អ្នកឃ្លាំមើល​សង្គម​អះអាង​ថា ដើម្បី​ឲ្យ​ពលរដ្ឋ​ជឿជាក់​លើ​​រដ្ឋាភិបាល គឺ​លោក ហ៊ុន ម៉ាណែត ត្រូវ​ប្តឹង​ថៃ​ទៅ ICJ

0
91
ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

អ្នកឃ្លាំមើល​សង្គម អះអាងថា ដើម្បី​ឲ្យ​ពលរដ្ឋ​មានការ​ជឿជាក់​ទៅលើ​ការដឹកនាំ​របស់​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត គឺ​រដ្ឋាភិបាល​ត្រូវ​ហ៊ាន​ចេញមុខ​ដាក់ពាក្យ​ប្តឹង​យោធា​និង​ថ្នាក់ដឹកនាំ​ថៃ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដើម្បី​ទាមទារ​យក​ទឹកដី​ដែល​យោធា​ថៃ​ចូល​បំពាន​កាន់កាប់​ខុសច្បាប់​មក​ឲ្យ​ពលរដ្ឋ​រងគ្រោះ​វិញ​។ ការ​អះអាង​របស់​អ្នកឃ្លាំមើល​បែបនេះ គឺ បន្ទាប់​ពី​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ បាន​ផ្ញើ​សារ​អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងមូល ឲ្យ​ជឿជាក់​លើ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ចំពោះ​ការស្វែងរក​ដំណោះស្រាយ​ជម្លោះព្រំដែន ដែល​យោធា​ថៃ​ចូល​កាន់កាប់​ដី​ខុសច្បាប់​នៅ​ទីតាំង​មួយចំនួន។

ក្រោយ​សង្គ្រាម​ត្រូវ​បាន​បញ្ចប់​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០២៥ កន្លង​ទៅ យោធា​ថៃ​បន្ត​រំកិល​ចូល​ដែន​អធិបតេយ្យ​កម្ពុជា ឈ្លាន ពាន​តាម​អំពើ​ចិត្ត ដោយ​មិន​គោរព​ច្បាប់ និង​មិន​ឱ្យ​តម្លៃ​លើ​កិច្ច​ការទូត​ម្តង​ណា​ឡើយ សូម្បី​សេចក្តី​ថ្លែងការណ៍​រួម កាលពី​ខែតុលា ឆ្នាំ​២០២៥ កន្លងទៅ​ក៏ដោយ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​មិន​មាន​វិធានការ​ទប់ស្កាត់​សកម្មភាព​ឈ្លានពាន​ជាក់ស្តែង​នេះ​ឡើយ ក្រៅ​តែ​ពី​ការ​ធ្វើ​សកម្មភាព​ការទូត ប្រមូល​ភស្តុតាង និង​រង់ចាំ​វិធានការ​ច្បាប់ និង​មិន​ប្តឹង​យោធា​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ជុំវិញ​បញ្ហា​នេះ​ឡើយ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ មិនអាច​ជឿជាក់​ទៅលើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដោយសារតែ ក្រោយពី​សង្គ្រាម​បាន​បញ្ចប់ លោក ហ៊ុន ម៉ាណែត ពុំ​បាន​ធ្វើ​សកម្មភាព​តបត​ជាមួយ​ភាគី​ថៃ​ដើម្បី​ទាមទារ​យក​ដី​ដែល​យោធា​ថៃ​ទន្ទ្រាន​កាន់កាប់​ខុសច្បាប់​នោះ​ទេ ក្រៅ​តែ​ពី​អង្គុយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ជឿជាក់​មក​លើ​ការដឹកនាំ​របស់​ខ្លួន ខណៈ​ដី​ចេះតែ​បន្ត​បាត់បង់។

លោក ស៊ឹង សែនករុណា បន្ថែម​ទៀត​ថា ដើម្បី​ឲ្យ​ពលរដ្ឋ​ជឿជាក់​ទៅលើ​ការដឹកនាំ​របស់​ខ្លួន គឺ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវ​បង្ហាញ​អំពី​ការ​ធ្វើ​ទំនើបកម្ម​យោធា ដើម្បី​ការពារ​ជាតិ ដំឡើង​កំរិត​ការទូត​ក្នុង​ការ​ទាមទារ​យក​ទឹកដី​ដែល​យោធា​ថៃ​ទន្ទ្រាន​យក និង ត្រូវ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។

លោក ស៊ឹង សែនករុណា៖ «បើ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ជឿជាក់​មក​លើ​រដ្ឋាភិបាល​យើង​ត្រូវ​ពិនិត្យមើល​ទី​១ លទ្ធភាព​នៃ​ការ​ដាក់​ពាក្យ​ប្តឹង​រដ្ឋាភិបាល​ថៃ និង​យោធា​ថៃ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ជាពិសេស​តុលាការ ICJ ពាក់ព័ន្ធ​រឿង​វិវាទ​ព្រំដែន​នេះ​គឺ​ត្រូវ​ធ្វើ​ឡើងជា​ផ្លូវការ​ទៅតាម​នីតិវិធី ទាំង​នីតិវិធី​ផ្លូវច្បាប់ យើង​ឃើញ​ហើយ​មានការ​ផ្តល់​លទ្ធភាព​មកដល់​កម្ពុជា​ក្នុង​ការ​ប្តឹង​ទាមទារ​ឲ្យ​មាន​ការ​រក​យុត្តិធម៌​ជូន​ប្រទេស​កម្ពុជា​ជាដើម ក៏ប៉ុន្តែ​មេដឹកនាំ​បច្ចុប្បន្ន​មិន​ទាន់​មាន​ការ​ដាក់​បណ្តឹង​ជា​ផ្លូវការ​ណាមួយ​ដើម្បី​ឲ្យ​ខាង​តុលាការ​អន្តរជាតិ គេ​មា​វិធានការ​ស៊ើប​និង​ចាត់វិធានការ​ទៅលើ​ភាគី​ថៃ​នៅឡើយ​ទេ»។

ការ​អះអាង​របស់​ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​រូប​នេះ គឺ​បន្ទាប់ពី​ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន នៅ​ថ្ងៃទី​១០ ខែមេសា អំពាវនាវ​ដល់​ជនរួមជាតិ​ទាំងមូល ឲ្យ​បន្ត​ជឿជាក់​លើ​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​ណែ​ត ចំពោះ​ការ​ប្ដេជ្ញា​ស្វែងរក​ដំណោះស្រាយ​ជម្លោះព្រំដែន ដែល​យោធា​ថៃ​ចូល​កាន់កាប់​ដី​ខុសច្បាប់​នៅ​ទីតាំង​មួយចំនួន។

លោក ហ៊ុន សែន បន្ថែម​ទៀត​ថា ចំពោះ​ការ​ប្តេជ្ញាចិត្ត​ដ៏​ខ្ជាប់ខ្ជួន និង​ឥត​ងាក​ក្នុង ការស្វែងរក​ដំណោះស្រាយ​បញ្ហា​ប្រឈម​នានា ក៏ដូចជា​ការ​ដោះស្រាយ​ជម្លោះព្រំដែន និង​ការ​ចូល​កាន់កាប់​ដី ខុសច្បាប់​នៅ​ទីតាំង​មួយចំនួន​ពី​សំណាក់​ប្រទេស ធ្វើ​តាមរយៈ​យន្តការ​សន្តិវិធី ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀងទ្វេភាគី​នានា​។ រាល់​ការសម្រេចចិត្ត និង​ការអនុវត្ត របស់​រាជរដ្ឋាភិបាល គឺ​ផ្អែកលើ​ឧត្តម​ប្រយោជន៍​ជាតិ​និង​ប្រជាជន​កម្ពុជា ព្រមទាំង​ការ​រួមរស់​ជាមួយគ្នា​ដោយ សន្តិភាព​ជាមួយ​ប្រទេសជិតខាង។

ទាក់ទង​បញ្ហា​ព្រំដែន​នេះ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​លោក តាន់ ហ្សង់ហ្វ្រង់ស័រ បាន​លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​សាធារណរដ្ឋ​បារាំង នៅ​ថ្ងៃទី​៩ មេសា ថា លោក ហ៊ុន ម៉ាណែត ប្រាប់​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ថា កម្ពុជា​មិន​ទទួលស្គាល់​ដាច់ខាត​នូវ​ទឹកដី​ខ្មែរ​ដែល​ថៃ​បាន​ឈ្លានពាន​យ៉ាង​ជ្រៅ​យក​ទៅ​កាន់កាប់​ដោយ​ខុសច្បាប់ សព្វថ្ងៃ​នេះ​។ ទោះ​ទឹកដី​ទាំងនោះ​ត្រូវ​ថៃ​គ្រប់គ្រង​ក៏ដោយ ក៏​នៅតែ​ជា​ដែនដី​ស្របច្បាប់​របស់​កម្ពុជា​ដែរ។

ជុំវិញ​បញ្ហា​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​លោក សេង វណ្ណលី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា ការអំពាវនាវ​របស់​លោក​ហ៊ុន សែន ឲ្យ​ពលរដ្ឋ​ជឿជាក់​លើ​រាជរដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ​ដែល​រងគ្រោះ​កាន់តែ​មានការ​ឈឺចាប់​ទៅវិញ​ទេ ពីព្រោះ​ដោយសារតែ​រដ្ឋាភិបាល​បណ្តោយ​ឲ្យ​មាន​អំពើ​ឆបោក​អនឡាញ​កើត​មាន​នៅ​តាម​ព្រំដែន ជាហេតុ​ធ្វើ​ឲ្យ​ប្រទេស​ថៃ​យក​លេស​ទន្ទ្រាន​យក​ដី​របស់​ពលរដ្ឋ​នៅ​តាម​ព្រំដែន។

លោក វណ្ណ សេងលី បន្ថែម​ទៀត​ថា ដើម្បី​ឲ្យ​ពលរដ្ឋ​មាន​ជំនឿ​លុះត្រាតែ​រដ្ឋាភិបាល​ដាក់ទោស​ទណ្ឌ​ទៅ​លើ​មន្ត្រី​ដែល​កាង​ឲ្យ​ក្រុម​ឧក្រិដ្ឋជន និង​យក​ផលប្រយោជន៍​ជាតិ​ជាធំ ជាង​ជាង​កាង​ឲ្យ​ប្រជា​យោជន៍​បុគ្គល​និង​បក្ស​ពួកនិយម។

ក្រោយ​សង្គ្រាម​ជាមួយ​ប្រទេស​ថៃ រដ្ឋាភិបាល​កម្ពុជា បាន​ចោទ​ថា កងកម្លាំង​ថៃ​បាន​ឈ្លានពាន​ចូលកាន់​កាប់​ទឹកដី​ខ្មែរ​យ៉ាង​ជ្រៅ​ដោយ​រំលោភ​លើ​ច្បាប់​អន្តរជាតិ ទោះ​មាន​កិច្ច​អន្តរាគមន៍​ពី​អាមេរិក និង​ចិន រួមទាំង​យន្តការ​របស់​អាស៊ាន ក៏ដោយ​។​ទាហាន​ថៃ​កំពុង​គ្រប់គ្រង​ទឹកដី​ខ្មែរ​ចំនួន​៤​តំបន់​នៅ​ខេត្តពោធិ៍សាត់ រួមមាន តំបន់​ច​១ តំបន់​អូរ​ភ្លុក​ដំរី តំបន់​ស្ពាន​ជ័យជំនះ (​តំបន់​ស្ពាន​មេទឹក​) និង​តំបន់​ច្រកព្រំដែន​ជ័យជំនះ ឬ​ច្រក​៥៦ (​ថ្មដា​)​។ ចំណែក​ខេត្តបន្ទាយមានជ័យ យោធា​ថៃ​បាន​រាយ​លួស​បន្លា​ព័ទ្ធ​យក​ដី​ខ្មែរ​ចំនួន ៣​តំបន់ ដែល​មាន ២០​ទីតាំង ដោយ​ដាក់​ពង្រាយ​លួស​បន្លា និង​ទូ​កុងតឺន័រ ១០៥​ទូ ដែល​គិត​ជា​ផ្ទៃដី​សរុប​មាន​ទំហំ​៧៦៣​ហិកតារ។

អ្នកឃ្លាំមើល​សង្គម​រូប​នេះ ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ទប់ស្កាត់​ភាព​គឃ្លើន​របស់​ភាគី​ថៃ​លើ​ដី​ជាក់ស្តែង​ឱ្យ​មាន​ប្រសិទ្ធភាព​ស្រប​តាមច្បាប់​អន្តរជាតិ ដំឡើង​កម្រិត​ការទូត​ឱ្យ​កាន់​ខ្ពស់​ដើម្បី​ទាមទារ​ឲ្យ​ថៃ ដក​យោធា​ពី​ទឹកដី​កម្ពុជា ប្តឹង​ថៃ​ទៅកាន់​តុលាការអន្តរជាតិ រួម​ទាំង​ត្រូវធ្វើ​ទំនើបកម្ម​វិស័យ​យោធា ពង្រឹង​វិស័យសេដ្ឋកិច្ច ស្ដារ​ប្រជាធិបតេយ្យ ដើម្បី​ឱ្យ​មាន​ឯកភាព​ជាតិ​ពិតប្រាកដ​ផង​ដែរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ