

អ្នកឃ្លាំមើលថា សង្គ្រាមនៅអ៊ីរ៉ង់អាចជះឥទ្ធិពលអាក្រក់ដល់ជម្លោះព្រំដែនកម្ពុជា-ថៃឱ្យផ្ទុះសង្គ្រាមឡើងវិញ ខណៈដែលប្រទេសមហាអំណាចលែងសូវចាប់អារម្មណ៍ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ បើទោះជារដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានប្រាប់សារព័ត៌មានអន្តរជាតិអំពីទង្វើថៃឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជាយ៉ាងជ្រៅក្ដី។ ពួកគាត់ថា កាលៈទេសៈនេះមានតែការចាប់ផ្ដើមបង្រួបបង្រួមជាតិឡើងវិញ និងការធ្វើទំនើបកម្មយោធាឱ្យបានរឹងមាំ និងឆាប់បំផុត ទើបអាចទប់ស្កាត់ការឈ្លានពានរបស់យោធាថៃបាន។
ស្របពេលពិភពលោកកំពុងតែចាប់អារម្មណ៍រឿងសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងប្រទេសអ៊ីស្រាអែល ដែលបានបើកប្រតិបត្តិការខ្នាតធំបាញ់សង្គ្រុបមកលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ធ្វើឱ្យមេដឹកនាំកំពូលអ៊ីរ៉ង់ត្រូវបានសម្លាប់មិនដល់ ២៤ ម៉ោងផងនោះ អ្នកឃ្លាំមើលបារម្ភថា សង្គ្រាមនេះនឹងជះឥទ្ធិពលអាក្រក់ដល់ប្រទេសមួយចំនួន ដោយសារតែពិភពលោកលែងផ្ដល់តម្លៃលើការដោះស្រាយបញ្ហាដោយសន្តិវិធី។
អ្នកច្បាប់ និងជាអ្នកវិភាគ លោក វ៉ន ចាន់ឡូត ប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២ ខែមីនា នេះថា ស្របពេលពិភពលោកកំពុងចាប់អារម្មណ៍លើសង្គ្រាមនៅមជ្ឈិមបូព៌ា ប្រាកដណាស់ភាគីថៃនឹងពន្លឿនការកសាងហេដ្ឋារចនាសម្ព័ន្ធនៅលើទឹកដីខ្មែរឱ្យបានឆាប់បំផុត។ ទន្ទឹមគ្នានោះ លោកថា ប្រសិនបើកម្ពុជាហ៊ានតវ៉ា ឬបង្កជម្លោះតាមព្រំដែន យោធាថៃនឹងបើកការបាញ់ប្រហារមកលើកម្ពុជាភ្លាមៗ ព្រោះថា ក្នុងកាលៈទេសៈដែលពិភពលោកលែងសូវចាប់អារម្មណ៍ពីជម្លោះព្រំដែនកម្ពុជា-ថៃ ភាគីថៃនឹងបានឱកាសពង្រីកទឹកដីចូលកាន់តែជម្រៅក្នុងប្រទេសកម្ពុជាបន្តទៀត។
លោក វ៉ន ចាន់ឡូត៖ «ជម្រើសដ៏សមស្របបំផុត កម្ពុជាត្រូវពង្រឹងខ្លួនឯងឱ្យខ្លាំង។ ការពង្រឹងខ្លួនឯងនេះមិនមែនតែផ្នែកសេដ្ឋកិច្ចទេ ត្រូវពិចារណាទៅលើស្ថិរភាពនយោបាយផងដែរ។ បើនិយាយពីស្ថិរភាពនយោបាយ គឺជារឿងចាំបាច់ណាស់ដែលត្រូវនិយាយពីការសាមគ្គីទាំងសំឡេងប្រឆាំង និងរដ្ឋាភិបាល ដែលត្រូវអាចអង្គុយតុចរចាគ្នា ដើម្បីបុព្វហេតុជាតិ។ ក្នុងនោះ រដ្ឋាភិបាលត្រូវពិចារណាដោះលែងអ្នកទោសនយោបាយទាំងអស់ឱ្យពួកគេមានសេរីភាព»។
ជុំវិញសង្គ្រាមនៅអ៊ីរ៉ង់នេះ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ បានចេញសេចក្ដីថ្លែងការណ៍បង្ហាញពីក្ដីបារម្ភចំពោះការផ្ទុះសង្គ្រាមនៅមជ្ឈិមបូព៌ា ហើយក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យរក្សាការអត់ធ្មត់ជាអតិបរមា ដើម្បីជៀសវាងកុំឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ ដែលនឹងបង្កប៉ះពាល់ដល់អាយុជីវិតជនស៊ីវិល និងប៉ះពាល់ដល់សន្តិភាព។
ចំណែកភាគីថៃវិញ នៅថ្ងៃទី២៨ ខែកុម្ភៈ តាមរយៈអ្នកនាំពាក្យកងទ័ពថៃ លោក វីនថៃ ស៊ូវ៉ារី (Maj Gen Winthai Suvaree) ក៏បានលើកឡើងថា ទាហានថៃបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវាយបកមកលើកម្ពុជា ប្រសិនបើកម្ពុជាហ៊ានប្រើអាវុធរ៉ុកកែតប្រភេទ PHL-03 បាញ់មកលើប្រទេសថៃ ក្នុងគោលដៅចង់ទាមទារទឹកដីដែលបាត់បង់យកមកវិញ។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ប្រសិនបើមានការផ្ទុះអាវុធជាលើកទី៣ យោធាថៃនឹងបើកការវាយប្រហារតាមផ្លូវអាកាសចូលក្នុងទឹកដីកម្ពុជាកាន់តែជ្រៅជាងមុនថែមទៀត។
យ៉ាងណា មកទល់ពេលនេះ ភាគីកម្ពុជាពុំទាន់មានការឆ្លើយតបបែបណានៅឡើយទេ។ ទូរទស្សន៍អាស៊ីសេរី ក៏មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីបញ្ជាក់បន្ថែមជុំវិញរឿងនេះបានទេ នៅថ្ងៃទី២ ខែមីនា ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
អ្នកជំនាញភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី យល់ឃើញថា កាលៈទេសៈនេះ ការដែលកម្ពុជាចង់ឱ្យប្រទេសមហាអំណាចជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នឹងពុំសូវមានទម្ងន់ទៀតនោះទេ ខណៈពិភពលោកកំពុងតែច្របូកច្របល់។ ដូច្នេះ លោកថា ការផ្ទុះអាវុធរវាងកម្ពុជា និងថៃ អាចកើតមានគ្រប់ពេល ប្រសិនបើការចរចាទ្វេភាគីគ្មានបានលទ្ធផលជាដុំកំភួនទេ។ លោកថា ពេលនេះកម្ពុជាត្រូវតែផ្ដោតលើការបង្រួបបង្រួមជាតិឱ្យបានរឹងមាំ និងការធ្វើទំនើបកម្មយោធាឱ្យបានត្រឹមត្រូវ ទើបអាចទប់ស្កាត់មហិច្ឆតាឈ្លានពានរបស់ថៃ ហើយសហគមន៍អន្តរជាតិក៏នឹងចាប់អារម្មណ៍មកលើកម្ពុជាវិញផងដែរ។
លោក សេង វណ្ណលី៖ «សម្រាប់ការត្រៀមខ្លួនរយៈពេលខ្លី ខ្ញុំគិតថាកម្ពុជាចាំបាច់ត្រូវចរចាទ្វេភាគីជាមួយថៃឱ្យបានសកម្មបំផុត ដើម្បីទប់ស្កាត់ការយល់ច្រឡំជាយថាហេតុ ខណៈខ្សែភ្នែកអន្តរជាតិកំពុងតែងាកចេញ។ ក្នុងរយៈពេលវែង កម្ពុជាត្រូវតែកសាងប្រព័ន្ធការពារជាតិ និងសេដ្ឋកិច្ចនៅតាមព្រំដែនឱ្យមានរបងរស់។ គឺមានន័យថា អភិវឌ្ឍន៍ជីវភាពប្រជាជននៅតាមព្រំដែនឱ្យបានរឹងមាំ គឺជាខែលការពារដ៏រឹងមាំបំផុត បើទោះបីជាពិភពលោកមើលរំលង ក៏កម្ពុជាត្រូវបង្ហាញឱ្យឃើញថា ខ្លួនមានសមត្ថភាពម្ចាស់ការលើបញ្ហាព្រំដែនតាមរយៈភស្តុតាងប្រវត្តិសាស្ត្រ»។
កាលពីចុងខែកុម្ភៈកន្លងទៅនេះ នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានប្រាប់សារព័ត៌មានអន្តរជាតិ ដូចជា រ៉យទ័រ (Reuters) និង ហ្វក់ញូវ (Fox News) ថា ស្ថានភាពតាមព្រំដែនកម្ពុជា-ថៃ នៅតែមានភាពផុយស្រួយ ដែលអាចផ្ទុះអាវុធឡើងវិញគ្រប់ពេលវេលា ព្រោះថា យោធាថៃនៅតែបន្តសកម្មភាពឈ្លានពានទឹកដីកម្ពុជា ហើយថែមទាំងពង្រាយបន្លាលួស និងដាក់កុងតឺន័ររារាំងពលរដ្ឋខ្មែរមិនឱ្យត្រឡប់ទៅរស់ក្នុងភូមិកំណើតវិញបាន។
លោកបន្តថា ទឹកដីកម្ពុជាជាច្រើនកន្លែងត្រូវបានយោធាថៃចូលកាន់កាប់យ៉ាងជ្រៅលើសពីអ្វីដែលភាគីថៃធ្លាប់បានទាមទារតាមរយៈផែនទីដែលគូរវាសជាឯកតោភាគីកន្លងមក។ ប៉ុន្តែយ៉ាងណា លោក ហ៊ុន ម៉ាណែត ពុំបញ្ជាក់ជំហរក្នុងការយកសំណុំរឿងនេះប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នោះទេ បើទោះជាយោធាថៃបានរំលោភដែនអធិបតេយ្យកម្ពុជា និងបំផ្លិចបំផ្លាញផ្ទះសម្បែងអ្នកភូមិអស់រាប់ពាន់ខ្នងក្ដី៕








