ជនភៀសសឹក​ស្នើ​ឲ្យ​រដ្ឋាភិបាល​កុំ​បោះបង់​ពួកគេ​ចោល បន្ទាប់ពី​ប្ដូរ​ទៅ​ស្នាក់​នៅផ្ទះ​បណ្ដោះអាសន្ន

0
111
ផ្ទះបណ្ណោះអាសន្ន​សម្រាប់ជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ ដែលត្រូវ​ថៃឈ្លានពានដីនិងផ្ទះ។ រូប៖ ​បណ្ដាញសង្គម
ផ្ទះបណ្ណោះអាសន្ន​សម្រាប់ជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ ដែលត្រូវ​ថៃឈ្លានពានដីនិងផ្ទះ។ រូប៖ ​បណ្ដាញសង្គម

ពលរដ្ឋ​ភៀស​សឹក​បារម្ភ​ថា រដ្ឋាភិបាល​នឹង​ទុក​ពួកគាត់​ចោល បន្ទាប់​ពី​ពួកគាត់​ប្ដូរ​ទៅ​រស់​នៅផ្ទះ​បណ្ដោះអាសន្ន ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ទី​ប្រជុំជន ដែល​ពុំ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សមរម្យ។ ការ​លើកឡើង​នេះ គឺ​បន្ទាប់​ពី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បាន​សង់ផ្ទះ​បណ្ដោះអាសន្ន​ឲ្យ​ពលរដ្ឋ​ភៀស​សឹក ខណៈ រដ្ឋាភិបាល​របស់​លោក​មិន​អាច​យក​ដី ផ្ទះសម្បែង និង​ទាមទារ​សំណង​ពី​ភាគី​ថៃ​ឲ្យ​ពលរដ្ឋ​ខ្មែរ ដែល​ត្រូវ​យោធា​ថៃ​ឈ្លានពាន​យក។

ពលរដ្ឋ​ភៀស​សឹក ទទូច​ឲ្យ​រដ្ឋាភិបាល​គ្រួសារ​ត្រកូល​ហ៊ុន យក​ដីធ្លី​និង​ផ្ទះ​របស់​ពួកគាត់​ពី​ភាគី​ថៃ​វិញ​ឲ្យ​បាន​ឆាប់​។ ក្រៅ​ពី​នេះ ពួកគាត់ ​ស្នើ​ឲ្យ​លោក ហ៊ុន ម៉ាណែត ទាមទារ​ឲ្យ​រដ្ឋាភិបាល​ថៃ សង​សំណង​ខូចខាត​ដល់​ពួកគាត់​ដែរ ដោយ​ថា ពួកគាត់​មិនអាច​រស់នៅ​ផ្ទះ​បណ្ដោះអាសន្ន​រហូត​ឡើយ។

បន្ថែម​លើ​នេះ​ទៀត ពលរដ្ឋ​ភៀស​សឹក​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ចុះទៅ​ពិនិត្យមើល​ដោយ​ផ្ទាល់​សិន ពាក់ព័ន្ធ​នឹង​គុណភាព​ផ្ទះ​បណ្ដោះអាសន្ន​ទាំង​នោះ និង​បញ្ហា​សន្តិសុខ​ជុំវិញ ដើម្បី​ធានា​សុវត្តិភាព មុន​ពេល​ឲ្យ​ពួកគាត់​ប្ដូរ​ទៅ​ស្នាក់នៅ។

ជនភៀសសឹក រស់នៅ​ភូមិ​ជោគជ័យ ខេត្ត​បន្ទាយមានជ័យ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា ទោះបីជា​រស់នៅ​ផ្ទះ​បណ្ដោះអាសន្ន ប្រសើរ ជាង​ការ​ស្នាក់​នៅក្នុង​តង់​ក៏​ពិត​មែន ប៉ុន្តែ​មិន​កក់ក្ដៅ​ដូច​រស់នៅ​លើ​ដី​និង​ផ្ទះ ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ឯង​នោះ​ទេ។ លោកស្រី​បន្ត​ថា ការ​សម្រេចចិត្ត​ទៅ​រស់នៅ​ផ្ទះ​បណ្ដោះអាសន្ន ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​បែប​នេះ គឺ​ដោយសារតែ​ពួកគាត់​គ្មាន​ជម្រើស​ប៉ុណ្ណោះ ខណៈ​ទ្រព្យសម្បត្តិ​ជាប់​ខ្លួន​ក៏​គ្មាន ហើយ​នៅ​ជាប់​បំណុល​ធនាគារ​ដោះស្រាយ​មិន​ចេញ។

លោកស្រី​បន្ថែម​ថា គ្រួសារ​របស់​គាត់ បាន​ខ្ចីប្រាក់​ពី​ធនាគារ​ជាង ១​ម៉ឺន​ដុល្លារ ដើម្បី​សង់ផ្ទះ និង​ធ្វើ​របង ប៉ុន្តែ​បច្ចុប្បន្ន ផ្ទះ​ក៏​ត្រូវ​កងទ័ព​ថៃ​ព័ទ្ធ​យក ហើយ​បំណុល ធនាគារ ក៏​មិនទាន់​សង​រួច។

ពលរដ្ឋ៖ «បារម្ភៗ​យើង​មិន​ធ្វើ​ម៉េច យើង​មិនដឹង​ធ្វើ​ម៉េច​ខ្ញុំ​គ្រាន់តែ​ទៅ មើល​ខ្ញុំ​ទឹកភ្នែក​បាត់​ទៅ ហើយ​ព្រោះ​វា​កណ្ដោចកណ្ដែង វា​ដាច់​ឆ្ងាយ​ពី​ភូមិ​គេ។ ខ្ញុំ​ទៅដល់​កន្លែងផ្ទះ​ហ្នឹង ខ្ញុំ​គិត​បាត់ ខ្ញុំ​ទៅ​ធ្វើ​ការ​វិញ​អត់​កើត​ទេ មានតែ ខ្ញុំ​ទៅ​ដេក​នៅ​នឹង​រោងចក្រ​ប៉ុណ្ណឹង​ឯង បាន​ធ្វើ​ការងារ​បាន បើ​ទៅ​វិលត្រឡប់ ល្ងាច​វិញ វិល​អត់​កើត​ទេ ឆ្ងាយ​ពី​ទីប្រជុំជន ថ្ងៃ​នោះ​ខ្ញុំ​ជិះ​ទៅ​អត់​បាន​មើល​គីឡូ​ទេ ជិះ​រយៈពេល​ជិត ២ម៉ោង​ដែរ។ ផ្លូវ​លំបាក​ផ្លូវ គេ​ដឹក​ដី​ហុយ អា​ឡាន​ដឹក​ដី​គេ​ហ្នឹង ជិះ​ពី​កន្លែង​ភៀស​សឹក​ទៅ​ជិត ២ ម៉ោង»។

ប្រជាពលរដ្ឋ​ជា​ជនភៀសសឹក​ក្នុង​ក្រុង​សំរោង និង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ ចំនួន ២០៣​គ្រួសារ បាន​ទទួល​ផ្ទះ​ពី​រដ្ឋាភិបាល​កម្ពុជា​។ រដ្ឋបាល ខេត្ត​ឧត្តរមានជ័យ ជា​អ្នក​ប្រគល់​ជូន​ពលរដ្ឋ​ភៀស​សឹក​ដោយ​ផ្ទាល់ ឲ្យ​ស្នាក់នៅ​បណ្ដោះអាសន្ន​។ រដ្ឋាភិបាល អះអាង​ថា ផ្ទះ​ទាំង ២០៣​ខ្នង​នេះ ត្រូវ​បាន​សាង សង់ ឡើង​តាម​ស្តង់ដារ​បច្ចេកទេស​រឹង​មាំ និង​មាន​រៀបចំ​ជា​ប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់​មួយចំនួន ដើម្បី​សម្រួល​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ។

ផ្ទុយ​ពី​ការ​អះអាង​របស់​រដ្ឋាភិបាល ពលរដ្ឋ​ភៀស​សឹក​ដែល​គ្រោង​នឹង ប្ដូរ​ទៅ​ស្នាក់ នៅ ផ្ទះ​បណ្ដោះអាសន្ន​របស់​រដ្ឋបាល​ខេត្ត​បារម្ភ​ថា ផ្ទះ​នោះ​មិនសូវ​មាន​សុវត្ថិភាព​ទេ ដោយសារ​សំណង់​នោះ សាងសង់​លឿន​ពេក​មិន​រឹងមាំ ហើយ​ជុំវិញ​ទីនោះ ជា​វាល​ល្វឹងល្វើយ​និង​មិន​មាន​ដើមឈើ​បាំង​ខ្យល់​ឡើយ។

លោកស្រី​ទទូច​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត យកចិត្តទុកដាក់ លើ​សុខ ទុក្ខ​របស់​ពួកគាត់ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​នីតិវិធី​ឲ្យ​មាន​ប្រសិទ្ធភាព ក្នុង​ការ​ទាមទារ​យក​ដី និង​ផ្ទះ​របស់​ពួកគាត់ ពី​ភាគី​ថៃ​វិញ​ឲ្យ​បាន​ឆាប់។

លោក ហ៊ុន ម៉ាណែត៖ «សព្វថ្ងៃ​នេះ​ខ្យល់​សាហាវ ខ្យល់​ខ្លាំង​ថ្ងៃមុន​ឡើង​ចង់​របើក​តង់ ខ្ញុំ​ទៅ​នៅ​ហ្នឹង អាច​គាត់​ជួយ​សម្រួល​ថ្នល់​យើង​ចេញចូល​-​ថ្នល់​យើង​ទៅមក ធ្វើ​ថ្នល់​ឲ្យ​គ្នា​ជិះ​ឲ្យ​ស្រួល​បន្តិច​មក ខ្លះ​ណា​គ្នា​ទៅ​ពិបាក​ផ្លូវ​ក៏​លំបាក ណាមួយ​ឆ្ងាយ​ពី​ភូមិ ចង់​ឲ្យ​គាត់​ធ្វើ​ថ្នល់​ឲ្យ​យើង​ស្រួល​បន្តិច។ សង្ឃឹមថា គាត់​យក​យើង​ទៅ​ជួយ​ថែ​មើល ឲ្យ​រឹង​ដៃ​រឹង​ជើង​សិន ខ្លាច​គាត់​យក​យើង​ទៅ​ទុកចោល​អ៊ីចឹង ឲ្យ​គាត់​ជួយ​កូនចៅ ឲ្យ​រឹង​ដៃ​រឹង​ជើង ណាមួយ​ចង់​ឲ្យ​គាត់​ជួយ​ធ្វើការ ធ្វើ​ម៉េច​ឲ្យ​បាន​ដី​បាន​ផ្ទះ យើង​មក​រស់​នៅ​បាន​ដូចដើម​វិញ​។ គាត់​ធ្វើ​ផ្ទះ​ឲ្យ​យើង គឺ​យើង​មិន​អរ​ទេ យើង​ចង់បាន​ដី​ដែល​យើង​ធ្លាប់​រស់នៅ​មួយ​ជីវិត​ហើយ ធ្លាប់​រស់នៅ​ទី​ហ្នឹង កន្លែង​យើង​ជិត កន្លែង​រកស៊ី ជិត​ផ្លូវ​ប៉ោយប៉ែត យើង​ទៅមក​ជិះ​តែ​កន្លះ​ម៉ោង យក​ខ្ញុំ​ទៅ​ដាក់​កន្លែង នោះ​វា​ឆ្ងាយៗ​ពិបាក​កន្លែងធ្វើការ​មិន​ទៅ​រក​អី​ធ្វើ​អី​ទេ​ពិបាក»។

ពលរដ្ឋ​ភៀស​សឹក​ម្នាក់​ទៀត ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ សង្ឃឹម​ថា រដ្ឋាភិបាល​បន្ត​យកចិត្តទុកដាក់​លើ​ពួកគាត់ ដូច​ការ​លើកឡើង​អំឡុង​ពេល​ចុះ​ចែក​អំណោយ​ដល់​ពួកគាត់។

ពលរដ្ឋ៖ «លឺ​ប្រជុំ​ថ្ងៃមុន ថ្ងៃ​គាត់​ចែក​អំណោយ​ហ្នឹង គេ​នៅតែ មើល​រហូត​ហ្នឹង គ្រាន់តែ​រយាល​ខ្លះ​អ៊ីចឹង ខ្លាច​គេ​រវល់​ចេះ​ចុះ​អ៊ីចឹង មាន​ការ​បារម្ភ ខ្លះ​ដែរ ព្រោះ​ថា ឆ្ងាយ​ពី​កន្លែង​កូន​ធ្វើការ​អ៊ីចឹង»។

ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ ជុំវិញ​រឿង​នេះ ពី​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា នៅ​ថ្ងៃទី​១៦ ខែមីនា។

អ្នកឃ្លាំមើល​លើកឡើង​ថា រដ្ឋាភិបាល​មិន​ត្រូវ​ផ្លាស់ប្ដូរ​ពលរដ្ឋ​ភៀស​សឹក ទៅផ្ទះ​បណ្ដោះអាសន្ន​ហើយ ស្រាប់តែ​បោះបង់​ពួកគាត់​ចោល​នោះ​ទេ ព្រោះ​ការ​ធ្វើ​បែប នេះ​គឺ​បង្ក​អយុត្តិធម៌​មួយ​ជាន់​ទៀត​លើ​ពួកគាត់ បន្ថែម​លើ​ការ​រង​គ្រោះ​ដ៏​ធ្ងន់ធ្ងរ របស់​ពួកគាត់ ពី​គ្រាប់​ប្លោង​និង ការបាត់បង់​ដីធ្លី ផ្ទះសម្បែង ដែល​កងទ័ព​ថៃ ចូល​មក​ទន្ទ្រាន​កាន់កាប់ ហើយ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គ្មាន​សមត្ថភាព​ការពារ​ឲ្យ​ពួកគាត់​បាន។

ពួកគាត់​ថា ក្នុងនាម​ជា​មេដឹកនាំ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ត្រូវ​បង្ហាញ​ផែនការ​ឲ្យ​បាន​ច្បាស់លាស់​អំពី​ជំនួយ​សង្គម និង​ដំណោះស្រាយ បំណុល​ដល់​ពួកគាត់ រួម​ទាំង​គម្រោង​ទាមទារ​ដីធ្លី និង​ផ្ទះ​របស់ ពួក​គាត់ ពី​ភាគី​ថៃ​មកវិញ បើ​មិន​ដូច្នោះ​ទេ ប្រជាពលរដ្ឋ​ភៀស​សឹក​អាច​នឹង​ផ្ទុះ​ការ​តវ៉ា ដោយសារតែ​ការ​បាត់​ជំនឿ​ទាំងស្រុង​លើ​រដ្ឋាភិបាល៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ