ជនភៀសសឹក​ជិត​២០០​គ្រួសារ​នៅ​​ឧត្តរមានជ័យ​ត្អូញត្អែរ​ពី​ជីវភាព​ខ្វះខាត និង​ពិបាក​រស់នៅ​ពេល​ភ្លៀង​ធ្លាក់​ម្ដងៗ

0
125
ផ្ទះបណ្ណោះអាសន្ន​សម្រាប់ជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ ដែលត្រូវ​ថៃឈ្លានពានដីនិងផ្ទះ។ រូប៖ ​បណ្ដាញសង្គម
ផ្ទះបណ្ណោះអាសន្ន​សម្រាប់ជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ ដែលត្រូវ​ថៃឈ្លានពានដីនិងផ្ទះ។ រូប៖ ​បណ្ដាញសង្គម

ជនភៀសសឹក​រស់នៅ​ក្រោម​តង់​កៅស៊ូ​ជាង ២០០​គ្រួសារ នៅ​ស្រុក​ចំនួន​២ ក្នុង​ខេត្ត​ឧត្តរមានជ័យ ត្អូញត្អែរ​ពី​ជីវភាព​ខ្វះខាត និង ពិបាក​រស់នៅ ពេល​មាន​ភ្លៀង​ធ្លាក់ រួម​នឹង​ខ្យល់​កន្ទ្រាក់ ម្ដងៗ ។ ទន្ទឹមគ្នា​នោះ ជនភៀសសឹក​មួយចំនួន នៅតែ​ពុំ​ទាន់​ដឹង​ច្បាស់​ថា​រដ្ឋាភិបាល នឹង​ដោះស្រាយ​បញ្ហា​ជូន​គាត់​បែប​ណា​នោះ​ទេ ខណៈ​ការ​ផ្ដល់​ផ្ទះ​បណ្ដោះអាសន្ន​ក៏​គ្មាន។

បើ​ទោះជា​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បាន​រៀបចំ​ផ្ទះ​ថ្មី និង​ផ្ទះ​បណ្ដោះអាសន្ន​រាប់ពាន់​ខ្នង​ផ្ដល់​ឱ្យ​ជនភៀសសឹក ដែល​បាត់បង់​ដីធ្លី និង​ផ្ទះសម្បែង ក្រោយពី​ថៃ ចូលកាន់​កាប់​ក្ដី ជនភៀសសឹក​ជាច្រើន​គ្រួសារ​ទៀត ដែល​មាន​ផ្ទះសម្បែង ខូចខាត​ដោយសារ​សង្គ្រាម និង​មានផ្ទះ​ស្ថិត​ក្នុង​តំបន់​ក្រហម ពួកគាត់​នៅ ពុំ​ទាន់​ទទួល​បាន​ដំណោះស្រាយ​សមរម្យ ពី​រដ្ឋាភិបាល​នៅឡើយ។

ជនភៀសសឹក​ដែល​កំពុងតែ​ស្នាក់នៅ ក្រោម​តង់​កៅស៊ូ ហាលភ្លៀង ហាលថ្ងៃ​ជិត​កន្លះ​ឆ្នាំ​មក​ហើយ លោកស្រី យ៉ាន់ ចន្ថា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​០៥ ខែឧសភា​ថា បច្ចុប្បន្ន ជនភៀសសឹក​ជិត​២០០​គ្រួសារ កំពុងតែ​ស្នាក់នៅ ក្រោម​តង់​កៅស៊ូ​ដ៏​លំបាក ក្នុង​ជំរំ​វត្ត​បាត់ថ្កៅ ស្ថិត​នៅ​ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ។ លោកស្រី​ថា ចាប់តាំងពី​ភ្លៀង​ធ្លាក់​មក ជនភៀសសឹក​ពុំ​សូវ​បាន​សម្រាក​ស្រួល​នោះ​ទេ ព្រោះ​រវល់​បាច់​ទឹក​ចេញ​ពី​តង់​ផង ហើយ​ពេល​យប់​ដេក ពុំ​សូវ​លក់​ព្រោះ បារម្ភ​ខ្លាច សត្វ​ពស់ ក្អែប ខ្ទួយ និង​ស្រមោច ចូលក្នុង​តង់​កៅស៊ូ។

ទន្ទឹមគ្នា​នោះ​លោកស្រី ស្បៀង​បរិភោគ ក៏​ពុំ​សូវ​មាន ព្រោះ​ជំនួយ​ពី​សប្បុរសជន​លែង​សូវ​មាន​ទៀត ។ ចាប់តាំងពី លោកស្រី​មក​រស់នៅ​ក្នុង​ជំរំ​ភៀស​សឹក ពុំដែល​ទទួល​បាន​ថវិកា​ឧបត្ថម្ភ ពី​រដ្ឋាភិបាល​ទេ ហើយ ប័ណ្ណ​ក្រីក្រ និង​ប័ណ្ណ​ហានិភ័យ សម្រាប់​បើកប្រាក់​ខែ​ជាប្រចាំ​ក៏​គ្មាន។ លោកស្រី​ទំនង​មិនអាច​ទៅ​រស់នៅ​ភូមិកំណើត​វិញ​បាន ក្នុង​ពេល​ឆាប់ៗ ព្រោះ​ផ្ទះ ស្ថិត​នៅ​ក្នុង​តំបន់​ក្រហម​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ។ លោកស្រី​ថា អាជ្ញាធរ​មិនបាន​ជូនដំណឹង​ថា ពួកគាត់ នឹង​ត្រូវ​ទៅ​រស់នៅ ក្នុង​ផ្ទះ​បណ្ដោះអាសន្ន ដោយ​គ្រាន់តែ​ឱ្យ​ពលរដ្ឋ​ទ្រាំ​រស់នៅ​ក្នុង​តង់​កៅស៊ូ​បន្ត​ទៀត។

លោកស្រី យ៉ាន់ ចន្ថា៖ «យើង​រស់នៅ​លក្ខណៈ​គ្រួសារ​ពីរ​បី​នាក់​ចេះតែ​អាច​រស់​នៅ​បាន បើ​អ្នក​កូន​ច្រើន​រញ៉េរញ៉ៃ​ក៏​រស់នៅ​ទាំង​ពិបាក​វេទនា។ ជួនកាល​ដាំបាយ​រួច ភ្លៀង​មក​សឹងតែ​រក​កន្លែង​ហូបបាយ​មិន​បាន ហើយ​ហូប​នៅ​កន្លែងដេក​ទៅ។ វ័យ​ចំណាស់​ផង ពេលខ្លះ​ក៏​ដេកលក់​ស្រួល ពេលខ្លះ​ក៏​ដេកលក់​មិន​ស្រួល​ទៅ ព្រោះ​យើង​គិត​ច្រើន ហើយ​កន្លែងដេក​ក៏​មិន​ស្រួល មិន​ធ្វើ​ម៉េច​ទេ»។

ជនភៀសសឹក​ភាគច្រើន បន្ត​ក្រាញ​ននៀល រស់នៅ​ក្រោម​តង់ ក្ដៅ​ហួតហែង ហើយ​ពេល​មាន​ភ្លៀង​ម្ដងៗ ក៏​ទឹក​ពុំ​សូវ​បាន​រស់នៅ​ស្រួល​នោះ​ឡើយ​។ ពួកគាត់ ហាក់​រស់នៅ​ដោយ​ពុំ​សូវ​ដឹង​ពី​ព័ត៌មាន​លម្អិត​ពី អាជ្ញាធរ​មូលដ្ឋាន​ថា​នឹង​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​បែប​ណា​នោះ​ឡើយ​។ រាល់ថ្ងៃ ពួកគាត់​ពុំ​មាន​ការងារ​ធ្វើ ក្រៅពី​ដេក​ក្រោកៗ រង់ចាំ​ដំណឹង​ពី​រដ្ឋាភិបាល។ រីឯ អ្នក​ខ្លះទៀត ដើរ​រក​ត្រី តាម​ប្រឡាយ បឹងបួរ នៅ​ក្បែរៗ ជំរំ គ្រាន់​បាន​ទុក ធ្វើ​ម្ហូប​ហូប ព្រោះ​គ្មាន​ថវិកា​ទិញ​ម្ហូប​នៅ​ផ្សារ​។ រីឯ កុមារ​វិញ ពុំ​សូវ​បាន​រៀន​ដិតដល់​នោះ​ទេ ព្រោះ​ខ្វះ​គ្រូបង្រៀន រួម​នឹង​បរិយាកាស​រស់នៅ​ពុំសូវល្អ​ផង​នោះ ធ្វើ​កុមារ​ភាគច្រើន មិន​ចង់​រៀនសូត្រ ហើយ​តែង​មាន​ជំងឺ​ផ្ដាសាយ។

រីឯ ជនភៀសសឹក​ម្នាក់ទៀត ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ជំរំ​ភៀស​សឹក​វត្ត​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ លោក ឆ្លៅ ទូនីន លើកឡើង​ថា ជនភៀសសឹក​នៅ​ជំរំ​នេះ​មាន​ប្រហែល​១០០​នាក់ ភាគច្រើន មានផ្ទះ​នៅ​តំបន់ ក្រហម ជាប់​ព្រំដែន​ថៃ​។ គ្រួសារ​លោក ក៏​មិន​ខុសពី​អ្នក​ដទៃទៀត​នោះ​ទេ មាន​ជីវភាព​ខ្វះខាត ហើយ​លោក​ថា មិនដឹង​ធ្វើ​បែប​ណា មាន​ទ្រាំ​រស់​ក្នុង​តង់​កៅស៊ូ រង់ចាំ ដំណោះស្រាយ​ពី​រដ្ឋាភិបាល។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ឱ្យ​បាន​ឆាប់ ដើម្បី​អាច​រស់នៅ​នៅ​ភូមិកំណើត​វិញ ព្រោះ​សព្វថ្ងៃ ពួកគាត់​ជួប​ផល​លំបាក ទាំង​ការ​ហូបចុក ការ​រស់នៅ និង​បញ្ហា​អនាគត​មិន​ច្បាស់លាស់។

លោក ឆ្លៅ ទូនីន៖ «នៅ​នេះ​ពេល​ភ្លៀង ទឹក​លិច​។ ចិត្ត​ខ្ញុំ​ចង់តែ​ទៅ​រស់នៅ​ភូមិកំណើត​វិញ​។ ឥឡូវ​ផ្ទះ​ក៏​បាក់បែក​អស់ អ៊ីចឹង​បាន ចង់បាន​សំណង​ពី​រដ្ឋាភិបាល​ខ្លះ គ្រាន់​យក​ទៅ​រៀបចំផ្ទះ​ដែល​បាក់បែក ដើម្បី​អាច​រស់នៅ​វិញ»។

ទូរទស្សន៍​អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ខេត្ត​ឧត្តរមានជ័យ លោក ម៉េត មាស​ភក្ដី និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន ប៉ូណា ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​០៧ ខែឧសភា ដោយ​ហៅ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នកទទួល។

ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​០៧ ខែឧសភា សេចក្ដីប្រកាស​ព័ត៌មាន បញ្ជាក់​ថា ជនភៀសសឹក​សរុប​ជាង​៦​សែន ៤​ម៉ឺន​នាក់ មាន​ជាង​៦​សែន ១​ម៉ឺន​នាក់ ឬ​ប្រមាណ​៩៥%​ហើយ បាន​វិលត្រឡប់​ទៅ​រស់នៅ​លំនៅឋាន​វិញ​។ ចំណែក​អ្នក​មិន​ទាន់​បាន​ត្រឡប់​ទៅ​លំនៅឋាន មាន​ជាង​៣​ម៉ឺន ២​ពាន់ (៣២.៨៩៩) នាក់ ក្នុងនោះ មាន​មាន​កុមារ​ជាង​១១​ម៉ឺន​នាក់។

ប្រធាន​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ និង​ឧត្ដរមានជ័យ លោក អ៊ិន គង់ជិត សង្កេត​ឃើញ​ថា ជនភៀសសឹក​ជាច្រើន ដែល​កំពុងតែ​រស់នៅ​ក្រោម​តង់​កៅស៊ូ ក្នុង​ខេត្ត​ឧត្តរមានជ័យ ជួប​ការ​ដ៏​លំបាក​ពិតមែន។ ជាមួយគ្នា​នោះ លោក​ថា អាជ្ញាធរ​មូលដ្ឋាន ក៏​តែងតែ​រឹតត្បិត​មិន​ឱ្យ​ពួកគាត់​និយាយ​ជាមួយ​អ្នកសារព័ត៌មាន និង​មន្ត្រី​សង្គម​ស៊ីវិល រៀបរាប់​ពី​ទុក្ខ​លំបាក​នោះ​ទេ។ ទន្ទឹមគ្នា​នោះ លោក​ថា ទីតាំង​ដែល​ជនភៀសសឹក​បោះតង់​នៅ​ភាគច្រើន​ជា​កន្លែង​ទំនាប ដូច្នេះ​នៅពេល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ ពិបាក​រស់នៅ​ព្រោះ​លិច​ទឹក។

លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​គួរតែ​ផ្ដល់​ទីជម្រក​ឱ្យ​សមរម្យ​ដល់​ជនភៀសសឹក ហើយ​បើ​អាច​គួរតែ​ធ្វើ​ផ្ទះ​បណ្ដោះអាសន្ន ឱ្យ​ពួកគាត់​ទាំងអស់គ្នា ដូច​នឹង​ជនភៀសសឹក​ដទៃទៀត​ដែរ ព្រោះថា​ការ​ទុក​ពួកគាត់ ឱ្យ​រស់នៅ​ក្រោម​តង់​កៅស៊ូ​ហាលភ្លៀង ហាលថ្ងៃ ដោយ​គ្មាន​ផែនការ​វិលត្រឡប់​ច្បាស់លាស់​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ផ្លូវចិត្ត និង​ជីវភាព​គ្រួសារ​កាន់តែ​ធ្ងន់ធ្ងរ ខណៈ​បច្ចុប្បន្ន ជនភៀសសឹក​កំពុង​ប្រឈម​បញ្ហា​ជាច្រើន ដូចជា ហូបចុក គ្មាន​ទីជម្រក​សមរម្យ ហើយ​កុមារ​ភាគច្រើន​នឹង​ប្រឈម​ខូចអនាគត ព្រោះ​ពុំ​ទទួល​បានការ​អប់រំ និង​ការ​មើលថែ​បាន​ត្រឹមត្រូវ។

លោក អ៊ិន គង់ជិត៖ «នៅ​តាម​មណ្ឌល​ទាំងនោះ​តែងតែ​នៅក្នុង​កន្លែង​ទី​ទំនាប​ហើយ អត់​មាន​ប្រព័ន្ធ​បង្ហូរទឹក​។ អ៊ីចឹង​បើ​គ្មាន​កន្លែង​ផ្សេងទៀត ដែល​ជាទី​ទល់​ខ្ពស់ បើសិន​រក​អត់​បាន ហើយ​បើសិន​រកបាន​ទីកន្លែង​មាន​សុវត្ថិភាព​ខ្ពស់ គួរតែ​មាន​ការ​ផ្លាស់ប្ដូរ ជំរំ​ទៅកាន់​ទី​ទល់​ខ្ពស់​បន្តិច​ដើម្បី ដើម្បី​ឱ្យ​ពួកគាត់​គេច​ផុស​ពី​ទឹកភ្លៀង និង​ទឹក​ជំនន់»។

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវតែ រក​ដំណោះស្រាយ ឱ្យ​បាន​សមរម្យ​សម្រាប់​ជនភៀសសឹក ដែល​ពុំ​ទាន់​បាន​ទៅ​រស់នៅ ក្នុងភូមិ​កំណើត​វិញ ហើយ​បន្ត​រស់នៅ​ក្នុង​តង់​កៅស៊ូ ដោយ​ត្រូវ​ផ្ដល់​ទីជម្រក ឬ​ផ្ទះ​បណ្ដោះអាសន្ន ឱ្យ​បាន​សមរម្យ និង​ត្រូវ​យកចិត្តទុកដាក់​ឱ្យ​បាន​ដិតដល់​ក្នុង​ការ​ផ្ដល់​ជំនួយ​ជា ស្បៀង និង​សេវា​គាំពារ​សង្គម តាមរយៈ​ការ​ផ្ដល់​ថវិកា​ប្រចាំខែ ដូច​ជនភៀសសឹក​ដ៏​ទៀត​ដែរ ថ្វី​ត្បិត​ថា​ពួកគាត់ មាន​ដីធ្លី និង​លំនៅឋាន មិន​ត្រូវ​បាន​យោធា​ថៃ​កាន់កាប់​ក្ដី ក៏​ពួកគាត់​នៅតែ​រងគ្រោះ ព្រោះ​មិនអាច​ត្រឡប់​ទៅ​រស់នៅ​ក្នុងផ្ទះ​ដូចដើម​វិញ​បាន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ