

មេដឹកនាំកម្ពុជា និងមេដឹកនាំថៃ បានលើកឡើងដោយខ្វែងគំនិតគ្នា ក្រោយភាគីថៃបានលុបចោល ជាឯកតោភាគី អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬ MOU44 ស្ដីពីតំបន់ទាមទារដែនសមុទ្រ ដែលភាគីទាំងពីរអះអាងថា«ត្រួតស៊ីគ្នា»។ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល បានប្រកាសបង្កើតក្របខ័ណ្ឌកិច្ចព្រមព្រៀងថ្មី សម្រាប់ចរចាជាមួយកម្ពុជា។ ចំណែកប្រមុខរដ្ឋស្ដីទី កម្ពុជា លោក ហ៊ុន សែន បានប្រកាសបដិសេធរូបមន្តចរចាទ្វេភាគីរបស់ថៃ ដែលគ្រោងនឹងបង្កើតឡើងថ្មី និងគាំទ្ររដ្ឋាភិបាលកូនប្រុសរបស់លោករំលងទៅប្រើប្រាស់យន្តការច្បាប់សមុទ្រឆ្នាំ១៩៨២។
ក្រោយលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ រួចមក កម្ពុជា និងថៃ មិនទាន់រកផ្លូវចេញស្របគ្នាឃើញនោះឡើយ ដែលបានបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការកំណត់យកក្របខណ្ឌចរចាក្នុងតំបន់ដែនសមុទ្រដែលភាគីទាំងពីរបានទាមទារ។
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) បានប្រកាសនៅថ្ងៃទី៦ ខែឧសភា នេះថា ចាប់ពីពេលនេះតទៅប្រទេសថៃលែងមានអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬ MOU44ទៀតហើយ ដូច្នេះរាល់ការពិភាក្សានាពេលអនាគតជាមួយកម្ពុជាស្ដីពីបញ្ហាដែនសមុទ្រ គឺទាល់តែមានការបង្កើតយន្តការច្បាប់ និងបទបញ្ញត្តិថ្មី។ លោក អានុទីន បានបង្ហើបថា ក្របខណ្ឌដែលភាគីថៃនឹងប្រើប្រាស់សម្រាប់ការចរចាលើបញ្ហាដែនសមុទ្រជាមួយកម្ពុជានៅថ្ងៃមុខអាចជា អនុស្សរណៈនៃការយោគយល់ថ្មី ដែលអាចនឹងបង្កើតឡើងនៅក្នុងឆ្នាំ២០២៦នេះ ក៏អាចថាបាន។
លោក អានុទីន បន្តថា នៅមុនពេលលុប MOU44 កម្ពុជា និងថៃបានប្រើប្រាស់ច្បាប់ផ្សេងៗគ្នាដើម្បីចរចា ក៏ប៉ុន្តែក្រោយលុបចោលកិច្ចព្រមព្រៀងនេះរួច ប្រទេសទាំងពីរ នឹងដំណើរការចរចាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ(UNCLOS) ដូចគ្នា។
ផ្ទុយពីហេតុផលរបស់មេដឹកនាំថៃ ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានថ្លែងសារជាសំណេរនៅលើបណ្ដាញសង្គមនៅថ្ងៃនេះ ដោយប្រឆាំងនឹងការបង្កើតយន្តការទ្វេភាគីជំនួសយន្តការ MOU44 ពីសំណាក់ភាគីថៃ។ នៅក្នុងសំណេរដដែលនេះ លោក ហ៊ុន សែន បានប្រកាសគាំទ្រគោលជំហររដ្ឋាភិបាលរបស់ លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់លោក លើដំណោះស្រាយបញ្ហាតំបន់សមុទ្រដែលកម្ពុជា និងថៃ អះអាងថា «ត្រួតស៊ីគ្នា» ដោយប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation)ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីឱ្យភាគីទី៣ ចូលរួមរកយុត្តិធម៌ដល់កម្ពុជា។
ទន្ទឹមគ្នានេះ លោក ហ៊ុន សែន បានអះអាងថា មូលហេតុដែល MOU44 គ្មានការវិវឌ្ឍដោយសារបញ្ហាវិបត្តិនយោបាយរបស់ប្រទេសថៃខ្លួនឯង ដែលឈានដល់ការផ្លាស់ប្ដូរមេដឹកនាំប្រមាណ ១០នាក់ចាប់តាំងពីរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្ត្រីថៃ និងជាអតីតបងធម៌របស់លោក គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាលពីឆ្នាំ២០០៦ ខណៈអំឡុងពេលនោះ កម្ពុជាបានដឹកនាំដោយលោក និងកូនប្រុស ដែលគ្មានការផ្លាស់ប្ដូរយន្តការ និងខ្លឹមសារចរចាលើ MOU44 នោះឡើយ។
នៅចុងបញ្ចប់សំណេរ លោក ហ៊ុន សែន បានលើកឡើងបែបឌឺដងថា កម្ពុជាធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិ សូមកុំចោទប្រកាន់ថា កម្ពុជាធ្វើ«អន្តរជាតូបនីយកម្ម»បញ្ហាទ្វេភាគី និងសូមកុំនិយាយថា ធ្លាក់ចូលអន្ទាក់កម្ពុជាដែលចង់ឱ្យភាគីទី៣ ឬអន្តរជាតិចូលរួម ហើយសូមកុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មី ជំនួសយន្តការទ្វេភាគីចាស់ ដែលថៃលុបចោលជាឯកតោភាគី។ លោក ហ៊ុន សែន សង្ឃឹមថា កម្ពុជា និងថៃនឹងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ។
គណៈរដ្ឋមន្ត្រីថៃ បានសម្រេចលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ឬMOU44 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ កាលពីថ្ងៃទី៥ ខែឧសភា ដោយលើកហេតុផលថា MOUនេះ គ្មានការវិវឌ្ឍ និងគ្មានប្រយោជន៍សម្រាប់ប្រទេសថៃ។ ទោះជាយ៉ាងណា ការសម្រេចលុបចោលកិច្ចព្រមព្រៀងដែលមានអាយុកាលជាង ២០ឆ្នាំមុនការគ្រោងទុកនេះ ធ្វើឡើងបន្ទាប់ពីប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បង្ហោះសារដ៏កម្រក្នុងន័យឌឺដងថា ប្រទេសថៃនឹងខាតបង់ផលប្រយោជន៍ ក្រោយលុបMOU44ជាមួយកម្ពុជា។
ជុំវិញរឿងនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ឃើញថា អនុស្សរណៈ នៃការយោគយល់គ្នាឆ្នាំ២០០១ គ្មានប្រយោជន៍សម្រាប់កម្ពុជានោះឡើយ ដោយសារ MOUនេះ មានភាពចម្រូងចម្រាសជាមួយកិច្ចព្រមព្រៀងដែនសមុទ្រខុសច្បាប់ ដែលវៀតណាម បានបង្កើតឡើងជាមួយថៃ និងរដ្ឋាភិបាលកុម្មុយនីស្តរបស់លោក ហ៊ុន សែន។ ទោះជាយ៉ាងណា លោកបារម្ភថា ក្រោយលុបចោល MOU44 រួច ថៃនឹងរកលេសបង្កជម្លោះលើដែនសមុទ្រកម្ពុជា និងបង្ខំឱ្យកម្ពុជាទទួលយកលក្ខខណ្ឌខុសច្បាប់ ដូចដែលថៃធ្លាប់ធ្វើនៅក្នុងជម្លោះដែនគោកដែរ។
ស្រដៀងគ្នានេះដែរ អតីតមេធាវីការពារក្តីឱ្យមេដឹកនាំខ្មែរក្រហមក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា លោក កង ឫទ្ធិគិរី បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ការលុបចោល MOU44 របស់ភាគីថៃ គឺគ្មានអ្វីសម្រាប់កម្ពុជាត្រូវព្រួយបារម្ភនោះឡើយ ព្រោះអធិបតេយ្យភាពរបស់រដ្ឋមួយមិនមែនការពារបានត្រឹមតែសន្ធិសញ្ញាទេ្វភាគី ឬអនុស្សរណៈដែលគ្រាន់តែជាលិខិតសំដែងឆន្ទៈនោះប៉ុណ្ណោះទេ។
អ្នកច្បាប់រូបនេះលើកឡើងថា អ្វីដែលជាមូលដ្ឋានការពារអធិបតេយ្យភាពឱ្យបានរឹងមាំនោះគឺ មូលដ្ឋានច្បាប់អន្តរជាតិ និងកម្លាំងកងទ័ពនៃរដ្ឋ ដោយមិនអាចសំអាងទៅលើសន្ធិសញ្ញាមួយមុខតែប៉ុណ្ណោះទេ ព្រោះបញ្ហាអាចបង្កអន្តរាយនៅពេលភាគីម្ខាង មានគំនិតទុច្ចរិតរកលេសដើរចេញពីសន្ធិសញ្ញានោះ។
យ៉ាងណាក៏ដោយ ក្នុងអំឡុងដែលប្រទេសថៃ រៀបចំគម្រោងហែកចោលអនុស្សរណៈ នៃការយោគយល់គ្នាឆ្នាំ២០០១ ជាមួយកម្ពុជានោះ កងទ័ពជើងទឹកថៃបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដែលមានលក្ខណៈដូចសមរភូមិពិតជាច្រើនលើក។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលថៃ ដែលដឹកនាំដោយលោក អានុទីន ចាន់វីរៈគុល ក៏បានប្រកាសជាច្រើនលើក ថា នឹងគ្រប់គ្រង និងទាញយកធនធានធម្មជាតិក្រោមសមុទ្រ ដែលគេអះអាងថា ក្នុងដែនសមុទ្ររបស់ថៃផ្ដាច់មុខ ក្រោយលុបចោល MOU44 ជាមួយកម្ពុជារួច៕









