

ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ ៦នាក់ដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តបាត់ដំបងទាមទារឱ្យតុលាការផ្ដន្ទាទោសលើជនបង្កដែលជាកូនអ្នកមានអំណាចឱ្យបានធ្ងន់ធ្ងរតាមច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ជូនពួកគាត់។ សាច់ញាតិជនរងគ្រោះក៏បដិសេធទទួលយកសំណងពីឪពុកម្តាយរបស់ជនបង្កដែលផ្ដល់ឱ្យ ១ម៉ឺនដុល្លារ នៃជនរងគ្រោះម្នាក់ និងចាត់ទុកថា នេះគឺជាប្រមាថអាយុជីវិតក្រុមគ្រួសារពួកគាត់។ សង្គមស៊ីវិលថា ទោះបីសាច់ញាតិជនបង្កផ្ដល់សំណងក្នុងតម្លៃណា ក៏មិនអាចស្មើនឹងអាយុជីវិតមនុស្ស ៦នាក់ដែលបានស្លាប់ និងសេចក្ដីទុក្ខសោករបស់គ្រួសារជនរងគ្រោះបានឡើយ។
សាច់ញាតិជនរងគ្រោះនៅតែតក់ស្លុត និងបង្ហាញអារម្មណ៍សោកសង្រេងចំពោះការបាត់បង់អាយុជីវិតសាច់ញាតិម្ដង ៦នាក់ ឬស្មើនឹង ៣គ្រួសារក្នុងពេលតែមួយក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តបាត់ដំបង។
សាច់ញាតិជនរងគ្រោះម្នាក់គឺលោក រ៉ម ខនរិទ្ធី ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការបាត់បង់ជីវិតបងប្អូនកូនក្មួយ និងបងប្អូនសាច់ថ្លៃនាពេលនេះ ទោះបីសាច់ញាតិជនបង្កយកអ្វីមកសង់ក៏មិនអាចស្មើនឹងអាយុសាច់ញាតិរបស់លោកបាននោះដែរ។ សាច់ញាតិជនរងគ្រោះបញ្ជាក់ថា ក្នុងជំនួបចរចាទាមទារសំណង កាលពីព្រឹកថ្ងៃទី២ ខែមេសា នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បងប្អូនសាច់ញាតិជនរងគ្រោះបានទាមទារសំណងសម្រាប់ជនរងគ្រោះ និងអ្នកស្លាប់ក្នុងម្នាក់ ៣ម៉ឺន ៥ពាន់ដុល្លារ ប៉ុន្តែម្ដាយជនបង្កឈ្មោះ ស៊ីវ ជ័យសិដ្ឋ គឺអ្នកស្រី ខា អ៊ាង បានបដិសេធ និងព្រមផ្ដល់សំណងត្រឹមតែ ១ម៉ឺនដុល្លារប៉ុណ្ណោះសម្រាប់ជនរងគ្រោះម្នាក់។
ម្ដាយជនបង្កគឺអ្នកស្រី ខា អ៊ាង ដែលមានទាំងអំណាច និងទឹកលុយលើកឡើងចំពោះមុខសាច់ញាតិជនរងគ្រោះថា សំណងជនរងគ្រោះក្នុងម្នាក់ ១ម៉ឺនដុល្លារគឺជាចំនួនច្រើនលើសលប់សម្រាប់គ្រួសារជនរងគ្រោះ។
សាច់ញាតិជនរងគ្រោះលោក រ៉ម ខនរិទ្ធី បញ្ជាក់ថា សាច់ញាតិក្រុមគ្រួសារទាំងអស់បដិសេធទទួលយកសំណង ១ម៉ឺនសម្រាប់អាយុជីវិតមនុស្សម្នាក់ និងចាត់ទុកថា ការផ្ដល់តម្លៃសំណងក្នុងទំហំទឹកប្រាក់នេះគឺជាការប្រមាថជីវិតសាច់ញាតិរបស់លោកដែលបានស្លាប់យ៉ាងអាណោចអាធម៌។
លោក រ៉ម ខនរិទ្ធី៖ «ម្តាយជនបង្កគាត់សុំឱ្យត្រឹម ១ម៉ឺនដុល្លារម្នាក់ គាត់ថា គាត់ឱ្យប៉ុណ្ណឹងច្រើនហើយ មកខាងយើង ហើយគាត់ថា ឱ្យប៉ុណ្ណឹងច្រើនហើយ គាត់រៀបរាប់ថា គាត់នៅជួសជុលឡានទៀត។ ដល់ពេលអ៊ីចឹងខាងខ្ញុំទទួលយកអត់បាន។ ព្រោះ ១ម៉ឺនដុល្លារហ្នឹង វាអត់ស្មើនឹងកង់ឡានកូនគាត់ និងកង់យ៉ាន់ឡានកូនគាត់មួយគ្រាប់ផង ខ្ញុំទទួលយកអត់បានទេ។ ចំពោះខ្ញុំខាងគ្រួសារសពហ្នឹង គឺសុំឱ្យជនបង្កហ្នឹងគឺជាប់គុក ដើម្បីរកយុត្តិធម៌ឱ្យខាងសពឱ្យគាត់បិទភ្នែកជិត ព្រោះជីវិតមនុស្សមិនអាចត្រឡប់មកវិញបានទេ»។
ក្រោយជំនួបចរចាសំណងរដ្ឋប្បវេណីក្រៅប្រព័ន្ធតុលាការមិនត្រូវគ្នា សាច់ញាតិជនបង្កក៏បានដាក់សម្ពាធឱ្យសាច់ញាតិជនរងគ្រោះជួបគ្នាជជែកចរចាម្ដងទៀតនៅរសៀលថ្ងៃទី២ ខែមេសា។ ប៉ុន្តែ លោក រ៉ម ខនរិទ្ធី បញ្ជាក់ថា ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះបដិសេធមិនទៅចរចាម្ដងទៀតឡើយ ដោយសារតែគ្មានលទ្ធភាពធ្វើដំណើរ និងទុកឱ្យតុលាការជាអ្នកសម្រេច។
តំណាងអយ្យការសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី២ ខែមេសា បានសម្រេចចោទប្រកាន់លើជនសង្ស័យ ស៊ីវ ជ័យសិដ្ឋ ក្នុងសំណុំរឿងពីរផ្សេងគ្នា។ សំណុំរឿងទី១ គឺចោទពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្ដាលឱ្យមនុស្សស្លាប់ច្រើននាក់ ស្របតាមមាត្រា ៨៥នៃច្បាប់ចរាចរណ៍ផ្លូវគោក។ ចំណែក សំណុំរឿងទី២ គឺចោទពីបទបើកបរដោយធ្វេសប្រហែសបណ្ដាលឱ្យរបួសដល់អ្នកដទៃ និងរត់គេចខ្លួន ស្របតាមមាត្រា ៨៣ នៃច្បាប់ដដែល និងមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ។ សំណុំរឿងនេះនឹងត្រូវបានបញ្ជូនបន្តទៅចៅក្រមស៊ើបសួរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៧ ខែមីនា ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ជនបង្កឈ្មោះ ស៊ីវ ជ័យសិដ្ឋ ត្រូវជាកូនប្រុសស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានបើកឡានសេរីទំនើបក្នុងល្បឿនលឿនបុករះពីក្រោយម៉ូតូ ២គ្រឿងធ្វើដំណើរស្របគ្នាបណ្ដាលឱ្យមនុស្ស ៦នាក់ ឬស្មើនឹង ៣គ្រួសារក្នុងនោះរួមមានទាំងស្ត្រីពពោះកូនក្នុងផ្ទៃ ៣ខែផងបានស្លាប់ទាំងម្ដាយទាំងកូន។ ភ្លាមៗជនបង្កក៏បានជិះឡានផ្សេងទៀតរត់គេចខ្លួនជិត ១ សប្ដាហ៍ទើបឪពុកម្តាយនាំកូនមកប្រគល់ខ្លួនឲ្យសមត្ថកិច្ចសួរចម្លើយ។ ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ មានក្មេងប្រុសតែម្នាក់ប៉ុណ្ណោះអាយុ ៦ នៅរស់រានមានជីវិត ប៉ុន្តែក៏រងរបួសបាក់ជើងប៉ះទង្គិចក្បាលធ្ងន់ធ្ងរ និងកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងខេត្តសៀមរាប។
អ្នកគ្រប់គ្រងប្រចាំការិយាល័យអង្គការលីកាដូ (LICADHO) ខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត លើកឡើងថា ថ្វីត្បិតតែជនបង្កជាកូនចៅអ្នកមានលុយមានអំណាច តុលាការត្រូវបង្ហាញឯករាជ្យភាពរបស់ខ្លួនផ្ដន្ទាទោសប្រព្រឹត្តឱ្យបានធ្ងន់ធ្ងរតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌សម្រាប់ជនរងគ្រោះ និងជាការព្រមានដល់អ្នកមានអំណាចផ្សេងទៀតដែលតែងតែបើកបរប្រមាថអាយុជីវិតពលរដ្ឋតាមដងផ្លូវ។ លោក អ៊ិន គង់ជិត យល់ថា ការទាមទារសំណងពីសាច់ញាតិជនរងគ្រោះ ៣ម៉ឺន ៥ពាន់ដុល្លារក្នុងម្នាក់គឺជាចំនួនតិចតួចនៅឡើយបើធៀបនឹងការបាត់បង់អាយុជីវិតមនុស្ស ៦នាក់ និងសេចក្ដីឈឺចាប់របស់ក្រុមគ្រួសារជនរងគ្រោះ។
លោក អ៊ិន គង់ជិត៖ «ការទាមទារសំណងរបស់គ្រួសារជនរងគ្រោះក៏សមរម្យដែរ ព្រោះអីគាត់ទទួលព្យសនកម្មហ្នឹង មានទំហំធំធេងណាស់ ហើយការទាមទាររបស់គាត់អត់ធ្ងន់ធ្ងរអីទេ គាត់គិតប៉ុណ្ណឹងសម្រាប់ប្រជាពលរដ្ឋស្រុកខ្មែរ ចិត្តគំនិតនៃស្រុកខ្មែរគាត់ទាមទារប៉ុណ្ណឹង។ ប៉ុន្តែបើសិនជាជនបរទេស ឬក៏នៅប្រទេសក្រៅ គេមិនទាមទារប៉ុណ្ណឹងទេ គេទាមទារសំណងលើសហ្នឹងទៅទៀត។ គ្រួសារជនរងគ្រោះទទួលព្យសនកម្មធំធេង គាត់ត្រូវមានទុក្ខសោកដែលមនុស្សណាអត់ចង់ជួបប្រទះ ហើយក៏អត់ចង់ឃ្លាតដែរ។ ហើយបើសិនជារឿងហ្នឹងកើតលើគ្រួសារគាត់វិញ តើគាត់គិតយ៉ាងម៉េចសម្រាប់អាណាព្យាបាលនៃជនបង្ក?»
ជនជាប់ចោទឈ្មោះ ស៊ីវ ជ័យសិដ្ឋ អាយុ ២០ឆ្នាំ គឺជាកូនអ្នកមានទាំងលុយ មានទាំងអំណាច រីឯរថយន្តដែលបើកបុករះមនុស្ស ៦នាក់ស្លាប់នោះមានតម្លៃជាង ១០ម៉ឺនដុល្លារ។ ម្ដាយរបស់ជនជាប់ចោទគឺអ្នកស្រី ខា អ៊ាង គឺជាអនុប្រធានសភាពាណិជ្ជកម្មប្រចាំខេត្តបន្ទាយមានជ័យ និងម្ចាស់អាជីវកម្ម ទៀ ណាំហាក់ និងជាសមាជិកគ្រួសារ (CEO Master Club)។ រីឯ ឪពុករបស់ជនជាប់ចោទគឺលោក ស៊ីវ សុជាតិ មានតួនាទីជាទីប្រឹក្សាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ជាស្នងការរងខេត្តបន្ទាយមានជ័យ និងមានកេរ្តិ៍ឈ្មោះអាស្រូវរងការចោទប្រកាន់ថា ជាអ្នកកាងទំនិញឈ្មួញគេចពន្ធនាំចូលកម្ពុជា។
សាច់ញាតិជនរងគ្រោះ និងមន្ត្រីសិទ្ធិមនុស្សបង្ហាញការព្រួយបារម្ភថា ក្នុងករណីដែលជនជាប់ចោទជាកូនអ្នកមានអំណាច ប្រសិនបើការជាប់ឃុំ ឬទទួលទោសអាចមានរយៈពេលខ្លី ដោយសារការអន្តរាគមន៍ និងអំពើពុករលួយ នោះជនរងគ្រោះមិនអាចទទួលបានយុត្តិធម៌ពិតប្រាកដឡើយ៕









