ្វើទុក្ខបុកម្នេញលើយុវជន ដែលឈឺឆ្អាល និងនិយាយការពិតបែបនេះមិនបានផ្ដល់ផលចំណេញដល់ប្រទេសជាតិឡើយ គឺមានតែធ្វើឲ្យជាតិចុះខ្សោយ។
លោក ថន ធន៖ «ពួកខ្ញុំក៏ដូចជាយុវជនដទៃទៀត ពួកគាត់មិនមែនជាមនុស្សដែលចូលចិត្ត មើលតែចំណុចអាក្រក់ទេ ប៉ុន្តែពួកគាត់ចង់បានដំណោះស្រាយ និងលទ្ធផលល្អ ព្រោះអីពួកគាត់គិតថា ជាតិរបស់ពួកគាត់មានតម្លៃចង់ឲ្យជាតិរបស់ពួកគាត់ល្អប្រសើរឡើង ទើបគាត់និយាយប្រសិនជាគាត់មិនបានដាក់ជាតិនៅលើក្បាលគាត់ទេ គាត់មិននិយាយដែរ។ បើសិនពួកគាត់មិនបានដាក់ទឹកដីនៅលើក្បាលគាត់ទេ ក៏គាត់មិនខ្វល់ខ្វាយរឿងជាតិសាសន៍ខ្លួនឯងដែរ។ អ៊ីចឹង ខ្ញុំគិតថាអ្វីៗគ្រប់យ៉ាង ដែលពួកគាត់និយាយការពិត គឺសុទ្ធតែដើម្បីទឹកដីរបស់ខ្លួនឯង មិនមែនមាន ចេតនាអាក្រក់អីទេ។ អ៊ីចឹងគួរតែប្រសើរឡើងតុលាការគួរតែផ្ដល់ភាពស្អាតស្អំឲ្យ គាត់មិនគួរណាមានការចោទប្រកាន់ដល់ថ្នាក់នេះទេ»។
សេចក្ដីរាយការណ៍របស់អង្គការលីកាដូ ឲ្យដឹងថា លោក ធូ វ៉ាឃីម គឺជាយុវជនម្នាក់ដែលសកម្មក្នុងការលើកឡើងពីបញ្ហាសង្គមនានា ដូចជាបញ្ហាសិទិ្ធមនុស្ស និងលំនៅឋានរបស់ពលរដ្ឋ ក្នុងសហគមន៍បឹងតាមោក ការកាប់បំផ្លាញព្រៃឈើក្នុងឧទ្យានជាតិព្រៃឡង់ ជម្លោះដីធ្លីរបស់សហគមន៍ឡពាង ខេត្តកំពង់ឆ្នាំង ព្រមទាំង ការទាមទារឲ្យដោះលែងសកម្មជនសង្គម និងបរិស្ថាន និងទាមទារយុត្តិធម៌លើការស្លាប់របស់លោកបណ្ឌិត កែម ឡី និងបញ្ហាព្រំដែនជាដើម។
ជាមួយគ្នានេះ លោកក៏ធ្លាប់ទទួលរងការគំរាមកំហែង និងរំលោភបំពានពីអាជ្ញាធរស៊ីវិល និងគណៈគ្រប់គ្រងសង្ឃជាច្រើនដងកាលពីពេលលោក ធូ វ៉ាឃីម នៅជាបព្វជិតនៅឡើយ ជាពិសេសក្រោយពេលដែលលោកចូលរួមរំលឹកខួប ៨ឆ្នាំនៃឃាតកម្មលើលោកបណ្ឌិត កែម ឡី នៅមុខហាងកាហ្វេក្នុងស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោ កណ្តាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។
ក្រោយមកនៅខែសីហា ឆ្នាំ២០២៤ លោក ធូ វ៉ាឃីម ត្រូវបានអាជ្ញាធរមូលដ្ឋាន និងមន្ត្រីក្រសួងធម្មការនិងសាសនានិងព្រះសង្ឃជាថ្នាក់ដឹកនាំវត្តថាន់ ក្នុងរាជធានីភ្នំពេញបង្ខំចំនួន២ដង ឱ្យធ្វើកិច្ចសន្យាបញ្ឈប់ចូលរួមធ្វើសកម្មភាពសង្គម។
ជុំវិញរឿងនេះ មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ដែលដានតាមសវនាការសំណុំរឿងនេះ យល់ថា ការរឹតត្បិតសេរីភាពពលរដ្ឋ ក្នុងការបញ្ចេញមតិ អំពីបញ្ហាសង្គម គឺកាន់តែធ្ងន់ធ្ងរ។
លោក យី សុខសាន្ត៖ «សមត្ថកិច្ច ក៏ដូចជា តុលាការចោទប្រកាន់ពីពួកគាត់ដោយ បើយើងនិយាយពីប្រទេសកម្ពុជា ដែលមានការគោរពសិទ្ធិមនុស្ស គឺថាមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងសេរីភាពក្នុងការបញ្ចេញមតិ ហើយធ្វើឲ្យអ្នកផ្សេងលែង ហ៊ាននិយាយតទៅទៀត បើសិនជាគ្រាន់តែនិយាយមើលឃើញជាក់ស្ដែង មើលឃើញហើយមិនហ៊ាននិយាយមិនហា៊នថា ថ្ងៃក្រោយទៅធ្វើឲ្យមានការរឹតត្បិតសេរី ភាពក្នុងការបញ្ចេញមតិ។ ប្រទេសកម្ពុជាយើងវាក្លាយជា វាលែងនីតិរដ្ឋហើយ»។
ក្រោយពីបញ្ចប់សវនាការ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងប្រកាសសាលក្រមបណ្ដឹងសុំនៅក្រៅឃុំរបស់លោក ធូ វ៉ាឃីម នៅថ្ងៃទី២៦ ខែកុម្ភៈ ខាងមុខនេះ៕









