អាដហុក​រក​ឃើញ​ថា វិវាទ​ដីធ្លី​កើតឡើង​ថ្មី​ពាក់ព័ន្ធ​ជា​បុគ្គល​មាន​អំណាច និង​អ្នក​មាន​លុយ

0
173
ទិដ្ឋភាពពលរដ្ឋ​មក​ពី​សហគមន៍​ចំនួន​៤​ មក​ពី​ខេត្ត​កោះកុង តវ៉ានៅ​មុខ​ក្រសួង​រៀបចំ​ដែនដី ដើម្បី​ដាក់​ញត្តិ និងទាមទារ​ឱ្យ​​ពន្លឿន​ការ​ដោះស្រាយ​​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​លោក ហេង ហ៊ុយ កាលពីថ្ងៃ​ទី៦ ឧសភា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទិដ្ឋភាពពលរដ្ឋ​មក​ពី​សហគមន៍​ចំនួន​៤​ មក​ពី​ខេត្ត​កោះកុង តវ៉ានៅ​មុខ​ក្រសួង​រៀបចំ​ដែនដី ដើម្បី​ដាក់​ញត្តិ និងទាមទារ​ឱ្យ​​ពន្លឿន​ការ​ដោះស្រាយ​​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​លោក ហេង ហ៊ុយ កាលពីថ្ងៃ​ទី៦ ឧសភា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សមាគម​អាដហុក (Adhoc) ចាត់ទុក​បញ្ហា​វិវាទ​ដីធ្លី​ក្នុង​ប្រទេស​កម្ពុជា​ថា នៅតែ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ និង​ស្មុគស្មាញ។ ការ​លើកឡើង​បន្ទាប់​ពី​អាដហុក​រក​ឃើញ​វិវាទ​ដីធ្លី កើតឡើង​ថ្មី ចំនួន ៤៥​ករណី ពាក់ព័ន្ធ​នឹង​បុគ្គល​មានអំណាច និង​អ្នកមាន​ទ្រព្យ​ឬ ក្រុមហ៊ុន ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជាង ៥​ពាន់​គ្រួសារ ខណៈ​ករណី​ចាស់ៗ​រាប់​រយ​ទៀត មិនទាន់​មាន​ដំណោះស្រាយ​សមរម្យ​និង​ច្បាស់លាស់​នៅ​ឡើយ។

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លើកឡើង​ថា ទោះបីជា​កម្ពុជា មាន​ក្របខណ្ឌ​ច្បាប់​ស្តីពី​ដីធ្លី​ច្បាស់លាស់​ក៏ដោយ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង នៅតែ​មាន​បញ្ហា​ប្រឈម​ខ្លាំង ដែល​បង្កើត​ជា​បញ្ហា​ចម្រុះ ទាក់ទិន​នឹង​ច្បាប់​សង្គម អភិបាល​កិច្ច និង​ការ​រំលោភ​សិទ្ធិមនុស្ស។

ការ​លើកឡើង​របស់​សមាគម​អាដហុក​នេះ នៅ​ក្នុង​របាយការណ៍​ស្ថានភាព​សិទ្ធិ​ដីធ្លី ស្ដីពី​ការ​​ឆ្លុះ​បញ្ចាំង​និយតកម្ម​ច្បាប់ និង​ប្រសិទ្ធភាព​អនុវត្ត ជុំវិញ​ស្ថានភាព​វិវាទ​ដីធ្លី​រវាង​បុគ្គល​មានទ្រព្យ មាន​អំណាច និង​ប្រជា​សហគមន៍​នៅ​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃទី៧ ខែ​ឧសភា​នេះ។

អាដហុក​រក​ឃើញ​ថា ឆ្នាំ​២០២៥ ករណី​វិវាទ​ដីធ្លី​កើតឡើង​ថ្មី​ចំនួន ៤៥​ករណី ពាក់ព័ន្ធ​នឹង​បុគ្គល​មាន​អំណាច និង​អ្នកមាន​ទ្រព្យ​ឬ​ក្រុមហ៊ុន ដែល​ប៉ះពាល់ ដល់​ប្រជាពលរដ្ឋ​ជាង​៥​ពាន់​គ្រួសារ ឬ​ស្មើនឹង​មនុស្ស​ជាង ១ ម៉ឺន ៤​ពាន់ នាក់ (១៤៧៩៨ ) ក្នុង​នោះ ជនជាតិ​ដើម​ភាគតិច​ជាង ៧​ពាន់​នាក់ (៧៣៥១) ដែល​ប៉ះពាល់ ដី​ជាង ១​សែន​ហិកតារ (១១៥,៤១៣)។

អាដហុក​ឲ្យ​ដឹង​ថា ការរំលោភ​ដីធ្លី​ដោយ​បុគ្គល​មានអំណាច ចំនួន ១៩​ករណី មាន​ទំហំ​ដី ៨៩៣ ហិកតារ ដែល​ប៉ះពាល់​ដល់​ប្រជា​សហគមន៍​ជាង ១​ពាន់ ៥​រយ​គ្រួសារ (១,៥៧៣) ក្នុង​នោះ ជនជាតិ​ដើម​ភាគតិច​ជាង ២​ពាន់​នាក់ (២,២៤៥)។

ចំណែក ករណី​រំលោភ​ដីធ្លី​ដោយ​បុគ្គល​អ្នកមាន​ទ្រព្យ​ចំនួន ៩​ករណី មាន​ទំហំ​ដី ជិត​៤​ម៉ឺន​ហិកតារ​(៣៩៨១៥) ដែល​ប៉ះពាល់​ផ្ទាល់​ដល់​សហគមន៍​ជាង ២​ពាន់ គ្រួសារ (២,១៩៨) ឬ​ស្មើ​៦៩៥០​នាក់ ក្នុង​នោះ ជនជាតិ​ដើម​ភាគ​តិច​ជាង ៤​ពាន់ នាក់ (៤,២១៨)។

សមាគម​អាដហុក​ថា វិវាទ​ដីធ្លី​ចំនួន ៤៥​ករណី គឺ​មាន​២១​ករណី​ទទួល រង​ការ​គំរាម កំហែង​ពី​អ្នក​មាន​អំណាច និង​អ្នកមាន​ទ្រព្យ ដែល​បណ្តាល​ឲ្យ​តំណាង សហគមន៍ ចំនួន​១៧៤​នាក់ មិន​ហ៊ាន​ចូល​កន្លែង​ដី​ជម្លោះ ខណៈ​តំណាង ២​នាក់ ត្រូវ​តុលាការ​ឃុំខ្លួន។ ចំណែក​តំណាង ២៥​នាក់​ទៀត កំពុង​ជាប់​បណ្តឹង​ព្រហ្មទណ្ឌ​នៅ​តុលាការ និង​២​នាក់​ទៀត ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ដើម្បី​ធ្វើ​កិច្ចសន្យា​ឲ្យ​ឈប់​តវ៉ា។

អាដហុក​ថា បញ្ហា​នេះ​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​សិទ្ធិមនុស្ស និង​ជីវភាព​រស់នៅ របស់​ប្រជាពលរដ្ឋ​សហគមន៍ រួមមាន​ការបាត់បង់​ដីធ្លី និង​ប្រភព​ចំណូល​ភាព​ក្រីក្រ បញ្ហា​សុខភាព​ផ្លូវចិត្ត និង​អស្ថិរភាព​សង្គម ជាពិសេស​ជនជាតិ​ដើម​ភាគតិច ប្រឈម​នឹង​ការបាត់បង់​ដី​វប្បធម៌ អត្តសញ្ញាណ និង​ធនធានធម្មជាតិ ដោយ​មិន​គោរព​គោលការណ៍ «​ការយល់ព្រម​ជាមុន​ដោយ​សេរី និង​មាន​ព័ត៌មាន​ពេញ​លេញ»។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ សិទ្ធិ​មនុស្ស​អាដហុក លោក យិន ម៉េងលី កត់សម្គាល់​ថា ការ​អនុវត្ត​ច្បាប់​មិន​ស្មើភាព​គ្នា រវាង​ពលរដ្ឋ និង​អ្នក​មាន​អំណាច ឬ​បុគ្គល​មាន​ទ្រព្យ​នេះ ដោយសារ​កត្តា​មួយចំនួន។

លោក យិន ម៉េងលី៖ «អ្វី​ដែល​ធ្វើ​ឲ្យ​ការអនុវត្ត​មិន​មាន​ប្រសិទ្ធភាព វា​មាន​កត្កា​ច្រើន ពាក់ព័ន្ធ​នឹង​បញ្ហា​អំពើពុករលួយ ខ្វះ​តម្លាភាព ការប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ ការ​ទំនាក់ទំនង​ល្អ​រវាង​អាជ្ញាធរ និង​បុគ្គល​មាន អំណាច មានទ្រព្យ ពេលខ្លះ​មានការ​គំរាមកំហែង ចាប់ខ្លួន​ទៅលើ​ប្រជា​សហគមន៍ ទៅលើ​ភាគី​ទំនាស់ ។​អ៊ីចឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ទំនុកចិត្ត​លើ​អាជ្ញាធរ និង​ប្រព័ន្ធ យុត្តិធម៌ ធ្វើ​ឲ្យ​កើនឡើង​ភាព​ក្រីក្រ​នៅ​ក្នុង​សង្គម»។

ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​ទេ នៅ​ថ្ងៃទី៧ ខែ​ឧសភា​នេះ។

សមាគម​ការពារ​សិទ្ធិមនុស្ស​ផ្ដល់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល បញ្ឈប់​ការប្រើ​អំណាច ឬ កម្លាំង​ប្រដាប់​អាវុធ ក្នុង​ការ​គំរាមកំហែង ដើម្បី​បង្ក្រាប​ការ​តវ៉ា​ទាមទារ ដោយ​សន្តិវិធី បញ្ឈប់​ការប្រើ​បទល្មើស​ព្រហ្មទណ្ឌ ក្នុង​ការ​ចោទប្រកាន់​ឬ​ចាប់​ឃុំខ្លួន ដើម្បី​ជា​ការ​ដាក់​សម្ពាធ​លើ​ភាគី ជាពិសេស​ប្រជាពលរដ្ឋ​សហគមន៍​ក្នុង​រឿង​វិវាទ​ដីធ្លី ។ លើស​ពី​នេះ រដ្ឋាភិបាល​ត្រូវ​ធានា​ការអនុវត្ត ឲ្យ​បាន​ត្រឹមត្រូវ​តាម គោល ការណ៍​ច្បាប់ គឺ​ផ្តល់​សំណង​ជាមុន​ដោយ​ត្រឹមត្រូវ សមរម្យ​និង​យុត្តិធម៌ ក្នុង​ករណី ដកហូត​កម្មសិទ្ធិ​របស់​ប្រជា​ពលរដ្ឋ ព្រមទាំង​ដាក់ទោស​ទណ្ឌ​ចំពោះ​មន្ត្រី​ណា ដែល​ប្រើ​តួនាទី​មិន​ត្រឹមត្រូវ​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ