អ្នកឃ្លាំមើល​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គួរតែ​មាន​យន្តការ​ច្បាស់លាស់ ក្នុង​ការ​ទាមទារ​ទឹកដី​ពី​ថៃ​មកវិញ ខណៈ​ថៃ​កំពុង​ពង្រីក​ការ​ឈ្លានពាន

0
123
(ពី​ស្ដាំ) ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (Donald J. Trump) នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ក្នុង​ថ្ងៃ​ចូលរួម​ចុះ​ហត្ថលេខា​កិច្ច​ព្រមព្រៀង​រួម​សន្តិភាព នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ តុលា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត
(ពី​ស្ដាំ) ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (Donald J. Trump) នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ក្នុង​ថ្ងៃ​ចូលរួម​ចុះ​ហត្ថលេខា​កិច្ច​ព្រមព្រៀង​រួម​សន្តិភាព នៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃទី២៦ តុលា ២០២៥។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

អ្នកឃ្លាំមើល​លើកឡើង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ា​ណែ​ត គួរតែ​មាន​យន្តការ​ច្បាស់លាស់ ក្នុង​ការ​ទាមទារ​ទឹកដី​ពី​ថៃ​មកវិញ ជាជាង​ពឹងផ្អែក​តែ​ទៅលើ​ការចរចា​ទ្វេភាគី និង ការ​បកស្រាយ​គេចវេះ​ពី​បញ្ហា​ជាក់ស្ដែង​។ ការ​លើក​ឡើង​នេះ ស្របពេល យោ​ថៃ​កំពុង​ពង្រីក​ការ​រាយ​លួស​បន្លា​តាម​ព្រំដែន និង​បង្កើន​សកម្មភាព​សាងសង់​លេណដ្ឋាន និង​ទីតាំង​យោធា​ជាច្រើន​នៅ​លើ​ទឹកដី​ខ្មែរ ដែល​ពួកគេ​កំពុង​កាន់កាប់។

ខណៈ​ដែល​យោធា​ថៃ​កំពុងតែ​មមាញឹក នឹង​ការសាងសង់​លេណដ្ឋាន​ធំៗ និង​ពង្រីក​សកម្មភាព រាយ​លួស​បន្លាយ តាម​ព្រំដែន​ទាំងយប់​ទាំង​ថ្ងៃ រដ្ឋាភិបាល កម្ពុជា​ឯណោះ​វិញ នៅតែ​នៅ​ពុំ​ទាន់​មាន​ភាព​ច្បាស់លាស់ ក្នុង​ដោះស្រាយ​បញ្ហា​ព្រំដែន ជាមួយ​ថៃ​ឱ្យ​មាន​ប្រសិទ្ធភាព​។ អ្នកឃ្លាំមើល​រិះគន់​ថា របៀប​ធ្វើការ​របស់​មេដឹកនាំ​ត្រកូល​«​ហ៊ុន​» នេះ​ជា​គ្រោះថ្នាក់​ដ៏​ធំ​សម្រាប់​ប្រទេស​ជាតិ។

ប្រធាន​ក្រុម​ប្រឹក្សាឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​១០ ខែ​មេសា​ថា លោក​គ្មាន​ជំនឿ​ចិត្ត លើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ​នោះ​ទេ ប្រសិនបើ​នៅតែ​បន្ត ដោះស្រាយ​បញ្ហា​របៀប លួចលាក់ បិទបាំង និង គ្មាន​ជំហរ​ច្បាស់លាស់ ទៅលើ​យន្តការ​ណាមួយ ដូច​សព្វថ្ងៃ​នេះ។

លោក​ថា ជម្រើស​ដែល​កម្ពុជា​មានប្រៀប​លើ​ភាគី​ថៃ គឺ​ការ​ប្ដឹង​ថៃ​ទៅកាន់​តុលាការអន្តរជាតិ និង​ការ​ពឹង​ប្រទេស​បារាំង ឱ្យ​ធ្វើជា​សាក្សី ក៏ប៉ុន្តែ លោក​សោកស្ដាយ ដែល​រដ្ឋាភិបាល បាន​ជួប​ជាមួយ​ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង (Emanuel Macron) ប៉ុន្តែ បែរជា​គ្មាន​ការ​ពឹង​អាស្រ័យ​ឱ្យ​ប្រទេស​មហាអំណាច​មួយ នេះ​ជួយ ហើយ​ប្ដឹង​ថៃ​ទៅកាន់​តុលាការអន្តរជាតិ​ក៏​គ្មាន។

លោក ម៉ែន ណាត៖ «ជា​ដំណោះស្រាយ​វា​ទល់​តែ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត នឹង​ដែល​មាន​ក្រសួង​ការពារជាតិ និង​ក្រសួង​ការបរទេស​ជា​សេនាធិការ​ត្រូវធ្វើ​ការងារ​ឱ្យ​បាន​ខ្លាំង។ ក្រសួងការពារជាតិ ត្រូវតែ​ចាត់វិធានការ​ស្របច្បាប់​អន្តរជាតិ ដើម្បី​ទប់ស្កាត់​ការឈ្លានពាន​។ រីឯ​ក្រសួង​ការបរទេស​កម្ពុជា ត្រូវតែ​សុំ​អន្តរាគមន៍​ពី​អន្តរជាតិ​ឱ្យ​បាន​ខ្លាំងក្លា ដើម្បី​ដាក់​សម្ពាធ​ថៃ​ឱ្យ​ត្រូវតែ​ដក​កងទ័ព​ចេញពី​ទឹកដី​កម្ពុជា​។ ចំណែកឯ​នាយករដ្ឋមន្ត្រី និង​ក្រុមការងារ​ត្រូវតែ​ប្រញាប់​បញ្ជូន​ពាក្យបណ្ដឹង​ប្ដឹង​ថៃ​ទៅ​កាន់តែ តុលាការអន្តរជាតិ​ឱ្យ​បាន​លឿន»។

បច្ចុប្បន្ន​យោធា​ថៃ​កំពុងតែ​សស្រាក់សស្រាំ​សម្បើម​ណាស់ ក្នុង​ការ​រាយ​លួស​បន្លា​សឹងតែ​គ្រប់​ទីកន្លែង​នៅ​លើ​ដី​ខ្មែរ ដែល​ពួកគេ​កំពុងតែ​កាន់កាប់ ខណៈ​ទាហាន​ខ្មែរ បាន​ត្រឹម​តែ​ឈរ​មើល និង​ថត​វីដេអូ ហើយ ពេលខ្លះ​ក៏បាន​ទាស់សម្ដី​គ្នា មួយ​ប្រាវ ក៏​ស្ងាត់​ទៅវិញ​។ នៅ​ថ្ងៃទី​០៨ ខែមេសា​នេះ យោធា​ថៃ បាន​ដើរ​រាយ​លួស​បន្លា​បន្ថែម​ទៀត ចូល​មក​លើ​ដី​ខ្មែរ នៅ​តំបន់​ជាយៗ​នៃ​ប្រាសាទ​មាន់​ធំ ខេត្ត​ឧត្តរមានជ័យ។ ចំណែក​នៅ​លើ​ភ្នំ​៣៥០ យោធា​ថៃ កំពុងតែ​សាងសង់​រូប​សំណាក​ទាហាន​ថៃ ភ្ជាប់​ជាមួយ​ទង់ជាតិ និង​ផ្ទាំង​ថ្ម​ដ៏​ធំ ដើម្បី​បង្ហាញ​ពី​ការ​ពលី​របស់​យោធា​ថៃ។

រីឯ នៅ​ថ្ងៃទី​០៩ ខែមេសា មេបញ្ជាការ​ទ័ពជើងគោក​ថៃ បាន​បង្ហាញ​ប្រាប់​អ្នកសារព័ត៌មាន ពី​សកម្មភាព​យ៉ាង​មមាញឹក​របស់​យោធា​ថៃ ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ដែល​បាន​សាងសង់​លេណដ្ឋាន​ជាច្រើន នៅ​លើ​ទឹកដី​ខ្មែរ ក្នុង​នោះ​មាន​លេណដ្ឋាន​ជិត​២០០(១៨២)​តំបន់។ លេណដ្ឋាន​ទាំងនោះ ធ្វើ​អំពី​ស៊ីម៉ង់ និង​កង​កៅស៊ូ​ដ៏​រឹងមាំ និង​មាន​ចំនួន​១១៧​ហើយ​ដែល​ពួកគេ​បាន​សាងសង់​រួច ខណៈ ៦៥​ផ្សេងទៀត​កំពុងតែ​ដំណើរការ​។ ចំណែក​តំបន់​ផ្សេងៗ​ទៀត ដូចជា​តំបន់​ថ្មដា ខេត្តពោធិ៍សាត់ តំបន់​ភ្នំ​ទ្រព្យ ភ្នំ​ខ្មោច និង​ទីតាំង​ជិត​ច្រកចូល​ទៅមុខ វត្ត​គិរីស្វារៈ ខេត្តព្រះវិហារ ក៏​ថៃ​កំពុងតែ សាងសង់​ផ្លូវ​បេតុង និង​រាយ​លួស​បន្លា​​ជា​បន្តបន្ទាប់​ផង​ដែរ។

ទន្ទឹមគ្នា​នោះ​រដ្ឋាភិបាល កំពុង​ដំណើរការ​លុបចោល MOU ឆ្នាំ​២០០០ ស្ដីពី​ព្រំដែន​គោក និង MOU ឆ្នាំ​២០០១​ស្ដី​អំពី​ការ​អភិវឌ្ឍ​ធនធាន​សមុទ្រ​ជាមួយ​កម្ពុជា​ផង​ដែរ។

ជុំវិញ​រឿង​នេះ កាលពី​ថ្ងៃទី​៨ ខែមេសា ក្រសួងការបរទេស​កម្ពុជា​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ឆ្លើយតប​នឹង​ការពិចារណា​របស់​ប្រទេស​ថៃ ដោយ​បញ្ជាក់​ថា ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់ គ្នា​(MOU)​ឆ្នាំ​២០០១ គឺ​ធ្វើ​ឡើង​បង្ហាញ​ពី​ឆន្ទៈ​នយោបាយ និង​បំណង​ធ្វើការ​រួមគ្នា​រវាង​កម្ពុ​ជា និង​ថៃ ដើម្បី​ទាញ​ប្រយោជន៍​ពី​ធនធាន​ដែនសមុទ្រ​ត្រួត​គ្នា និង​កំណត់ព្រំដែន សមុទ្រ​ស្របតាម​ច្បាប់​អន្តរជាតិ​។ ដូច្នេះ​កម្ពុជា​សោកស្ដាយ​ប្រសិនបើ​ថៃ​ដកខ្លួន​ចេញ​មែន។

ប្រមុខ​ដឹកនាំ​ស្ថាប័ន អធិបតេយ្យ​ជាតិ ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន យល់​ថា​ការដែល​ភាគី​ថៃ​ពិចារណា​លុប MOU ទាំង​ដែន​គោក និង​ដែនសមុទ្រ ជាមួយ​កម្ពុជា ហើយ យោធា​ថៃ​កំពុងតែ​បង្កើន​សកម្មភាព​ឈ្លានពាន​ទឹកដី​ខ្មែរ​ស្ទើរ​រាល់ថ្ងៃ​នេះ​ផង​នោះ នេះ​បង្ហាញ​ច្បាស់​ថា ថៃ​នឹង​កាន់កាប់​ទឹកដី​ខ្មែរ​ជា​អចិន្ត្រៃយ៍​។ លោក​ថា ថៃ​នឹង​មិន​ប្រគល់​ទឹក​តាំង​នោះ​ដោយ​ងាយៗ​នោះ​ឡើយ ខណៈ​រដ្ឋាភិបាល​កម្ពុជា​កំពុង​«​អសមត្ថភាព​» ក្នុង​ការ​ទាមទារ​ទឹកដី គ្មាន​ប្រៀប​លើ​ឆាក​អន្តរជាតិ​និង មិន​ប្ដឹង​ថៃ​ទៅកាន់​តុលាការអន្តរជាតិ​ផង​នោះ។

លោក អ៊ុំ សំអាន៖ «​ដូច្នេះ​បើសិន​បើ​ថៃ​លុបចោល​MOU២០០០ មែន ជម្រើស​នៃ​ការចរចា​ទ្វេភាគី គឺ​ចាប់​ហើយ​។ ដី​នោះ​ក៏​ថៃ​មិន​ប្រគល់​មក​ឱ្យ​យើង​ដែរ ហើយ​កម្ពុជា​មានតែ​ប្រើ​យន្តការ​អន្តរជាតិ​តាមរយៈ​ការ​ប្ដឹង​ថៃ​ទៅកាន់​តុលាការអន្តរជាតិ ICJ ប្ដឹង​ថៃ​ទៅកាន់​សហប្រធាន​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​នោះ​ទេ បាន​អាច​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ថៃ​វិញ​បាន»។

អ្នកឃ្លាំមើល​ថា រដ្ឋាភិបាល​កម្ពុជា​មិន​គួរ​បណ្ដែតបណ្ដោយ​ឱ្យ​បញ្ហា​ព្រំដែន​បន្ត​អូស​បន្លាយ​យូរ ទាំង​គ្មាន យន្តការ​ច្បាស់លាស់ បែបនេះ​ទេ ព្រោះ​ធ្វើ​ឱ្យ​ភាគី​ថៃ​ចេះតែ​បន្ត​ប្រមាថមើលងាយ​កងទ័ព​ខ្មែរ និង បន្តសកម្មភាព ឈ្លានពាន​ដី​ខ្មែរ​កាន់តែ​ជ្រៅ​។ ទន្ទឹមគ្នា​នោះ​ពួកគាត់​ថា ការដែល កម្ពុជា​ពឹង​អាស្រ័យ​តែ លើ​ការចរចា​ទ្វេភាគី ជាមួយ​ថៃ​តែមួយគត់ ខណៈ​ភាគី​ថៃ​តែងតែ​បដិសេធ មិន​ចូល​តុ​ចរចា​ផង​នោះ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា រដ្ឋាភិបាល​កម្ពុជា ហាក់​យក​បញ្ហា​បូរណភាព​ទឹកដី និង​ជីវិត​ពលរដ្ឋ​រាប់​ម៉ឺន​នាក់ ដែល​បាត់បង់​ដីធ្លី និង​ផ្ទះសម្បែង​ជា ការ​លែង​សើច៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ