រដ្ឋមន្ត្រីការពារជាតិថា ប្រទេសចិន ជួយពង្រឹងវិស័យការពារជាតិកម្ពុជា

0
7
កិច្ចប្រជុំ​លើក​ដំបូង​នៃ​យន្តការ​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ «២+២» រវាង​រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា-ចិន កាល​ពី​ថ្ងៃទី​២២ ខែ​មេសា
កិច្ចប្រជុំ​លើក​ដំបូង​នៃ​យន្តការ​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ «២+២» រវាង​រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា-ចិន កាល​ពី​ថ្ងៃទី​២២ ខែ​មេសា

រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បាន​អះអាង​ថា នឹងជួយ​ធ្វើ​ទំនើបកម្ម​វិស័យ​ការពារ​ជាតិ​កម្ពុជា​ ទាំង​ដែន​អាកាស​ ដែនទឹក​ និង ដែន​គោក​ ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​លើក​ដំបូង​នៃ​យន្តការ​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ «២+២» រវាង​រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា-ចិន កាល​ពី​ថ្ងៃទី​២២ ខែ​មេសា។ ទោះយ៉ាងណា អ្នកឃ្លាំមើលសង្គមកម្ពុជា បារម្ភថា ជំនួយ​របស់​ចិន​នេះ នឹង​អាច​ក្លាយ​ជា​ឧបករណ៍​ពង្រឹង​អំណាច​ផ្តាច់​ការ​របស់​ត្រកូល​ហ៊ុន។

អ្នកតាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍​ និង​ប៉ាស៊ីហ្វិក​ លោក សេង វណ្ណលី បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ (TV Free Asia) ថា​ការ​ជួយ​ធ្វើ​ទំនើប​កម្មវិស័យ​ការពារ​ជាតិ​កម្ពុជា​ ទាំង​ដែន​អាកាស​ ដែនទឹក​ និង ដែនគោក របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ជួយ​ឲ្យ​ប្រទេស​កម្ពុជា​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការពារ​អធិបតេយ្យភាព​របស់​ខ្លួន​ ហើយ​ក៏​ជា​ឱកាស​ប្រវត្តិសាស្ត្រ​មួយ​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបា​លោក​ ហ៊ុន ម៉ាណែត មាន​ទំនុក​ចិត្ត​កាន់តែខ្លាំងក្នុងការការពារអធិបតេយ្យជាតិ។

លោក សេង វណ្ណលី បន្ថែមទៀតថា ការជួយធ្វើទំនើបកម្មវិស័យ​ការពារ​ជាតិ​របស់​ភាគី​ចិន​នេះ​ក៏​ធ្វើ​ឲ្យ​ប្រទេសជិតខាងត្រូវតែបង្កើន ការប្រុងប្រយ័ត្នខ្ពស់ជាងមុន មុននឹងសម្រេចចិត្តឈ្លានពាន​អធិបតេយ្យភាព​កម្ពុជា​ទៅ​ថ្ងៃ​អនាគត​ ប៉ុន្តែលោកក៏ព្រួយបារម្ភ​ពី​ផលប៉ះពាល់​អវិជ្ជមាន​មួយ​ចំនួន​ដែល​មក​ជាមួយ​នឹង​កញ្ចប់​អំណោយ​ដ៏​ធំ​របស់​ភាគីចិន​ ប្រសិន​បើ​រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត ពឹង​ផ្អែកទាំងស្រុង​ទៅលើ​បច្ចេកវិជ្ជា​យោធា​របស់ប្រទេសចិន អាចនឹងធ្វើឲ្យកម្ពុជាធ្លាក់ចូលទៅក្នុងល្បែងមហាអំណាច ជាពិសេសជាមួយអាមេរិកដែលតែងតែសម្លឹងមើលការអភិវឌ្ឍន៍មូលដ្ឋានទ័ពរាម។

«ក្តីបារម្ភមួយទៀតអំពីការយក​ទំនើបកម្មយោធា​ការ​ជួយ​ជ្រោមជ្រែង​ពី​មហា​អំណាច​ចិន​មក​ប្រើប្រាស់​ជា​ឧបករណ៍​សម្រាប់​បិទ​សំឡេង​ផ្ទុយ​ ឬ​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ បញ្ហា​ទាំងនេះ​គឺជា​ចំណុច​រសើប​មួយ​ដែល​មិន​អាច​មើល​រំលង​បាន​ ព្រោះ​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​អំណាច​យោធា​ដែលកាន់តែខ្លាំងខ្លា​ជារឿយៗតែងតែនាំមកការប្រមូលផ្តុំអំណាចដាច់ខាតនៅក្នុងដៃរបស់រដ្ឋាភិបាល»។ 

ការអះអាងរបស់អ្នកតាមដានភូមិសាស្ត្រនយោបាយរូបនេះ គឺបន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិកម្ពុជាលោក ទៀ សីហា បានលើកឡើងក្នុងហ្វេសប៊ុកផេក​របស់​លោក​ បន្ទាប់​ពី​កិច្ច​ប្រជុំ​លើក​ដំបូង​នៃ​យន្តការ​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ «២+២» រវាង​រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ការពារជាតិ​ កម្ពុជា-ចិន នៅ​ក្រសួង​ការបរទេស កម្ពុជា​នាថ្ងៃទី២២មេសា ថា ភាគីមិត្តចិនបានបង្ហាញពីការគាំទ្រលើវិស័យយោធាកម្ពុជា ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា ដែលនឹងពង្រឹងឃឿនការពារជាតិ ដែនទឹក ដែនគោក និងដែនអាកាស។

លោកទៀ សីហា បន្ថែមថា លោក​ជឿជាក់​យ៉ាង​មុតមាំ​ថា វត្តមាន​របស់​លោក វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងលោក តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសចិន នឹង​ជំរុញ​ទំនាក់ទំនង​យុទ្ធសាស្ត្រ​កម្រិតខ្ពស់ ធ្វើឱ្យកាន់តែ​ស៊ីជម្រៅ​នូវ​ទំនុក​ចិត្តផ្នែកនយោបាយ ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងកំពុងខិតខំកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ចំណែក​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា​ លោក​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​រីកចម្រើន​នៃ​ទំនាក់ទំនង​ទ្វេភាគី​ ដែល​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ និង​ជា​មិត្ត​ដែក​ថែប ព្រមទាំង​បាន និង​កំពុង​ខិតខំ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន គ្រប់​រដូវ​កាល ក្នុង​យុគសម័យ​ថ្មី។

នៅព្រឹកថ្ងៃទី ២៣ ខែមេសានេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក របស់លោក ថា លោក កំពុងដឹកនាំកិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និង សម្រេច​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​«កាតព្វ​កិច្ចយោធា​»។ ច្បាប់​នេះ នឹងឱ្យជួយឱ្យកម្ពុជា ធានា​បាន​នូវ​ការបង្កើន​បរិមាណ​កងទ័ព​ ដែល​អាច​បំពេញ​បាន​នូវ​ចំនួន​កងទ័ព​នៅ​តាម​បណ្តា​អង្គភាព​ និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ជ្រើសរើស​កងទ័ព​អាជីព​។

ទាក់ទងទៅនឹងបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យកម្ពុជា ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី២៣ ខែមេសា ភាគី​ចិន​ចង់​ទាញកម្លាំង​ទាហាន​របស់​កម្ពុជា​ឲ្យ​ចូល​ទៅ​ក្នុង​ការ​វាទី​អំណាច​នៅ​ក្នុង​តំបន់ តាមរយៈកម្លំាងប្រដាប់អាវុធ ប្រសិនបើមានជម្លោះសមុទ្រចិនខាងត្បូង។

«ប្រសិនបើចិនចង់ជួយកម្ពុជា មិនចាំបាច់ផ្តល់អាវុធឲ្យក្រុមគ្រួសារហ៊ុនទេ ពីព្រោះអាវុធរបស់ចិនពេលថៃវ៉ៃកម្ពុជា ក្រុមគ្រួសារហ៊ុន មិនអាចប្រើដើម្បីតតាំងនិងថៃបានផងហ្នឹង»។

យ៉ាងណាក៏ដោយ នៅមុនដំណើរទស្សនកិច្ចនេះ ប្រទេសចិន​កុម្មុយនិស្ត​បាន​ផ្ដល់​ជំនួយ​នាវាចម្បាំង​ខ្នាត​មធ្យម ​ចំនួន ៣គ្រឿង ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត។ នាវាច​ម្បាំងចិន ខ្នាតមធ្យម ប្រភេទ (056C) និងប្រភេទ (056) ៣គ្រឿង កំពុងមានវត្តមាននៅ កំពង់ផែកងទ័ពជើងទឹករាម។ នាវា​ចម្បាំង​ខ្នាត​មធ្យមនេះ មានប្រព័ន្ធការពារអាកាស​ អេចអេចឃ្យួ-១០ (HHQ-10) សម្រាប់​ការពារ​ពី​មីស៊ីល​ យន្ត​ហោះ​ចម្បាំង និង​មាន​បំពាក់​អាវុធ​កាំភ្លើង​ធំ​ ប្រព័ន្ធ​ប្រឆាំង​នាវា​មុជទឹក​ និង​មីស៊ីល​ប្រឆាំង​នាវា​វាយប្រហារ​សត្រូវក្នុងចម្ងាយឆ្ងាយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ