

អ្នកឃ្លាំមើលទាមទារឱ្យនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះចេញពីតំណែងដោយចោទថា លោកអសមត្ថភាពដោះស្រាយបញ្ហាជាតិធំៗ ជាពិសេសបញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញដែលលោកទទួលស្គាល់ថា បានធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ។ ពួកគាត់ថា ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត ដែលថា «មិនបានដឹង» ពីបណ្ដាញឧក្រិដ្ឋកម្មដែលបានដំណើរការជាយូរឆ្នាំក្នុងប្រទេសកម្ពុជា និងល្បីកក្រើកពេញពិភពលោកនោះគឺជាការឆ្លើយតបគ្មានទំនួលខុសត្រូវ និងដើម្បីបិទបាំងមេខ្លោងធំៗឱ្យបន្តដំណើរការឧក្រិដ្ឋកម្មខ្មៅងងឹតនេះបន្តទៀត។
អ្នកតាមដានបញ្ហាឧក្រិដ្ឋកម្មលើកឡើងថា លោក ហ៊ុន ម៉ាណែត គួរតែចេះខ្មាសពិភពលោក និងចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីដែលទទួលបានពីឪពុក ព្រោះលោកគ្មានទំនួលខុសត្រូវ និងអសមត្ថភាពក្នុងការដឹងរឿងរ៉ាវបណ្ដាញឧក្រិដ្ឋជនដែលបានពង្រីកបណ្ដាញឧក្រិដ្ឋកម្មឆបោកតាមពាសពេញប្រទេសកម្ពុជាច្រើនឆ្នាំ និងបង្កការឈឺចាប់ដល់ជនរងគ្រោះរាប់ម៉ឺននាក់ជុំវិញពិភពលោក។
ប្រធានចលនាខ្មែរដើម្បីប្រជាធិបតេយ្យអ្នកស្រី មូរ សុខហួរ ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៧ ខែកុម្ភៈថា ក្នុងនាមជានាយករដ្ឋមន្ត្រី ប៉ុន្តែបែរជានិយាយថា មិនដឹងរឿងរ៉ាវនៃក្រុមឧក្រិដ្ឋជនពង្រីកមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជានោះ លោក ហ៊ុន ម៉ាណែត ត្រូវតែទទួលខុសត្រូវតាមរយៈការចុះចេញពីតំណែង ដើម្បីផ្ដល់ឱកាសដល់អ្នកមានសមត្ថភាពបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ។ អ្នកស្រីជឿជាក់ថា ក្នុងបរិបថដែលកម្ពុជាដឹកនាំបែបក្រុមគ្រួសារបក្ខពួកនិយម និងមានអំពើពុករលួយជាប្រព័ន្ធនោះ បញ្ហាឧក្រិដ្ឋកម្មដែលកើតមានក្នុងទំហំធំដែលមានជនរងគ្រោះរាប់ម៉ឺននាក់ត្រូវបានឧក្រិដ្ឋជនបង្ខាំងធ្វើទារុណកម្មនោះរដ្ឋាភិបាលត្រកូល ហ៊ុន គ្មានសមត្ថភាពក្នុងដោះស្រាយ ឬលុបបំបាត់ឡើយ។
អ្នកស្រី មូរ សុខហួរ បន្ថែមទៀតថា បើរដ្ឋាភិបាលត្រកូល ហ៊ុន ពិតជាចង់បង្ហាញឆន្ទៈដោះស្រាយបញ្ហាឧក្រិដ្ឋកម្មមែននោះ ជំហានដំបូងគឺត្រូវដោះស្រាយបញ្ហាសិទ្ធិមនុស្ស និងស្ដារប្រជាធិបតេយ្យ ដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធអាចចូលរួមផ្ដល់ជាសំឡេង។ សំខាន់ជាងនេះ អ្នកស្រីថា រដ្ឋាភិបាលត្រកូល ហ៊ុន ក៏ត្រូវបង្កើតគណៈកម្មការឯករាជ្យដោយអនុញ្ញាតឱ្យអន្តរជាតិ រួមទាំងស្ថាប័នសារព័ត៌មានឯករាជ្យចូលរួមសហការ ដោយមិនមែនបង្កើតតែរូបភាពបង្ក្រាបដោយគ្មានតម្លាភាព និងមិនចាប់មេខ្លោងធំៗដែលជាមន្ត្រីពាក់ព័ន្ធកំពូលយកមកអនុវត្តច្បាប់នោះទេ។
អ្នកស្រី មូរ សុខហួរ៖ «លោក ហ៊ុន ម៉ាណែត បាននិយាយអំពីការប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទៀតដល់មុខមាត់ជាតិទៀត នេះជាការដែលគាត់សារភាពពីការអសមត្ថភាពរបស់គាត់។ យើងសុំឱ្យមានការរៀបចំអ្នកឯកទេសពិតប្រាកដអ្នកជំនាញការពិតប្រាកដ ឱ្យមានសារព័ត៌មានអន្តរជាតិឱ្យមានការតាមដានមើលការខុសត្រូវនូវការបិទបន់កាស៊ីណូដាក់ទណ្ឌកម្ម។ ខ្ញុំបាននិយាយហើយនិយាយទៀត ចាប់ពីលោក ហ៊ុន តូ ទៅ លោក លី យ៉ុងផាត់។ គណបក្សប្រជាជនកម្ពុជាហ៊ានដកលោក លី យ៉ុងផាត់ ពីប្រធាននៃគណៈកម្មាធិការហិរញ្ញវត្ថុនៃគណបក្សប្រជាជនកម្ពុជាទេ? ហ៊ានឱ្យលោក ហ៊ុន តូ ប្រឈមមុខនឹងផ្លូវច្បាប់ទេ?»។
ប្រតិកម្មរបស់អ្នកឃ្លាំមើលនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាងថា បណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញកំពុងបំផ្លាញសេដ្ឋកិច្ច និងធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះអាក្រក់នៅលើឆាកអន្តរជាតិ។ លោកទទួលស្គាល់ថា ការរីករាលដាលនៃមណ្ឌលឆបោកតាមអនឡាញក៏បានប៉ះពាល់ដល់វិស័យទេសចរណ៍ និងការវិនិយោគ ហើយរដ្ឋាភិបាលកម្ពុជាក៏មិនបានទទួលផលប្រយោជន៍សេដ្ឋកិច្ចពីបណ្ដាញឧក្រិដ្ឋកម្មនេះដែរ។
លោកថ្លែងបែបនេះក្នុងពេលដែលកំពុងមានវត្តមានទីក្រុងប្រ៊ុចសែល (Brussels) ប្រទេសបែលហ្សិក (Belgium) និងបានផ្ដល់បទសម្ភាសដល់ទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) កាលពីថ្ងៃទី២៦ ខែកុម្ភៈ។
ទន្ទឹមនឹងការទទួលស្គាល់ លោក ហ៊ុន ម៉ាណែត បានបដិសេធចំពោះការចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរមានការចូលរួមការពារមេខ្លោងធំៗនៃបណ្ដាញឧក្រិដ្ឋកម្មអនឡាញ។ លោកថា រដ្ឋាភិបាលកម្ពុជា មិនបានដឹងថា មានអ្នកដឹកនាំធំនៅពីក្រោយបណ្ដាញឆបោកឡើយ រីឯការបង្ក្រាបឧក្រិដ្ឋកម្មនេះគឺកើតឡើងបន្ទាប់ពីរដ្ឋាភិបាលលោកទើបតែចាប់អារម្មណ៍ និងទទួលបានមានព័ត៌មានរួមទាំងភស្តុតាងពាក់ព័ន្ធអំពើហិង្សាទារុណកម្ម និងជួញដូរមនុស្ស។
ក្រៅពីនេះ លោក ហ៊ុន ម៉ាណែត ក៏និយាយបែបការពារមេខ្លោងធំនៃបណ្ដាញឧក្រិដ្ឋកម្មគឺឧក្រិដ្ឋជន ចេន ហ្ស៊ី ដែរ។ លោក ហ៊ុន ម៉ាណែត ប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា មុនពេលសហរដ្ឋអាមេរិកចោទប្រកាន់ ឧក្រិដ្ឋជន ចេន ហ្ស៊ី ជាមេខ្លោងធំរដ្ឋាភិបាលកម្ពុជាស្គាល់ ឧក្រិដ្ឋជនរូបនេះត្រឹមជាអ្នកជំនួញធំម្នាក់ក្នុងវិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុ។ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាក៏មិនបានដឹងពីតួនាទីជាក់លាក់ណាមួយរបស់ឧក្រិដ្ឋជន ចេន ហ្ស៊ី ក្នុងបណ្ដាញឆបោកតាមអនឡាញនាពេលកន្លងមកឡើយ។
ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា ថ្លែងថា បើមេដឹកនាំ និងអាជ្ញាធរមិនដឹងពីបញ្ហាឧក្រិដ្ឋកម្ម និងមជ្ឈមណ្ឌលឆបោកតាមអនឡាញកំពុងរីកសាយភាពពាសពេញប្រទេសរបស់ខ្លួននោះប្រជាពលរដ្ឋនឹងកាន់តែគ្មានជំនឿលើការបង្ក្រាប។ លោកលើកឡើងថា បណ្ដាញឧក្រិដ្ឋកម្មឆបោកតាមអនឡាញបានបំផ្លាញសេដ្ឋកិច្ច និងសង្គមកម្ពុជាជាច្រើនឆ្នាំមកហើយ ប៉ុន្តែរដ្ឋាភិបាលគ្មានចាត់វិធានការបោសសម្អាតក្រុមមេខ្លោងពាក់ព័ន្ធដែលប្រើអំណាច និងឥទ្ធិពលឈរកាងឧក្រិដ្ឋកម្មនេះឡើយមកដល់ពេលនេះ។
លោក ឌី ថេហូយ៉ា៖ «រាល់ទីតាំងទាំងអស់នៅក្នុងរបាយការណ៍អង្គការសហប្រជាជាតិ (UN) ក្ដី របាយការណ៍អង្គការអន្តរជាតិធ្វើការលើវិស័យហ្នឹងក្ដីដែលគេបង្ហាញច្បាស់ឧទាហរណ៍ដូចជា ភ្នំពេញនៅកន្លែងណា ប៉ោយប៉ែតនៅកន្លែងណា បាវិតនៅកន្លែងណាខ្លះអគារណាខ្លះ នៅកំពង់សោមនៅអគារណាខ្លះហ្នឹង ខ្ញុំគិតថា មិនអាចលាក់កំបាំងចំពោះរដ្ឋាភិបាលបានទេ ព្រោះស្អីក៏រដ្ឋាភិបាលអាចដឹងបានដែរ។ អ៊ីចឹងហើយខ្ញុំគិតថា ត្រូវតែចាត់ការ និងបោសសម្អាតនូវមេខ្លោងទាំងអស់នោះ»។
ទោះបីជាលោក ហ៊ុន ម៉ាណែត កំពុងព្យាយាមកុហកអន្តរជាតិ និងព្យាយាមដើរតួជាជនរងគ្រោះក្ដី ប៉ុន្តែលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បានយកឧក្រិដ្ឋជន ចេន ហ្ស៊ី ធ្វើជាទីប្រឹក្សា និងថែមទាំងទទួលបានផលប្រយោជន៍ដោយផ្ទាល់នៅក្នុងទំហំទឹកប្រាក់រាប់លានដុល្លារ។ ក្នុងឆ្នាំ២០២១ ឧក្រិដ្ឋជន ចេន ហ្ស៊ី បានបរិច្ចាគលុយយ៉ាងហោច ៣លានដុល្លារដល់រដ្ឋាភិបាលត្រកូល ហ៊ុន ដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ-១៩ (Covid-19)។ ក្រោយមកឧក្រិដ្ឋជន ចេន ហ្ស៊ី ក៏បានផ្ដល់លុយប្រមាណ ១លានដុល្លារទៀតដល់រដ្ឋាភិបាលលើមូលនិធិអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធព្រំដែនដែលបង្កើតឡើងដោយលោក ហ៊ុន ម៉ាណែត។ ក្រៅពីនេះ ភរិយាលោក ហ៊ុន សែន គឺជាអ្នកស្រី ប៊ុន រ៉ានី ក៏ទទួលបានលុយមួយចំណែកធំពីបណ្ដាញឧក្រិដ្ឋកម្មរបស់ឧក្រិដ្ឋជន ចេន ហ្ស៊ី តាមរយៈការបរិច្ចាគលុយយ៉ាងហោច ៥០ម៉ឺន ទៅ ៧០ម៉ឺនដុល្លារជារៀងរាល់ឆ្នាំដល់កាកបាទក្រហមកម្ពុជាចាប់តាំងពីឆ្នាំ២០២១មក។
អាជ្ញាធរអាមេរិក និងអង្គការជំនាញអន្តរជាតិក៏រកឃើញថា ការរីករាលដាលអំពើឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជាគឺដោយសារតែរដ្ឋាភិបាលកាងការពារដោយផ្ទាល់ក្នុងពេលដែលប្រទេសក្រីក្រមួយនេះកំពុងធ្លាក់ក្នុងវិបត្តិនយោបាយ អំពើពុករលួយជាប្រព័ន្ធ និងការដឹកនាំបែបគ្រួសារបក្ខពួកនិយមពាសពេញស្ថាប័នរដ្ឋ។
សមាជិកសភាអាមេរិកក៏បានស្នើឱ្យដាក់ឈ្មោះមន្ត្រីកំពូលៗមួយចំនួនធំចូលក្នុងបញ្ជីខ្មៅ ដើម្បីដាក់ទណ្ឌកម្មក្នុងសេចក្ដីស្នើច្បាប់ (H.R5490)។ មន្ត្រីកំពូលៗទាំងនោះរួមមាន លោក ស សុខា លោក នេត សាវឿន លោក ឌី វិជ្ជា បងប្អូនជីដូនមួយរបស់លោក ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ លោក គួច ចំរើន លោក ស ថេត សមាជិកព្រឹទ្ធសភារបស់បក្សកាន់អំណាច លោក កុក អាន លោក ឡុង ឌីម៉ង់ និងកូនប្រុសអតីតឧបនាយករដ្ឋមន្ត្រីលោក យឹម ឆៃលី គឺលោក យឹម លក្ខណ៍ រួមទាំងមនុស្សមួយចំនួនទៀតដែលមានទំនាក់ទំនងស្និទ្ធនឹងក្រុមគ្រួសារលោក ហ៊ុន សែន ក៏បានពាក់ព័ន្ធដោយផ្ទាល់នឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងត្រូវបានស្នើឱ្យដាក់ឈ្មោះពួកគេចូលក្នុងបញ្ជីខ្មៅផងដែរ៕









