
អ្នកឃ្លាំមើលសង្គមកម្ពុជា ជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បើកការស៊ើបអង្កេតជាប្រព័ន្ធទៅលើមន្ត្រីរបស់ខ្លួនដែលមានតំណែងធំៗ ទាំងនៅក្នុងជួររដ្ឋាភិបាលនិងនៅក្នុងបក្ស ដែលប្រព្រឹត្តអំពើពុករលួយនៅក្នុងស្ថាប័នរបស់ខ្លួន។ ការទទូចនេះ គឺ បន្ទាប់ពី អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនសំណុំរឿង មន្ត្រីពីរនាក់ ដែលជាអគ្គនាយករងអន្តោប្រវេសន៍ និង ស្នងការរងរាជធានីភ្នំពេញ ទៅកាន់តុលាការនៅថ្ងៃនេះ ពាក់ព័ន្ធនឹងករណីសង្ស័យស៊ីសំណូកពី ពួក ឆបោកអនឡាញ និងសម្អាតប្រាក់។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានឲ្យដឹងថា អំពើពុករលួយនៅកម្ពុជាគឺចាក់ស្រេះ តាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់កំពូល ដែលធ្វើឲ្យមានគំលាតរវាងអ្នកមាន និងអ្នកក្រ និងបានបន្ថយកំណើនសេដ្ឋកិច្ចជាតិផងដែរ។
លោក ស៊ឹង សែនករុណា បន្ថែមទៀតថា នៅកម្ពុជាអំពើពុករលួយត្រូវបានប្រព្រឹត្តឡើងតាមរយៈការប្រកាន់បក្ខពួក ការគំរាមកំហែងដោយប្រើអំណាច និងឧបត្ថម្ភក្រៅផ្លូវការដើម្បីទទួលបានផលប្រយោជន៍អ្វីមួយ ដូច្នេះលោក ហ៊ុន ម៉ាណែត ត្រូវហ៊ានកាត់ចោលនូវប្រព័ន្ធបក្ខពួកនិយម ហើយបើគ្មានការកែទម្រង់ទេ អំពើពុករលួយនឹងបន្តបំផ្លាញសក្ដានុពលរបស់ប្រទេសជាតិ។
លោក ស៊ឹង សែនករុណា៖ «ក្នុងចំណាត់ការទៅលើមន្ត្រីពីររូបនេះវាគឺជារឿងមួយដ៏តិចតួចណាស់បើយើងធៀបទំហំនៃអំពើពុករលួយទូទាំងប្រទេស អ៊ីចឹងយើងចង់ឃើញចំណាត់ការបែបហ្នឹង មិនត្រឹមតែមន្ត្រីស្នងការរងពីររូបហ្នឹងទេ ត្រូវពិនិត្យមើលមន្ត្រីពាក់ព័ន្ធផ្សេងៗទៀត ហើយនឹងអ្នកដែលមានតួនាទីធំៗផង អ្នកធំៗហ្នឹងខ្ញុំជឿជាក់ថា គឺប្រព្រឹត្តនូវអំពើឆបោកអនឡាញនិងពាក់ព័ន្ធជាមួយនឹងជនឧក្រិដ្ឋក៏មិនតិចគ្នាដែរ រូមទាំងពាក់ព័ន្ធថ្នាក់ដឹកនាំមួយចំនួនទៀត គួរតែបើកការស៊ើបអង្កេតជាប្រព័ន្ធឲ្យមានភាពច្បាស់លាស់»។
ការអះអាងរបស់ប្រធានអង្គការប្រជាធិបតេយ្យខ្មែររូបនេះបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនសំណុំរឿងអគ្គនាយករងអន្តោប្រវេសន៍ ម្នាក់ និងស្នងការរងរាជធានីភ្នំពេញម្នាក់ទៅតុលាការនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ពាក់ព័ន្ធនឹងករណីស៊ីសំណូកពីក្រុមឆបោកអនឡាញ និងសម្អាតប្រាក់។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ចាន់វិចិត្រ បានប្រាប់អ្នកសារព័ត៌មានថា សំណុំរឿងនេះគឺពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើស៊ីសំណូកពីក្រុមឆបោកអនឡាញ និងសម្អាតប្រាក់ របស់លោក អ៊ុក ហៃសីឡា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោក សរ សំណាង ស្នងការរងរាជធានីភ្នំពេញ និងត្រូវបញ្ជូនទៅតុលាការនៅវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃចន្ទទី២២ ខែមេសានេះ។ ចំណែក ជនសង្ស័យ២នាក់ទៀត ដែលម្នាក់ជាប្រពន្ធរបស់លោក សរ សំណាង ឈ្មោះ អស កូ ពិសី និងជនសង្ស័យម្នាក់ទៀតឈ្មោះ យ៉ាត កុសល ក៏ត្រូវបញ្ជូនទៅតុលាការជាមួយគ្នាដែរ។
លោក សយ ចាន់វិចិត្រ បានបន្ថែមទៀតថា ប្រតិបត្តិការចុះចាប់ខ្លួននាយនគរបាលជាន់ខ្ពស់ទាំងពីរនេះ ធ្វើឡើងបន្ទាប់ពីអង្គភាពនេះ បានចំណាយពេលស៊ើបអង្កេតអស់រយៈពេល២០ថ្ងៃ។
ជុំវិញបញ្ហានេះ អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកលោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ឫសគល់នៃអំពើពុករលួយដ៏រ៉ាំរ៉ៃ គឺផ្តើមចេញពីប្រព័ន្ធយុត្តិធម៌ នៅមានជាប់ពាក់ព័ន្ធនឹងឥទ្ធិពលនយោបាយខ្លាំង ឬការពារអ្នកមានខ្សែរយៈ បង្កឱ្យមានវប្បធម៌ អ្នកមានអំណាចធ្វើអ្វីក៏មិនខុស ដែលធ្វើឱ្យអំពើពុករលួយមានកម្រិតខ្ពស់។
លោក សេង វណ្ណលី បន្ថែមទៀតថា កម្ពុជាត្រូវការការផ្លាស់ប្តូរយ៉ាងពិតប្រាកដ និងស៊ីជម្រៅ មិនមែនគ្រាន់តែជាការធ្វើកំណែទម្រង់លើក្រដាសនោះទេ។ ជំហានដំបូងបំផុត គឺត្រូវធ្វើឱ្យអង្គភាពប្រឆាំងអំពើពុករលួយ និងប្រព័ន្ធតុលាការមានឯករាជ្យភាពពេញលេញ មិនស្ថិតក្រោមឥទ្ធិពលនយោបាយ។
អ្នកតាមដានភូមិសាស្ត្រនយោបាយរូបនេះបន្ថែមថា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីផ្តល់សេវាសាធារណៈ នឹងជួយកាត់បន្ថយការជួបមុខគ្នាផ្ទាល់រវាងមន្ត្រី និងពលរដ្ឋ ដែលជាឱកាសនៃការទាមទារលុយថ្លៃទឹកតែ។ ប្រសិនបើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អាចធ្វើកិច្ចការទាំងនេះបាន វានឹងជួយសម្រួលដល់បរិយាកាសធុរកិច្ច និងទាក់ទាញវិនិយោគិនបរទេសឱ្យមកបណ្ដាក់ទុនកាន់តែច្រើន។
ចំណែកឯប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិតសភាកម្ពុជាបណ្ឌិត គិន ភា បានសរសេរលើគណនីហ្វេសប៊ុកកន្លងមកថា អំពើពុករលួយគឺជាមេរោគស៊ីរូងផ្ទៃក្នុង ដែលបំផ្លាញជំនឿចិត្តរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចរដ្ឋរខេករខាក ហើយក៏ធ្វើឱ្យអំណាចរដ្ឋទន់ខ្សោយផងដែរ។
ជាមួយគ្នានេះដែរ អង្គការតម្លាភាពអន្តរជាតិ (Transparency International) បានចេញរបាយការណ៍ស្តីអំពី អំពើពុករលួយនៅកម្ពុជាសម្រាប់ឆ្នាំ២០២៥ កាលពីខែកុម្ភៈ ឆ្នាំ២០២៦ ថា ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខរៀងទី១៦៣ ក្នុងចំណោមប្រទេសសរុប១៨២ នៅលើពិភពលោក។
ទាក់ទងទៅនិងអំពើពុករលួយនៅក្នុងស្ថាប័ន កាលពីខែមករា ឆ្នាំ២០២៦ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង បានដាក់សំណើទៅកាន់ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយអ្នកស្រី ម៉ែន សំអន សុំតែងតាំង កូនប្រុសស្រីរបស់គាត់ចំនួន៣នាក់ឱ្យកាន់តួនាទីធំៗ ក្នុងអង្គភាពប្រឆាំងអំពើពុករលួយ។ លោកស្នើសុំ តែងតាំងលោក យ៉ិនទៀង ពុទ្ធិរិទ្ធ ជាអនុប្រធានទី១នៃអង្គភាពប្រឆាំងអំពើពុករលួយ លោក យ៉ិនទៀង ពុទ្ធិរ៉ា ជាឧបការី និងអ្នកស្រី យ៉ិនទៀង ពុទ្ធិរស្មី ជានាយកខុទ្ទកាល័យនៃប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។
អ្នកឃ្លាំមើលសង្គមលើកឡើងថា ទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិធ្លាប់មានការរំពឹងទុកខ្ពស់ថា ការផ្លាស់ប្ដូរអ្នកបន្តវេនជំនាន់ថ្មី ដែលសម្បូរទៅដោយថ្នាក់ដឹកនាំវ័យក្មេង និងមានការអប់រំខ្ពស់ពីបណ្តាប្រទេសជឿនលឿន នឹងអាចកសាងប្រព័ន្ធនីតិរដ្ឋឱ្យរឹងមាំ និងលើកកម្ពស់តម្លាភាពឱ្យមានប្រសិទ្ធភាពជាងមុន ប៉ុន្តែមកដល់ពេលនេះ កម្ពុជានៅមិនទាន់អាចរើខ្លួនចេញពីស្រមោលនៃប្រព័ន្ធចាស់បាននៅឡើយ៕










