យោធា​ថៃ​ជំទាស់​ការ​ចោទ​ប្រកាន់​របស់​កម្ពុជា​អំពី​ករណី​យោធា​ថៃ​សាងសង់​សំណង់​ក្នុង​ទឹកដី​ខ្មែរ​នៅ​តាម​ព្រំដែន

0
48
រដ្ឋមន្ត្រី​ក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន (ឆ្វេង) និងរដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ថ្លែងក្នុងកិច្ចប្រជុំ​នៅអង្គការសហប្រជាជាតិ។ រូប៖ គេហទំព័រ UN
រដ្ឋមន្ត្រី​ក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន (ឆ្វេង) និងរដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) ថ្លែងក្នុងកិច្ចប្រជុំ​នៅអង្គការសហប្រជាជាតិ។ រូប៖ គេហទំព័រ UN

យោធា​ថៃ​បាន​ចេញ​មក​បដិសេធ​ថា ប្រទេស​ថៃ​មិនបាន​រំលោភ​លើ​អធិបតេយ្យ និង​សាងសង់​សំណង់​នៅក្នុង​តំបន់​ទឹកដី​កម្ពុជា​នោះ​ឡើយ ដោយ​យោធា​ថៃ​អះអាង​ថា តំបន់​ទាំងនោះ គឺជា​ទឹកដី​របស់​ថៃ។ ការ​បដិសេធ​របស់​យោធា​ថៃ​នេះ គឺជា​ការ​ឆ្លើយតប​ចំពោះ​លិខិតតវ៉ា​របស់​កម្ពុជា ប្រឆាំង​សកម្មភាព​ខុសច្បាប់​របស់​ថៃ ដែល​កំពុង​សាងសង់​ផ្លូវ រូបសំណាក និង​សំណង់​រឹង​នៅ​លើ​ទឹកដី​ខ្មែរ​យ៉ាងហោចណាស់ ១៥ ទីតាំង។

យោធា​ថៃ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​តវ៉ា​ជាថ្មី​ម្ដងទៀត បន្ទាប់ពី​ភាគី​កម្ពុជា បាន​ចោទប្រកាន់​ថា យោធា​ថៃ​បាន​រំលោភ​លើ​ដែន​អធិបតេយ្យ​កម្ពុជា​នៅ​តាម​បណ្ដោយ​ព្រំដែន។

ថ្លែង​នៅ​ទីបញ្ជាការ​កងទ័ព​ថៃ នៅ​ថ្ងៃទី​១៩ ខែមីនា នេះ អ្នកនាំពាក្យ​កងទ័ពជើងគោក​ថៃ លោក វីនថៃ ស៊ូវារី (Winthai Suvari) បាន​អះអាង​ថា សកម្មភាព​សាងសង់​សំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ របស់​យោធា​ថៃ​នៅ​តាម​បណ្ដោយ​ព្រំដែន គឺធ្វើ​ឡើង​នៅក្នុង​ដែន​អធិបតេយ្យ​របស់​ប្រទេស​ថៃ និង​ស្ថិត​នៅ​ក្នុង​ព្រំដែន​ប្រតិបត្តិការ​របស់​យោធា​ថៃ។ លោក​បន្ត​ថា សកម្មភាព​ទាំងនេះ ធ្វើឡើង​ស្របតាម​លក្ខខណ្ឌ ដែល​មាន​ចែង​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដែល​តម្រូវ​ឱ្យ​ភាគី​ទាំងពីរ រក្សា​កងកម្លាំង​រៀងខ្លួន នៅ​ទីតាំង​ដែល​កាន់កាប់​មុន​ពេល​មាន​បទ​ឈប់​បាញ់។

ទន្ទឹម​គ្នា​នេះ លោក វីនថៃ បាន​ចោទ​ត្រឡប់​មកកាន់​ភាគី​កម្ពុជា​ថា ភាគី​កម្ពុជា​បាន​រំលោភ​លើ​អនុស្សរណៈ​យោគយល់​គ្នា (MOU) ឆ្នាំ ២០០០ រហូត​មក ដែល​ធ្វើ​ឱ្យ​អនុស្សរណៈ​មួយ​នេះ មិនអាច​យក​មក​ប្រើ​ប្រាស់​ជា​យន្តការ​ចម្បង សម្រាប់​ដោះស្រាយ​វិវាទ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​បាន​ទៀត​នោះ​ឡើយ ហើយ​ថែមទាំង​បាន​បង្ក​ឱ្យ​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​ឡើង​នៅក្នុង​តំបន់ រហូត​ឈាន​ដល់​ការ​ផ្ទុះ​សង្គ្រាម​នៅ​តាម​ព្រំដែន។

កាលពី​ថ្ងៃទី​១៧ ខែមីនា ក្រសួងការបរទេស​កម្ពុជា បាន​ចេញ​លិខិត​ជំទាស់​នឹង​សកម្មភាព​ខុសច្បាប់​របស់​យោធា​ថៃ ដែល​កំពុង​សាងសង់​សំណង់​រឹង​ជា​អចិន្ត្រៃយ៍ នៅ​លើ​ទឹកដី​កម្ពុជា ដែល​ក្រសួង​បាន​អះអាង​ថា មាន​យ៉ាងហោចណាស់ ១៥ ទីតាំង នៅ​តាម​បណ្ដោយ​ព្រំដែន ខេត្តព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ មាន​ដូចជា ការសាងសង់​រូបសំណាក​ព្រះពុទ្ធ ការ​ដោត​បង្គោល​ទង់ជាតិ​ថៃ ការ​កសាង​លេណដ្ឋាន​រឹងមាំ និង​ជីក​ប្រឡាយ។ ក្រសួងការបរទេស បាន​អំពាវនាវ​ឱ្យ​ភាគី​ថៃ​បញ្ឈប់​សកម្មភាព​ទាំងនោះ​ជាបន្ទាន់។

ចាប់​តាំង​ពី​មានការ​ឈ្លានពាន​របស់​យោធា​ថៃ​ពី​ខែកក្កដា ឆ្នាំ​២០២៥​មក រដ្ឋាភិបាល​កម្ពុជា អះអាង​ថា​បាន​ធ្វើ​កំណត់​ទូត​តវ៉ា ថ្កោលទោស និង​លិខិត​បំភ្លឺ​ជិត ៧០០​លើក​ទៅកាន់​ប្រទេស​ថៃ ខណៈ​ភាគី​ថៃ តែងតែ​ច្រានចោល និង​ចេញ​លិខិតតវ៉ា​ត្រឡប់​ទៅវិញ​។ ការ​តវ៉ា​នេះ​តែងតែ​កើតឡើង បន្ទាប់​ភាគី​ថៃ​បាន​ពង្រីក​ការ​ឈ្លានពាន និង​កសាង​សំណង់​នៅក្នុង​តំបន់​ដែល​ដណ្ដើម​បាន​ពី​កម្ពុជា និង​ករណី​ខ្លះទៀត បាន​កើតឡើង​បន្ទាប់ពី​មាន​ជម្លោះ​ពាក្យសម្ដី និង​ការ​ផ្ទុះអាវុធ​ទ្រង់ទ្រាយ​ធំ នៅ​ព្រំដែន​រវាង​កងទ័ព​ប្រទេស​ទាំងពីរ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូ​ណា បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ការ​តវ៉ា​ជា​ផ្លូវការ​របស់​កម្ពុជា មាន​សារៈសំខាន់ ៣​យ៉ាង ដើម្បី​ការពារ​បូរណភាព​ទឹកដី​កម្ពុជា គឺ​ទីមួយ​ជា​សារ​ព្រមាន​ទៅ​ភាគី​ថៃ​ថា កម្ពុជា​គឺជា​ម្ចាស់​កម្មសិទ្ធិ​លើ​ទីតាំង​ទាំងនោះ ដែល​ភាគី​ថៃ​មិន​អាច​ធ្វើ​អ្វី​នៅ​ទីនោះ​បាន​ឡើយ​។ ទីពីរ ការ​តវ៉ា​នេះ គឺជា​ឯកសារ​ភស្តុតាង​ដែល​មាន​តម្លៃ​គតិយុត្តិ​សម្រាប់​ដោះស្រាយ​បញ្ហា​ទឹកដី​តាមច្បាប់​អន្តរជាតិ និង​ទី​បី គឺជា​ការប្រកាស​ប្រាប់​សហគមន៍​អន្តរជាតិ​ឱ្យ​បាន​ដឹង​ឮជា​សាក្សី​នៃ​ការ​រំលោភបំពាន និង​ការ​ប្រឆាំង​ជំទាស់​របស់​ភាគី​កម្ពុជា។

ទោះជា​យ៉ាងណា ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់​ឃើញ​ថា ការ​លើកឡើង​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល អំពី​យុទ្ធសាស្ត្រ​តវ៉ា​តាមរយៈ​ការទូត​នេះ ហាក់​មាន​លក្ខណៈ​ជា​ទ្រឹស្ដី ដើម្បី​ស្អំ​ចិត្ត​ពលរដ្ឋ ដោយ​គ្មាន​ទម្រង់​ជា​ការ​តវ៉ា​ស្រប​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង​នោះ​ឡើយ​។ លោក​បន្ត​ថា កម្ពុជា​មាន​ភស្តុតាង​រឹងមាំ និង​ឯកសារ​ប្រវត្តិសាស្ត្រ​គ្រប់គ្រាន់ ដើម្បី​ប្ដឹង​ថៃ​តាម​យន្តការ​ច្បាប់​អន្តរជាតិ​ស្រេច​ទៅ​ហើយ ដោយ​រង់ចាំ​តែ​ការសម្រេច​របស់​រដ្ឋាភិបាល​ដើម្បី​ដាក់ពាក្យ​បណ្ដឹង​តែប៉ុណ្ណោះ។

លោក ម៉ែន ណាត៖ «ព្រោះ​ការណ៍​ដែល​ថៃ​ឈរជើង​នៅក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា​ហ្នឹង មិន​អាច​ដកថយ​បានទេ តាម​គោលជំហរ​របស់​ថៃ​ដែល​បាន​លើកឡើង​ជា​បន្តបន្ទាប់​ហ្នឹង​។ ហើយ​កម្ពុជា​មាន​ផែនទី​រឹងមាំ​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ ស្របតាម​សន្ធិសញ្ញា​បារាំង​សៀម​កន្លងទៅ​ហ្នឹង គួរ​ណាស់​តែ​ជំរុញ​ឱ្យ​ថៃ​ដកទ័ព​ចេញពី​ទឹកដី​កម្ពុជា ឱ្យ​ផុត​ពី​ខ្សែ​ព្រំដែន​ដែល​មាន​ស្រាប់ ដែល​បន្សល់ទុក​ពី​សម័យ​អាណានិគម​បារាំង»។

កន្លងទៅ​ថ្មីៗ​នេះ យោធា​ការពារ​ព្រំដែន​ថៃ បាន​កាត​ឆ្វៀល​ផ្ទៃដី​ចំនួន ៧០​រ៉ៃ ឬ​ប្រហែល​ជាង ១១​ហិកតារ ដែល​យោធា​ថៃ​បាន​ដណ្ដើម​កាន់កាប់​ពី​កម្ពុជា ចែក​ទៅ​ឱ្យ​ពលរដ្ឋ​ថៃ​នៅក្នុង​ខេត្ត​ស្រះកែវ។

ពាក់ព័ន្ធ​នឹង​រឿង​វិវាទ​ព្រំដែន​រវាង​កម្ពុជា​-​ថៃ នេះ​ដែរ នៅ​ថ្ងៃទី​១៩ ខែមីនា នេះ សភាតំណាងរាស្ត្រ​របស់​ប្រទេស​ថៃ បាន​បោះឆ្នោត​ជ្រើសរើស​លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ជា​នាយករដ្ឋមន្ត្រី​ទី​៣២ នៃ​អាណត្តិ​ទី​២ ដោយមាន​សំឡេង​គាំទ្រ​ចំនួន ២៩៣ និង​ជំទាស់​មាន​ចំនួន ១១៩​សំឡេង ខណៈ​អនុប្បវាទ​មាន​ចំនួន ៨៦​សំឡេង។

ទោះជា​បែបនេះ​ក្ដី ជ័យជំនះ​ក្នុង​ការ​បោះឆ្នោត ដែល​ឈាន​ទៅ​ដល់​ការ​ឡើង​កាន់​តំណែង​ជា​លើក​ទី​២ របស់​នាយករដ្ឋមន្ត្រី​ថៃ​រូប​នេះ គឺ​បាន​មក​ពី​​ការ​ធ្វើ​សង្គ្រាម​ឈ្លានពាន​កម្ពុជា ដែល​ធ្វើ​ឱ្យ​លោក​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ជាតិនិយម​ថៃ ខណៈ​ការដឹកនាំ​របស់​លោក ក្នុង​ពេល​កាន់​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ចាំផ្ទះ​នោះ លោក​ត្រូវ​បាន​ប្រជាពលរដ្ឋ​ថៃ​រិះគន់ ដោយសារ​អ​សមត្ថ​មិនអាច​ដោះស្រាយ​បញ្ហា​គ្រោះ​ទឹកជំនន់ និង​វិបត្តិ​សេដ្ឋកិច្ច ដែល​កំពុង​ធ្លាក់ចុះ​បាន​ទាន់ពេល៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ