

យោធាថៃបានពង្រឹងកម្លាំងការពារដើម្បីត្រៀមអភិវឌ្ឍតំបន់ចំនួន៣ ដែលដណ្ដើមបានពីកម្ពុជា នៅព្រំដែនខេត្តព្រះវិហារ មានដូចជា តំបន់អានសេះ ភ្នំ៥០០ និងភ្នំ៦៧៧។ ក្រៅពីនេះ យោធាជើងទឹកថៃ ក៏បានប្រកាសពីការពង្រឹងកម្លាំង និងតាមឃ្លាំមើលស្ថានការយោធារបស់កម្ពុជា បន្ទាប់ពីមានការផ្សាយព័ត៌មានថា កម្ពុជាបានបញ្ជាទិញនាវាល្បាតពីប្រទេសចិន ចំនួន២គ្រឿង។
ក្នុងដំណើរទស្សនកិច្ចនៅតំបន់ព្រំដែនច្រកអានសេះ ក្នុងខេត្តព្រះវិហារ ដែលជាប់នឹងខេត្តឧប៊ុនរ៉ាចាថានី (Ubon Ratchathani) របស់ថៃ កាលពីថ្ងៃទី៣០ ខែមីនា អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោក វីនថៃ ស៊ូវារី (Winthai Suvari) បានលើកឡើងថា យោធាថៃនឹងដាក់ពង្រាយកងទ័ពបន្ថែមទៀត នៅតំបន់នេះ និងបើកប្រតិបត្តិការបោសសម្អាតមីន ដើម្បីពង្រឹងការការពារនៅក្នុងតំបន់ច្រកអានសេះ ភ្នំ៥០០ និងភ្នំ៦៧៧។
លោក វីនថៃ បានអះអាងថា តំបន់ទាំងបីនេះ គឺជាទីតាំងយុទ្ធសាស្ត្រសំខាន់ សម្រាប់យោធាប្រឆាំងនៅកម្ពុជា ព្រោះតំបន់ទាំងនេះ ជាភូមិសាស្ត្រភ្នំខ្ពស់ និងសម្បូរព្រៃស្ដុក ដោយក្នុងនោះយោធាថៃ បានលះបង់ និងចំណាយកម្លាំងជាច្រើន ដើម្បីច្បាំងដណ្ដើមយកពីកម្ពុជា ក្នុងអំឡុងសង្គ្រាមលើកទី២។
ពាក់ព័ន្ធរឿងនេះ ទាហានខ្មែរដែលកំពុងឈរជើងនៅតំបន់អានសេះ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណ ដោយបារម្ភពីសុវត្ថិភាព បានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីថា ក្រោយសង្គ្រាមតាមព្រំដែនជាលើកទីពីរបានបញ្ចប់ ទាហានខ្មែរបានប្ដូរទីតាំងឈរជើងឆ្ងាយពីតំបន់អានសេះ ជិត ១គីឡូម៉ែត្រ។ លោកបន្តថា មូលហេតុដែលថៃអាចវាយដណ្ដើមកាន់កាប់តំបន់អានសេះ និងភ្នំមួយចំនួនទៀតបាន គឺដោយសារមានជំនួយពីទ័ពអាកាស ខណៈទាហានខ្មែរមិនមានអាវុធប្រឆាំងដែនអាកាស និងទ័ពជំនួយនោះឡើយ។
ទាហានរូបនេះអះអាងថា ក្រោយពេលបាក់ទ័ពទាហានខ្មែរបានដកថយចុះតាមផ្លូវបេតុង ប៉ុន្តែត្រូវទាហានថៃបាញ់ប្រហារដោយប្រើកាំភ្លើង Sniper បណ្ដាលឱ្យពលីជិត១០នាក់។ លោកបញ្ជាក់បន្ថែមថា ការបាត់បង់តំបន់អានសេះ ដែលជាទីតាំងយុទ្ធសាស្ត្រដ៏សំខាន់នេះ នឹងធ្វើឱ្យទាហានខ្មែរកាន់តែចាញ់ប្រៀបទាហានថៃ ដោយសារតំបន់នេះ គឺជាទីតាំងខ្ពស់ ដែលអាចតាំងមូលដ្ឋានទ័ពបានដ៏រឹងមាំ។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី៣១ ខែមីនា។
បច្ចុប្បន្ននេះ យោធាថៃបានចាក់ដីនៅតំបន់អានសេះ ភ្នំ៥០០ និងភ្នំ៦៧៧ ដើម្បីត្រៀមសាងសង់សំណង់រឹង និងហេដ្ឋារចនាសម្ព័ន្ធបន្ថែម បន្ទាប់ពីបានសាងសង់ព្រះពុទ្ធរូបរួច។
ជុំវិញរឿងនេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន លើកឡើងថា តំបន់អានសេះ ភ្នំ៥០០ និងភ្នំ៦៧៧ គឺស្ថិតក្នុងបូរណភាពទឹកដីកម្ពុជា ដោយមិនស្ថិតក្នុងតំបន់ទាមទារនោះឡើយ។ លោកជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ប្ដឹងថៃដោយប្រើប្រាស់យន្តការច្បាប់អន្តរជាតិ ដើម្បីទាមទារតំបន់ដែលយោធាថៃកាន់កាប់ដោយខុសច្បាប់មកវិញ។
លោក អ៊ុំ សំអាន៖ «យន្តការចរចាទ្វេភាគីតាមរយៈ JBC នឹងជាប់គាំងហើយ ប្រសិនបើកម្ពុជា មិនព្រមប្ដឹងថៃទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ និងប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ បើមិនដូច្នេះទេ គឺមិនអាចទាមទារទឹកដីហ្នឹង មកវិញបានទេ»។
ពាក់ព័ន្ធនឹងការពង្រឹងកម្លាំងទ័ពរបស់យោធាថៃនេះដែរ អ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោក ប៉ារ៉ាច រតនាឆៃយ៉ាផាន់ (Parach Rattanachaiyapan) បានប្រកាសនៅថ្ងៃនេះថា កងទ័ពជើងទឹកថៃ មានសមត្ថភាព និងបានត្រៀមខ្លួនប្រយុទ្ធកម្រិតខ្ពស់ ដើម្បីឆ្លើយតបយ៉ាងរហ័ស ប្រសិនមានសង្គ្រាមផ្ទុះឡើងជាលើកទី៣។
ការលើកឡើងរបស់កងទ័ពជើងទឹករបស់ថៃនេះ គឺបន្ទាប់ពីមានការផ្សព្វផ្សាយថា កម្ពុជាកំពុងអភិវឌ្ឍទ័ពជើងទឹក និងបញ្ជាទិញនាវាចម្បាំង Type 056 ពីប្រទេសចិនចំនួន ២គ្រឿង។
កាលពីចុងឆ្នាំ២០២៤ ចិនបានប្រកាសផ្ដល់នាវាចម្បាំងដែលមានសមត្ថភាពអាចផ្ទុកគ្រាប់មីស៊ីល ប្រភេទ Type 056A ចំនួនពីរគ្រឿងឱ្យកងទ័ពជើងទឹកកម្ពុជា ដើម្បីប្រចាំការនៅមូលដ្ឋានយោធាសមុទ្ររាម។ ក្រោយមកនៅឆ្នាំ២០២៥ ពោលគឺនៅមុនពេលផ្ទុះសង្គ្រាមតាមព្រំដែនជាមួយថៃ ប្រទេសចិនបានប្រកាសផ្ដល់នាវាចម្បាំង ប្រភេទ Type 056C ចំនួនពីរគ្រឿងបន្ថែមទៀតឱ្យកម្ពុជា។
ទោះជាយ៉ាងណា មកដល់ពេលនេះ កងទ័ពជើងទឹកកម្ពុជា មិនទាន់ប្រកាសពីការមកដល់របស់នាវាចម្បាំងទាំងនេះនៅឡើយ។ ចំណែកកងទ័ពជើងទឹករបស់ថៃវិញ ក៏បានបញ្ជាទិញនាវាមុជទឹកប្រភេទ Type S26T ពីប្រទេសចិនផងដែរ កាលពីឆ្នាំ២០២៤ ដោយនាវាមុជទឹកទីមួយរបស់ថៃនេះ ត្រូវគេរំពឹងថា នឹងមកហែលសាកល្បងក្នុងដែនសមុទ្រថៃនៅឆ្នាំ២០២៧ ខាងមុខនេះ៕









