
ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ថៃ សម្រេចលុបចោល MOU44 ជាមួយកម្ពុជា
មេដឹកនាំថៃលើកឡើងថា ក្រុមប្រឹក្សាសន្តិសុខជាតិថៃ បានអនុម័តការលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ឬ MOU44 ស្ដីពីការកំណត់ដែនសមុទ្រជាមួយកម្ពុជា ដោយយកច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ(UNCLOS) មកប្រើជំនួសវិញ។ ភាគីថៃបានអះអាងថា គណៈរដ្ឋមន្ត្រីថៃមានសិទ្ធិអំណាចលុបចោល MOU44 ដោយមិនចាំបាច់ជូនដំណឹងដល់កម្ពុជានោះឡើយ។ អ្នកឃ្លាំមើលថា ការលុបចោល MOU44 ដែលមានអាយុកាលជាង២០ឆ្នាំនេះ គឺជាសញ្ញានៃការប្រែប្រួលយុទ្ធសាស្ត្រចរចាដ៏សំខាន់របស់ថៃ និងធ្វើឱ្យការចរចាស្ដីពីបញ្ហាដែនសមុទ្ររបស់កម្ពុជា-ថៃ វិលទៅរកចំណុចសូន្យវិញ។
នៅវិមានរដ្ឋាភិបាល នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល(Anutin Chanvirarkul) បានផ្ដល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន កាលពីព្រឹក ថ្ងៃទី ២៣ ខែមេសា ថា ក្រុមប្រឹក្សាសន្តិសុខជាតិថៃ (NSC)បានគាំទ្រគម្រោងលុបចោលអនុស្សរណៈ នៃការយោគយល់គ្នាឆ្នាំ២០០១ ឬ MOU44 តាមសំណើរបស់ក្រសួងការបរទេសថៃ ដោយការសម្រេចនេះ នឹងត្រូវបញ្ជូនបន្តទៅគណៈរដ្ឋមន្ត្រីថៃ ដើម្បីត្រួតពិនិត្យ។ លោក អានុទីន លើកឡើងថា លោកនឹងពន្លឿនដំណើរការលុប MOU44 ឱ្យបានលឿនបំផុត ទោះបីជារដ្ឋាភិបាលរបស់លោកទើបបង្កើតគណៈរដ្ឋមន្ត្រីថ្មីហើយក៏ដោយ។
មេដឹកនាំថៃ ដែលចេញមកពីក្រុមអភិរក្សនិយមរូបនេះ អះអាងថា បន្ទាប់ពីលុបចោល MOU44 រួច ភាគីថៃនឹងប្រើប្រាស់ជំនួសវិញ នូវអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ(UNCLOS) ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយកម្ពុជា ហើយប្រសិនបើសំណើលុបចោល MOU44 នេះ គ្មានឧបសគ្គនោះទេ បានលុបចោលភ្លាមៗដោយមិនចាំបាច់ជូនដំណឹង ឬស្នើសុំការឯកភាពពីភាគីកម្ពុជានោះឡើយ។
អនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ គឺជាកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃនៅលើដែនសមុទ្រ ដែលភាគីទាំងពីរ បានអះអាងថា «ត្រួតស៊ីគ្នា» ដើម្បីផ្ដល់ជាក្របខ័ណ្ឌចរចារវាងប្រទេសជិតខាងទាំងពីរ។ អនុស្សរណៈនេះ បានបង្កើតក្រុមការងារបច្ចេកទេសរួមមួយ (Joint Technical/Expert Group on Maritime Cooperation) ដើម្បីធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍ធនធានក្នុងតំបន់សមុទ្រ ដែលកំពុងមានទំនាស់ (Overlapping Claim Area – OCA) និងជាវិធីសាស្ត្របណ្ដោះអាសន្ន ក្នុងការអនុញ្ញាតឱ្យប្រទេសទាំងពីរអាចប្រើប្រាស់ និងគ្រប់គ្រងធនធានក្នុងដែនសមុទ្ររួមគ្នាបាន ទោះបីជាមិនទាន់កំណត់ព្រំដែនឱ្យបានច្បាស់លាស់ក៏ដោយ។
ទោះជាយ៉ាងណា អ្នកនាំពាក្យនាយករដ្ឋមន្ត្រីថៃ អ្នកស្រី រ៉ាឆាដា ថាណាឌីរិក(Rachada Thanadirek) បានលើកពីមូលហេតុនៃការលុបចោលអនុស្សរណៈ នៃយោគយល់គ្នាឆ្នាំ២០០១ ជាមួយកម្ពុជាថា កិច្ចព្រមព្រៀងនេះគ្មានការវិវឌ្ឍន៍ និងគ្មានប្រយោជន៍សម្រាប់ភាគីទាំងពីរនោះឡើយ ហើយផ្ទុះទៅវិញ MOUនេះ បានបង្កើតឱ្យមានជម្លោះលើដែនសមុទ្រ រវាងកម្ពុជា និងថៃផងដែរ។ អ្នកស្រីបន្តថា ប្រសិនបើប្រទេសកម្ពុជានៅតែចង់អភិវឌ្ឍ និងគ្រប់គ្រងធនធានក្រោមសមុទ្ររួមគ្នាជាមួយប្រទេសថៃ កម្ពុជាអាចស្នើសុំបង្កើតក្របខ័ណ្ឌចរចាថ្មី ដើម្បីជៀសវាងកុំឱ្យកើតមានជម្លោះ ដូចដែលបានកើតឡើងនាពេលកន្លងមក។
អ្នកនាំពាក្យនាយករដ្ឋមន្ត្រីថៃរូបនេះ អះអាងទៀតថា បញ្ហាជម្លោះនៅតាមព្រំដែនគឺជាកត្តារួមចំណែក ដែលធ្វើឱ្យការចរចាត្រូវជាប់គាំង ហើយត្រូវបង្កើតរូបមន្តថ្មី ដើម្បីចរចាដោះស្រាយបញ្ហានៅតំបន់ដែនសមុទ្រឱ្យបានដាច់ស្រេច។
ទោះជាបែបនេះក្ដី រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ធ្លាប់លើកឡើងថា បើផ្អែកតាមមាត្រា៦២ ចំណុចទី២ នៃអនុសញ្ញាទីក្រុងវីយែន(Vienna) ស្ដីពីច្បាប់សន្ធិសញ្ញា (VCLT) ឆ្នាំ១៩៦៩ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីថៃគ្មានសិទ្ធិលើកយកហេតុផលច្បាប់ និងនីតិវិធីផ្ទៃក្នុង មកអាងដើម្បីលុបចោលកិច្ចព្រមព្រៀងផ្សេងៗ ដែលជាសន្ធិសញ្ញាពាក់ព័ន្ធនឹងព្រំដែនជាមួយកម្ពុជា ជាឯកតោភាគីបានឡើយ។
ស្របគ្នានេះដែរ រដ្ឋសភាកម្ពុជាបានអនុម័តសេចក្ដីព្រាងច្បាប់ លើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (UNCLOS)»កាលពីថ្ងៃទី១៦ ខែមករា ដើម្បីការពារសិទ្ធិ ទប់ស្កាត់សកម្មភាពឈ្លានពាន និងគ្រប់គ្រងធនធានធម្មជាតិនៅក្នុងដែនសមុទ្ររបស់កម្ពុជា។
ជុំវិញរឿងនេះ អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ឃើញថា ការលុបចោល MOU44 របស់ភាគីថៃ គឺជាសញ្ញានៃការប្រែប្រួលយុទ្ធសាស្ត្រចរចា ដែលឆ្លុះបញ្ចាំងអំពីសម្ពាធនយោបាយផ្ទៃក្នុង ការផ្លាស់ប្ដូរមូលដ្ឋានគតិយុត្តិមកលើបន្ទាត់សីមា ដែលថៃបានប្រកាសជាឯកតោភាគី កាលពីឆ្នាំ១៩៧៣។ លោកបន្តថា ថៃអាចនឹងប្រើប្រាស់មាត្រា៧៤ របស់អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ដែលចែងអំពី «ការកំណត់ព្រំដែនតំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) រវាងរដ្ឋដែលមានឆ្នេរសមុទ្រទល់មុខគ្នា ឬជាប់គ្នា» និងមាត្រា៨៣ សម្រាប់ការកំណត់ព្រំដែនខ្ពង់រាបបាតសមុទ្រ ដើម្បីលុបចោល MOU44 ជាមួយកម្ពុជា។
«ការលុបចោលនេះនឹងធ្វើឱ្យស្ថានភាពវិលទៅរកចំណុចសូន្យវិញ ដែលធ្វើឱ្យតំបន់ត្រួតស៊ីគ្នាទំហំ ២៦.០០០គីឡូម៉ែត្រការ៉េ ក្លាយជាតំបន់គ្មានយន្តការចរចាច្បាស់លាស់ និងបង្កការទាញយកប្រយោជន៍ថាមពលក្នុងតំបន់នេះជាយូរអង្វែងខាងមុខទៀត។ ទោះជាយ៉ាងណាក្ដី ការឈ្លានពានដោយយោធា ឬក៏ការច្បាមយកផលប្រយោជន៍ជាឯកតោភាគី ពីសំណាក់ភាគីថៃ គឺមិនអាចទៅរួចទេ នៅក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ ព្រោះUNCLOS តម្រូវឱ្យរដ្ឋភាគីត្រូវចរចាដោយឆន្ទៈ និងហាមឃាត់ការធ្វើសកម្មភាពណាដែលប៉ះពាល់ដល់ការសម្រេចចិត្តចុងក្រោយ ក្នុងអំឡុងពេលដែលមិនទាន់មានកិច្ចព្រមព្រៀង»។
លោក សេង វណ្ណលី បន្តថា ការចូលជាសមាជិកអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) នឹងធ្វើឱ្យកម្ពុជាអាចឈរនៅលើមូលដ្ឋានច្បាប់ស្មើគ្នាជាមួយថៃនៅលើឆាកអន្តរជាតិ ដោយមិនចាំបាច់ពឹងផ្អែកទៅលើ MOU44 ដែលត្រូវបានរុះរើ ដោយសារចរន្តនយោបាយផ្ទៃក្នុងរបស់ថៃនោះឡើយ។ ទន្ទឹមគ្នានេះ កម្ពុជានឹងមានសិទ្ធិពេញលេញ ក្នុងការប្រើប្រាស់យន្តការដោះស្រាយវិវាទអន្តរជាតិ ដើម្បីជំទាស់ការបកស្រាយច្បាប់ជាឯកតោភាគីណាមួយរបស់ភាគីថៃ ដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់កម្ពុជាផងដែរ។
យ៉ាងណាក៏ដោយចុះ អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) នេះ ក៏នឹងត្រូវប្រទេសថៃយកមកប្រើជំនួស ក្រោយលុបចោលអនុស្សរណៈ នៃការយោគយល់គ្នាឆ្នាំ២០០១ ជាកម្ពុជាផងដែរ។ បញ្ហានេះត្រូវគេរំពឹងថា នឹងធ្វើឱ្យការចរចាបញ្ហាដែនសមុទ្ររបស់កម្ពុជា-ថៃ កាន់តែមានភាពមិនច្បាស់លាស់ ដោយសាររដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា របស់លោក ហ៊ុន សែន ធ្លាប់បានចុះកិច្ចព្រមព្រៀងខុសច្បាប់ ស្ដីពីតំបន់ទឹកប្រវត្តិសាស្ត្រ ជាមួយប្រទេសវៀតណាម កាលពីឆ្នាំ១៩៨២ ដែលធ្វើឱ្យកម្ពុជា បាត់បង់កោះត្រល់ ចង្កោមកោះក្រចកសេះ និងបាត់បង់ដែនសមុទ្រខ្មែរ ទៅវៀតណាម ចំនួន ៣ម៉ឺនគីឡូម៉ែត្រការ៉េ និងដែនសមុទ្រចំនួន ៣ម៉ឺនគីឡូម៉ែត្រការ៉េផ្សេងទៀត បានបាត់បង់ទៅកាន់ប្រទេសថៃ៕










