សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​លើ​ក្រុម​ឧកញ៉ា និង​មន្ត្រី​ដែល​ជួល​អគារ​ឱ្យ​ឧក្រិដ្ឋជន​ធ្វើ​ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ

0
6
សមត្ថកិច្ច​បង្ក្រាប​​ទីតាំង​ឆបោក​តាម​អនឡាញ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ កាល​ពី​ថ្ងៃ​ទី២២ ខែមេសា
សមត្ថកិច្ច​បង្ក្រាប​​ទីតាំង​ឆបោក​តាម​អនឡាញ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ កាល​ពី​ថ្ងៃ​ទី២២ ខែមេសា
សមត្ថកិច្ច​បង្ក្រាប​​ទីតាំង​ឆបោក​តាម​អនឡាញ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ កាល​ពី​ថ្ងៃ​ទី២២ ខែមេសា
សមត្ថកិច្ច​បង្ក្រាប​​ទីតាំង​ឆបោក​តាម​អនឡាញ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ កាល​ពី​ថ្ងៃ​ទី២២ ខែមេសា

មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកឃ្លាំមើល​ជំរុញ​ឱ្យ​អាជ្ញាធរ​ចាប់​ខ្លួន​ក្រុម​ឧកញ៉ា និង​មន្ត្រី​គ្រាក់ៗ​ដែល​ជួល​អគារ​ឱ្យ​បណ្ដាញ​ឧក្រិដ្ឋជន ដើម្បី​បង្ខាំង​ជនបរទេស​បង្ខំ​ឱ្យ​បន្ត​ធ្វើ​ការងារ​ជា​អ្នក​ឆបោក​តាម​អនឡាញ។ ពួកគាត់​រិះគន់​ថា ចំណាត់​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ត្រកូល ហ៊ុន បច្ចុប្បន្ន​មិន​បាន​អើពើ​បង្ក្រាប​ឱ្យ​ចំ​មេខ្លោង​ធំៗ​ឡើយ ទើប​ពួកគេ​អាច​រៀប​ចំ​បណ្ដាញ​សម្រាប់​ជម្លៀស​ជនរងគ្រោះ​ពី​តាំង​មួយ​ទៅ​ទីតាំង​មួយ។

រឿងរ៉ាវ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា នៅតែ​ជា​ប្រធានបទ​ក្ដៅ​គគុក ព្រោះ​បណ្ដាញ​ឧក្រិដ្ឋជន​បាន​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​របស់​ខ្លួន ដើម្បី​គេច​ផុត​ពី​ការ​បង្ក្រាប​របស់​អាជ្ញាធរ​កម្ពុជា។ ទោះ​មាន​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់ ក៏​សកម្មភាព​នៃ​អំពើ​ឆបោក​តាម​អនឡាញ​នៅ​តែ​កើត​មាន​ដដែល។

មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា បណ្ដាញ​ឧក្រិដ្ឋជន​នៅ​តែ​បន្ត​ជួល​អគារ​របស់​អ្នក​មាន​លុយ​មាន​អំណាច​ធ្វើ​ជា​ខែល និង​ជម្លៀស​ជនរងគ្រោះ​ពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយ ដោយ​បង្ខាំង​ក្នុង​អគារ និង​បង្ខំ​ឱ្យ​ធ្វើ​ការ​ជា​អ្នក​ឆបោក​តាម​អនឡាញ ព្រម​ទាំង​បង្កើន​ការ​យាមកាម​ផ្នែក​សន្តិសុខ​កាន់​តែ​តឹង​រ៉ឹង។

ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់ លោក ឌី ថេហូយ៉ា ហៅ​យុទ្ធនាការ​បង្ក្រាប​របស់​រដ្ឋាភិបាល​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ថា «ចាត់​ការ​តែ​ត្រី​តូច​ដោយ​រក្សា​ទុក​ត្រី​ធំ» ទើប​ក្រុម​បណ្ដាញ​ឧក្រិដ្ឋជន​ដែល​ជា​មេខ្លោង​អាច​ពង្រីក​បណ្ដាញ និង​នាំ​ជនរងគ្រោះ​ទៅ​បន្ត​សកម្មភាព​នៅ​កន្លែង​ផ្សេងៗ​បាន។

លោក ឌី ថេហូយ៉ា ចង់​ឃើញ​រដ្ឋាភិបាល​បង្ហាញ​ឆន្ទៈ និង​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព​ដោយ​បង្ក្រាប​រាល់​អ្នក​ដែល​ពាក់ព័ន្ធ​ទាំង​អស់​រួម​ទាំង​ម្ចាស់​អគារ មេការ និង​អ្នក​គាំទ្រ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ​នេះ​យក​មក​អនុវត្ត​ច្បាប់។ លោក​ជឿជាក់​ថា មន្ត្រី​គ្រាក់ៗ និង​ឧកញ៉ា​ឈ្មួញ​ដែល​ពាក់ព័ន្ធ​កាង​ពី​ក្រោយ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​កំពុង​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់​ច្រើន​នាក់​ទៀត។

«កាលណា​ចាត់​វិធានការ​ទៅ​លើ​តែ​ត្រី​តូច មាន​ន័យ​ថា វា​មិន​ងាយ​អស់​ទេ ដោយសារ​ត្រី​ធំ​ហ្នឹង វា​គ្រប់គ្រង វា​គេចខ្លួន​ វា​រៀបចំ​ទីនេះ​ទី​នោះ​ជាដើម។ ដំណើរការ​នៃ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​​ត្រូវតែ​បង្ក្រាប​កន្លែង​ណា កុំ​ឱ្យ​មាន​ការ​រត់​ចេញ​បាន ត្រូវ​ចាប់​ឱ្យ​បាន​បញ្ជាក់​អត្តសញ្ញាណ​នរណា​ជា​ជនរងគ្រោះ​ពិតប្រាកដ​នរណា​ជា​មេ​បណ្ដាញ​នរណា​ជា​មេក្រុម នរណា​ជា​មេ​តំបន់​ នរណា​ជា​មេ ​អគារ​ជាដើម។ យើង​ឈាន​ទៅ​ដល់​ការស្រាវជ្រាវ​ចាប់​មេៗ​ទាំងអស់​ជា​ការ​ជីក​ស្មៅ​ វា​ជីក​ទាំង​ឫស​ហើយ។ ប្រសិនបើ​ការ​បង្ក្រាប​នេះ​នៅ​តែ​មាន​ការ​រត់​ប្រសេចប្រសាច​អ៊ីចឹង ខ្ញុំ​គិត​ថា ប្រសិទ្ធ​ភាព​ហ្នឹង​មិន​សូវ​ជា​ឆ្លើយតប​ទេ»

ប្រតិកម្ម​នេះ​កើត​ឡើង​បន្ទាប់​ពី​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ជាច្រើន​នាក់​បាន​នាំ​គ្នា​សម្រុក​ចេញ​ពី​អគារ ដើម្បី​គេច​ចេញ​ពី​ការ​ឡោមព័ទ្ធ​បង្ក្រាប​របស់​សមត្ថកិច្ច​លើ​ទីតាំង​អគារ​ឆបោក​តាម​អនឡាញ​មួយ​កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​កាល​ពី​ថ្ងៃ​ទី២២ ខែមេសា។ ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​បាន​ប្រើ​កាំភ្លើង​បាញ់​រះ​ជា​ច្រើន​គ្រាប់ និង​បាន​ឃាត់​ខ្លួន​ជនបរទេស​ជិត ៤រយ​នាក់។

ជាមួយ​គ្នា​នេះ អគារ​មួយ​ចំនួន​ដែល​គេ​ស្គាល់​ថា ជា​កម្មសិទ្ធ​របស់​អ្នក​មាន​អំណាច​គឺ​លោក ង៉ោ ម៉េងជ្រួញ ដែល​ជា​អតីត​អភិបាល​រង​ខេត្តបន្ទាយមានជ័យ​ក៏​មាន​ជនបរទេស​ដែល​រង​ការ​បង្ខាំង​នាំ​គ្នា​សម្រុក​គេច​ចេញ​ពី​ការ​បង្រ្កាប​របស់​សមត្ថកិច្ច​នា​ពេល​ថ្មីៗ​នេះ​ដែរ។ ពលរដ្ឋ​បាន​រាយការណ៍​ថា ក្រោយ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​កាល​ដើម​ឆ្នាំ២០២៦ មក បណ្ដាញ​ឧក្រិដ្ឋជន​បាន​ជម្លៀស​ជនបរទេស​នៅ​តាម​ទីតាំង​ផ្សេងៗ​គ្នា ដើម្បី​យក​មក​បង្ខាំង​នៅ​តាម​អគារ​ក្នុង​តំបន់​ទីក្រុង​ប៉ោយប៉ែត ឱ្យ​បន្ត​សកម្មភាព​ឆបោក​តាម​អនឡាញ។ សមាជិកព្រឹទ្ធសភា និង​ជា​ម្ចាស់​កាស៊ីណូ​ក្រោន​លោក កុក អាន បាន​រង​ការ​ចោទ​ប្រកាន់​ថា មាន​បណ្ដាញ​គ្រប់គ្រង​អគារ​ជា​ច្រើន ដើម្បី​បង្ខាំង​ជនបរទេស​នៅ​ក្រុង​ប៉ោយប៉ែត។

ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក សឿម សារិទ្ធ ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២៣ ខែមេសា។

ទាក់ទងនឹងរឿងនេះ ប្រធាន​ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួ ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប្រើ​ច្បាប់​ថ្មី ដើម្បី​ស៊ើបអង្កេត និង​ចាត់វិធានការ លើ​ក្រុម​ឧកញ៉ា​មន្ត្រី​ជាន់​ខ្ពស់​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ។ អ្នកស្រី​ថា សង្គម​កម្ពុជា​នឹង​ដឹកនាំ​ដោយ​ក្រុម​ម៉ាហ្វីយ៉ា ព្រោះ​រដ្ឋាភិបាល​ត្រកូល ហ៊ុន គ្មាន​ឆន្ទៈ​នយោបាយ​ពិត​ប្រាកដ​ក្នុង​ការ​បោស​សម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​ឡើយ។

«លោក ហ៊ុន ម៉ាណែត គ្រប់គ្រង​ស្ថានការណ៍​អត់​បាន​ទេ ដូច្នេះ​សូម​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ពី​អន្តរជាតិ​ឱ្យ​ច្បាស់លាស់​ទៅ នៅ​ក្នុង​ការ​បញ្ឈប់ (Scam Online) ហ្នឹង​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​មួយ​ដែល​ឯករាជ្យ មិនមែន​ជា​ប្រទេស​មួយ​ដែល​ដឹកនាំ​ដោយ​ជន​ម៉ាហ្វីយ៉ា ដោយ​ចិន​ដែល​រត់​ប្រសេចប្រសាច មាន​ទាំង​កាំភ្លើង​មាន​ទាំង​អី។ ដូច្នេះ​មាន​តែ​ប្រមូល​ឱ្យ​យើង​ពលរដ្ឋ​នោះ ចូលរួម​សហប្រតិបត្តិការ​នៅ​ក្នុង​ការ​ការពារ​ប្រទេស​ផង»

ថ្វីត្បិត​មក​ពេល​នេះ រដ្ឋាភិបាល​ត្រកូល ហ៊ុន បាន​ចាប់​មេខ្លោង​ដែល​ជា​មន្ត្រី​គ្រាក់ៗ និង​ឧកញ៉ា​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ប៉ុន្តែ​សមាជិក​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ដូចជា​លោក ហ៊ុន តូ រួម​ទាំង​ឧកញ៉ា​មួយ​ចំនួន​ដែល​រង​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ជួល​អគារ និង​គាំទ្រ​ឧក្រិដ្ឋកម្ម​នេះ​រស់​នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ