

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនបានស្វែងរកកិច្ចអន្តរាគមន៍ ឬការគាំទ្រណាមួយពីរដ្ឋាភិបាលបារាំង ដើម្បីទាមទារទឹកដីខ្មែរដែលថៃបានឈ្លានពាន និងកំពុងកាន់កាប់ឡើយ។ អ្នកឃ្លាំមើលយល់ថា លោក ហ៊ុន ម៉ាណែត ជាមេដឹកនាំអត់ប្រយោជន៍ និងបានកាត់ទឹកដីកម្ពុជាឱ្យថៃដើម្បីប្ដូរយកអំណាច។
ទោះបីជាភាគីបារាំងគឺជាសាក្សីដ៏សំខាន់ក្នុងការជួយរៀបចំឯកសារ និងភស្តុតាងផែនទី ដើម្បីទាមទារទឹកដីកម្ពុជាដែលថៃបានឈ្លានពានជាង ៥០ទីតាំងនៅតាមព្រំដែនកម្ពុជា-ថៃ ក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនបានអើពើស្នើសុំការគាំទ្រពីភាគីបារាំង ដើម្បីទាមទារទឹកដីកម្ពុជាយកមកវិញនោះទេ។
លោក ហ៊ុន ម៉ាណែត បានដឹកនាំមន្ត្រីគ្រាក់ៗទៅចូលរួមកិច្ចប្រជុំកំពូលស្ដីពីសុខភាពតែមួយ (One Health Summit) នៅប្រទេសបារាំងកាលពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា និងថែមទាំងមានជំនួបទ្វេភាគីជាមួយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដើម្បីពិភាក្សាបញ្ហានៃភាពតានតឹងនៃជម្លោះនៅតាមព្រំដែនរវាងកម្ពុជា-ថៃ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក តាន់ ហ្សង់ហ្វ្រង់ស័រ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៩ ខែមេសា អំពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ថា ក្នុងជំនួបទ្វេភាគីជាមួយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង នោះ លោក ហ៊ុន ម៉ាណែត មិនស្នើឱ្យបារាំងជួយគាំទ្រផ្នែកនយោបាយ ឬគន្លឹះក្នុងការទាមទារទឹកដីកម្ពុជាដែលថៃកំពុងចូលកាន់កាប់ជាច្រើនទីតាំងនោះទេ។ លោកបញ្ជាក់ថា ក្នុងជំនួបនេះលោក ហ៊ុន ម៉ាណែត បានលើកឡើងដោយផ្ដោតសំខាន់ចំពោះការឈរជើងរបស់កម្លាំងយោធាថៃលើទឹកដីកម្ពុជាដោយខុសច្បាប់ និងការប្ដេជ្ញាចិត្តរបស់កម្ពុជាបន្តស្វែងរកដំណោះស្រាយបញ្ហានៅតាមជម្លោះព្រំដែនដោយសន្តិវិធី។
លោក តាន់ ហ្សង់ហ្វ្រង់ស័រ៖ «សម្ដេចធិបតី មិនបានស្នើសុំការគាំទ្រនយោបាយ ពីសំណាក់ឯកឧត្ដម ម៉ាក្រុង ទេ សម្ដេចធិបតីគ្រាន់តែរៀបរាប់ជូនជាព័ត៌មាន ដល់ប្រធានាធិបតីបារាំងនូវអ្វីដែលបាន និងកំពុងបន្តប្រព្រឹត្តិទៅ នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ យ៉ាងណាក៏ដោយ សម្ដេចធិបតី និងឯកឧត្ដម ម៉ាក្រុង និយាយត្រូវរ៉ូវគ្នាបានល្អ ពិសេសជុំវិញជំហររួមគ្នាទីមួយ គឺជំហរនៃការគោរពច្បាប់អន្តរជាតិ ទីពីរ គឺជំហរនៃការលើកកម្ពស់ពហុភាគីនិយម»។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣តុលា លោក គឹម សុខ លើកឡើងថា ការមិនស្វែងរកកិច្ចអន្តរាគមន៍ពីប្រទេសបារាំង ដើម្បីឱ្យជួយការពារទឹកដីដែលថៃកំពុងឈ្លានពានត្រួតត្រានោះគឺឆ្លុះបញ្ចាំងថា លោក ហ៊ុន ម៉ាណែត បានបោះបង់ទឹកដីកម្ពុជាដែលថៃចូលគ្រប់គ្រង ឬមិនខ្វល់ខ្វាយពីជោគវាសនាទឹកដីនៃប្រទេសកម្ពុជាឡើយ។
លោក គឹម សុខ៖ «បារាំងជាម្ចាស់ឯកសារស្របច្បាប់ ម្ចាស់ផែនទី និងជាសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទៅទៀត។ ដំណោះស្រាយវិបត្តិកម្ពុជា បារាំងមានឥទ្ធិពលខ្លាំងណាស់ នោះមានន័យថា វាសនាកម្ពុជាស្ថិតនៅក្នុងកណ្ដាប់ដៃនៃការធ្វើអន្តរាគមន៍របស់ភាគីបារាំង។ ម្ល៉ោះហើយពេលលោក ហ៊ុន ម៉ាណែត ទៅដល់បារាំងហើយជួបទាំងប្រធានាធិបតីបារាំង បែរទៅជាមិនស្វែងរកអន្តរាគមន៍ពីភាគីបារាំង នោះមានន័យថា លោក ហ៊ុន ម៉ាណែត ជាមេដឹកនាំកម្ពុជាដ៏ឥតប្រយោជន៍បំផុត ឬក៏បោះបង់កម្ពុជាចោលហើយ»។
ជាមួយគ្នានេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន មានប្រសាសន៍ថា មេដឹកនាំត្រកូល ហ៊ុន កំពុងរៀបចំកាត់ទឹកដីខ្មែរជាង ៥០ទីតាំងទៅឱ្យប្រទេសថៃហើយទើបគ្មានការស្នើឱ្យបារាំងលូកដៃជួយអន្តរាគមន៍ និងមិនអើពើប្ដឹងភាគីថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីទាមទារទឹកដីខ្មែរមកវិញ។ លោកថា យុទ្ធសាស្ត្ររបស់ត្រកូល ហ៊ុន កាត់ទឹកដីឱ្យថៃស្ងាត់ៗគឺជាថ្នូរកុំឱ្យថៃបន្តធ្វើសង្គ្រាមឈ្លានពានកម្ពុជាដែលអាចធ្វើឱ្យរង្គោះរង្គើដល់ការកាន់អំណាចរបស់ក្រុមគ្រួសារត្រកូល ហ៊ុន។
លោក អ៊ុំ សំអាន៖ «លោក ហ៊ុន ម៉ាណែត មិនអាចទាមទារទឹកដីចំនួន ៥១ ទីតាំងមកវិញទេ ព្រោះចរចាទ្វេភាគីថៃមិនឱ្យ ហើយគាត់អត់ប្តឹងទៅ ICJ ទៀត តើធ្វើម៉េចគាត់ទាមទារទឹកដីបានមកវិញ? អ៊ីចឹងមានតែជម្រើសកាត់ទឹកដីហ្នឹងទៅឱ្យថៃ ដើម្បីដូរយកសន្តិភាព និងអំណាចទេ ទើបគាត់អត់ស្នើឱ្យបារាំងជួយទាមទារទឹកដីយើងមកវិញ»។
អ្នកឃ្លាំមើលជឿថា បារាំងគឺជាសាក្សីដ៏សំខាន់ដែលអាចជួយឱ្យកម្ពុជាទាមទារទឹកដីជាង ៥០ ទីតាំងពីថៃយកមកវិញ ដោយសារតែបារាំងគឺជាអ្នកគូសផែនទី ដើម្បីកំណត់ខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃ ស្របតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ ១៩០៧។ ផែនទីនេះមានតម្លៃទទួលស្គាល់ដោយច្បាប់អន្តរជាតិ ដោយបានកំណត់ទីតាំងព្រំដែនកម្ពុជា-ថៃ ច្បាស់លាស់នៅតំបន់ជួរភ្នំដងរែក និងទឹកដីខ្មែរក្នុងតំបន់ជាប់ព្រំដែនផ្សេងៗដែលថៃកំពុងកាន់កាប់ក្រោយធ្វើសង្គ្រាមឈ្លានពានបាន។
កន្លងទៅ រដ្ឋាភិបាលប្រទេសបារាំងក៏បានបញ្ជាក់ចំពោះការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការជាផ្ដល់ឯកសារ និងផែនទី ដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ទោះយ៉ាងណា មកដល់ពេលនេះ រដ្ឋាភិបាលត្រកូល ហ៊ុន មិនបានអើពើស្វែងរកកិច្ចគាំទ្រពីបារាំង ដើម្បីប្ដឹងភាគីថៃដោះស្រាយបញ្ហាទឹកដីតាមយន្តការច្បាប់អន្តរជាតិឡើយ ដែលធ្វើឱ្យភាគីថៃកាន់តែគឃ្លើនក្នុងការរំលោភបំពានទឹកដីកម្ពុជា និងបានរៀបចំវាស់វែងទឹកដីខ្មែរដែលឈ្លានពានបានផ្តល់ឱ្យពលរដ្ឋថៃ ដើម្បីបង្កើតជាទីក្រុងរស់នៅជាអចិន្ត្រៃយ៍។
ទន្ទឹមមិនប្ដឹងភាគីថៃ ដើម្បីទាមទារទឹកដីខ្មែរមកវិញនោះ រដ្ឋាភិបាលត្រកូល ហ៊ុន ក៏បង្កើនយុទ្ធនាការបង្ក្រាបចាប់ពលរដ្ឋដែលហ៊ាននិយាយរឿងថៃឈ្លានពានទឹកខ្មែរដាក់គុក និងបង្កើតជាកម្មវិធីបំពុលសង្គម និងការជួបជុំសប្បាយផ្សេងៗ ដើម្បីឱ្យជនភៀសសឹកព្យាយាមបំភ្លេចរឿងបាត់បង់ផ្ទះសម្បែង និងទឹកដីកម្ពុជាដែលត្រូវថៃឈ្លានពានយក៕









