ពលរដ្ឋ​នៅ​រតនគិរី​ថា មាន​ក្រុមហ៊ុន​មិន​ស្គាល់​ឈ្មោះ ធ្វើ​អាជីវកម្ម​រ៉ែ​មាស​តាម​ដង​ទន្លេសេសាន​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម

0
43
អភិបាលខេត្ត​រតនគីរី លោក ញ៉ែម សំអឿន។ រូប៖ រដ្ឋបាលខេត្ត​រតនគិរី
អភិបាលខេត្ត​រតនគីរី លោក ញ៉ែម សំអឿន។ រូប៖ រដ្ឋបាលខេត្ត​រតនគិរី

ពលរដ្ឋ​រស់នៅ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី អះអាង​ថា មាន​ក្រុមហ៊ុន​មិន​ស្គាល់ឈ្មោះ​មួយ សំងំ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​តាម​ដង​ទន្លេសេសាន​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​។ ពួកគាត់​អះអាង​ថា ការ​ធ្វើ​អាជីវកម្ម​នេះ បង្ក​ផល​ប៉ះពាល់​ដល់​តំបន់​ទេសចរណ៍​សហគមន៍ ការ​ប្រកប​អាជីវកម្ម​រ៉ែ​មាស​លក្ខណៈ​គ្រួសារ និង​ការ​នេសាទ​របស់​ពលរដ្ឋ​រស់នៅ​តំបន់​នោះ។

ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេសេសាន ដែល​ពឹង​ផ្អែកលើ​ការ​នេសាទ និង​អាជីវកម្ម​រ៉ែ​មាស​លក្ខណៈ​គ្រួសារ និង​តំបន់​ទេសចរណ៍​សហគមន៍ ស្ថិត​ក្នុង​ឃុំ​សេសាន ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី តំណាង​ពលរដ្ឋ​ម្នាក់​នៅ​ឃុំ​សេ​សាន សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៤ ខែមីនា​ថា មាន​ក្រុមហ៊ុន​មិន​ស្គាល់ឈ្មោះ​មួយ កំពុង​សំងំ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​តាម​ដង​ទន្លេសេសាន ដែល​មាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម បាន​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេ​យ៉ាងធ្ងន់ធ្ងរ។ លោក​ថា ពលរដ្ឋ​ចំនួន​ពីរ​ស្រុក​គឺ​ស្រុក​អូ​រយ៉ា​ដាវ និង​ស្រុក​អណ្ដូង​មាស ដែល​តែងតែ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​លក្ខណៈ​គ្រួសារ និង​ប្រកប​របរ​នេសាទ​តាម​ដង​ទន្លេ​មួយ​នេះ នឹង​បាត់បង់​ចំណូល​ប្រចាំថ្ងៃ ប្រសិនបើ​មាន​ក្រុមហ៊ុន​ខ្នាត​ធំ​បែបនេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខរបរ​របស់​ពួកគាត់។

ឆ្លើយតប​ចំពោះ​ការ​លើកឡើង​របស់​ពលរដ្ឋ មេឃុំ​សេសាន លោក សេវ ឡាម អះអាង​ឲ្យ​ដឹង​នៅ​ថ្ងៃ​២៤ ខែ​មីនា​ថា នៅ​តំបន់​ទន្លេសេសាន ក្នុងស្រុក​អូរយ៉ាដាវ មិន​មាន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នោះ​ទេ គឺ​មានតែ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ប៉ុណ្ណោះ​។​លោក​បន្ថែម​ថា ចំពោះ​សំណើ​របស់​ពលរដ្ឋ​បាន​លើកឡើង លោក​មិន​មាន​តួនាទី​ក្នុង​ការ​រក​ដំណោះស្រាយ​នោះ​ឡើយ។

លោក សេវ ឡាម៖ «​អ្នក​ដែល​ថា​បញ្ឈប់​ទៅ​ទាក់ទង​ថ្នាក់​ខេត្ត ឬក៏​ថ្នាក់​ស្រុក អ្នក​ដែល​អះអាង​ថា ប្រជាពលរដ្ឋ​មិន​ឲ្យ​ធ្វើ តើ​ប្រជាពលរដ្ឋ​ប៉ះពាល់​អ្វីខ្លះ នេះ​ទើបបាន ថាបើ​យើង​ចង់​បញ្ឈប់​គេ​បញ្ឈប់​ម៉េច​បាន ប្រជាពលរដ្ឋ​មក​ប្រជុំ​នៅ​សាលាឃុំ​ហើយ មុនគេ​ធ្វើ​ប្រជាពលរដ្ឋ​សំណូមពរ​ហើយ ថា​បាន​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​ចង់បាន​អ្វីខ្លះ ហ្នឹងហើយ​ឲ្យ​លេខ​មក លេខ​ប៉ុន្មាន​ដែរ អាច​ខ្ញុំ​ទាក់ទង​ទៅ​គាត់»។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង អភិបាលខេត្ត​រតនគិរី លោក ញ៉ែម សំអឿន និង​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តរតនគិរី លោក អ៊ុង ហួរ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​បានទេ​នៅ​ថ្ងៃទី​២៤ ខែមីនា។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក យិន ម៉េងលី មានប្រសាសន៍ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​ចុះ​ត្រួត​ពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ និង​ស្វែងយល់​ពី​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ នឹង​ត្រូវ​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ពួកគាត់។

លោក យិន ម៉េងលី៖ «ពិនិត្យមើល​ឡើងវិញ​បញ្ហា​អភិវឌ្ឍន៍​នេះ តើ​អភិវឌ្ឍន៍​ផ្ដល់​ផល​ចំណេញ​អ្វីខ្លះ​ដល់​ប្រជាពលរដ្ឋ ពីព្រោះ​ការអភិវឌ្ឍន៍​នេះ គឺ​សំដៅ​ឲ្យ​មាន​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​អភិវឌ្ឍន៍ ហើយ​បើ​ធ្វើ​ទៅ​មិន​មាន​ផល​ចំណេញ ធ្វើ​ទៅ​បាត់បង់​អាជីព​របស់​គាត់ បើ​កុំ​ធ្វើ​ល្អ​ជាង» ។​

ពលរដ្ឋ​អះអាង​ទៀត​ថា អាជ្ញាធរ​នៅក្នុង​មូលដ្ឋាន​មួយចំនួន​មិន​ពេញ​ចិត្តនឹង​ប្រតិបត្តិការ អាជីវកម្ម​រ៉ែ​មាស​នេះ​នោះ​ទេ ហើយ​ពួកគេ ថែមទាំង​ណែនាំ​ឲ្យ​ពលរដ្ឋ​ជិត​១០០​គ្រួសារ នាំគ្នា​ចេញ​តវ៉ា ឲ្យ​បិទ​អាជីវកម្ម​នេះ​ម្ដង​រួច​មក​ហើយ ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​អាជ្ញាធរ​ហៅ​ទៅ​គំរាមកំហែង​ចាប់​ពលរដ្ឋ​ដាក់គុក រហូតដល់​សហគមន៍​នៅ​តំបន់​នោះ​លែង​ហ៊ាន​នាំគ្នា​ចេញ​តវ៉ា និង​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ដោយ​សេរី​រហូតដល់​សព្វថ្ងៃ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ