ទាហាន​ជួរមុខ​ត្រូវ​បាន​ថ្នាក់លើ​ហាមឃាត់​មិន​ឲ្យ​បញ្ចេញ​ព័ត៌មាន​ពី​រឿង​ទុក្ខ​លំបាក

0
40
រូបភាព​កងទ័ព​ជួរ​មុខ​របស់​កម្ពុជា​ដែល​ក្រាញ​ននាល​​ប្រយុទ្ធ​ការពារ​ទឹក​ដី ពី​ការ​ឈ្លានពាន​របស់​យោធា​ថៃ នៅ​ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ បណ្ដាញ​សង្គម
រូបភាព​កងទ័ព​ជួរ​មុខ​របស់​កម្ពុជា​ដែល​ក្រាញ​ននាល​​ប្រយុទ្ធ​ការពារ​ទឹក​ដី ពី​ការ​ឈ្លានពាន​របស់​យោធា​ថៃ នៅ​ខែ​ធ្នូ ឆ្នាំ​២០២៥។ រូប៖ បណ្ដាញ​សង្គម

ទាហាន​ខ្មែរ​ដែល​ឈរជើង​នៅ​តាម​ព្រំដែន​ថៃ អះអាង​ថា មេបញ្ជាការ​នៅ​តាម​ភូមិភាគ​បាន​ដាក់​បទបញ្ជា​ហាម​មិន​ឱ្យ​ពលទាហាន និង​នាយទាហាន​ថ្នាក់ក្រោម បញ្ចេញមតិ ឬ​ផ្ដល់​ព័ត៌មាន​ទាក់ទង​នឹង​ទុក្ខ​លំបាក​របស់​ខ្លួន​នោះ​ឡើយ ដោយ​សំអាង​ថា គឺជា​រឿង​កិច្ចការ​របស់​យោធា ដែល​ត្រូវ​រក្សា​ការសម្ងាត់​។ មិន​តែប៉ុណ្ណោះ​ទាហាន​ខ្មែរ​បន្ត​ថា ថ្នាក់លើ​បាន​ព្រមាន​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​កងទ័ព និង​ដកហូត​តួនាទី ប្រសិនបើ​ទាហាន​ណា​ម្នាក់ បាន​ផ្ដល់​ព័ត៌មាន​អំពី​កងទ័ព​ទៅ​ស្ថាប័ន​សារព័ត៌មាន ដោយ​គ្មាន​ការ​ឯកភាព​ពី​ក្រសួង​ការពារជាតិ។

នៅ​តាម​តំបន់​ព្រំដែន​ថៃ មាន​ព្រឹត្តិការណ៍​ជាច្រើន​បាន​កើត​ឡើង ក៏ប៉ុន្តែ​រឿងរ៉ាវ​ទាំងនេះ ត្រូវ​បាន​ស្ថាប័ន​ការពារ​ជាតិ​បិទ​ខ្ទប់ ដែល​ធ្វើ​ឱ្យ​កងទ័ព​ខ្មែរ មាន​អារម្មណ៍​មិន​ស្ងប់ ព្រោះតែ​មិនអាច​និយាយ​រៀបរាប់​ពី​បញ្ហា​ទាំង​នោះ​បាន។

ទាហាន​ម្នាក់​ឈរជើង​នៅ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ដោយ​បារម្ភ​ពី​តួនាទី បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា អង្គភាព​របស់​លោក​បាន​ទទួល​បទបញ្ជា​ពី​ថ្នាក់លើ ដោយ​ហាម​មិន​ឱ្យ​ផ្ដល់​ព័ត៌មាន​ទៅកាន់​ស្ថាប័ន​ណាមួយ​នោះ​ឡើយ ទោះបីជា​ព័ត៌មាន​ទាំងនោះ មិន​ពាក់ព័ន្ធ​នឹង​កិច្ចការ​សម្ងាត់​នៃ​វិជ្ជាជីវៈ ដែល​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​ក៏ដោយ​។ លោក​បន្ត​ថា ករណីនេះ គឺជា​ការ​បំបិទ​សិទ្ធិ ដោយ​មិន​ផ្ដល់​ឱកាស​ឱ្យ​ទាហាន​បញ្ចេញមតិ ឬ​លាតត្រដាង​អំពី​ស្ថានភាព​ការ​លំបាក​របស់​កងទ័ព​ខណៈ​នៅក្នុង​ស្ថាប័ន​ការពារ​ជាតិ ពោរពេញ​ទៅ​ដោយ​អំពើពុករលួយ អយុត្តិធម៌ និង​ការ​ប្រកាន់​បក្ខពួក។

ទាហាន​អះអាង​ថា កន្លងមក​សេនាធិការ​យោធា​ធ្លាប់​ព្រមាន និង​ដាក់​ពិន័យ​លើ​ទាហាន​ជាច្រើន​នាក់​មក​ហើយ បន្ទាប់ពី​ពួកគេ​បង្ហោះ​ខ្លឹមសារ​នៅ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​ពី​អំពើពុករលួយ​នៅក្នុង​ស្ថាប័ន​ការពារ​ជាតិ ព័ត៌មាន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​យោធា និង​ការ​លួច​វាយឆ្មក់​របស់​កង​ទ័ព​ថៃ​មក​លើ​កងទ័ព​ខ្មែរ ដោយ​សេនាធិការ​យោធា​បាន​ចោទ​ថា ព័ត៌មាន​ទាំងនេះ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទឹកចិត្ត​កងទ័ព​។ ទាហាន​ទាំងនោះ ខ្លះ​ត្រូវ​បាន​ថ្នាក់លើ​កាត់ឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​កងទ័ព ខ្លះ​ត្រូវ​ទម្លាក់​ឋានន្តរសក្ដិ និង​ខ្លះ​ទៀត ត្រូវ​ព្យួរ​តួនាទី​ជាដើម។

ស្រដៀង​គ្នា​នេះ​ដែរ ទាហាន​ឈរជើង​នៅ​តំបន់​ខេត្ត​ឧត្តរមានជ័យ បាន​អះអាង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ទាហាន​ដែល​ឈរជើង​នៅ​ជួរមុខ ជា​ញឹកញាប់​ត្រូវ​ទាហាន​ថៃ​បើក​ការ​វាយឆ្មក់ និង​ធ្វើ​សកម្មភាព​ចូល​ឈ្លានពាន​ទឹកដី​ស្ទើរ​រាល់ថ្ងៃ ក៏ប៉ុន្តែ​ព័ត៌មាន​ទាំងនេះ ត្រូវ​ទីបញ្ជាការ​ភូមិភាគ​ទី​៤ រាំង​ខ្ទប់​មិន​ឱ្យ​ផ្សព្វផ្សាយ​ចេញ​មក​ក្រៅ​នោះ​ឡើយ​។ លោក​បន្ត​ថា ក្រៅ​ពី​នេះ សូម្បីតែ​បញ្ហា​ប្រឈម​របស់​កងទ័ព ដូចជា​ការ​ខ្វះខាត​សម្ភារៈ មធ្យោបាយ​ដឹកជញ្ជូន និង​ព័ត៌មាន​អំពី​ការ​បាត់​ខ្លួន និង​ការ​ស្លាប់​របស់​ទាហាន ក្នុង​ពេល​បំពេញភារកិច្ច​នៅ​តាម​ព្រំដែន ក៏​ថ្នាក់លើ​បាន​បិទ​ខ្ទប់​ផង​ដែរ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​មេបញ្ជាការ​យោធភូមិភាគ​ទី​៤ លោក ពៅ ហេង និង​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​១៦ ខែ​មីនា។

មាត្រា​២០ ច្បាប់​ស្ដីពី លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន នៃ​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​១៩៩៧ ចែងថា យោធិន​ត្រូវ​មាន​កាតព្វកិច្ច​រក្សា​ការសម្ងាត់​អំពី​ហេតុការណ៍ ព័ត៌មាន ឬ​លិខិត និង​ការសម្ងាត់​ខាង​វិជ្ជាជីវៈ ដែល​ខ្លួន​បានដឹង​នៅ​ក្នុង​ពេល​បំពេញភារកិច្ច​។ មាត្រា​ដដែល​បញ្ជាក់​ថា ការ​បញ្ចេញ​ព័ត៌មាន​អ្វីមួយ លុះត្រាតែ​មានការ​អនុញ្ញាត​ពី​ក្រសួងការពារជាតិ។

ជុំវិញ​រឿង​នេះ ប្រធាន​អ្នកឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា មេដឹកនាំ​កម្ពុជា​បាន​គ្រប់គ្រង​ស្ថាប័ន​ការពារ​ជាតិ​តាម​រូបមន្ត​របស់​ខ្មែរក្រហម ដែល​ក្រុម​កម្មាភិបាល​នៃ​របប​នេះ ចូលចិត្ត​លាក់​ការណ៍​ដើម្បី​ការពារ​ផលប្រយោជន៍ និង​ប្រជាប្រិយភាព​របស់​ក្រុម​ខ្លួន ទោះបីជា​ព័ត៌មាន​ទាំងនោះ មិន​ពាក់ព័ន្ធ​នឹង​ការណ៍​សម្ងាត់​យោធា​ក៏ដោយ​។ លោក​បន្ត​ថា ការ​រាំង​ខ្ទប់​ព័ត៌មាន​ដែល​ចេញពី​តំបន់​ព្រំដែន នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់​ទំនុកចិត្ត​លើ​មេដឹកនាំ និង​ធ្វើ​ឱ្យ​ទាហាន​ថៃ មានឱកាស​វាយឆ្មក់​មក​លើ​ទាហាន​ខ្មែរ តាម​អំពើ​ចិត្ត។

លោក ម៉ែន ណាត៖ «អ៊ីចឹង​បញ្ជាក់​ថា សព្វថ្ងៃ​មេដឹកនាំ គឺ​សុទ្ធតែ​ជា​មនុស្ស​គ្មាន​សមត្ថភាព ឬ​មាន​គោលជំហរ​ខ្សោយ​។ ហើយ​នៅពេល​ខ្លួនឯង​គ្មាន​សមត្ថភាព ក៏​ប្រើ​វិធីសាស្ត្រ​ទប់ស្កាត់​សកម្មភាព​របស់​ទាហាន​នៅ​ជួរមុខ​ហ្នឹង ធ្វើ​ឱ្យ​គាត់​នៅ​ស្ងៀម អត់​មាន​ព័ត៌មាន​ផ្សាយ​ទៅ​ខាង​ក្រៅ​ឱ្យ​បាន​ទូលំទូលាយ ទើប​ធ្វើ​ឱ្យ​ភាគី​ឈ្លានពាន គេ​ប្រមាថ​យើង គេ​និយាយ​អ្វី​ក៏បាន ព្រោះ​ដោយសារ​អត់​មាន​ព័ត៌មាន​តុល្យភាព​ណាមួយ​ទប់ទល់​ជាមួយ​ព័ត៌មាន​ពួកគេ»។

ទាហាន​ខ្មែរ​អះអាង​ថា ក្នុង​អំឡុង​ផ្ទុះ​សង្គ្រាម​នៅ​តាម​ព្រំដែន​ថៃ រដ្ឋាភិបាល និង​ក្រសួងការពារជាតិ បាន​លាក់បាំង និង​បំភ្លៃ​ព័ត៌មាន​ជាច្រើន​ស្ដីពី​ស្ថានភាព​នៅ​តាម​តំបន់​ព្រំដែន ដោយ​ក្រសួង​ការពារជាតិ តែងតែ​ប្រកាស​ថា កងទ័ព​ខ្មែរ​បាន​ឈរជើង​ការពារ​យ៉ាង​រឹងមាំ នៅ​តាម​តំបន់​សមរភូមិ ដែល​ខុសពី​ការពិត​ទាហាន​ខ្មែរ ត្រូវ​ទាហាន​ថៃ​វាយ​សន្ធប់ រហូត​ត្រូវ​បាត់បង់​លទ្ធភាព​ការពារ និង​វាយបក​។ ជាមួយ​គ្នា​នេះ ក្រសួង​ការពារជាតិ បាន​បិទបាំង និង​ផ្សាយ​ព័ត៌មាន​កុហក​ពលរដ្ឋ អំពី​ការបាត់បង់​ភូមិសាស្ត្រ​មួយចំនួន ដែល​ត្រូវ​ទាហាន​ថៃ​ចូលកាន់​កាប់។

រហូត​មក​ដល់​ពេលនេះ រដ្ឋាភិបាល និង​ក្រសួង​ការពារជាតិ នៅតែ​បន្ត​បិទបាំង​ព័ត៌មាន​ដែល​ចេញ​ពី​តំបន់​ព្រំដែន​នៅឡើយ ស្ថាប័ន​ទាំងនេះ តែងតែ​ផ្សព្វផ្សាយ​ថា ស្ថានភាព​នៅ​តាម​ព្រំដែន មាន​ភាព​ស្ងប់ស្ងាត់ ខណៈ​ទាហាន​ខ្មែរ​នៅ​ជួរមុខ បាន​អះអាង​ថា ពួកគេ​ត្រូវ​ទាហាន​ថៃ​លួច​បាញ់ប្រហារ ជេរប្រមាថ និង​គំរាម​បាញ់​សម្លាប់​ជា​ញឹកញាប់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ