អ្នកឃ្លាំមើល​ថា ក្មេង​ទំនើង​ច្រើន​បណ្ដាល​មក​ពី​វិស័យ​អប់រំ​អន់ថយ និង​វិបត្តិ​សង្គម

0
26
រូបភាពក្មេងទំនើងដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន។ រូប៖ ស្នងការនគរបាលរាជធានីភ្្នំពេញ
រូបភាពក្មេងទំនើងដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន។ រូប៖ ស្នងការនគរបាលរាជធានីភ្្នំពេញ

អ្នកវិភាគ និង​សកម្មជន​សិទ្ធិមនុស្ស​លើកឡើង​ថា យុវជន​ក្លាយ ជា​ក្មេង​ទំនើង​កាន់តែ​ច្រើន ដោយសារតែ​ប្រព័ន្ធ​អប់រំ​នៅ​មាន​កម្រិត​វប្បធម៌​នយោបាយ​ហិង្សា​របស់​ពួក​អ្នក​កាន់អំណាច និង​កត្តា​អូសទាញ​របស់​សង្គម ដូចជា បញ្ហា​គ្រឿង ស្រវឹង និង​គ្រឿងញៀន ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បរាជ័យ​ក្នុង​ការ ទប់ស្កាត់។

យុវជន​ដែល​ជា​ទំពាំង​ស្នង​ឫស្សី និង​ធនធានមនុស្ស​សំខាន់​កំពុង​រងគ្រោះ ក្លាយជា​ក្មេង​ទំនើង​កាន់តែ​ច្រើនឡើង​។ ជាក់ស្ដែង​របាយការណ៍​ក្រសួងមហាផ្ទៃ ឲ្យ​ដឹង​ថា នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០២៦ សមត្ថកិច្ច បាន បង្ក្រាប​យុវជន​ដែល​ជា​ក្មេង​ទំនើង​ចំនួន ១០៤​ករណី និង​ឃាត់ខ្លួន​ជិត ៤០០ (៣៧៦) នាក់ នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពត កំពង់ស្ពឺ ព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប ព្រះវិហារ រតនគិរី កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្វាយរៀង និង​ខេត្ត​តាកែវ។ ក្រសួង​មហាផ្ទៃ​ថា សមត្ថកិច្ច​បាន​បញ្ជូន​ក្មេង​ទំនើង​ជិត ៤០០​នាក់​នេះ ទៅ​តុលាការ និង​ឃុំខ្លួន​នៅ​ក្នុង​ពន្ធនាគារ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន និង​ជា​អ្នកវិភាគ លោក ប៉ោ មករា យល់​ថា ឥទ្ធិពល​គ្រឿង​ស្រវឹង ជា​ចំណែក​មួយ ដែល​ធ្វើ​ឲ្យ យុវជន​ភ្លើតភ្លើន ពីព្រោះ​កម្ពុជា​មិន​មាន​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​ទេ​។ លោក​បន្ត ថា បញ្ហា​គ្រឿងញៀន ក៏​ជា​កត្តា​មួយ​ទៀត ដែល​ជះឥទ្ធិពល​ដល់​មូលដ្ឋាន​ពលរដ្ឋ ខណៈ​គោលនយោបាយ ភូមិ​/​ឃុំ​មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល​វិញ ហាក់​មិន​ជោគជ័យ។

បន្ថែម​លើ​នេះ លោក ប៉ោ មករា លើកឡើង​ថា បញ្ហា​ស្នូល​មួយទៀត ដែល​បង្ក​ឲ្យ​យុវជន​មាន​ចរិត​ជា​ក្មេង​ទំនើង​នោះ គឺ​ទាក់ទង​នឹង​វប្បធម៌​នយោបាយ ដឹកនាំ​របស់​ក្រុម​អ្នក​កាន់​អំណាច ដែល​បន្ត​បំភិតបំភ័យ និង​គំរាមកំហែង​គូរ​ប្រជែង​នយោបាយ។

លោក ប៉ោ មករា៖ «វប្បធម៌​នយោបាយ​ដោយ​ការ​បំភ័យ ក៏​ជា​បញ្ហា​ជះឥទ្ធិពល​ដល់ យុវជន​ដែរ ពីព្រោះ​យើង​ឃើញថា បុរាណ​លោក​តែង​និយាយ​ថា ឪពុកម្ដាយ​ម៉េច​កូន​អ៊ីចឹង​។ មេដឹកនាំ​អ្នកលេង កូនចៅ​ក៏​អ្នកលេង​ដែរ​។ អ៊ីចឹង​អាហ្នឹង​ក៏​ជា​បញ្ហា មួយ​ដែល​ជះ​មក​លើ​យុវជន ជះ​មក​លើ​សង្គម​កម្ពុជា​ដែរ​។ អ៊ីចឹង​កត្តា​ទាំងអស់​ហ្នឹង ខ្ញុំ​គិតថា ត្រូវ​កែ​។ អ្នកនយោបាយ ត្រូវ​ចាប់ផ្ដើម​កែ​ពី​ខ្លួនឯង​ទៅ ត្រូវ​វប្បធម៌​នយោបាយ​ធ្វើ​ម៉េច កុំ​ឲ្យ​មាន​តាន​កម្ទេច​គ្នា តាម​បង្ក្រាប​គ្នា តាម​វ៉ៃ​រហូតដល់ ធ្វើ​ម៉េច​ឲ្យ​ខ្មែរ​គ្នាឯង ឈឺចាប់ បាត់បង់ ខ្លោចផ្សា​តែ​គ្នាឯង​អ៊ីចឹង​។ អ៊ីចឹង​គួរតែ​មាន វប្បធម៌​នយោបាយ​អនុគ្រោះ គួរតែ​មាន​វប្បធម៌​អាច​ជជែក​គ្នា​បាន ពាក់ព័ន្ធ​នឹង​បញ្ហា ជាតិ​ហ្នឹង»។

ថ្មីៗ​នេះ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ ថ្លែង​ថា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ពិចារណា​បញ្ជូន​ក្មេង​ទំនើង ដែល​សមត្ថកិច្ច​បង្ក្រាប ទៅ​ធ្វើ​ជា​ប្រជា​ការពារ​ភូមិ ប៉ុន្តែ ក្រោយ​ពី​មាន​ការ​រិះគន់ និង​ប្រតិកម្ម​ខ្លាំង​ពី​សាធារណជន នោះ​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​ចេញ​មក​បំភ្លឺ​នៅ​ថ្ងៃទី៥ ខែមីនា​ថា នេះ​ជា​គោល​គំនិត​ផ្ទាល់ខ្លួន​របស់​លោក មិនមែន​ជា​ផែនការ ឬ​គោល​នយោបាយ​របស់​ក្រសួង​មហាផ្ទៃ​ឡើយ។

ទោះបីជា​យ៉ាងណាក៏ដោយ លោក ប៉ោ មករា ជំរុញ​ឲ្យ​រដ្ឋាភិបាល​ប្រើ​វិធី​អប់រំ ក្មេង​ទំនើង​ពីព្រោះ​ពួកគេ​ក៏​ជា​ជនរងគ្រោះ​ពី​វិបត្តិ​សង្គម​ដែរ​។ លោក​ថា រដ្ឋាភិបាល គួរ តែ​បណ្ដុះបណ្ដាល​ក្មេង​ទំនើង ដើម្បី​ផ្ដល់​ជំនាញ​វិជ្ជាជីវៈ​ដល់​ពួកគាត់ មុននឹង សម្រេច​យក​ពួកគាត់​ទៅ​បម្រើការ​អ្វីមួយ ក្នុង​ក្របខណ្ឌ​រដ្ឋ និង​សេវាកម្ម​បម្រើ សង្គម។

លោក ប៉ោ មករា៖ «យើង​ត្រឡប់​ទៅ​មើល​ប្រព័ន្ធ​អប់រំ​វិញ​ថា តើ​ប្រព័ន្ធ​អប់រំ​ហ្នឹង ប្រសិទ្ធភាព​កម្រិត​ណា​។ យើង​ឃើញ ការអប់រំ​នៅក្នុង​ប្រទេស​របស់​យើង ហាក់ដូច ជា​រីកចម្រើន​ណាស់ បើ​យើង​ងាក​ទៅ​មើល​អគារ​គ្រឹះស្ថាន​នៃ​ការអប់រំ​ឯកជន​វិញ យើង​ឃើញ​មាន​ធំៗ ហាក់បីដូចជា​លុប​បាត់​នូវ​ស្ថាប័ន​របស់​រដ្ឋ​អ៊ីចឹង ប៉ុន្តែ​សួរថា ប្រសិទ្ធភាព​នៃ​ការអប់រំ​ឃើញ​មាន​កម្រិត​ណា វា​អាច​ជះឥទ្ធិពល ឬក៏​ទទួលផល​ល្អ ប្រសើរ​សម្រាប់​យុវជន សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​អត់​។ អាហ្នឹង​ជា​បញ្ហា​សំខាន់​ដែរ សម្រាប់​វិស័យ​អប់រំ ខ្ញុំ​គិតថា គួរ​គិត​គួរ​ឡើងវិញ ហើយ​គួរតែ​ឆ្លុះបញ្ចាំង​ឲ្យ​ប្រសិទ្ធភាព​ជាង​នេះ​ទៅ​ទៀត»។

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ លើកឡើង​ថា ការ​បញ្ជូន​ក្មេង​ទំនើង​ទៅ តុលាការ​មិនមែន ជា​ជម្រើស​ល្អ​នោះ​ទេ​។ លោក​ថា រដ្ឋាភិបាល​គួរតែ​បើក​មជ្ឈមណ្ឌល​អប់រំ​ផ្នែក​គំនិត វិន័យ ដើម្បី​ឲ្យ​ពួកគេ​បាន​ធ្វើ​ការ​មួយចំនួន ស្គាល់​គុណ​តម្លៃ​នៃ​ជីវិត ដែល​ជា​ទំពាំង ស្នង​ឫស្សី ការពារ​ប្រទេសជាតិ ដូចជា ចូល​វឹក​ហាក់​ទាហាន​ជាដើម។

លោក សេក សុជាតិ៖ «ពួកគេ​ចេញ​មក​វិញ​ក្លាយជា​មនុស្ស​ថ្មី ហើយ​ពួកគេ​ក៏​អាច​ក្លាយ​ជា កម្លាំង​ស្នូល​មួយ​សម្រាប់​ស្ដារ​សង្គម ហើយនឹង​សន្តិសុខ​ជាតិ​នៅពេល​ថ្ងៃក្រោយ​ដែរ។ បើសិន​ក្នុងករណី​កងទ័ព​មានការ​ខ្វះ​កម្លាំង ដើម្បី​តស៊ូ​ជាមួយនឹង​ពួក​បរទេស ឈ្លានពាន អ៊ីចឹង​ពួកគាត់​មាន​ជំនាញ ហើយ​បាន​វឹក​ហាត់​ត្រឹម​ត្រូវជា​កងកម្លាំង​ការ ពារ​ជាតិ អ៊ីចឹង ពួកគាត់​ក៏​អាច​ប្រើប្រាស់​សម្រាប់​ធ្វើជា អ្នក​ដែល​ដល់​សង្គម​របស់​យើង ការពារ​ព្រំដែន​របស់​យើង ហើយក៏​អាច​ដោះស្រាយ​បញ្ហា​ច្រើន ផ្សេងទៀត តាមតែ​អាច​ធ្វើ​ទៅ​បាន​ដែរ​។ ពួកគាត់​បើសិន​ជា​មាន​វិន័យ​ល្អ ស្គាល់ គុណ​តម្លៃ​បាន​ត្រឹមត្រូវ ពួកគាត់​ក៏​អាច​ក្លាយជា​បុគ្គល​ម្នាក់ ដែល​អាច​ធ្វើការ ដើម្បី​អ​នា​គត់​ជាតិ​ទាំងមូល នៅពេល​អ​នា​គត់​ដូចជា​គ្នា​ដែរ»។

សកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន​លោក ម៉ា ចិត្រា យល់ថា ប្រសិនបើ​រដ្ឋាភិបាល​ចង់​ការពារ​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ឲ្យ​បាន​ល្អ​នោះ គួរតែ​បន្ថែមចំនួន​ប៉ូលិស ដោយ​មិន ចាំបាច់ មាន​ប្រជា​ការពារ​ភូមិ​នោះ​ទេ ពីព្រោះ​ប្រជា​ការពារ​ភូមិ​គ្មាន​ជំនាញ ទប់ស្កាត់ បទ ល្មើស​ឡើយ​។ លោក​សង្កេត​ឃើញ​ថា យុវជន​មួយចំនួន ក្លាយ​ជា​ក្មេង​ទំនើង បណ្ដា​មកពី​អាជ្ញាធរ​មូលដ្ឋាន​ខ្វះខាត​ការ យកចិត្តទុកដាក់​លើ​បញ្ហា​នេះ ខណៈ ពួកគេ ទៅ​រៀន ក៏​ខាង​សាលា​មិនបាន​តាមដាន​អំពី​សិស្សានុសិស្ស។

លោក ម៉ា ចិត្រា៖ «តាម​សាលា​ហ្នឹង មិនសូវ​រិត​បន្តឹង​ការអប់រំ ទី​២ កត្តា​ជីវភាព​ក្នុង គ្រួសារ​នីមួយៗ ចង់​សំដៅ​ថា សម័យនេះ ឪពុកម្ដាយ​បងប្អូន​មួយចំនួន គាត់​អត់​មាន​តាមដាន​កូនចៅ​គាត់​ដូច​សម័យមុន​ទេ ដោយសារតែ​មួយថ្ងៃៗ​គាត់​ប្រឹងប្រែង រកស៊ី ឬក៏​ធ្វើការ​ឲ្យ​គេ ដើម្បី​ចិញ្ចឹម​ជីវភាព​គ្រួសារ​ផង និង​ដើម្បី​ដោះបំណុល​ផង»។

អ្នកឃ្លាំមើល លើកឡើង​ថា ដរាបណា​រដ្ឋាភិបាល​គ្រួសារ​ត្រកូល​ហ៊ុន នៅតែ​បន្ត​កាន់​អំណាច នោះ​កម្ពុជា​គ្មាន​វិធី​ដោះស្រាយ​វិបត្តិ​ក្មេង​ទំនើង​ទេ ពីព្រោះ ក្រុម​មេ​ដឹក នាំ​ក្រុម​គ្រួសារ​ហ៊ុន និង​បក្ខពួក គឺ​ភាគច្រើន​ជា​បុគ្គល​ទំនើង​ក្អេងក្អាង ដែល​ជា​គំរូ​អាក្រក់​ក្នុង​សង្គម​ដោយ​ធ្វើ​សកម្មភាព​គំរាមកំហែង រំលោភសិទ្ធិ​មនុស្ស និង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម គ្រប់​វិស័យ តាម​ទំនើងចិត្ត​របស់​ពួកគេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ