កម្ពុជា និង​ថៃ​បង្ហាញ​លទ្ធផល​ខុសគ្នា អំពី​កិច្ចប្រជុំ​រឿង​ជម្លោះ​ដែន​សមុទ្រ ដែល​ហ្វីលីពីន​ធ្វើជា​ម្ចាស់ផ្ទះ

0
26
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ថ្លែង​នៅ​ទីក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត
លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និង​នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) ថ្លែង​នៅ​ទីក្រុង​សេប៊ូ ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត

នាយករដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​ថៃ​បង្ហាញ​លទ្ធផល​ខុសគ្នា ជំនួប​ពិភាក្សា​ត្រីភាគី​ស្ដី​អំពី​រឿង​ជម្លោះ​ដែនសមុទ្រ ដែល​មាន​ការ​សម្របសម្រួល​ពី​ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន​គឺ​លោក ហ្វឺឌីណាន់ ម៉ាកូស ជូញៀ (Ferdinand Marcos Jr.)​។ ក្នុង​នោះ មេដឹកនាំ​កម្ពុជា​បាន​បង្ហាញ​ពី​លទ្ធផល​បែប​វិជ្ជមាន ដោយ​ប្តេជ្ញាចិត្ត​ជាមួយ​ភាគី​ថៃ​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​សន្តិភាព​យូរអង្វែង និង​កាត់បន្ថយ​ភាព​តានតឹង​ដាក់គ្នា​។ ចំពោះ​ភាគី​ថៃ បាន​ព្រមាន​កម្ពុជា​កុំឱ្យ​បង្ក​សង្គ្រាម​ពាក្យសម្ដី និង​ប្រឆាំង​ថៃ​នៅ​លើ​ឆាក​អន្តរជាតិ។ ក្នុង​នោះ​ភាគី​ថៃ​បាន​លើកឡើង​ពី​គម្រោង​បង្កើត​ក្របខ័ណ្ឌ​ចរចា​ទ្វេភាគី​ជាមួយ​កម្ពុជា ដើម្បី​ដោះស្រាយ​ជម្លោះ​ដែន​គោក និង​ដែនទឹក។

ក្រោយ​ជំនួប​ត្រីភាគី​ដែល​ភាគី​កម្ពុជា ថៃ និង​ហ្វីលីពីន បាន​ឆ្លៀត​ចូលរួម​ក្នុង​អំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៨ នៅ​ទីក្រុង​សេប៊ូ ថ្ងៃទី៧ ខែឧសភា មេដឹកនាំ​កម្ពុជា​មិនបាន​បញ្ចេញ​ព័ត៌មាន​សំខាន់ អំពី​លទ្ធផល​នៃ​កិច្ចចរចា​រឿង​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ​នោះ​ឡើយ។

នៅ​លើ​គេហទំព័រ និង​បណ្ដាញ​សង្គម​របស់​ក្រសួង​ការ​បរទេស​កម្ពុជា មិន​មាន​បញ្ចេញ​ព័ត៌មាន​លម្អិត ឬ​ធ្វើ​បច្ចុប្បន្នភាព​ថ្មីៗ​អំពី​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​ជាមួយ​ភាគី​ថៃ​នោះ​ឡើយ ក្រៅតែ​ពី​ព័ត៌មាន​បែប​ពិធីការ​ខ្លីៗ។ ចំណែក​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បញ្ចេញ​កាលពី​ម្សិលមិញ ដោយ​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត​ជាមួយ​ប្រទេស​ថៃ ដើម្បី​រក្សា​សន្តិភាព​យូរអង្វែង ការពិភាក្សា​ផ្ដោត​លើ​ភាព​តានតឹង និង​វិធាន​ការ​កសាង​ទំនុកចិត្ត​ដើម្បី​ស្តារ​សន្តិភាព ដែល​ធ្វើ​ឱ្យ​ទំនាក់ទំនង​វាង​កម្ពុជា និង​ថៃ​ប្រែ​មក​សភាព​ធម្មតា​វិញ ដោយ​បន្ត​ប្រើប្រាស់​យន្តការ​ចរចា​ទ្វេភាគី​ដែល​មាន​ស្រាប់។

ចំណែក​ភាគី​ប្រទេស​ថៃ​វិញ រដ្ឋមន្ត្រីការបរទេស​ថៃ លោក ស៊ីហាសាក់ ភួង​កេ​ត​កែវ (Sihasak Phuangketkeow)​បាន​អះអាង​នៅ​ថ្ងៃទី​៨ ខែឧសភា នេះ​ថា នៅក្នុង​កិច្ចពិភាក្សា​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ា​ណែ​ត នៅ​ចំពោះមុខ ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន​គឺ​លោក ហ្វឺឌីណាន់ ម៉ា​កូ​ស ជូ​ញៀ (Ferdinand Marcos Jr.) ដែលជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) បាន​ប្រាប់​មេដឹកនាំ​កម្ពុជា​ឱ្យ​ជៀសវាង​សង្គ្រាម​ពាក្យសម្ដី និង​ការ​ចោទប្រកាន់​មក​លើ​ប្រទេស​ថៃ​នៅ​លើ​ឆាក​អន្តរជាតិ​បន្ទាប់​ពី​បទ​ឈប់​បាញ់។

ប្រមុខ​ការទូត​ថៃ​រូប​នេះ លើកឡើង​ថា ក្រៅ​ពី​នេះ ភាគី​កម្ពុជា និង​ថៃ​បាន​ពិភាក្សា​គ្នា​អំពី​ការបង្កើត​ក្របខ័ណ្ឌ​ចរចា​ទ្វេភាគី​ឡើងវិញ ដើម្បី​ស្ដារ​ទំនាក់ទំនង​ឱ្យ​មាន​ភាព​ដូចដើម និង​បន្ត​កិច្ចសហប្រតិបត្តិការ​បោសសម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ លោក​បញ្ជាក់​បន្ថែម​ថា នឹង​ជួបពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ក្នុង​ពេល​ឆាប់ៗ ដើម្បី​ចរចា​ឱ្យ​ភារធារី ឬ​សមាជិក​បេសកកម្ម​ការទូត​ទទួលបន្ទុក​ប្រមុខ​បេសកកម្ម​ការទូត​ស្ដីទី វិល​ទៅ​កាន់​ស្ថានទូត​រៀងៗ​ខ្លួន​វិញ។

ពាក់ព័ន្ធ​នឹង​ការ​ដោះស្រាយ​ជម្លោះ​ដែន​គោក​វិញ លោក ស៊ីហាសាក់ បាន​សង្កត់ធ្ងន់​ថា ប្រទេស​ថៃ​មិន​គេចវេះ​ពី​ការចរចា​នោះ​ទេ ប៉ុន្តែ​ត្រូវ​ការ​ពេលវេលា​ដើម្បី​សមាសភាព​គណៈកម្មាធិការ​បច្ចេកទេស​ជាមុន​សិន ខណៈ​ការចរចា​ព្រំដែន​សមុទ្រ​វិញ ប្រទេស​ទាំងពីរ​នឹង​ដោះស្រាយ​ក្រោម​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​(UNCLOS) ដូចគ្នា។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​រដ្ឋ​មន្ត្រី​ការបរទេស​ស្ដីទី អ្នកស្រី អ៊ាត សោភា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​៨ ខែ​ឧសភា។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន យល់ឃើញ​ថា ជំនួប​រវាង​មេដឹកនាំ​កម្ពុជា និង​ថៃ នៅ​ប្រទេស​ហ្វីលីពីន នេះ ភាគី​កម្ពុជា​ហាក់​មិន​មាន​តុល្យភាព​ក្នុង​ការ​ចរចា​នោះ​ឡើយ ដោយ​កម្ពុជា​ចរចា​ស្ថិត​ក្នុង​ឋានៈ​ជា​ភាគី​ទន់ខ្សោយ ខណៈ​ភាគី​ថៃ​កំពុង​មានប្រៀប​ទាំង​កម្លាំង​ការពារ​ជាតិ និង​ការទូត​។ លោក​កត់សម្គាល់​ថា លទ្ធផល​នៃ​ការចរចា​នេះ គឺ​ភាគី​កម្ពុជា​នៅ​ដើរ​មិន​ឆ្ងាយ​ពី​យុទ្ធសាស្ត្រ​ចរចា​ទ្វេភាគី ដែល​ភាគី​ថៃ​ចង់បាន​នោះ​ឡើយ។

លោក អ៊ុំ សំអាន​៖ «​ទោះជា​យ៉ាងណា យើង​មិន​សង្ឃឹម​ថា លោក ហ៊ុន ម៉ាណែត នឹង​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នោះ​ទេ ព្រោះ​វា​អាច​ប៉ះពាល់​ទៅដល់​កោះត្រល់​ដែល​លោក ហ៊ុន សែន កាត់​ទៅ​ឱ្យ​វៀតណាម តាម​សន្ធិសញ្ញា​ដែន​ទឹក​ប្រវត្តិសាស្ត្រ ឆ្នាំ​១៩៨២។ អ៊ីចឹង​គាត់​គ្រាន់តែ​ប្រើប្រាស់​យន្តការ​ផ្សះផ្សា​ដោយ​ចាប់បង្ខំ ជួនកាល​គ្រាន់តែ​និយាយ ប៉ុន្តែ​មិន​ធ្វើ​ក៏​អាច​ថា​បាន ដូច​ករណី​ប្ដឹង​ទៅ ICJ ឥឡូវ​មិន​ទាន់​ប្ដឹង​ផង»។

យ៉ាងណា​ក៏ដោយ​ចុះ ជំនួប​រវាង​មេដឹកនាំ​កម្ពុជា និង​ថៃ​នៅ​ប្រទេស​ហ្វីលីពីន នេះ បាន​ធ្វើ​ឱ្យ​អ្នកវិភាគ និង​អ្នកនយោបាយ​នៃ​ប្រទេស​ទាំងពីរ បង្ហាញ​ពី​ទស្សនៈ​ផ្ទុយគ្នា។

អ្នកវិភាគ និង​អ្នកនយោបាយ​របស់​ថៃ​មួយចំនួន បាន​ហៅ​កិច្ចចរចា​រវាង​កម្ពុជា និង​ថៃ នៅ​ប្រទេស​ហ្វីលីពីន នេះ​ថា​ជា «​អន្ទាក់​សេ​ប៊ូ​» ដែល​ជា​ផែនការ​របស់​កម្ពុជា​ដើម្បី​ឡោមព័ទ្ធ និង​ទាញ​ប្រទេស​ថៃ​ឡើង​ទៅលើ​ឆាក​ពិភពលោក ដែល​គេ​ហៅថា​ជា​«​អន្តរ​ជាតូបនីយកម្ម​ផ្នែក​ច្បាប់»។

ក្រុម​បញ្ញវន្ត​ថៃ​ទាំងនោះ​បារម្ភ​ថា ការប្រើប្រាស់​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​(UNCLOS) របស់​រដ្ឋាភិបាល​លោក អានុទីន ដើម្បី​ដោះស្រាយ​ជម្លោះដែនសមុទ្រ​ជាមួយ​កម្ពុជា ដែល​ទើបតែ​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​នេះដែរ​នោះ គឺជា​យុទ្ធសាស្ត្រ​ចរចា​ដោយ​ប្រថុយ​មួយ​ចាន​ទឹក​មួយ​ចាន​គោក ដែល​ធ្វើ​ឱ្យ​ប្រទេស​ថៃ​ប្រឈមមុខ​នឹង​ការបាត់បង់​ដែនសមុទ្រ​ដែល​ភាគី​ថៃ​បាន​ទាមទារ និង​អាច​បាត់បង់​ទឹកដី​មួយ​ផ្នែក​នៅ​លើ​កោះ​គុជ​ទៀត​ផង។

ដោយឡែក អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ថា ជំនួប​ត្រីភាគី​នៅ​កោះ​សេប៊ូ វាង​មេដឹកនាំ​កម្ពុជា និង​ថៃ គ្រាន់តែ​ជា​ល្បែង​នយោបាយ​បង្គ្រប់កិច្ច ដែល​ភាគី​ថៃ​ប្រើ​ដើម្បី​លម្អ​មុខ​មាត់​ការទូត​អាស៊ាន ប៉ុន្តែ​ធាតុ​ពិត​នៅតែ​បន្ត​ឈ្លានពាន​ដែនដី​កម្ពុជា​ដដែល​។ លោក​បន្ត​ថា ការណ៍​ដែល​លោក ហ៊ុន ម៉ាណែត បន្ត​ធ្លាក់​ក្នុង​អន្ទាក់​ការទូត​នេះ​បាន​ស្ដែង​ឱ្យ​ឃើញ​ពី​ភាព​ទន់ជ្រាយ​នៃ​យុទ្ធសាស្ត្រ​ដឹកនាំ​របស់​លោក។

លោក សេង វណ្ណលី បន្ត​ថា ជំនួប​នៅ​កោះ​សេប៊ូ គឺជា​យុទ្ធសាស្ត្រ​ទិញ​ពេលវេលា​របស់​ភាគី​ថៃ ដូច្នេះ​ដើម្បី​ពង្រឹង​អំណាច​ការទូត និង​ការពារ​ផលប្រយោជន៍​ជាតិ​ឱ្យ​មាន​ប្រសិទ្ធភាព លោក ហ៊ុន ម៉ាណែត ចាំបាច់​ត្រូវ​បោះបង់ចោល​យុទ្ធសាស្ត្រ​ទន់ភ្លន់​តាម​កាលៈទេសៈ ដោយ​ងាក​មក​អនុវត្ត​នយោបាយ​ការទូត​ដែល​មាន​ការធានា តាមរយៈ​ការ​ដាក់​ចេញ​នូវ​វិធានការ​ឆ្លើយតប​ជាក់ស្ដែង​នៅ​តាម​បន្ទាត់​ព្រំដែន រួមផ្សំ​ជាមួយនឹង​ការ​បង្ហាញ​ឆន្ទៈ​កម្ចាត់​ឫសគល់​នៃ​ឧស្សាហកម្ម​ឆបោក​ឆ្លងដែន​ឱ្យ​អស់​ប្រទេស​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ