មេដឹកនាំ​កម្ពុជា និង​ថៃ​បន្ត​ខ្វែងគំនិត​គ្នា​ក្រោយ​ថៃ​លុប​ចោល MOU ២០០១

0
105
អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន (ឆ្វេង) និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន
អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន (ឆ្វេង) និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

មេដឹកនាំ​កម្ពុជា និង​មេដឹកនាំ​ថៃ បាន​លើកឡើង​ដោយ​ខ្វែងគំនិត​គ្នា ក្រោយ​ភាគី​ថៃ​បាន​លុបចោល ជា​ឯកតោភាគី អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ឆ្នាំ​២០០១ ឬ MOU44 ស្ដីពី​តំបន់​ទាមទារ​ដែនសមុទ្រ ដែល​ភាគី​ទាំងពីរ​អះអាង​ថា​«​ត្រួតស៊ីគ្នា​»​។ នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល បាន​ប្រកាស​បង្កើត​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ថ្មី សម្រាប់​ចរចា​ជាមួយ​កម្ពុជា​។ ចំណែក​ប្រមុខ​រដ្ឋស្ដីទី កម្ពុជា លោក ហ៊ុន សែន បាន​ប្រកាស​បដិសេធ​រូបមន្ត​ចរចា​ទ្វេភាគី​របស់​ថៃ ដែល​គ្រោង​នឹង​បង្កើត​ឡើង​ថ្មី និង​គាំទ្រ​រដ្ឋាភិបាល​កូនប្រុស​របស់​លោក​រំលង​ទៅ​ប្រើ​ប្រាស់​យន្តការ​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២។

ក្រោយ​លុបចោល​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ឆ្នាំ​២០០១ រួចមក កម្ពុជា និង​ថៃ មិនទាន់​រក​ផ្លូវ​ចេញ​ស្របគ្នា​ឃើញ​នោះ​ឡើយ ដែល​បាន​បង្ក​ឱ្យ​មាន​ភាព​ចម្រូងចម្រាស ជុំវិញ​ការកំណត់​យក​ក្របខណ្ឌ​ចរចា​ក្នុង​តំបន់​ដែនសមុទ្រ​ដែល​ភាគី​ទាំងពីរ​បាន​ទាមទារ។

នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) បាន​ប្រកាស​នៅ​ថ្ងៃទី​៦ ខែ​ឧសភា នេះ​ថា ចាប់​ពី​ពេល​នេះ​តទៅ​ប្រទេស​ថៃ​លែង​មាន​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ឆ្នាំ​២០០១ ឬ MOU44​ទៀតហើយ ដូច្នេះ​រាល់​ការពិភាក្សា​នា​ពេល​អនាគត​ជាមួយ​កម្ពុជា​ស្ដីពី​បញ្ហា​ដែនសមុទ្រ គឺ​ទាល់តែ​មានការ​បង្កើត​យន្តការ​ច្បាប់ និង​បទបញ្ញត្តិ​ថ្មី​។ លោក អានុទីន បាន​បង្ហើប​ថា ក្របខណ្ឌ​ដែល​ភាគី​ថៃ​នឹង​ប្រើប្រាស់​សម្រាប់​ការចរចា​លើ​បញ្ហា​ដែនសមុទ្រ​ជាមួយ​កម្ពុជា​នៅ​ថ្ងៃមុខ​អាច​ជា អនុស្សរណៈ​នៃ​ការយោគយល់​ថ្មី ដែល​អាច​នឹង​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ​២០២៦​នេះ ក៏​អាច​ថា​បាន។

លោក អានុទីន បន្ត​ថា នៅមុន​ពេល​លុប MOU44 កម្ពុជា និង​ថៃ​បាន​ប្រើប្រាស់​ច្បាប់​ផ្សេងៗ​គ្នា​ដើម្បី​ចរចា ក៏ប៉ុន្តែ​ក្រោយ​លុបចោល​កិច្ចព្រមព្រៀង​នេះ​រួច ប្រទេស​ទាំងពីរ នឹង​ដំណើរ​ការចរចា​ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​(UNCLOS) ដូចគ្នា។

ផ្ទុយ​ពី​ហេតុផល​របស់​មេដឹកនាំ​ថៃ ប្រមុខ​រដ្ឋស្ដីទី និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ថ្លែង​សារ​ជា​សំណេរ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃនេះ ដោយ​ប្រឆាំង​នឹង​ការបង្កើត​យន្តការ​ទ្វេភាគី​ជំនួស​យន្តការ MOU44 ពី​សំណាក់​ភាគី​ថៃ​។ នៅក្នុង​សំណេរ​ដដែល​នេះ លោក ហ៊ុន សែន បាន​ប្រកាស​គាំទ្រ​គោលជំហរ​រដ្ឋាភិបាល​របស់ លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​របស់​លោក លើ​ដំណោះស្រាយ​បញ្ហា​តំបន់​សមុទ្រ​ដែល​កម្ពុជា និង​ថៃ អះអាង​ថា «ត្រួតស៊ីគ្នា​» ដោយ​ប្រើប្រាស់​យន្តការ​នៃ​ការផ្សះផ្សា​ដោយ​ចាប់បង្ខំ (Compulsory Conciliation)​ដែល​ស្ថិត​នៅ​ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ ស្តីពី​នីតិ​សមុទ្រ (UNCLOS) ដើម្បី​ឱ្យ​ភាគី​ទី​៣ ចូលរួម​រក​យុត្តិធម៌​ដល់​កម្ពុជា។

ទន្ទឹម​គ្នា​នេះ លោក ហ៊ុន សែន បាន​អះអាង​ថា មូលហេតុ​ដែល MOU44 គ្មាន​ការ​វិវឌ្ឍ​ដោយសារ​បញ្ហា​វិបត្តិ​នយោបាយ​របស់​ប្រទេស​ថៃ​ខ្លួនឯង ដែល​ឈាន​ដល់​ការផ្លាស់ប្ដូរ​មេដឹកនាំ​ប្រមាណ ១០​នាក់​ចាប់តាំងពី​រដ្ឋប្រហារ​ទម្លាក់​អតីត​នាយករដ្ឋមន្ត្រី​ថៃ និង​ជា​អតីត​បងធម៌​របស់​លោក គឺ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពី​ឆ្នាំ​២០០៦ ខណៈ​អំឡុង​ពេលនោះ កម្ពុជា​បាន​ដឹកនាំ​ដោយ​លោក និង​កូនប្រុស ដែល​គ្មាន​ការ​ផ្លាស់ប្ដូរ​យន្តការ និង​ខ្លឹមសារ​ចរចា​លើ MOU44 នោះ​ឡើយ។

នៅ​ចុងបញ្ចប់​សំណេរ លោក ហ៊ុន សែន បាន​លើកឡើង​បែប​ឌឺដង​ថា កម្ពុជា​ធ្វើដំណើរ​ទៅកាន់​ច្បាប់​អន្តរជាតិ សូមកុំ​ចោទ​ប្រកាន់​ថា កម្ពុជា​ធ្វើ​«​អន្តរ​ជាតូបនីយកម្ម​»​បញ្ហា​ទ្វេភាគី និង​សូមកុំ​និយាយ​ថា ធ្លាក់​ចូល​អន្ទាក់​កម្ពុជា​ដែល​ចង់ឱ្យ​ភាគី​ទី​៣ ឬ​អន្តរជាតិ​ចូលរួម ហើយ​សូមកុំ​បបួល​កម្ពុជា​រៀបចំ​យន្តការ​ទ្វេភាគី​ថ្មី ជំនួស​យន្តការ​ទ្វេភាគី​ចាស់ ដែល​ថៃ​លុបចោល​ជា​ឯកតោភាគី​។ លោក ហ៊ុន សែន សង្ឃឹមថា កម្ពុជា និង​ថៃ​នឹង​ដឹក​ដៃ​គ្នា​ទៅកាន់​យន្តការ​អន្តរជាតិ ដែល​មាន​សមត្ថកិច្ច​លើ​បញ្ហា​សមុទ្រ។

គណៈរដ្ឋមន្ត្រី​ថៃ បានសម្រេច​លុបចោល​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ឆ្នាំ​២០០១ ឬ​MOU44 ស្ដីពី​តំបន់​ដែនសមុទ្រ​ត្រួត​គ្នា​រវាង​កម្ពុជា​-​ថៃ កាលពី​ថ្ងៃទី​៥ ខែឧសភា ដោយ​លើក​ហេតុផល​ថា MOU​នេះ គ្មាន​ការ​វិវឌ្ឍ និង​គ្មាន​ប្រយោជន៍​សម្រាប់​ប្រទេស​ថៃ។ ទោះជា​យ៉ាងណា ការសម្រេច​លុបចោល​កិច្ចព្រមព្រៀង​ដែល​មាន​អាយុកាល​ជាង ២០​ឆ្នាំមុន​ការ​គ្រោងទុក​នេះ ធ្វើឡើង​បន្ទាប់ពី​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន បង្ហោះ​សារ​ដ៏​កម្រ​ក្នុង​ន័យ​ឌឺដង​ថា ប្រទេស​ថៃ​នឹង​ខាតបង់​ផល​ប្រយោជន៍ ក្រោយ​លុប​MOU44​ជាមួយ​កម្ពុជា។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ឃើញ​ថា អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា​ឆ្នាំ​២០០១ គ្មាន​ប្រយោជន៍​សម្រាប់​កម្ពុជា​នោះ​ឡើយ ដោយសារ MOU​នេះ មាន​ភាព​ចម្រូងចម្រាស​ជាមួយ​កិច្ចព្រមព្រៀង​ដែនសមុទ្រ​ខុសច្បាប់ ដែល​វៀតណាម បាន​បង្កើត​ឡើង​ជាមួយ​ថៃ និង​រដ្ឋាភិបាល​កុម្មុយនីស្ត​របស់​លោក ហ៊ុន សែន។ ទោះជា​យ៉ាងណា លោក​បារម្ភ​ថា ក្រោយ​លុបចោល MOU44 រួច ថៃ​នឹង​រក​លេស​បង្កជម្លោះ​លើ​ដែនសមុទ្រ​កម្ពុជា និង​បង្ខំ​ឱ្យ​កម្ពុជា​ទទួលយក​លក្ខខណ្ឌ​ខុសច្បាប់ ដូចដែល​ថៃ​ធ្លាប់ធ្វើ​នៅក្នុង​ជម្លោះ​ដែន​គោក​ដែរ។

ស្រដៀង​គ្នា​នេះ​ដែរ អតីត​មេធាវី​ការពារ​ក្តី​ឱ្យ​មេដឹកនាំ​ខ្មែរក្រហម​ក្នុង​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា លោក កង ឫទ្ធិ​គិរី បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា ការលុបចោល MOU44 របស់​ភាគី​ថៃ គឺ​គ្មានអ្វី​សម្រាប់​កម្ពុជា​ត្រូវ​ព្រួយបារម្ភ​នោះ​ឡើយ ព្រោះ​អធិបតេយ្យភាព​របស់​រដ្ឋ​មួយ​មិនមែន​ការពារ​បាន​ត្រឹម​តែ​សន្ធិសញ្ញា​ទេ្វភាគី ឬ​អនុស្សរណៈ​ដែល​គ្រាន់តែ​ជា​លិខិត​សំដែង​ឆន្ទៈ​នោះ​ប៉ុណ្ណោះ​ទេ។

អ្នកច្បាប់​រូប​នេះ​លើកឡើង​ថា អ្វី​ដែល​ជា​មូលដ្ឋាន​ការពារ​អធិបតេយ្យភាព​ឱ្យ​បាន​រឹងមាំ​នោះ​គឺ មូលដ្ឋាន​ច្បាប់​អន្តរជាតិ និង​កម្លាំង​កងទ័ព​នៃ​រដ្ឋ ដោយ​មិនអាច​សំអាង​ទៅលើ​សន្ធិសញ្ញា​មួយ​មុខតែ​ប៉ុណ្ណោះ​ទេ ព្រោះ​បញ្ហា​អាច​បង្ក​អន្តរាយ​នៅពេល​ភាគី​ម្ខាង មានគំនិត​ទុច្ចរិត​រក​លេស​ដើរ​ចេញពី​សន្ធិសញ្ញា​នោះ។

យ៉ាងណាក៏ដោយ ក្នុង​អំឡុង​ដែល​ប្រទេស​ថៃ រៀបចំ​គម្រោង​ហែក​ចោល​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​ឆ្នាំ​២០០១ ជាមួយ​កម្ពុជា​នោះ កងទ័ពជើងទឹក​ថៃ​បាន​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ ដែល​មាន​លក្ខណៈ​ដូច​សមរភូមិ​ពិតជា​ច្រើន​លើក​។ ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​ថៃ ដែល​ដឹកនាំ​ដោយ​លោក អានុទីន ចាន់វីរៈគុល ក៏បាន​ប្រកាស​ជាច្រើនលើក ថា នឹង​គ្រប់គ្រង និង​ទាញ​យក​ធនធានធម្មជាតិ​ក្រោម​សមុទ្រ ដែល​គេ​អះអាង​ថា ក្នុង​ដែនសមុទ្រ​របស់​ថៃ​ផ្ដាច់មុខ ក្រោយ​លុបចោល MOU44 ជាមួយ​កម្ពុជា​រួច៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ