

សាលាឧទ្ធរណ៍ភ្នំពេញនឹងបើកសវនាការជំនុំជម្រះក្ដីសំណុំរឿងរបស់សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ នៅរសៀលថ្ងៃទី ០២ មិថុនា ខាងមុខ។ នេះបើយោងតាមដីកាកោះហៅរបស់សាលាឧទ្ធរណ៍ថ្មីៗនេះ ដែលទូរទស្សន៍អាស៊ីសេរីទើបតែទទួលបាន។
សកម្មជនដែលមានឈ្មោះក្នុងដីកាកោះហៅនេះ មាន ៨ នាក់ រួមមាន លោក យីម លាងហ៊ី លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា លោក ពក ខឺយ លោក អាឡិច និងអ្នកនាង ស៊ុន រដ្ឋា។ សំណុំរឿងដែលសាលាឧទ្ធរណ៍គ្រោងលើកយកមកជំនុំជម្រះនេះ គឺ «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ និងរួមគំនិតក្បត់»។
តុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសសកម្មជនទាំង ៨ នាក់ ឱ្យជាប់ពន្ធនាគារពី ៦ ដល់ ៨ ឆ្នាំ ពីបទ «រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ» កាលពីដើមខែមិថុនា ឆ្នាំ ២០២៤។ សកម្មជនដែលកំពុងជាប់ពន្ធនាគារក្នុងសំណុំរឿងនេះ មាន ៥ នាក់ រួមមាន លោក យីម លាងហ៊ី លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត កញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី។ អាជ្ញាធរបានបញ្ជូនពួកគេទៅឃុំខ្លួននៅពន្ធនាគារផ្សេងៗពីគ្នា ក្នុងនោះអ្នកខ្លះកំពុងជាប់ឃុំក្នុងពន្ធនាគារនៅតំបន់ឆ្ងាយដាច់ស្រយាល។
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងរដ្ឋាភិបាលនៃប្រទេសប្រជាធិបតេយ្យមួយចំនួនផង បានថ្កោលទោសចំពោះការផ្ដន្ទាទោសនេះ និងទាមទារឱ្យរបបដឹកនាំនៃក្រុមគ្រួសារត្រកូលហ៊ុន ដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញ ហើយទម្លាក់ចោលរាល់បទចោទប្រកាន់លើសកម្មជនទាំងនេះ ដើម្បីឱ្យពួកគេអាចត្រឡប់មកធ្វើការងារការពារបរិស្ថានរបស់ខ្លួនវិញ ដោយគ្មានការភ័យខ្លាច៕









