តុលាការ​​ផ្ដន្ទាទោស​មេដឹកនាំ​សហជីព​ក្រុមហ៊ុន មេនអ៊ូ ហ្គាមេន ឲ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ

0
59
​ប្រធាន​សហជីពនៃ​ក្រុមហ៊ុន មេន អ៊ូ ហ្គាមេន លោក ពេជ ពិសិទ្ធ។ រូប៖ បណ្ដាញសង្គម
​ប្រធាន​សហជីពនៃ​ក្រុមហ៊ុន មេន អ៊ូ ហ្គាមេន លោក ពេជ ពិសិទ្ធ។ រូប៖ បណ្ដាញសង្គម

ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស ​ប្រធាន​សហជីពនៃ​ក្រុមហ៊ុន មេន អ៊ូ ហ្គាមេន លោក ពេជ ពិសិទ្ធ ដាក់​ពន្ធនាគារ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៤​លាន​រៀល ក្រោម​បទ​ចោទ «​ញុះញង់​» ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​។ កូនស្រី​របស់លោក ពេជ ពិសិទ្ធ ចាត់ទុក​ការសម្រេច​របស់​តុលាការ ថា​ជា រឿង​អយុត្តិធម៌ និង​ជា​ការ​ដាក់​សម្ពាធ​លើ​កូនៗ​ឲ្យ​ទទួលបន្ទុក​រ៉ាប់រង​គ្រួសារ​ជំនួស​ឪពុក។

កូនស្រី​របស់​លោក ពេជ ពិសិទ្ធ ទទូច​ឲ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់ និង​ដោះលែង​ឪពុក​ឲ្យ​មាន​សេរីភាព​វិញ ដើម្បី​មើលថែ​កូនៗ ខណៈ​នាង​បាន​បោះបង់​ការ​សិក្សា បន្ទាប់​ពី​ឪពុក​ត្រូវ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ។

ការ​ទទូច​នេះ ធ្វើ​ឡើង​បន្ទាប់ពី​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៥ ខែមីនា បាន​ប្រកាស​សាលក្រម ផ្ដន្ទាទោស​ប្រធាន​សហជីព​នៃ​ក្រុមហ៊ុន មេន អ៊ូ ហ្គាមេន លោក ពេជ ពិសិទ្ធ ឲ្យ​ជាប់ពន្ធនាគារ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៤​លាន​រៀល ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម​។​

កូនស្រី​របស់​លោក ពេជ ពិសិទ្ធ គឺ​កញ្ញា សួង សូនីកា ចាត់ទុក​ការសម្រេច​របស់​តុលាការ ដែល​កាត់ទោស​ឪពុក​ឲ្យ​ជាប់ពន្ធនាគារ ២ ឆ្នាំ គឺជា​ការ​ដាក់​សម្ពាធ​មក​ពួកគាត់​ជា​កូន​ឲ្យ​ទទួលបន្ទុក​រ៉ាប់រង​គ្រួសារ​ជំនួស​ឪពុក។ កញ្ញា​បន្ត​ថា កញ្ញា​បាន​បោះបង់​ការសិក្សា​នៅ​ឆ្នាំ​ទី​១ ហើយ​ទៅ​ធ្វើ​ការ​រោងចក្រ ដើម្បី​ជួយ​រក​ប្រាក់​ដោះបំណុល​ធនាគារ​ផង និង​ផ្គត់ផ្គង់​គ្រួសារ បន្ទាប់ពី​សមត្ថកិច្ច​ចាប់​ឃុំខ្លួន​ឪពុក។

​កញ្ញា សួង សូនីកា៖ «គ្រួសារ​មាន​ប៉ា​រ៉ាប់រង​អ៊ីចឹង​បើ​អត់​មាន​ប៉ា​ពួក​ខ្ញុំ​រាង​លំបាក​ក្នុង​ការ​ឲ្យ​ប្អូន​រៀន​។ ប្អូន​ខ្ញុំ​នៅ​រៀន​មិនទាន់​ចប់​មួយ​ទេ តូច​ទើប​រៀន​ថ្នាក់​ទី​១ មួយទៀត ទើប​រៀន​ថ្នាក់​ទី ៨ ហើយ​មួយទៀត កំពុង​រៀន​ថ្នាក់​ទី​១១ ហើយ​រៀន​ចប់​តែ​ខ្ញុំ​និង​បង​ខ្ញុំ​។ ខ្ញុំ​រៀន​ត ពេល​ប៉ា​ខ្ញុំ​មានរឿង​អ៊ីចឹង​ទៅ ខ្ញុំ​ក៏​អត់​បាន​រៀន​ត ចប់​រឿង​ត្រឹម​រឿង​របស់​ប៉ា ខ្ញុំ​ឈប់​រៀន​នៅ​ឆ្នាំ​ទី​១ ខ្ញុំ​រៀន​ផ្នែក​គណនេយ្យ​ដោយសារតែ​គ្រួសារ​ពិបាក ពេល​ប៉ា​អត់​នៅ អត់​មាន​អ្នកណា​ជួយ​រកលុយ»។

កញ្ញា សួង សូនីកា បន្ត​ថា ប្រសិនបើ​ឪពុក​របស់​នាង​ធ្វើ​ខុស​សមត្ថកិច្ច​គួរ​អប់រំ និង​ណែនាំ ដោយ​មិន​គួរ​ចាប់ខ្លួន​ចោទ​ប្រកាន់ និង​ឃុំខ្លួន​នោះ​ទេ។

កញ្ញា សួង សូនីកា៖ «សូម​ឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌​ឲ្យ​ប៉ា ឲ្យ​ជួយ​ដោះលែង​ប៉ា​មកវិញ ព្រោះ​អី​សូម​ឲ្យ​គាត់​យល់​ពី​គ្រួសារ​ខ្ញុំ​ផង ព្រោះ​គ្រួសារ​ខ្ញុំ​បន្ទុក​ច្រើន​ខ្ញុំ​ត្រូវការ​ប៉ា មក​មើលថែ​ពួក​ខ្ញុំ​ទាំងអស់គ្នា​។ [​គ្រួសារ​]​មាន​ជំពាក់​អង្គការ​គេ ប៉ា​រកលុយ​ដោះ​អង្គការ​ផង ហើយ​ឥឡូវ​ចាប់ពី​គាត់​មានរឿង​អ៊ីចឹង​ទៅ រឿង​ហ្នឹង​ក៏​រាង​លំបាក​ដោយ សារ​តែ នៅផ្ទះ​ខ្ញុំ​មានតែ​ខ្ញុំ​ហើយនឹង​បង​ខ្ញុំ​ទេ​ជា​អ្នករក»។

ទោះជា​យ៉ាងណា ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ដដែល​នេះ ក៏បាន​សម្រេច​ទម្លាក់​ប​ទ​ចោទប្រកាន់​«​ជេរប្រមាថ​ជា​សាធារណៈ​» លើ​លោក ពេជ ពិសិទ្ធ ដោយ​សំអាង​ថា ដើម​បណ្តឹង​រដ្ឋប្បវេណី លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​វិស័យ​សំណង់ និង​ព្រៃឈើ​កម្ពុជា (BWTUC) បាន​ដក​ពាក្យ​បណ្តឹង​វិញ។ លោក សុខ គីន បាន​ប្តឹង​លោក ពេជ ពិសិទ្ធ ចំពោះ​ការ​បរិហារកេរ្តិ៍ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ៨០​លាន​រៀល ប៉ុន្តែ​ក្រោយ​មក​បាន​ដក​ពាក្យ​បណ្តឹង​នេះ​វិញ។

ប្រធាន​សម្ព័ន្ធ​សហជីព​កាត់ដេរ​សំលៀកបំពាក់ និង​ឧស្សាហកម្ម (CAI) លោក ឯក សុភក្តី យល់​ថា ការ​លើកឡើង​របស់​លោក ពេជ ពិសិទ្ធ នៅ​លើ​បណ្ដាញ​សង្គម មិន​មាន​ទោស​ធ្ងន់ធ្ងរ​រហូតដល់​ជាប់​ពន្ធនាគារ​ឡើយ បើ​ប្រៀប​ធៀប​ជាមួយ​បុគ្គល​មួយចំនួន ដែល​បាន​ជេរប្រមាថ​លើ​បណ្ដាញ​សង្គម​ធ្ងន់ធ្ងរ ប៉ុន្តែ​បែរជា​គ្មាន​ទោស​ទៅវិញ​។ លោក​ចាត់ទុក​ការសម្រេច​នេះ ថា​ជា​រឿង​អយុត្តិធម៌ និង បង្ហាញ​ពី​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ ពីព្រោះ លោក ពេជ ពិសិទ្ធ ជា​ថ្នាក់ដឹកនាំ​សហជីព ដែល​ជា​អ្នកការពារ​សិទ្ធិ និង​ផល​ប្រយោជន៍​កម្មករ។

លោក ឯក សុភក្តី៖ «ក្នុងនាម​ខ្ញុំ​ជា​សហជីព ខ្ញុំ​យល់​ថា វា​ជា​ការ​រឹតត្បិត​សេរីភាព​នៅក្នុង​ការ​បញ្ចេញ​មតិ​សម្រាប់​គាត់​ជា​ថ្នាក់ដឹកនាំ​ម្នាក់ ដែល​ជួយ​ការពារ​នូវ​ភាព​យុត្តិធម៌ ការពារ​សិទ្ធិ ក៏ដូចជា​លក្ខខណ្ឌ​ការងារ​ជូន​ដល់​កម្មករ​ក្នុងនាម​គាត់​ជា ប្រធាន​សហជីព ដែល​កំពុងតែ​ទទួល​រ៉ាប់រង​នៅក្នុង​ការ​ដោះស្រាយ ឬក៏​ទទួល​រ៉ាប់រង​ក្នុង​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​កម្មករ នៅក្នុង​ក្រុមហ៊ុន ដែល​មាន​សមាជិក ជាង ១​ពាន់​នាក់​បច្ចុប្បន្ន»។

លោក ពេជ ពិសិទ្ធ ជា​ថ្នាក់ដឹកនាំ​សហជីព និង​ជា​អនុប្រធាន​សម្ព័ន្ធ​សហជីព​កាត់ដេរ​សម្លៀកបំពាក់ និង​ឧស្សាហកម្ម។ លោក​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ​២០២៥ នៅមុខ​រោងចក្រ​កន្លែង​ដែល​លោក​ធ្វើការ​ក្នុង​ខេត្ត​ព្រះសីហនុ។

ជុំវិញ​រឿងនេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICAHDO) លោក អំ សំអាត យល់​ថា សាលក្រម​របស់​តុលាការ​នេះ​អាច​ឲ្យ​មាន​កា​រិះគន់ ពី​ការ​ធ្វើទុក្ខបុកម្នេញ គំរាមកំហែង​ដល់​អ្នកដឹកនាំ​សហជីព ជាពិសេស​សហជីព​ឯករាជ្យ។ លោក​បន្ត​ថា ការ​ចាប់ខ្លួន ការចោទប្រកាន់ ការ​ឃុំខ្លួន និង​ផ្ដន្ទាទោស​លោក ពេ​ជ ពិសិទ្ធ គឺ​បង្ហាញ​ពី​ការ​រឹតត្បិត​សេរីភាព​សហជីព ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​អនុសញ្ញា អន្តរជាតិ ILO ។

លោក អំ សំអាត៖ «ការ​ផ្ដន្ទាទោស​ទៅលើ​សកម្មជន​សហជីព សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន សកម្មជន​សង្គម និង​សកម្មជន​គណបក្ស​នយោបាយ ដែល​គ្រាន់តែ​អនុវត្ត​សិទ្ធិ និង​សេរីភាព ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​បទដ្ឋាន​អន្តរជាតិ ស្ដីពី​សិទ្ធិមនុស្ស​ដែល​កម្ពុជា​បាន​ទទួល​ស្គាល់​ហ្នឹង គឺ​វា​មិន​មាន​ផល​ចំណេញ​សម្រាប់​កម្ពុជា​ទេ វា​ប៉ះពាល់​សម្រាប់​ការ​អភិវឌ្ឍ​នៃ​កម្ពុជា​វិញ​ទេ ជាពិសេស សេរីភាព​បញ្ចេញមតិ បើសិនជា​ពួកគាត់​ចូលរួម​ក្នុង​ការ​រិះគន់​ដើម្បី​ស្ថាបនា ចូលរួម​ដើម្បី បង្ហាញ​អំពី​យោបល់​កង្វល់​ឬក៏​បញ្ហា​ដែល​កើតឡើង ហើយនឹង​ការស្វែងរក ដំណោះស្រាយ និង​ការចូលរួម​ក្នុង​ការ​ជំរុញ​អភិវឌ្ឍន៍​សង្គមជាតិ​វា​ជា​រឿង​សំខាន់»។

អង្គការ​លីកាដូ​ឲ្យ​ដឹង​ថា លោក ពិសិទ្ធ ស្ថិត​ក្នុង​ចំណោម​មនុស្ស​ចំនួន ៩៧ នាក់ ដែល​កំពុង​ជាប់ឃុំ ដោយសារ ការប្រើប្រាស់​សិទិ្ធ​បញ្ចេញមតិ​។ ទោះជា​យ៉ាងណា មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​និង​តុលាការ​ទម្លាក់​បទ​ចោទ និង​ដោះលែង​មេដឹកនាំ​សហជីព​ឱ្យ​មាន​សេរីភាព​វិញ ដើម្បី​បើក​លំហ​សេរីភាព​សហជីព គោរព​តាម​រដ្ឋធម្មនុញ្ញ និង​អនុសញ្ញា​អន្តរ ជាតិ ILO ដើម្បី​ធានា​ការគោរព​សិទ្ធិ​សហជីព និង​ច្បាប់​ការងារ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ