

អ្នកវិភាគ និងអ្នកតាមដានកិច្ចការអន្តរជាតិលើកឡើងថា កិច្ចប្រជុំនៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន គឺជាយុទ្ធសាស្ត្រដ៏សំខាន់របស់ចិន ក្នុងការពង្រឹងឥទ្ធិពលរបស់ខ្លួនលើកម្ពុជា។ ពួកគាត់យល់ថា យន្តការនេះគឺជាគន្លឹះរបស់ចិនក្នុងការចាក់សោ ឱ្យកម្ពុជាពឹងផ្អែកលើចិនកាន់តែខ្លាំងក្នុងវិស័យសន្តិសុខ និងយោធា។ ប្រទេសចិនកុម្មុយនិស្តគឺជាមេគំនិតក្នុងការរៀបចំកិច្ចប្រជុំនេះជាលើកដំបូងជាមួយកម្ពុជា ខណៈការប្រកួតប្រជែងដណ្ដើមឥទ្ធិពលភូមិសាស្ត្រនយោបាយក្នុងតំបន់កាន់តែកើនឡើងកម្ដៅ។
អ្នកឃ្លាំមើលព្រមានថា ការរឹតបន្តឹងទំនាក់ទំនងជាមួយចិនបែបនេះ នឹងទាញឱ្យកម្ពុជាបាត់បង់តុល្យភាពនយោបាយការបរទេស និងត្រូវបានប្រើប្រាស់ជាឧបករណ៍ក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងតំបន់។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា យន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ប្រទេសចិនកុម្មុយនិស្តនឹងប្រើប្រាស់កម្ពុជាក្រោមការដឹកនាំដោយត្រកូល ហ៊ុន ធ្វើជា «កូនជឹង» ដើម្បីប្រកួតប្រជែងដណ្ដើមភូមិសាស្ត្រនយោបាយជាមួយលោកសេរី។ លោកបន្តថា តាមរយៈយន្តការនេះ ចិននឹងទាញឱ្យកម្ពុជាធ្លាក់ក្នុងអន្ទាក់ភូមិសាស្ត្រនយោបាយកាន់តែជ្រៅ និងអូសទាញឱ្យកម្ពុជាចូលគាំទ្រយោធាចិន ឬចូលរួមប្រយុទ្ធដោយផ្ទាល់ក្នុងករណីមានជម្លោះក្នុងតំបន់ដូចជា នៅតំបន់សមុទ្រចិនខាងត្បូងជាដើម។
លោក គឹម សុខ៖ «កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ នេះ ស្មើនឹងចាក់សោកម្ពុជា ឱ្យនៅក្រោមការចាត់ចែងរបស់ចិន លើបញ្ហាសន្តិសុខ។ រីឯ ការទូតវិញ ភាគីរដ្ឋាភិបាលគ្រួសារ ហ៊ុន ត្រូវនិយាយតាមចិនគ្រប់កាលៈទេសៈទាំងអស់។ មានន័យថា យុទ្ធសាស្ត្រកិច្ចសន្ទនា ២+២ នេះ ផ្ដោតជាសំខាន់ទៅលើបញ្ហាការពារជាតិ និងសន្តិសុខទៅវិញទេ។ ការពារជាតិ និងសន្តិសុខនោះ ចិនតម្រូវឱ្យភាគីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្រើប្រាស់កម្លាំង ឬមូលដ្ឋានកម្ពុជា តាមតម្រូវការរបស់ចិន នៅពេលដែលចិនជួបស្ថានភាពចាំបាច់»។
កម្ពុជា និងចិនកំពុងរៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ជាលើកដំបូង នៅស្របពេលដែលការប្រកួតប្រជែងដណ្ដើមឥទ្ធិពលភូមិសាស្ត្រនយោបាយក្នុងតំបន់រវាងមហាអំណាចលោកសេរី និងកុម្មុយនិស្តកាន់តែឡើងកម្ដៅខ្លាំង។ កិច្ចប្រជុំនេះមានប្រធានាធិបតីចិនលោក ស៊ី ជីនពីន (Xi Jinping) គឺជាមេគំនិតផ្ដួចផ្ដើមបង្កើតឡើងតាំងពីឆ្នាំ២០២៥ ដើម្បីជំរុញឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែស្អិតល្មួត ស៊ីជម្រៅលើផ្នែកនយោបាយ វិស័យសន្តិសុខ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ទោះជាយ៉ាងណា ភាគីកម្ពុជា និងចិនមិនទាន់បង្ហាញលទ្ធផលលម្អិតជុំវិញកិច្ចប្រជុំនេះនៅឡើយទេគិតត្រឹមម៉ោងផ្សាយនេះ។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរីថា កិច្ចប្រជុំ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ជាសញ្ញាបង្ហាញថា ប្រទេសទាំងពីរកំពុងរឹតចំណងទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ និងជាប្រព័ន្ធ។ លោកថា តាមរយៈកិច្ចប្រជុំនេះរដ្ឋាភិបាលក្រុងភ្នំពេញទំនងចង់ផ្ញើសារទៅកាន់ពិភពលោកជាថ្មីថា ខ្លួនចាប់យកចិនធ្វើជាបងធំដែលមិនត្រឹមតែជួយដល់វិស័យសេដ្ឋកិច្ច នយោបាយប៉ុណ្ណោះទេថែមទាំងជួយដល់វិស័យការពារជាតិ និងរក្សាអំណាចផ្ទៃក្នុងផងដែរ។
លោក សេង វណ្ណលី៖ «វត្តមាននៃយន្តការនេះ ជួយឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មានភាពកក់ក្ដៅផ្នែកសន្តិសុខ និងមានលទ្ធភាពការពារខ្លួនកាន់តែប្រសើរ តាមរយៈជំនួយយោធាពីចិន ខណៈរដ្ឋាភិបាលបច្ចុប្បន្ន ហាក់បរាជ័យនៅក្នុងការប្រើប្រាស់យន្តការអន្តរជាតិ ដើម្បីដាក់សម្ពាធពីភាគីថៃ។ យ៉ាងណាក៏ដោយ ការខិតជិតចិនខ្លាំងពេក តាមរយៈយន្តការ ២+២ នេះ អាចធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងភាពស្រពេចស្រពិលនៃតុល្យភាពការបរទេស។ វាអាចបង្កការសង្ស័យពីសំណាក់បណ្ដាប្រទេសលោកសេរី និងប្រទេសជិតខាងក្នុងតំបន់អាស៊ាន ដែលអាចនាំឱ្យមានការដាក់សម្ពាធផ្នែកការទូត ឬសេដ្ឋកិច្ចបន្ថែមទៀត»។
កិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ដែលផ្ដោតលើកិច្ចការយោធា និងវិស័យការពារនេះត្រូវបានរៀបចំធ្វើឡើងយ៉ាងឆាប់រហ័សបន្ទាប់ពីប្រទេសចិនកុម្មុយនិស្តបានប្រគល់នាវាចម្បាំងចំនួន ២គ្រឿងបន្ថែមទៀតឱ្យកម្ពុជាកាលពីចុងខែមីនា កន្លងទៅ។
អ្នកឃ្លាំមើលលើកឡើងថា ទោះបីជាប្រទេសចិនកំពុងក្លាយជាបងធំក្នុងការផ្តល់ប្រាក់កម្ចី និងលក់អាវុធឱ្យរដ្ឋាភិបាលត្រកូល ហ៊ុន ជាច្រើនឆ្នាំកន្លងមកនេះក្ដី ក៏កម្ពុជាគ្មានសិទ្ធិប្រើប្រាស់អាវុធរបស់ចិនទល់ទល់នឹងសត្រូវដែលឈ្លានពានទឹកដីកម្ពុជាដូចជាករណីប្រទេសថៃឡើយ។ ជាមួយគ្នានេះ អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងវាយតម្លៃថា ការណ៍ដែលរដ្ឋាភិបាលត្រកូល ហ៊ុន ប្រឹងប្រែងសេពគប់ និងរឹតចំណងជាមួយចិនជាបន្តបន្ទាប់មកនេះ គឺដើម្បីតែរក្សាអំណាចតវង្សត្រកូល ដែលធ្វើឱ្យកម្ពុជាខាតបង់ និងខកខានក្នុងការរឹតចំណងមិត្តភាព និងសេដ្ឋកិច្ចជាមួយប្រទេសលោកសេរី ដែលធ្វើឱ្យរអាក់រអួលដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា៕









