
អគារកាស៊ីណូធំៗ និងអគារពាណិជ្ជកម្មខ្ពស់ស្កឹមស្កៃជាច្រើនក្នុងខេត្តព្រះសីហនុត្រូវបានគេសង្ស័យថា នៅតែមានការបង្កប់ និងបង្ខាំងជនបរទេសបង្ខំឱ្យធ្វើការងារជាអ្នកឆបោកតាមអនឡាញ។ ទន្ទឹមគ្នានេះ អគារកាស៊ីណូដែលបន្តប្រតិបត្តិការឆបោកតាមអនឡាញភាគច្រើនគឺជាកម្មសិទ្ធិរបស់អ្នកជំនួញជនជាតិចិនដែលមានឈ្មោះជាឧក្រិដ្ឋជន និងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុមគ្រួសារត្រកូល «ហ៊ុន»។ ពលរដ្ឋស្នើឱ្យសមត្ថកិច្ចចុះពិនិត្យនៅតាមអគារធំៗទាំងនោះ និងទាមទារឱ្យមានការចុះបង្ក្រាបទីតាំងអគារឆបោកអនឡាញឱ្យមានប្រសិទ្ធភាព។
ប្រជាពលរដ្ឋមួយចំនួននៅក្រុងព្រះសីហនុលើកឡើង ថា អគារធំៗមួយចំនួន រួម ទាំងសណ្ឋាគារ កាស៊ីណូ និងមជ្ឈមណ្ឌលកម្សាន្តច្រើនក្នុងខេត្តជាប់មាត់សមុទ្រមួយនេះនៅតែបើកដំណើរការយ៉ាងអាថ៌កំបាំង ព្រមទាំងមានក្រុមកម្លាំងសន្តិសុខយាមការពារយ៉ាងតឹងរ៉ឹង។ លើសពីនេះទៀត ពលរដ្ឋ ឬអ្នកកាសែតដែលហ៊ានទៅថតរូបភាពនៅតំបន់បរិវេណនៃអគារគឺតែងត្រូវបានកងឆ្មាំសន្តិសុខគំរាមកំហែង និងបង្ខំឱ្យលុបរូបភាព។
បុគ្គលិកកាស៊ីណូម្នាក់នៅខេត្តព្រះសីហនុថ្លែងសុំលាក់អត្តសញ្ញាណព្រោះបារម្ភពីបញ្ហាសុវត្ថិភាពអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីថា ប្រតិបត្តិការរបស់សមត្ថកិច្ចបង្ក្រាបទីតាំងអគារឆបោកតាមអនឡាញហាក់ធ្វើឡើងដោយច្បោលៗ ឬដោយដុំៗនៅតាមទីតាំងកន្លែងណាដែលរងការរិះគន់ខ្លាំងទើបសមត្ថកិច្ចចុះបង្ក្រាប និងបង្ហាញពីការឃាត់ខ្លួនជនបរទេស ប៉ុន្តែនៅតាមអគារកាស៊ីណូជាច្រើនទៀតនៅតែមានការបង្កប់ និងបង្ខាំងជនបរទេស ដើម្បីបង្ខំឱ្យធ្វើការឆបោកតាមអនឡាញ។
ទោះជាយ៉ាងណា បុគ្គលិករូបនេះបញ្ជាក់ថា បុគ្គលិកនៅតាមអគារកាស៊ីណូ និងពលរដ្ឋខ្មែរដែលធ្វើការលើវិស័យឆបោកតាមអនឡាញជាច្រើននាក់កំពុងព្រួយបារម្ភពីការបាត់បង់ចំណូល និងប្រឈមអត់ការងារធ្វើ បន្ទាប់ពីសមត្ថកិច្ចបានចុះបង្ក្រាបនៅតាមអគារឆបោកតាមអនឡាញ។
ពលរដ្ឋលាក់ឈ្មោះ៖ «នៅមានអនឡាញ (Online) តាស៎ ប៉ុន្តែគេអត់ប្រាប់ថា ធ្វើនៅកន្លែងណាទេគេស្ងាត់ចង់ងាប់ហើយគេខ្លាចគេចាប់។ នៅមានអនឡាញតែគេអត់ឱ្យបុគ្គលិកចេញទេ អត់មានអ្នកណាដឹងទេ។ អ្នកខ្លះថៅកែឱ្យកុំព្យូទ័របុគ្គលិកមកធ្វើនៅបន្ទប់នៅតែមានអ៊ីចឹងអនឡាញគ្រាន់តែគេមិនឱ្យដឹង។ របៀបថា គេមានក្រុមហ៊ុនពីរ ក្រុមហ៊ុនមួយគេបំបែកគ្នាទៅនេះទៅនោះខ្លះអ៊ីចឹង។ គេបើកវិញតាស៎ប៉ុន្តែគេអត់ឱ្យយើងដឹងទេគេខ្លាចចាប់ទៀត គេបើកខ្លះៗហើយ ទល់តែសភាពការណ៍ស្ងប់ស្ងាត់អីទើបគេរើសមនុស្សពេញលេញដូចលើកមុនវិញ»។
ចំណែក ពលរដ្ឋនៅខេត្តព្រះសីហនុម្នាក់ទៀតថ្លែងសុំមិនបញ្ចេញឈ្មោះដែរថា នៅតាមអគារកាស៊ីណូ និងអគារពាណិជ្ជកម្មធំៗមួយចំនួននៅតែមានការបង្កប់អំពើឆបោកតាមអនឡាញ និងមានជនបរទេសចម្រុះជាតិសាសន៍ដូចជា ឥណ្ឌា បង់ក្លាដេស ប៉ាគីស្ថាន និងចិន ជាដើមត្រូវបានថៅកែចិនបង្ខាំង ដើម្បីឱ្យបន្តប្រតិបត្តិការឆបោកតាមអនឡាញ។ ពលរដ្ឋរូបនេះអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីថា ក្រោយសមត្ថកិច្ចចុះបង្ក្រាបមជ្ឈមណ្ឌលឆបោកគឺថៅកែចិនបានកាត់បន្ថយចំនួនបុគ្គលិក និងប្រមូលជនបរទេសណាដែលពូកែឆបោក ដើម្បីអោយបន្តធ្វើការ។ ពលរដ្ឋរូបនេះស្នើដល់សមត្ថកិច្ចចុះពិនិត្យតាមទីតាំងអគារកាស៊ីណូ និងតំបន់អគារពាណិជ្ជកម្មខ្ពស់ ដើម្បីធានាពីប្រសិទ្ធភាពបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។
ពលរដ្ឋថ្លែងលាក់ឈ្មោះ៖ «ខ្ញុំមើលទៅដូចជាគេបង្ក្រាបដែរតែបង្ក្រាបដូចជាអត់ស្អាតមានកន្លែងខ្លះនៅលួចបើក កន្លែងខ្លះខ្សែធំគេលួចបើក។ ពេលផ្អើលមួយឆួលគេគេចុះចាប់ អ៊ីចឹងគេលួចបើកគេលួចបើកវិញពីមនុស្ស ៣រយនាក់បន្ថយមកត្រឹម ១រយ ៥០នាក់គេជម្រើសអ្នកដែលពូកែរកភ្ញៀវគេយកធ្វើការបន្តទៀត។ សន្តិសុខគេនៅមាននៅមើលខាងក្រោមគេអត់អាចឱ្យអ្នកដែលចម្លែកមុខចូលធ្វើការទេ។ យើងមុននឹងចូលធ្វើការគេមើលថា យើងជាមនុស្សនៅក្នុងហ្នឹងមែនអត់ ដូចថា សន្តិសុខគេមានគ្រុប (Group Chat) ក្រុមហ៊ុនគេហើយមានគេឃុំឃាំង ជនជាតិចិនខ្លះដែលលួចរត់ចេញត្រូវគេវាយ»។
ទីតាំងអគារដែលប្រជាពលរដ្ឋសង្ស័យនៅមានបង្កប់អំពើឆបោកតាមអនឡាញនោះរួមមាន អគារភ្លោះកម្ពស់ ១៨ជាន់ស្ថិតនៅផ្លូវឯករាជ្យទល់មុខមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងសណ្ឋាគារអន្តរជាតិ និងកាស៊ីណូ សុង ហ៊ួ វ៉េ (Zhong HuaWei International Hotel & Casino) ស្ថិតនៅកណ្ដាលក្រុងព្រះសីហនុជាដើម។ ពលរដ្ឋជឿជាក់ថា នៅតាមអគារកាស៊ីណូទាំងនេះ និងទីតាំងមជ្ឈមណ្ឌលឆបោកតាមអនឡាញផ្សេងទៀតក្រៅពីមានការបង្កប់អំពើឆបោកតាមអនឡាញក៏មានបទល្មើសជាច្រើនទៀតដូចជា ការជួញដូរមនុស្ស គ្រឿងញៀន អំពើពេស្យាចារ និងល្បែងស៊ីសងតាមអនឡាញ ដោយសារតែនៅតាមអគារនីមួយៗសុទ្ធតែមានក្រុមសន្តិសុខយាមកាមយ៉ាងតឹងរ៉ឹង ចំណែកនៅតាមរបងអគារក៏មានព័ទ្ធដោយលួសបន្លា។
ក្រៅពីនេះ អគារមជ្ឈមណ្ឌលកម្សាន្តនៃក្រុមហ៊ុន ហ្គោលដិន សាន់ ស្កាយ (Golden Sun Sky Hotel & Casino) និងតំបន់អគារពាណិជ្ជកម្មក្នុងតំបន់ឆៃណាថោន (China Town) ជាច្រើនទៀតរបស់មហាសេដ្ឋីខ្មែរដើមកំណើតចិនគឺលោក ដុង លីឆេង (Dong Lecheng) នៅតែរងការចោទប្រកាន់ថា បន្តបង្ខាំងមនុស្សរាប់សិបនាក់បង្ខំឱ្យធ្វើការឆបោកតាមអនឡាញ ហើយមកដល់ពេលនេះក៏គ្មានសមត្ថកិច្ចណាចុះបង្ក្រាបនៅឡើយ។
លោក ដុង លីឆេង គឺជាអ្នកជំនួញចិនម្នាក់ស្និទ្ធនឹងក្រុមគ្រួសារត្រកូល ហ៊ុន និងសម្បូររឿងរ៉ាវអាស្រូវពាក់ព័ន្ធអំពើឧក្រិដ្ឋកម្ម និងអំពើលាងលុយកខ្វក់។ លោកត្រូវបានតុលាការចិនកាត់ទោសកាលពីឆ្នាំ២០០៨ ពាក់ព័ន្ធនឹងការបើកបនល្បែងខុសច្បាប់ និងលាងលុយកខ្វក់ ប៉ុន្តែលោកបានបង្វែរអាជីវកម្មមករកស៊ីលើវិស័យកាស៊ីណូនេះនៅកម្ពុជាក្នុងទំហំទឹកប្រាក់វិនិយោគប្រមាណ ៣៦០លានដុល្លារ ចាប់តាំងពីអំឡុងឆ្នាំ២០១០។ កាលពីឆ្នាំ២០១៤ ឧក្រិដ្ឋជនរូបនេះ ក៏បានផ្ដល់លុយមិនក្រោម ៥០ម៉ឺនដុល្លារឱ្យអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទទួលបានសញ្ជាតិខ្មែរ។ លើសពីនេះ ក្នុងឆ្នាំ២០១៨ ឧក្រិដ្ឋជន ដុង លីឆេង ក៏ត្រូវបានរាយការណ៍ថា បានផ្ដល់យន្តហោះឯកជនឱ្យលោក ហ៊ុន សែន និងមន្ត្រីគ្រាក់ៗជិះទៅប្រជុំនៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉ក (New York) សហរដ្ឋអាមេរិក (US) ថែមទៀតផង។ គម្រោងអគារនៃក្រុមហ៊ុន ហ្គោលដិន សាន់ ស្កាយ របស់ឧក្រិដ្ឋជន ដុង លីឆេង ស្ថិតនៅបណ្ដោយឆ្នេរអូរត្រេះក្នុងខេត្តព្រះសីហនុក៏ត្រូវបានរដ្ឋាភិបាលចក្រភពអង់គ្លេស (UK) ដាក់ទណ្ឌកម្មចូលក្នុងបញ្ជីខ្មៅកាលពីឆ្នាំ២០២៣ ដោយសារតែពាក់ព័ន្ធនឹងអំពើឆបោកតាមអនឡាញ ការជួញដូរមនុស្ស និងការបង្ខាំងមនុស្សធ្វើទារុណកម្ម។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលខេត្តព្រះសីហនុ លោក ស រដ្ឋា និងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី៩ ខែមីនា។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICAHDO) លោក អំ សំអាត មានប្រសាសន៍ថា រដ្ឋាភិបាលគប្បីយកចិត្តទុកដាក់ចំពោះការរាយការណ៍ពលរដ្ឋ និងបោសសម្អាតអំពើឆបោកតាមអនឡាញឱ្យមានប្រសិទ្ធភាព ដោយសារតែឧក្រិដ្ឋកម្មនេះបានបំផ្លាញទាំងមុខមាត់ និងសេដ្ឋកិច្ចកម្ពុជា។ លោកបន្តថា រដ្ឋាភិបាលប្រកាសពីការប្ដេជ្ញាចិត្តគឺជាការល្អ ប៉ុន្តែការអនុវត្តជាក់ស្ដែងក្នុងការបោសសម្អាត និងចាប់មេខ្លោងដែលពាក់ព័ន្ធយកមកផ្ដន្ទាទោសគឺជារឿងសំខាន់សម្រាប់បង្ហាញប្រាប់អន្តរជាតិ និងដើម្បីស្ដារមុខមាត់កម្ពុជា។
លោក អំ សំអាត៖ «ដូច្នេះ នៅពេលទទួលបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋដែលលោកចូលរួមក្នុងការផ្ដល់ព័ត៌មានពីទីតាំង ឬកន្លែងណាដែលពាក់ព័ន្ធជាមួយនឹងអនឡាញស្កែម (Online Scam) អាជ្ញាធរត្រូវតែចាត់វិធានការស្រាវជ្រាវ និងធ្វើការស៊ើបអង្កេត និងចាត់វិធានការបង្ក្រាបទៅតាមផ្លូវច្បាប់។ អ្វីដែលសំខាន់ធ្វើម៉េចកុំមានការដាក់បន្ទុកទៅលើប្រជាពលរដ្ឋដែលបានរាយការណ៍ពីទីតាំងអនឡាញស្កែមហ្នឹងពីព្រោះការចូលរួមពីប្រជាពលរដ្ឋគឺជារឿងសំខាន់ បើមានការធ្វើឱ្យគាត់មានការភ័យខ្លាចគឺបាត់ការចូលរួមពីពួកគាត់»។
លោក អំ សំអាត ក៏ស្នើឱ្យរដ្ឋាភិបាលបង្កើតឱកាសការងារស្របច្បាប់ និងមានស្ថិរភាពសម្រាប់ប្រជាពលរដ្ឋ។ លោកថា ពលរដ្ឋខ្មែរដែលធ្វើការពាក់ព័ន្ធអំពើឆបោកតាមអនឡាញអាចពួកគាត់គ្មានជម្រើស និងមិនសូវទទួលបានការអប់រំលើការងារដែលទទួលបានចំណូលខ្ពស់ តែជាប្រភេទការពារបែបឧក្រិដ្ឋកម្ម និងប្រឈមគ្រោះថ្នាក់។ មន្ត្រីសិទ្ធិមនុស្សរូបនេះ ទាមទារដល់រដ្ឋាភិបាលបង្កើនការផ្សព្វផ្សាយ និងអប់រំសាធារណៈ ដើម្បីបង្ការកុំឱ្យប្រជាពលរដ្ឋខ្មែរចូលរួមក្នុងវិស័យឆបោកតាមអនឡាញ ព្រោះអ្នកពាក់ព័ន្ធប្រឈមហានិភ័យផ្លូវច្បាប់ និងបាត់បង់ការងារពេលសមត្ថកិច្ចបើកយុទ្ធនាការបង្ក្រាបដូចពេលបច្ចុប្បន្ន៕










