ចាងហ្វាង​សារព័ត៌មាន​អនឡាញ​ម្នាក់​សង្ឃឹមថា​ស្នងការដ្ឋាននគរបាល​ខេត្តកោះកុង​បញ្ចប់រឿង​ប្តឹងផ្តល់​លើ​រូបលោក

0
18
ចាងហ្វាង​សារព័ត៌មាន​អនឡាញ Koh Kong Hot News លោក យួន ឈីវ ។ រូប៖ បណ្ដាញសង្គម
ចាងហ្វាង​សារព័ត៌មាន​អនឡាញ Koh Kong Hot News លោក យួន ឈីវ ។ រូប៖ បណ្ដាញសង្គម

ចាងហ្វាង​សារព័ត៌មាន​អន​ឡាញ Koh Kong Hot News អះអាង​ថា លោក​នឹង​ចូល​បំភ្លឺ​នៅ​សប្ដាហ៍​ក្រោយ​នេះ តាម​ការ​កោះហៅ​របស់​ស្នងការដ្ឋាន នគរបាល ខេត្តកោះកុង​។ សង្គម​ស៊ីវិល រំពឹង​ថា ករណី ចាងហ្វាង​សារព័ត៌មាន​អនឡាញ លោក យួន ឈីវ នឹង​ត្រូវ​ដោះស្រាយ​បញ្ចប់​ដោយ​ការ​សម្របសម្រួល​គ្នា​។​

ចាងហ្វាង​សារព័ត៌មាន​អនឡាញ Koh Kong Hot News លោក យួន ឈីវ សង្ឃឹម​ថា រឿងរ៉ាវ​នៅ​ខេត្ត​កោះកុង នឹង​ត្រូវ​បញ្ចប់​ត្រឹម​ការ​សម្របសម្រួល គ្នា​នៅ ស្នងការដ្ឋាន​ខេត្ត​នេះ ដូច​ការ​សម្របសម្រួល​បញ្ចប់​ករណី​ប្តឹងផ្តល់ លោក​នៅ​ខេត្តពោធិ៍សាត់​ដែរ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​កោះហៅ ចាងហ្វាង​សារព័ត៌មាន​អន​ឡាញ Koh Kong Hot News លោក យួន ឈីវ ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃទី​០២ ខែមេសា ពាក់ព័ន្ធ​នឹង​ការផ្សាយ​ព័ត៌មាន ពី​ភាព​មិន​ប្រក្រតី នៃ​លំហូរ​ជនជាតិ​ចិន ដែល​ប្ដឹង​ដោយ​រដ្ឋបាល​ខេត្តកោះកុង។

លោក យួន ឈីវ ប្រាប់​ទូរទស្សន៍ អាស៊ីសេរី​នៅ​ថ្ងៃទី​៣១ ខែមីនា ថា លោក​ព្រួយបារម្ភ ចំពោះ​ការ​កោះហៅ​នេះ ប៉ុន្តែ​មិន​ភ័យខ្លាច​នោះ​ទេ ពីព្រោះ​លោក​ជឿជាក់​ថា ការផ្សាយ​ព័ត៌មាន​របស់​លោក គឺ​យោង​តាម​ប្រភព​ច្បាស់លាស់​។ លោក​សង្ឃឹមថា រ៉ាវ​រឿង​នេះ នឹង​ត្រូវ​បញ្ចប់ នៅ​ត្រឹម​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង។

លោក យួន ឈីវ៖ «ការ​សម្របសម្រួល​ខ្ញុំ​អាច​ទទួល​យក​បាន គឺថា​គេ [​ស្នងការដ្ឋាន នគរបាល ខេត្តពោធិ៍សាត់​] ដោះស្រាយ​បាន​សមរម្យ​ល្អ​ដែរ សម្រាប់​ខ្ញុំ អ្នកសារព័ត៌មាន​។ នៅ​ខេត្ត​កោះកុង ខ្ញុំ​សង្ឃឹម​ថា ស្នងការដ្ឋាន​នគរបាល ខេត្តកោះកុង នឹង​សម្របសម្រួល​ដោះស្រាយ​បញ្ចប់​វិវាទ​ល្អ ដូចគ្នា​នៅ ខេត្ត​ពោធិ៍សាត់ អ៊ីចឹង ចំពោះ​អ្នកសារព័ត៌មាន​ចុះផ្សាយ​កន្លង​មក​នេះ»។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​សុំ​ការ​អត្ថាធិប្បាយ ជុំវិញ​រឿង​នេះ​ពី​ស្នងការ​នគរបាល​ខេត្ត​កោះកុង​លោក គង់ មនោ និង​ស្នងការ​រង​ផែន​ការងារ​នគរបាល ព្រហ្មទណ្ឌ លោក ស៊ឹម វ៉ារី បានទេ នៅ​ថ្ងៃទី​៣១ ខែមីនា។

ចាងហ្វាង​សារព័ត៌មាន Koh Kong Hot News លោក យួន ឈីវ ត្រូវ​បាន​ស្នងការដ្ឋាននគរបាល ខេត្ត​ពោធិ៍សាត់​កោះហៅ ឲ្យ​ចូល​បំភ្លឺ នៅ​ថ្ងៃទី​៣១ ខែ​មីនា ពាក់ព័ន្ធ​នឹង​ករណី បរិហារកេរ្តិ៍​ជា​សាធារណ​តាម​បណ្តាល​សង្គម ប៉ុន្តែ លោក យួន ឈីវ បញ្ជាក់​ថា រឿងរ៉ាវ​នៅ​ខេត្តពោធិ៍សាត់ លោក​បាន​ចូល​បំភ្លឺ នៅ​ថ្ងៃទី​៣០​ខែ មីនា​រួចហើយ ហើយ​ករណីនេះ​ក៏បាន​សម្របសម្រួល​គ្នា​បញ្ចប់​នៅ​ត្រឹម​ស្នងការ​។ ចំណែក​នៅ​ថ្ងៃទី​០២ ខែមេសា លោក​ត្រូវ​បាន​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង កោះហៅ​ឲ្យ ចូល​បំភ្លឺ ដំណើររឿង​ផ្ទាល់ខ្លួន និង​បក្ខពួក ដែល​ប្ដឹង​ដោយ រដ្ឋបាល ខេត្តកោះកុង។

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ឲ្យ​ដឹង​ថា ការ​កោះហៅ​របស់​ស្នងការដ្ឋាន នគរបាល​ខេត្ត​ទាំងពីរ​ខាងលើ​នេះ គឺ​ពាក់ព័ន្ធ​នឹង​សេចក្តី​រាយការណ៍​របស់​លោក យួន ឈីវ អំពី​ជនជាតិ​ចិន​នៅ​កម្ពុជា។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ សិទ្ធិ​មនុស្ស​អាដហុក លោក យិន ម៉េងលី ចាត់ទុក​ការ​ជជែក​សម្របសម្រួល បញ្ចប់រឿង​រ៉ាវ​ដោយ​មិន​ប្ដឹងផ្ដល់​បន្ត​ទៀត​ថា ជា​រឿង​ល្អ។ លោក​សង្ឃឹម​ថា ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង នឹង​ដោះស្រាយ​បញ្ចប់ ដូច​ករណី​នៅ​ខេត្តពោធិ៍សាត់​ដែរ ពីព្រោះ​ការ​បន្ត​ប្ដឹង​អ្នកសារព័ត៌មាន​ទៅ​តុលាការ មិន​បាន​ចំណេញ​អ្វី​ទេ ផ្ទុយទៅវិញ គឺ​មានតែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាជ្ញាធរ និង​រដ្ឋាភិបាល។

លោក យួន ឈីវ៖ «បញ្ហា​ទាំងពីរ​នេះ វា​ប្រហាក់ប្រហែល​គ្នា អ៊ីចឹង​យើង​សង្ឃឹមថា នៅ​ខាង​ខេត្តកោះកុង នឹង​ធ្វើ​ការ​សម្របសម្រួល​បញ្ហា​ទាំងអស់​ហ្នឹង ឲ្យ​បាន​ដូចគ្នា ដើម្បី​បញ្ចប់​បញ្ហា​នឹង​ទៅ កុំ​ឲ្យ​បញ្ហា​ហ្នឹង វា​នៅ​បន្ត​វែងឆ្ងាយ​ទៀត ពាក់ព័ន្ធ​នឹង​ភារកិច្ច​អ្នកសារព័ត៌មាន​ហ្នឹង​។ អ៊ីចឹង​ការ​អង្គុយ​ជជែក​គ្នា ការយល់​គ្នា វា​ជា​រឿង​ល្អ ជៀសវាង​ការ​បន្ត​ប្ដឹងផ្ដល់​ជាមួយ​អ្នកសារព័ត៌មាន យើង​មើល​ឃើញ​ថា វា​អត់​ចំណេញ​អី​ទេ ហើយក៏​សារព័ត៌មាន​ក៏​ជា​ចំណុច​សំខាន់​មួយ​ដែរ នៅក្នុង​ការ​ដល់ ជួយ​អាជ្ញាធរ​ដូចជា រដ្ឋាភិបាល»។

អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា ចាប់ពី​ខែ​មករា ដល់​ខែកុម្ភៈ ឆ្នាំ​២០២៦ មាន​អ្នកសារព័ត៌មាន​យ៉ាងតិច​ចំនួន ៦​នាក់​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន ចោទប្រកាន់ និង​ឃុំខ្លួន ក្រោយ​ពួកគេ​បាន​រាយការណ៍​ពី​ជម្លោះព្រំដែន​រវាង​កម្ពុជា​-​ថៃ និង​បទល្មើស ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ