
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ និងមន្ត្រីបក្សប្រឆាំង អះអាងថា ការដឹកនាំបែបឯកបក្សដែលគ្មានការត្រួតពិនិត្យ កំពុងបង្កឱ្យមានផលវិបាកដល់សង្គមយ៉ាងធ្ងន់ធ្ងរ ដូចជាបទល្មើសឆ្លងដែន មណ្ឌលឆបោកតាមអនឡាញ និងអំពើពុករលួយជាដើម។ ពួកគេថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវកែទម្រង់ឱ្យមានឯករាជ្យភាពតុលាការ បើកលំហបរិយាកាសនយោបាយ និងសេរីភាពសារព័ត៌មាន។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ចាប់តាំងពីសង្គ្រាមស៊ីវិលបានបញ្ចប់នៅចុងទសវត្សរ៍ឆ្នាំ១៩៩០ រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បានប្តូរពីការយកលេស «រំដោះប្រទេសឆ្នាំ ៧៩» មកប្រើលេស «ការរីកចម្រើនសេដ្ឋកិច្ច» ដើម្បីបង្ហាញពីភាពស្របច្បាប់ក្នុងការដឹកនាំ ព្រោះខ្លួនអាចធ្វើឱ្យសេដ្ឋកិច្ចកើនឡើងជាមធ្យម ៧% ក្នុងមួយឆ្នាំ (ចន្លោះឆ្នាំ ១៩៩៤ ដល់មុនកូវីដ)។ ប៉ុន្តែ ការអភិវឌ្ឍនេះ មិនមែនជារឿងសេដ្ឋកិច្ចសុទ្ធសាធទេ វាគឺជាឧបករណ៍នយោបាយដើម្បីពង្រឹងអំណាច បំបិទមាត់គណបក្សប្រឆាំង បំផ្លាញកាសែតឯករាជ្យ និងធ្វើឱ្យសង្គមស៊ីវិលចុះខ្សោយ ដែលធ្វើឱ្យបាត់បង់ប្រព័ន្ធត្រួតពិនិត្យអំណាចដែលចាំបាច់ក្នុងសង្គមប្រជាធិបតេយ្យ។
លោក សេង វណ្ណលី បន្ថែមទៀតថា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា អាចធ្វើឱ្យសេដ្ឋកិច្ចដើរបាន ប៉ុន្តែវាបានមកពីការបំផ្លាញស្ថាប័នជាតិ និងប្រព័ន្ធត្រួតពិនិត្យអំណាច។ ភាពផ្ទុយគ្នានៃសេដ្ឋកិច្ចខ្លាំង សង្គមខ្សោយ គឺជាគ្រោះថ្នាក់មួយ។ បទល្មើសឆ្លងដែន មណ្ឌលឆបោក និងអំពើពុករលួយ គឺជាលទ្ធផលនៃអភិបាលកិច្ចដែលគ្មានការទទួលខុសត្រូវ។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយរូបនេះ បន្ថែមទៀតថា ការរំលាយគណបក្សសង្គ្រោះជាតិ (CNRP) កាលពីឆ្នាំ ២០១៧ គឺជាការបំបាត់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ការប្រើតុលាការជាអាវុធដើម្បីកម្ចាត់គូបដិបក្ខ និងហាមឃាត់សមាជិកគណបក្សប្រឆាំងជាង ១០០ នាក់ បានធ្វើឱ្យគណបក្សកាន់អំណាចដឹកនាំប្រទេសដោយគ្មានការត្រួតពិនិត្យ។ ប្រព័ន្ធឯកបក្សនេះ នាំឱ្យកើតមានអំពើពុករលួយជាប្រព័ន្ធ អយុត្តិធម៌សង្គម និងការកើនឡើងនៃបទល្មើសឆ្លងដែន ដែលប៉ះពាល់ដល់ស្ថិរភាពជាតិ។
លោក សេង វណ្ណលី បន្ថែមទៀតថា បើគ្មានការកែទម្រង់ឱ្យមានយុត្តិធម៌ ឯករាជ្យភាពតុលាការ និងសេរីភាពសារព័ត៌មានទេនោះ សមិទ្ធផលសេដ្ឋកិច្ចដែលខំកសាងមកនឹងត្រូវរលាយសាបសូន្យ ហើយអាចនាំឱ្យមានអស្ថិរភាពសង្គមក្នុងពេលអនាគត។
លោក សេង វណ្ណលី៖ «រដ្ឋាភិបាលលោកហ៊ុន ម៉ាណែតមិនអាចពឹងផ្អែកលើកំណើនសេដ្ឋកិច្ចដោយគ្មានតម្លាភាពបានទេគឺទាមទារឲ្យមានការកែទម្រង់ស្ថាប័នរឹងមាំមានឯករាជ្យភាពពិតប្រាកដ។ បើគ្មានការផ្លាស់ប្ដូរឲ្យមានគណនេយ្យភាព និងយុត្តិធម៌សង្គមទេឧក្រិដ្ឋកម្មឆ្លងដែន និងអស្ថិរភាពនឹងបន្តយាយី»។
ទាក់ទងទៅនឹងបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ការគ្រប់គ្រងដោយឯកបក្សគឺជាប្រព័ន្ធប្រហាររដ្ឋធម្មនុញ្ញ និងគ្រោះថ្នាក់បំផុត ពីព្រោះគ្រប់ស្ថាប័នជាតិទាំងអស់ស្ថិតក្រោមឥទ្ធិពលគ្រួសារត្រកូលហ៊ុន បម្រើគ្រួសារហ៊ុនតែមួយ មិនបម្រើជាតិ។
លោក គឹម សុខ៖ «ប្រព័ន្ធយុត្តិធម៌ហើយនិងសន្តិសុខសង្គមស្ថិតនៅលើមាត់មនុស្សតែម្នាក់គឺលោកហ៊ុន សែន ដែលរំលោភសិទ្ធិមនុស្សតាមចិត្តហើយមានបណ្ដាញគ្រឿងញៀនពេញប្រទេសបំផ្លាញអនាគតយុវជនហើយកាន់តែគ្រោះថ្នាក់ទៅទៀត ប្រព័ន្ធឯកបក្សគណបក្សប្រជាជននៃលោកហ៊ុន សែននេះគឺជាប្រព័ន្ធអំណាចអាយ៉ងបរទេសដែលឈ្លានពានកម្ពុជា»។
ក្រុមអ្នកឃ្លាំមើលសង្គមបានលើកឡើងថា របបដឹកនាំរបស់លោក ហ៊ុន សែន បានកែប្រែច្បាប់គណបក្សនយោបាយ និងបានយកសំណុំរឿងលោក កឹម សុខា ជាគោល ដើម្បីឈានទៅរំលាយគណបក្សសង្គ្រោះជាតិ។ ការរំលាយគណបក្សសង្គ្រោះជាតិ បានផ្ដល់ផលប្រយោជន៍យ៉ាងច្រើន ដល់លោក ហ៊ុន សែន គឺធ្វើឱ្យលោកឈ្នះឆ្នោតអាណត្តិទី៦ និងទី៧ ដោយគ្មានគូប្រកួត ដូចដែលលោកបានគ្រោងទុក។ ប៉ុន្តែសម្រាប់ប្រជាជាតិខ្មែរវិញ ការរំលាយគណបក្សប្រឆាំងដ៏ធំជាងគេនេះ គឺជាការជាន់ឈ្លីប្រព័ន្ធច្បាប់។
យោងតាមរបាយការណ៍ឆ្នាំ ២០២៦ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) កម្ពុជាបានក្លាយជារដ្ឋឯកបក្ស ដែលគ្រប់គ្រងទាំងស្រុងលើរដ្ឋាភិបាល យោធា និងតុលាការ។ អង្គការអន្តរជាតិមួយនេះថា ចាប់តាំងពីលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែង ស្ថានភាពសិទ្ធិមនុស្សកាន់តែធ្លាក់ចុះ តាមរយៈការចាប់ខ្លួនអ្នករិះគន់ក្រោមបទចោទ «ញុះញង់» ឬ «រួមគំនិតក្បត់»៕










