អ្នក​តាមដាន​សង្គម​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បង្រួម​ក្រសួង​និង​កាត់បន្ថយ​មន្ត្រី​ក្របខណ្ឌ​នយោបាយ​ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ

0
20
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នក​តាមដាន​សង្គម ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បង្រួម​ក្រសួង​មួយចំនួន​និង​កាត់បន្ថយ​មន្ត្រី​ក្របខណ្ឌ​នយោបាយ​ពី​ថ្នាក់លើ​រហូតដល់​ថ្នាក់ក្រោម បន្ទាប់ពី​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​លោក ហ៊ុន ម៉ានី ប្រកាស​ថា ក្រសួង​មុខងារសាធារណៈ និង​ក្រសួង​ស្ថាប័ន​ចំនួន​១២ បាន​លុប​អគ្គនាយកដ្ឋាន​ចំនួន​៣ និង​នាយកដ្ឋាន ចំនួន​២៦ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី​លោក សឹង សែនករុណា បាន​ឲ្យ​ដឹង​ថា សមាជិក​រដ្ឋាភិបាល​អាណត្តិ​ទី​៧ របស់​លោក ហ៊ុន ម៉ាណែត គឺ​មាន​ទំហំ​ធំ​ជ្រុល​ហួស បើ​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង ហើយ​មន្ត្រី​នៅក្នុង​ស្ថាប័ន​ទាំងអស់​នោះ គឺ​បក្ខពួក​និយម ពួកគេ​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើពុករលួយ ដែល​បង្ក​ទៅជា​កា​រាំងស្ទះ​មិនអាច​ធ្វើ​កំណែ​ទម្រង់​បាន​ល្អ។

លោក សឹង សែនករុណា បន្ថែម​ទៀត​ថា ការ​ធ្វើ​កំណែទម្រង់​របស់​លោក ហ៊ុន ម៉ានី ត្រឹមតែ​លុប​អគ្គនាយកដ្ឋាន និង​នាយកដ្ឋាន មិនទាន់​អាច​ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​បាន​របស់​រាស្ត្រ​នោះ​ទេ គឺ​ត្រូវ​ធ្វើ​កំណែទម្រង់​ពី​ថ្នាក់លើ​រហូតមកដល់​ថ្នាក់ក្រោម ព្រោះ​ចំនួន​មន្ត្រី​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត មាន​ការ​កើន​ឡើង​ទ្វេដង បើ​ប្រៀបធៀប​នឹង​រដ្ឋាភិបាល​កាលពី​អាណត្តិ​ទី​៦ កន្លង​ទៅ គឺ​ចំនួន​មាន​ហើមប៉ោង​ដល់​ទៅ​៧០៨​នាក់។

លោក សឹង សែនករុណា៖ «ការ​កំណែទម្រង់​នេះ​មិនមែន​កំណែទម្រង់​ត្រឹមតែ​ជួរ​មន្ត្រី​ខាងក្រោម​នោះ​ទេ ត្រូវ​កំណែទម្រង់​តាំងពី​មេដំបូល​ដឹកនាំ​ប្រទេស​យើង​ពិនិត្យមើល​ការដឹកនាំ​ប្រទេស​របៀប​ហ្នឹង យើង​ទី​កំណែទម្រង់​របៀប​ម៉េច ជា​ឧទាហរណ៍​ប្រធាន​ព្រឹទ្ធសភា​ជា​ឪពុក នាយករដ្ឋមន្ត្រី​ជា​កូន ឧបនាយករដ្ឋមន្ត្រី​មួយ​រូប​ទៀត​ជា​កូន ហើយ​មានកូន​បន្តបន្ទាប់​ទៀត​កាន់​តួនាទី​ផ្សេង​អីចឹង​ទៅ អីចឹង​វា​ជា​ការ​បង្ហាញ​នូវ​គ្រួសារនិយម បក្សពួកនិយម​ចង់​ស្ទើរ​គ្រប់​ក្រសួង​ស្ថាប័ន​ទៅ​ហើយ អីចឹង​ថា​តើ​ការ​កំណែ​ទម្រង់​ត្រឹម​លុប​ស្ថាប័ន​អស់នេះ​ខ្ញុំ​គិតថា ធ្វើឡើង​មិនទាន់​អាច​ឆ្លើយ​តប​ទៅ​បាន​ទេ»។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​រូប​នេះ បន្ថែម​ថា ប្រទេស​អូស្ត្រាលី​មាន​ប្រជាជន ២៦​លាន​នាក់ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​របស់​ប្រទេស​នេះ​មាន​ចំនួន​តិច​ជាង​កម្ពុជា​ឆ្ងាយ​ណាស់ គឺ​សមាជិក​រដ្ឋាភិបាល​មាន​ត្រឹមតែ ៣១​នាក់​ប៉ុណ្ណោះ គឺ​មាន​នាយករដ្ឋមន្ត្រី​ម្នាក់ រដ្ឋមន្ត្រី ១៨​នាក់ និង​អនុរដ្ឋមន្ត្រី ១២​នាក់ ខណៈ​ឧបនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬ​អនុរដ្ឋលេខាធិការ ជំនួយការ និង​ទីប្រឹក្សា មិន​ត្រូវ​បាន​តែងតាំង​នោះ​ទេ។

ការ​អះអាង​នេះ​បន្ទាប់​ពី​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ លោក ហ៊ុន ម៉ានី បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៥ និង​ដាក់​ទិសដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០២៦ ថា ការរៀបចំ​រចនាសម្ព័ន្ធ​ឡើងវិញ​, ក្រសួង​មុខងារសាធារណៈ និង​ក្រសួង​ស្ថាប័ន​មួយចំនួន (​សរុប ១២ ក្រសួង​ស្ថាប័ន គិត​ត្រឹម​បច្ចុប្បន្ន​) មិន​ត្រឹមតែ​មិន​មាន​ការពង្រីក​នោះ​ទេ តែ​បាន​កាត់បន្ថយ​អគ្គនាយកដ្ឋាន ចំនួន ៣ និង​នាយកដ្ឋាន ចំនួន ២៦ និង​ការិយាល័យ​មួយ​ចំនួន​ទៀត ហើយ​ធនធានមនុស្ស​របស់​ក្រសួង​ក៏​មិន​មាន​កំណើន​នោះ​ទេ តែ​ទទួល​បាន​ការ​ពង្រឹង​សមត្ថភាព និង​ការទទួលខុសត្រូវ​បន្ថែម ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ។

ជុំវិញ​បញ្ហា​នេះ​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត​និង​ការស្រាវជ្រាវ​លោក​ សេក សុជាតិ បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា តាម​ការសង្កេត​របស់​លោក​គឺ​ឃើញថា ការងារ​នៅ​តាម​ក្រសួង រឺ​ស្ថាប័ន​មួយចំនួន​គឺ​មាន​ភារកិច្ច​ជាន់គ្នា​ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល។

លោក សេក សុជាតិ៖ «​កត្តា​ទាំងអស់​នេះ​ទាមទារ​ឲ្យ​មានការ​គិតគូរ​ហើយ​និង​ការ​យកចិត្តទុកដាក់​ស៊ីជម្រៅ​និង​ច្បាស់លាស់​ពី​សំណាក់​គណៈរដ្ឋមន្ត្រី ពី​រាជរដ្ឋាភិបាល​ដែល​គិតគូរ​ដើម្បី​ស្វែងរក​នូវ​លទ្ធភាព​មួយ​ដើម្បី​កុំ​ឲ្យ​មានការ​ថ្នាំងថ្នាក់​ពី​មន្ត្រី​ថ្នាក់ក្រោម​ហើយក៏​ដើម្បី​បំពេញចិត្ត​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​អំណាច​នឹង​ដើម្បី​កាត់បន្ថយ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​របស់​រដ្ឋាភិបាល​ដែល​មានការ​ស្ទួន​គ្នា​ធ្វើ​ឲ្យ​រាំងស្ទះ​នូវ​ការ​ធ្វើ​សេចក្តី​សម្រេចចិត្ត​ចុងក្រោយ​របស់​រដ្ឋាភិបាល»។

សមាជិក​រដ្ឋាភិបាល​អាណត្តិ​ទី​៧ សម្រាប់​ដឹកនាំ​ប្រទេស ត្រូវ​គេ​មើល​ឃើញ​ថា មាន​ទំហំ​ច្រើន​លើសលប់ ក្នុង​នោះ​មាន​នាយករដ្ឋមន្ត្រី​ម្នាក់ ឧបនាយករដ្ឋមន្ត្រី ១០​នាក់ ទេសរដ្ឋមន្ត្រី ២១​នាក់ រដ្ឋមន្ត្រី ៣០​នាក់ មន្ត្រី​ខុទ្ទកាល័យ ២៤​នាក់ ក្រុម​អ្នក​ពិធីការ​នាយករដ្ឋមន្ត្រី ៥​នាក់ ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ២៩​នាក់ រដ្ឋលេខាធិការ ៧៣៧​នាក់ និង​អនុរដ្ឋលេខាធិការ ៦៨៩​នាក់ ដែល​គិត​ជា​សរុប​គឺ​មាន​ចំនួន ១៥៤៦​នាក់​។ ចំនួន​នេះ​មានការ​កើនឡើង​ទ្វេដង បើ​ប្រៀបធៀប​នឹង​រដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន កាលពី​អាណត្តិ​ទី​៦ កន្លងទៅ។

ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី ក្នុង​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត គឺជា​អ្នក​បន្តវេន​ជំនាន់​ក្រោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ភាគច្រើន​ជា​កូន​របស់​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ក្រុម​អ្នកឃ្លាំមើល​សង្គម​លើកឡើង​ថា សមាជិក​រដ្ឋាភិបាល​អាណត្តិ​ទី​៧ សម្រាប់​ដឹកនាំ​ប្រទេស ត្រូវ​គេ​មើលឃើញ​ថា មាន​ទំហំ​ច្រើន​លើសលប់ កំពុង​ក្លាយជា​បន្ទុក​ធ្ងន់ធ្ងរ​សម្រាប់​ពលរដ្ឋ​ដែល​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ ដើម្បី​ផ្តល់​ជា​ប្រាក់បៀវត្ស​ដល់​មន្ត្រី​ទាំងនោះ ស្រប​ពេល​ដែល​ពលរដ្ឋ​កំពុង​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ