អ្នកវិភាគ និង​យុវជន​រិះគន់​លោក ហ៊ុន ម៉ានី រឿង​គ្រោង​រៀបចំ​នគរ​សង្ក្រាន្ត ខណៈ​ទឹកដី​កំពុង​បាត់បង់

0
71
លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួង​ មុខងារសាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចូលរួម​ពី​ធី​សំណេរ​អង្គរ​លើក​ទី​៣ កាលពី​ថ្ងៃទី​១៨ មករា ២០២៦។ ​រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ានី
លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួង​ មុខងារសាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ចូលរួម​ពី​ធី​សំណេរ​អង្គរ​លើក​ទី​៣ កាលពី​ថ្ងៃទី​១៨ មករា ២០២៦។ ​រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ានី

អ្នកវិភាគ និង​យុវជន​រិះគន់​ប្អូនប្រុស​ពៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គឺ លោក ហ៊ុន ម៉ានី ជុំវិញ​គ្រោង​ការរៀបចំ​ពិធី នគរ​សង្ក្រាន្ត ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​អបអរសាទរ​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ខណៈ​ដែល​ប្រទេសជាតិ កំពុង​ទទួលរង​ការឈ្លានពាន​ទឹកដី​ពី​សំណាក់ យោធា​ថៃ​នៅឡើយ​។ ពួកគាត់​ថា លោក ហ៊ុន ម៉ានី ទំនងជា​ចង់​បិទបាំង​ភាព​កម្សោយ របស់​មេដឹកនាំ ត្រកូល​«​ហ៊ុន​» ដែល​ធ្វើ​ឱ្យ​ទឹកដី​បាត់បង់ ហើយ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់ កំពុងតែ​កើត​ទុក្ខ ព្រោះតែ​គ្មាន​ដីធ្លី និង​ផ្ទះសម្បែង​ត្រឹមត្រូវ។

កូនប្រុស​ពៅ​របស់​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន គឺ លោក ហ៊ុន ម៉ានី ដែល​មាន​តួនាទី​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ហៅ​កាត់​ថា ស​.​ស​.​យ​.​ក ដែល​តែងតែ​ដឹកនាំ យុវជន សិល្បករ និង មន្ត្រីរាជការ ធ្វើ​ពិធី រាំរែក សប្បាយ ក្នុង​ចេតនា កេង​ចំណេញ​នយោបាយ នៅ​ស្ទើរ​គ្រប់​កម្មវិធី​បុណ្យទាន និង​កម្មវិធី​ប្រពៃណី​ផ្សេងៗ​នោះ​ថ្មីៗ​នេះ លោក​ប្រកាស​ពី​គម្រោង​រៀបចំ​ពិធី​នគរ​សង្ក្រាន្ត នៅក្នុង​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​១៤ ដល់​១៩ ខែ​មេសា។

យុវជន និង​ជា​អ្នកការពារ​បរិស្ថាន លោក ម៉ា ចិត្រា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​៣ ខែ​មីនា​ថា ការ​គ្រោង​រៀបចំ​ពិធី​នគរ​សង្ក្រាន្ត​នេះ មិន​សម​ទំនង​នោះ​ឡើយ ខណៈ​ទឹកដី​ជាច្រើន ទៅ​តាម​ព្រំដែន ត្រូវ​បាន​បាត់បង់ ហើយ​ពលរដ្ឋ​រាប់​សិ​ប​នាក់ កំពុង​កើត​ទុក្ខ ដោយសារ​គ្មាន​ដីធ្លី និង​ផ្ទះសម្បែង​រស់នៅ។

លោក ម៉ា ចិត្រា៖ «​មាន​មតិ​គេ​លើកឡើង​ថា អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ ប៉ុន្តែ​ស្រុក​យើង​នឹង​វា​យ៉ាងម៉េច បើ​បាត់​ដី​ប៉ុណ្ណឹង​ហើយ យើង​នៅតែ​មានឱកាស​ជួបជុំគ្នា​សប្បាយរីករាយ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ទៀត​។ អ៊ីចឹង​យើង​ត្រូវ​គិត​លើ​រឿង​ហ្នឹង​។ អ៊ីចឹង​គេ​ថា កម្ពុជា​អត់​មានរឿង​អី​ផង ដូច្នេះ​អន្តរជាតិ​គេ​មិន​ចាំបាច់​ខ្វល់ខ្វាយ​ទេ អន្តរជាតិ​គេ​អាច​គិត​អ៊ីចឹង​។ ខ្ញុំ​គិតថា​វា​មិន​ខាត​អី​នោះ​ទេ ប្រសិនបើ​យើង​មិន​ធ្វើ​។ គួរ​ណាស់​យក​លុយ​ដែល​ចំណាយ​ទាំងអស់​នោះ ទៅ​ជួយ​ដល់​បងប្អូន​ជនភៀសសឹក និង​ជួយ​ដល់​អ្នក​ដែល​រង​ផល​ប៉ះពាល់​ពី​សង្គ្រាម​របស់​ថៃ​នេះ ជា​ការ​ល្អ​ជាង»។

រីឯ​យុវតី​ម្នាក់ទៀត កញ្ញា ហេង គឹមសួ យល់​ថា ក្នុង​ស្ថានភាព​ដែល​ជនភៀសសឹក​កំពុង​ចួប​ការ​លំបាក​ក្នុង​ជីវភាព ដោយសារតែ​គ្មាន​ទីជម្រក​សមរម្យ ហើយ​ប្រទេសជាតិ ក៏​កំពុង​ញាំញី ដោយ​សត្រូវ​ឈ្លានពាន​ផង​នោះ មិន​គួរ​មានកម្ម​វិធី​រាំ​លេង​សប្បាយ លើ​គំនរ​ទុក្ខ​របស់​ពលរដ្ឋ និង​គ្រួសារ​កងទ័ព​ដែល​ពលី ក្នុង​សមរភូមិ​នោះ​ឡើយ​។ កញ្ញា​ថា ការបាត់បង់​ទឹកដី​ជា​រឿង​ដ៏​ឈឺចាប់​បំផុត ដែល​យុវជន គួរតែ​មាន គំនិត​ជាតិនិយម​ខ្លះ កុំ​សូវ​គិតតែ​ពី​សប្បាយ​និយម​ពេក។

កញ្ញា ហេង គឹមសួ៖ «ខ្ញុំ​គិតថា ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ រដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​ទៅលើ​ពួកគាត់​ឱ្យ​ខ្លាំង​មែនទែន ជាជាង​យើង​យក​ពេលវេលា​នេះ​ទៅ​ធ្វើ​នគរ​សង្ក្រាន្ត ដើម្បី​សប្បាយរីករាយ ហើយ​ខ្ញុំ​គិតថា នគរ​សង្ក្រាន្ត​នេះ វា​គួរ​បែរ​ទៅជា​ការ​ផ្សព្វផ្សាយ ពី​ទុក្ខ​លំបាក​របស់ ពលរដ្ឋ ខ្លួនឯង​វិញ»។

ចំណែក អ្នកប្រើប្រាស់​បណ្ដាញ​សង្គម លោក ឌីថេ ហូយ៉ា បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេសប៊ុក របស់​លោក ដោយ​ហៅ លោក ហ៊ុន ម៉ានី ថា​«​ប្អូន​»។ លោក​ថា ប្អូន​គួរតែ​ធ្វើ​ពិធី​កាន់ទុក្ខ​ចំពោះ​ជាតិ ក៏ប៉ុន្តែ ប្អូន បែរ​ជា នៅ​មាន​អារម្មណ៍​ធ្វើ​ពិធី​សប្បាយៗ​ទាំង​ដែល​ពលរដ្ឋ​រាប់​ម៉ឺន​នាក់ បាត់​ផ្ទះសម្បែង អស់​ដី រស់នៅ​ទាំង​វេទនា ក្រោម​តង់​កៅស៊ូ លិច​ទឹក ហាលភ្លៀង ហាលថ្ងៃ ខណៈ ដួង​ព្រលឹង​របស់​កង​ទ័ព​ពលី កំពុងតែ នៅ​វិលវល់ ក្នុង​សមរភូមិ​នៅ​ឡើយ។

លោក​បន្ត​ថា គ្រួសារ​កងទ័ព ទាំងនោះ អ្នកខ្លះ កំពុងតែ​ស្ថិត​ក្រោម​ផ្ទៃមេឃ​ងងឹត បាត់​ពន្លឺ មិនដឹង​ថ្ងៃណា​បាន​ស្គាល់​ពន្លឺ​នៃ​សេចក្ដីសុខ និង​សេចក្ដីចម្រើន ឡើង​មកវិញ​នោះ​ទេ​។ លោក​ថា ខណៈ​ពេល​នេះ មិន​គួរ​សប្បាយ​នៅ​ពេល​ឃើញ មនុស្ស​ជុំវិញ កំពុង​កើត​ទុក្ខ​នោះ​ទេ។

ប្រតិកម្ម​នេះ​ធ្វើឡើង ក្រោយ​ពី​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន ស​.​ស​.​យ​.​ក​. លោក ហ៊ុន ម៉ានី ថ្លែង​ក្នុង ជំនួប​ពិភាក្សា គម្រោង​រៀបចំ​ព្រឹត្តិការណ៍​«​នគរ​សង្ក្រាន្ត​» ជាមួយ​ក្រសួង​ព័ត៌មាន និង​ស្ថាប័ន​ពាក់ព័ន្ធ កាលពី​ថ្ងៃទី​២ ខែមីនា ដោយ​លើកឡើង​ថា លោក​នឹង​ដឹកនាំ​យុវជន រៀបចំ នគរ​សង្ក្រាន្ត នៅ​តាម​ទីតាំង​មួយ​ចំនួន ក្នុង​រាជធានី​ភ្នំពេញ ដូចជា រមណីយដ្ឋាន​វត្តភ្នំ ផ្លូវ​ថ្មើរជើង​ចតុមុខ និង​តាម​ដងផ្លូវ​ទួល​ទំពូង ក្នុង​គោលដៅ ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ។

ទូរទស្សន៍​អាស៊ីសេរី ពុំ​អាច​ទាក់ទង លោក ហ៊ុន ម៉ានី និង​អភិបាល​រាជធានី​ភ្នំពេញ ឃួង ស្រេង ដើម្បី បញ្ជាក់​បន្ថែម ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​៣ ខែ​មីនា។

អ្នកច្បាប់ និង​ជា​អ្នកវិភាគ​ឯករាជ្យ លោក វ៉ន ចាន់ឡូត បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេសប៊ុក​ថា ការរៀបចំ​នគរសង្ក្រាន្ត របស់ លោក ហ៊ុន ម៉ានី នេះ គឺជា​គំនិត​ឆ្កួត​លីលា។ លោក​ថា លោក ហ៊ុន ម៉ានី ហាក់​មួយថ្ងៃៗ អង្គុយ​រិះរក​តែ​ពី​របៀប​បញ្ចូល មនោគមវិជ្ជា ឱ្យ​ពលរដ្ឋ និង​យុវជន​មើល​ឃើញ​តែ ពី​ភាព​សប្បាយ ដោយ​គ្មាន​មនសិការ​ជាតិ និង​ខ្លឹមសារ។ ជា​ឧទាហរណ៍ ការបង្កើត​ទូក​-​ង វែង​ជាងគេ អន្សម​យក្ស និង ក្រមា​វែង ជាងគេ ជាដើម គឺ​គ្មាន​ប្រយោជន៍​សោះ ក្រៅ​តែ​ពី​បង្កប់​នូវ​រូបភាព នយោបាយ និង ការ​អូសទាញ មនុស្ស​ឱ្យ​ស្លុង នឹង​គំនិត​ឆ្កួត​លីលា។

លោក​បន្ត​ថា លោក ហ៊ុន ម៉ានី ជា​អ្នកទទួលខុសត្រូវ ចម្បង​មួយ​រូប​ក្រោម​បញ្ជា​ពី​លោក ហ៊ុន សែន ក្នុង​ការ​ដើរ​អូសទាញ និង​បញ្ចូល​មនោគមវិជ្ជា​នយោបាយ​ខ្មៅ​កខ្វក់ និង​ពង្វក់ ពលរដ្ឋ​ឱ្យ​គិតតែ​រឿង​សប្បាយ និង​បំផ្លាញ​ខ្លួនឯង។ លោក វ៉ន់ ចាន់ឡូត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​បន្ថែម​ថា យុវជន និង​ពលរដ្ឋ​គួរតែ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​មនោគមវិជ្ជា​នយោបាយ​បែប​នេះ។

លោក វ៉ន់ ចាន់ឡូត៖ «ជា​ការ​បញ្ចូល​មនោគម​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​អូសទាញ​កម្លាំង​មហាជន​ឱ្យ​គិត តែ​រឿង​សប្បាយ​។ រឿង​សប្បាយ​ដែល​គ្មាន​ខ្លឹមសារ ហើយ​ជា​រឿង​សប្បាយ​ដែល​បង្កប់​នូវ​រូបភាព​នយោបាយ ខ្មៅ​កខ្វក់ ដើម្បី​ផលប្រយោជន៍​អ្នកកាន់អំណាច​។ ទី​៣ ជា​របៀប​បង្វែរ ការចាប់អារម្មណ៍​របស់​មហាជន ចំពោះ​អសមត្ថភាព​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​ដោះស្រាយ បញ្ហា​ទឹកដី និង​បញ្ហា​នៃ​ការឈ្លានពាន​។ ជាពិសេស ការ​មិន​អាច​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ ដែល​បន្ត​រងគ្រោះ​ពី​អំពើ​ឈ្លានពាន»។

បន្ថែម​ពីលើ​នោះ លោក​ថា នៅ​ពេល​ពលរដ្ឋ​មិន​សប្បាយ​ចិត្តនឹង​របៀប​ដឹកនាំ សព្វថ្ងៃ លោក ហ៊ុន ម៉ា​នី តែងតែ​សកម្ម​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​បង្វែរ​ការ​ចាប់អារម្មណ៍ ឬ​ជា​របៀប​យក​ព្រឹត្តិការណ៍ បង្ក្រាប​ព្រឹត្តិការណ៍​ដើម្បី​ដាក់​អន្ទាក់​កម្លាំង​មហាជន​ឱ្យ​បាន​មុន ក្រែង​មាន​ចលនា​មិន​ពេញចិត្ត ផុស​ឡើង​ជាដើម។ លោក​ថា ពាក្យ “​បុណ្យចូល​ឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​” ពីរោះ​បំផុត និង​បង្កប់​នូវ​ស្មារតី​ជាតិនិយម តែ​ត្រូវ​បាន​លោក ហ៊ុន ម៉ានី កំពុង​បំពុល​ឱ្យ​ប្រើ​ពាក្យ អង្គរ​សង្ក្រាន្ត នគរ​សង្ក្រាន្ត ឬ​ពេល​អនាគត​អាច​នឹង​ពាក្យ ហ៊ុន សែន​សង្ក្រាន្ត និង​អរគុណ​សន្តិភាព​សង្ក្រាន្ត​ជាដើម។ យ៉ាងណា លោក​ស្នើ​ឱ្យ​ពលរដ្ឋ​ត្រូវតែ​ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ទទួលខុសត្រូវ ចំពោះ​ការ​បាត់បង់​ទឹកដី និង​បញ្ហា​ពលរដ្ឋ​បន្ត​រងគ្រោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ