

អ្នកតាមដានសង្គមកម្ពុជាថា រដ្ឋាភិបាលប្រើប្រាស់ច្បាប់ជាឧបករណ៍ដើម្បីកម្ចាត់គូប្រជែងនយោបាយ នាំឱ្យប្រព័ន្ធដឹកនាំរដ្ឋគ្រប់គ្រងតាមបទបញ្ជាបានធ្វើឲ្យធ្វើឱ្យស្ថាប័នជាតិបាត់បង់ភាពឯករាជ្យ និងកំពុងរុញច្រានកម្ពុជាឱ្យធ្លាក់ចូលក្នុងទម្រង់នៃការគ្រប់គ្រងរដ្ឋតាមបែបអាជ្ញានិយមយ៉ាងតឹងរ៉ឹង ដែលក្នុងនោះច្បាប់លែងជាអ្នកការពារយុត្តិធម៌សម្រាប់ពលរដ្ឋគ្រប់រូប ប៉ុន្តែជាអ្នកយាមទ្វារការពារអំណាចផ្ដាច់មុខរបស់គណបក្សកាន់អំណាច។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយលោក សេង វណ្ណលី បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៧ មក នយោបាយនៅកម្ពុជាបានផ្លាស់ប្ដូរទៅរកការប្រើប្រាស់ប្រព័ន្ធច្បាប់ និងស្ថាប័នរដ្ឋជាអាវុធ ដើម្បីកម្ចាត់សត្រូវ ជំនួសឱ្យការប្រើកម្លាំងយោធា ឬអំពើហិង្សា។ រដ្ឋាភិបាលប្រើប្រាស់នីតិវិធីច្បាប់ ដោយចោទប្រកាន់តាមតុលាការ ដើម្បីបង្អាក់ បំបាក់ស្មារតី ឬលុបបំបាត់គូប្រជែង។ យុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ ដើម្បីធានាឱ្យបាននូវអំណាចបន្តបន្ទាប់របស់គណបក្សប្រជាជនកម្ពុជា តាមរយៈការកែច្នៃច្បាប់ស្តីពីគណបក្សនយោបាយ ឱ្យទៅជាអាវុធនយោបាយ។
លោក សេង វណ្ណលី បានបន្ថែមទៀតថា ការប្រើប្រាស់វិធានការតុលាការ ដូចជាការប្ដឹងពីបទបរិហារកេរ្តិ៍ ការញុះញង់ រួមគំនិតក្បត់ ឬបទល្មើសហិរញ្ញវត្ថុ ដើម្បីដាក់សម្ពាធលើសកម្មជន ឬអ្នកនយោបាយបក្សប្រឆាំងឱ្យជាប់ឃុំ ឬបាត់បង់សិទ្ធិធ្វើនយោបាយ។ យុទ្ធសាស្ត្រនេះ ជួយឱ្យគណបក្សកាន់អំណាចអាចរក្សារូបភាពខាងក្រៅថា ជាអ្នកគោរពនីតិរដ្ឋ ប៉ុន្តែតាមពិត វាគឺជាការប្រើប្រាស់ច្បាប់តាមអំពើចិត្តដើម្បីបម្រើផលប្រយោជន៍អំណាច។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយរូបនេះ បន្ថែមថា ការប្រើប្រាស់ច្បាប់ជាឧបករណ៍បំរើអំណាច បង្ហាញឱ្យឃើញពីការប្រឈមដ៏ស្រួចស្រាល់ចំពោះសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងស្ថិរភាពយូរអង្វែងរបស់ជាតិ។ លោកថា ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតគឺ ការធ្លាក់ចុះនៃតុល្យភាពអំណាចរវាងស្ថាប័ននីតិប្រតិបត្តិ នីតិប្បញ្ញត្តិ និងតុលាការ ដែលនាំឱ្យប្រព័ន្ធដឹកនាំរដ្ឋទាំងមូលប្រមូលផ្ដុំលើការគ្រប់គ្រងតាមបែបបទបញ្ជា ជាជាងការផ្អែកលើគោលការណ៍នីតិរដ្ឋពិតប្រាកដ។
លោក សេង វណ្ណលី បន្ថែមថា ការវិវត្តនេះ កំពុងរុញច្រានកម្ពុជាឱ្យធ្លាក់ចូលក្នុងទម្រង់នៃការគ្រប់គ្រងរដ្ឋតាមបែបអាជ្ញានិយមយ៉ាងតឹងរ៉ឹង ដែលក្នុងនោះច្បាប់លែងជាអ្នកការពារយុត្តិធម៌សម្រាប់ពលរដ្ឋគ្រប់រូប ប៉ុន្តែជាអ្នកយាមទ្វារការពារអំណាចផ្ដាច់មុខរបស់គណបក្សកាន់អំណាច។
ទាក់ទងទៅនឹងបញ្ហានេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក សឹង សែនករុណា បានអះអាងថា ចំពោះការដឹកនាំតាមបែបកុម្មុយនីស្តគឺគេប្រើប្រាស់អំណាចគ្រប់ដណ្តប់ទៅលើច្បាប់ គឺគេយកបក្សនិងរដ្ឋជាធំ មិនមែនច្បាប់ជាធំនោះទេ។
លោក សឹង សែនករុណា៖ «ផ្ដាច់ការគឺបុគ្គល ដឹកនាំដោយបុគ្គលរឺគ្រួសារបក្សពួកប្រើប្រាស់នូវអំណាចហ្នឹងឯង អីចឹងអំណាចរបស់ខ្លួនដែលមានចេះតែបញ្ជាទៅអត់ខ្វល់ពីច្បាប់ទេ បញ្ជាទៅតាមអារម្មណ៍ តាមការចង់បានរបស់ខ្លួន ដោយអត់ខ្វល់ទៅលើប្រព័ន្ធដឹកនាំប្រទេសតាមរបៀបណាទេ ឲ្យតែខ្លួនមានអំណាច មានឥទ្ធិពលគឺបញ្ជាទៅដល់ស្ថាប័នពាក់ព័ន្ធទាំងនោះ បញ្ជាទៅបុគ្គលដែលអនុវត្ត ច្បាប់ទាំងអស់នោះទៅតាមអំពើចិត្ត»។
អ្នកឃ្លាំមើលសង្គមអះអាងថា កម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ជាង៤ទសវត្សរ៍ និងកូនប្រុសបន្តការដឹកនាំប្រទេស គឺបង្ហាញយ៉ាងច្បាស់ថា លោក ហ៊ុន សែន មានគម្រោងក្តោបក្តាប់ប្រទេសកម្ពុជាសម្រាប់គ្រប់គ្រងក្នុងត្រកូលហ៊ុនផ្ដាច់មុខដូចប្រទេសកុម្មុយនីស្តកូរ៉េខាងជើង មិនមែនដើម្បីសេចក្តីសុខ សម្រាប់ពលរដ្ឋខ្មែរឡើយ។
កាលពីឆ្នាំ២០២៥ អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា នៅជិតបាតតារាង គឺជាប់លេខ១៤១ ក្នុងចំណោម ១៤៣ប្រទេសដែលមានកេរ្តិ៍ឈ្មោះអសោចខាងការមិនគោរព និងរំលោភប្រព័ន្ធនីតិរដ្ឋ។អង្គការអន្តរជាតិមួយនេះ បញ្ជាក់ថា ចំណាត់ថ្នាក់អាក្រក់នេះដោយសារតែអំពើពុករលួយនិងមានការជ្រៀតជ្រែកពីរដ្ឋាភិបាលរបស់ត្រកូល”ហ៊ុន” ៕









