រដ្ឋាភិបាល​កម្ពុជា​បាន​បណ្ដែត​បណ្ដោយ​ឱ្យ​យន្តហោះ​ស៊ើបការណ៍​ថៃ​ហោះ​ចូល​ដី​ខ្មែរ​តាម​អំពើ​ចិត្ត

0
230
រូបភាពដ្រូនស៊ើបការណ៍របស់យោធាថៃ ហោះចូលដែនអាកាសកម្ពុជា នៅ​តំបន់​ភូមិជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាលពីចុងឆ្នាំ​២០២៥។ រូប៖ បណ្ដាញសង្គម
រូបភាពដ្រូនស៊ើបការណ៍របស់យោធាថៃ ហោះចូលដែនអាកាសកម្ពុជា នៅ​តំបន់​ភូមិជោគជ័យ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ កាលពីចុងឆ្នាំ​២០២៥។ រូប៖ បណ្ដាញសង្គម

ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​ក្នុង​តំបន់​មាន​ជម្លោះ ពុំ​សប្បាយ​ចំពោះ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដែល​បណ្ដែតបណ្ដោយ ឱ្យ​យន្តហោះ និង​ដ្រូន (Drone) ស៊ើបការណ៍ របស់​ថៃ​បន្ត​ហោះ​ចូល​ដែន​អធិបតេយ្យ​កម្ពុជា តាម​ព្រំដែន​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ការរារាំង​។ ទន្ទឹមគ្នា​នោះ​កងទ័ព​ខ្មែរ​ដែល​យាមកាម​តាម​ព្រំដែន​បាន​ត្រឹមតែ​ឈរ​មើល និង​ខ្លះទៀត រត់​ចូល​ព្រៃ ដើម្បី​បិទបាំង​ខ្លួន​ពេល​ឃើញ​យន្តហោះ​ថៃ ចូល​ដី​ខ្មែរ​ម្ដងៗ។

ក្រៅតែ​ពី​ធ្វើ សកម្មភាព​ឈូស​ឆាយ និង​រាយ​លួស​បន្លា​ព័ទ្ធ យក​ដី​ខ្មែរ តាម​ព្រំដែន យោធា​ថៃ ក៏​តែងតែ​សកម្ម​ក្នុង​ការ​ស៊ើបការណ៍​ទាំងយប់ ទាំង​ថ្ងៃ ដោយ​ប្រើប្រាស់​យន្តហោះ និង​Drone ស៊ើបការណ៍​ហោះ​ចូល ក្នុង​ដែន​អធិបតេយ្យ​កម្ពុជា ដោយ​គ្មាន​ខ្លាចរអា​កម្ពុជា​ឡើយ ស្របពេល​កម្ពុជា ពុំ​មាន​វិធានការ​រារាំង ឬ​ប្ដឹង​ពួកគេ ទៅ​កាន់​តុលាការ​អន្តរជាតិ។

បើ​តាម​ការ​អះអាង​របស់​ពលរដ្ឋ និង​កងទ័ព​ជួរមុខ​ខ្លះ​ថា យន្តហោះ​ស៊ើបការណ៍ របស់​ថៃ​ភាគច្រើន តែង​ឃើញ​ហោះ នៅពេល​យប់ និង​ពេល​ថ្ងៃត្រង់ តាម​ព្រំដែន ដូចជា​តំបន់​ស្រុក​ថ្មពួក ខេត្ត បន្ទាយមានជ័យ តំបន់ អូ​ស្មាច់​ខេត្ត​ឧត្តរមានជ័យ និង​តាម​តំបន់ ជួរ​ភ្នំ​ដងរែក​ក្នុង​ខេត្តព្រះវិហារ។

ពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​អូរស្មាច់​ខេត្ត​ឧត្តរមានជ័យ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​លើកឡើង​ថា យន្តហោះ និង​ដ្រូន​ស៊ើបការណ៍​របស់​ថៃ ហោះ​ចូល​ក្នុង​តំបន់ អូរស្មាច់ និង​តំបន់​ជាប់​ព្រំដែន ខេត្តបន្ទាយមានជ័យ ស្ទើរតែ​រាល់ថ្ងៃ ។ លោក ថា​ទាំង​កងទ័ព និង​អាជ្ញាធរ​មូលដ្ឋាន​ក៏​បានដឹង​រឿង​នេះ ប៉ុន្តែ គ្មាន​នរណា​ហ៊ាន​និយាយ​នោះ​ទេ។ លោក​ថា រដ្ឋាភិបាល បណ្ដោយ​ឱ្យ​យន្តហោះ​ថៃ ចូល​ដី​ខ្មែរ​តាម​អំពើ​ចិត្ត​នេះ​ជា​រឿង​មិន​ត្រឹមត្រូវ។

ពលរដ្ឋ៖ «​បើ​ចិត្ត​ខ្ញុំ​មិន​ចង់ឱ្យ​វា​ហោះ​ចូល​តាម​អំពើ​ចិត្ត​ទេវា​ខុស​នឹង​ច្បាប់​ជាតិ និង​អន្តរជាតិ ព្រោះ យើង​ខ្មែរ និង​ថៃ​កំពុង​តែ​មាន​ជម្លោះ​ជាមួយគ្នា​។ ហេតុអ្វី​យន្តហោះ​ថៃ​ហោះ​ចូល​ដី​ខ្មែរ​ជិត​កណ្ដាល​ប្រទេស​ហើយ អត់​មាន​អាជ្ញាធរ​ដែនដី​ឬក៏​អ្នកដឹកនាំ ទប់ស្កាត់ គឺ​អត់​មាន​សោះ»។

រីឯ​កងទ័ព​ខ្មែរ ឈរជើង​នៅ​តំបន់​ជើងភ្នំ​ដងរែក​បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​បញ្ជាក់​បន្ថែម​យ៉ាង​ខ្លី​ថា ពិតជា​ឃើញ​មាន​យន្តហោះ និង​Drone ស៊ើបការណ៍​ថៃ​ហោះ​ចូល​ទឹកដី​ខ្មែរ មែន ប៉ុន្តែ​ភាគី​កម្ពុជា មិនបាន​រារាំង​តាម​មធ្យោបាយ​ណាមួយ​ទេ។

ទូរទស្សន៍​អាស៊ីសេរី នៅ​ពុំ​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និង​អ្នកនាំពាក្យ​ខេត្ត​ឧត្តរមានជ័យ លោក ម៉េត មាស​ភក្ដី ដើម្បី​បញ្ជាក់​បន្ថែម​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី៦ ខែ​ឧសភា ដោយ​ហៅ​ទូរស័ព្ទ​ចូល តែ​គ្មាន​អ្នកទទួល។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់​ថា ប្រសិនបើ​ករណី​យន្តហោះ និង Drone ស៊ើបការណ៍​ថៃ​ហោះ​ចូល​ដី​ខ្មែរ​បាន​ដោយ​សេរី​ដូច​ការ​អះអាង​របស់​ពល​រដ្ឋ​មែន នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា ភាគី​ថៃ​កំពុងតែ​ប្រមាថ​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា​និង​គំរាមកំហែង​កម្ពុជា ស្រប​ពេល​ដែល​រដ្ឋាភិបាល លោក ហ៊ុន ម៉ា​ណែ​ត នៅតែ​គ្មាន​ភាព​ច្បាស់លាស់​លើ​ការ​ដោះស្រាយ ជម្លោះ​តាម​យន្តការ​ជាតិ​។ លោក​បន្ត​ថា ករណី ដែល​ថៃ​ប្រើ​យន្តហោះ ឬ​ដ្រូន ស៊ើបការណ៍​ចូល​ដី​ខ្មែរ កម្ពុជា​មាន​សិទ្ធិ​ស្រប ច្បាប់​ក្នុង​ការ​បាញ់​ទម្លាក់​ចោល មិន​គួរ​ឱ្យ​សត្រូវ​ហោះហើរ​លើ ដែនអាកាស​កម្ពុជា យ៉ាង​អនាធិបតេយ្យ​បែប​នេះ​ទេ។

លោក ម៉ែន ណាត៖ «បើ​មាន​យន្តហោះ និង​ដ្រូន ហោះ​កាត់​ចូល​ដែន​អធិបតេយ្យ​កម្ពុជា កម្ពុជា​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ជាក់ស្ដែង​។ កាលណា​មាន​ចាត់វិធានការ​ទប់ស្កាត់​ជាក់ស្ដែង គឺ​ត្រូវ​មាន​កម្លាំង​ការពារ​ខ្លួន​ហើយ ។ ឧបមា​ថា បើ​ហោះ​ចូល​ដី​ខ្មែរ គឺ​ត្រូវ​មាន​ដំណាក់កាល​ពីរ​បី​ដែរ​។ ទី​១. បើ​យន្តការ​រដ្ឋបាល គឺ​ធ្វើ​សេចក្ដីជូនដំណឹង ធ្វើ​លិខិត​តវ៉ា​ការ​ទូច​អ៊ីចឹង​ទៅ​។ ប៉ុន្តែ​បើ​នៅតែ​បំពាន​ដដែល​គឺ​អាច​ប្រើ​យន្តការ​ច្បាប់​អន្តរជាតិ បើ​ហោះ​ចូល​ដែន​អធិបតេយ្យ​កម្ពុជា គឺ​កម្ពុជា បាញ់​ទម្លាក់»។

នេះ​ពុំ​មែន​ជា​រឿង​ថ្មី​ទេ ដែល​ភាគី​ថៃ​បាន​រំលោភបំពាន​មក​លើ​ដែន​អាកាស​កម្ពុជា តាមរយៈ​ការប្រើ​យន្តហោះ និង​ដ្រូន​ស៊ើបការណ៍​ចូល​ដែន​អធិបតេយ្យ​កម្ពុជា​ទាំង​គឃ្លើន​។ រីឯ​ដែនសមុទ្រ និង​ដែន​គោក​ជិត​៧០​ទីតាំង ក៏​ភាគី​ថៃ​កំពុងតែ ឈ្លានពាន​យក ដោយ​គ្មាន​ខ្វល់​នឹង​ច្បាប់​អន្តរជាតិ​នោះ​ដែរ។ អ្នកឃ្លាំមើល​រិះគន់​ថា ដោយសារតែ រដ្ឋាភិបាល​ដឹកនាំ​ដោយ​ត្រកូល​«​ហ៊ុន​» អសមត្ថភាព ធ្វើ​ឱ្យ​ប្រទេសជាតិ​ទន់ខ្សោយ​គ្រប់​វិស័យ ទើប​ប្រទេសជិតខាង​ប្រមាថមើលងាយ​សព្វបែបយ៉ាង ខណៈ​ការ​ប្ដឹង​ថៃ​ទៅ​កាន់​តុលាការ​អន្តរជាតិ​ក៏​គ្មាន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ