យោធា​ថៃ​ពង្រីក​កម្លាំង និង​ធ្វើ​របង​តាម​ព្រំដែន​គោក​ជាប់​នឹង​កម្ពុជា

បញ្ជាការដ្ឋានកងទ័ពជើងគោកតំបន់ទី១ របស់ថៃស្ដារប្រឡាយទឹក នៅព្រំដែនកម្ពុជា - ថៃ ជាប់ខេត្ត​បាត់ដំបង។ រូប៖ កាសែត​ថៃ
បញ្ជាការដ្ឋានកងទ័ពជើងគោកតំបន់ទី១ របស់ថៃស្ដារប្រឡាយទឹក នៅព្រំដែនកម្ពុជា – ថៃ ជាប់ខេត្ត​បាត់ដំបង។ រូប៖ កាសែត​ថៃ

យោធា​ថៃ​បាន​ពង្រឹងកម្លាំង​ការពារ​ព្រំដែន និង​បង្កើត​គម្រោង​សាងសង់ របង​ធម្មជាតិ នៅ​តាម​ព្រំដែន​កម្ពុជា​ក្នុង​ខេត្តព្រះវិហារ ជាច្រើន​តំបន់ ដើម្បី​ធ្វើជា ខ្សែបន្ទាត់​ព្រំដែន និង​យក​ធ្វើជា​កំពែង​ទុក​ការពារ​ក្នុងករណី​មាន​សង្គ្រាម​។ ក្រៅ​ពី​នេះ នៅ​តំបន់​ព្រំដែន​ខេត្តបាត់ដំបង ប៉ៃលិន និង​ឧត្ដរមានជ័យ យោធា​ថៃ បាន​បន្ត​ឈូស​ឆាយ​ទម្លាយ​ព្រៃ​ធ្វើ​ផ្លូវ​យុទ្ធសាស្ត្រ និង​សាងសង់​កំពែង​នៅ តាម​ខ្សែបន្ទាត់​ព្រំដែន​បាន​រាប់រយ​ម៉ែត្រ ខណៈ​តំបន់​មួយចំនួន ថៃ​បាន​កែប្រែ​អូរ​ធម្មជាតិ ដែល​ជា​ខ្សែបន្ទាត់​ព្រំដែន រំលោភ​ចូលក្នុង​ទឹកដី​កម្ពុជា។

មន្ត្រី​គណបក្សប្រឆាំង​លើកឡើង​ថា សកម្មភាព​របស់​យោធា​ថៃ គឺជា​យុទ្ធសាស្ត្រ ឈ្លានពាន​ដោយ​មិន​ផ្ទុះ​អាវុធ។

ស្រប​ពេល​ដែល​កម្ពុជា និង​ថៃ​កំពុង​មាន​ភាព​ចម្រូងចម្រាស​រឿង​វិវាទ​ដែនសមុទ្រ បន្ទាប់ពី​រដ្ឋាភិបាល​ថៃ​បាន​ហែក​ចោល​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​ឆ្នាំ​២០០១ នោះ នៅ​ដែន​គោក​ឯណោះ​វិញ យោធា​ថៃ​នៅតែ​ធ្វើ បន្ត​ច្រឹប​យក​ទឹកដី​កម្ពុជា​នៅ​តាម​ព្រំដែន ដោយ​ប្រើប្រាស់​រូបភាព អភិវឌ្ឍ​ដើម្បី​ឈ្លានពាន​ទឹកដី​កម្ពុជា។

កាលពី​ថ្ងៃទី​៦ ខែ​ឧសភា នាយសេនាធិការ​យោធា​ថៃ លោក ឆាយ៉ាព្រឹក្ស ដួងប្រាក់ផាត (Chaiyapruek Duangprapat) បាន​ប្រកាស​ពី​គម្រោង​សាងសង់​អាង​ស្តុក​ទឹក​មួយ​កន្លែង​ក្នុងស្រុក​កាន់ថាឡាក់ (Kantharalak) ខេត្ត​ស៊ីសាកេត (Sisaket) ជាប់​នឹង​ព្រំដែន​ប្រាសាទព្រះវិហារ​របស់​កម្ពុជា ដើម្បី​ធ្វើជា​របង​ព្រំដែន​ធម្មជាតិ ខណៈ​យោធា​ថៃ​បាន​ពង្រីក​ទីតាំង​ឈរជើង​ចូលក្នុង​ទឹកដី​កម្ពុជា ក្បែរ​ទីតាំង​ប្រាសាទ តំបន់​បុស្ស​ស្បូវ និង​តាថាវ។ ចំណែក​នៅ​តំបន់​ភ្នំ​ទ្រព្យ យោធា​ថៃ​បាន​សាងសង់​បន្ថែម​នូវ​លេណដ្ឋាន​រឹងមាំ ប៉ម​ការពារ និង​របង​ជញ្ជាំង​ដើម្បី​សន្តិសុខ​នៅ​តាម​ក្រវាត់​ភ្នំ។

ដូចគ្នា​នេះដែរ នៅ​តំបន់​អានសេះ យោធា​ថៃ​បាន​ពង្រីក​ការសាងសង់​ផ្លូវ​បេតុង​ប្រវែង​ជាង​៣​គីឡូម៉ែត្រ តាម​ក្រវាត់​ព្រំដែន​ក្នុង​ទឹកដី​កម្ពុជា ដែល​យោធា​ថៃ​ចូល​ឈ្លានពាន​នៅ​តំបន់ភ្នំ​៥០០ ខណៈ​នៅ​តំបន់​មួយចំនួន​ទៀត ដូចជា​ជាំ​តែ និង​មុំ​បី ហាក់​មាន​ស្ថានភាព​តានតឹង​ជាង​មុន ដោយសារ​ទាហាន​ថៃ​បាន​ព្យាយាម​រាយ​បន្លា​លួស និង​ដើរ​ល្បាត​ក្នុង​ទឹកដី​កម្ពុជា ប៉ុន្តែ​ត្រូវ​ទាហាន​ខ្មែរ​រារាំង រហូត​មាន​ទំនាស់​ពាក្យសម្ដី និង​ភ្ជង់​កាណុង​កាំភ្លើង​ដាក់គ្នា​ទៅវិញទៅមក​ទៀង​ផង​។ នេះ​បើ​តាម​ការ​អះអាង​របស់​ទាហាន​ខ្មែរ​ម្នាក់ ដែល​បាន​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ។

ចំពោះ​ខេត្ត​ឧត្តរមានជ័យ យោធា​ថៃ​បាន​ឈូស​ឆាយ​ផ្លូវ​យុទ្ធសាស្ត្រ​យោធា ដោយ​រំលោភ​ចូល​ដី​ខ្មែរ​នៅ​លើ​ភ្នំ​៤២៤ ក្នុង​តំបន់​ជាំ​ស្រងាំ និង​មួយ​ខ្សែ​ទៀត នៅ​តំបន់​ប្រាសាទ​ខ្នារ ក្នុង​សង្កាត់​អូរស្មាច់។

ជុំវិញ​រឿង​នេះ ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍ នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន យល់ឃើញ​ថា សកម្មភាព​របស់​យោធា​ថៃ គឺជា​យុទ្ធសាស្ត្រ​ឈ្លានពាន​ដោយ​មិន​ផ្ទុះអាវុធ ដោយសារ​យោធា​ថៃ​ដឹង​ច្បាស់​ថា ពី​ភាព​កម្សោយ​ក្នុង​វិស័យ​ការពារ​ជាតិ​របស់​កម្ពុជា។ លោក​បន្ត​ថា ប្រសិនបើ​មេដឹកនាំ​កម្ពុជា​នៅតែ​បណ្ដោយ​ឱ្យ​យោធា​ថៃ​ចូល​ឈ្លានពាន​កម្ពុជា ទាំង​នៅក្នុង​អំឡុង​ធ្វើសង្គ្រាម និង​ក្រោយ​សង្គ្រាម នោះ​នឹង​បណ្ដាល​ឱ្យ​ប្រព័ន្ធ​ដឹកនាំ​កម្ពុជា មាន​ភាព​ក្រិន​លើ​សមត្ថភាព​យោធា ការទូត និង​សក្ដានុពល​បូរណភាព​ទឹកដី។

លោក អ៊ុំ សំអាន៖ «​វា​មិនទាន់​ហួសពេល​ទេ​បើ​យើង​ប្ដឹង​នៅពេល​នេះ ប៉ុន្តែ​បើ​យើង​នៅតែ​ពន្យារពេល​បន្ត​ទៀត​យូរ​ទៅ​ថៃ​នឹង​ប្រើ​យន្តការ ដេហ្វាក់តូ (De facto ) គឺជា​ការ​កាន់កាប់​ជាក់ស្ដែង​។ មាន​ន័យថា​កាន់កាប់​យូរ​ទៅ ក្លាយជា​ទឹកដី​របស់​ថៃ អ៊ីចឹង​យើង​ទាមទារ​វិញ​ក៏​មិនបាន​ដែរ អ៊ីចឹង​កុំ​ស៊ីពេល​យូរ​ពេក​។ ដូច្នេះ​ពលរដ្ឋ​ខ្មែរ​ប្រសិនបើ​បណ្ដោយ​ឱ្យ​ត្រកូល​ហ៊ុន​កាន់អំណាច​យូរ​ពេក ទឹកដី​នឹង​បាត់បង់»។

យោធា​ថៃ​បាន​បន្ត​ឈ្លានពាន​ព្រំដែន​ខេត្ត​ប៉ៃលិន ដែល​ស្ថិត​នៅ​ជាប់​នឹង​ស្រុក​ពោង​ណាំរ៉ន ខេត្ត​ចន្ទបុរី របស់​ថៃ​ដោយ​ធ្វើ​សកម្មភាព​ឈូស​ព្រៃ​ជាច្រើន​ទីតាំង ដើម្បី​ធ្វើ​ផ្លូវ​យុទ្ធសាស្ត្រ​នៅ​តាម​បណ្ដោយ​ជ្រលង​ភ្នំ និង​អូរ​ធម្មជាតិ ដែល​ភាគី​កម្ពុជា និង​ថៃ​កំណត់​យក​ធ្វើជា​ខ្សែបន្ទាត់​ព្រំដែន​បណ្ដោះអាសន្ន​។ យោធា​ថៃ​បាន​ចាក់​ដី​លុប​អូរ​ធម្មជាតិ និង​កែប្រែ​ផ្លូវទឹក​ដោយ​ច្បិច​យក​ទឹកដី ខ្មែរ​ក្នុង​តំបន់​ក្រចកសេះ នៅ​សង្កាត់​បរ​យ៉ាខា ទីតាំង​ដីចម្ការ​របស់​ពលរដ្ឋ​ខ្មែរ​មួយ​កន្លែង នៅ​ឃុំ​ស្ទឹង​កាច់ ស្ថិត​ក្នុង​ស្រុក​សាលា​ក្រៅ និង​នៅក្នុង​តំបន់​មួយ​ចំនួន​ទៀត។

ភាគី​ថៃ​ចោទ​ថា កម្ពុជា​បាន​លួច​កែប្រែ​អូរ​ធម្មជាតិ​ចូលក្នុង​ទឹកដី​ថៃ ក៏ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​នៅ​តំបន់ភ្នំ​ក្បាលដំរី និង​ភូមិ​បរតាំង​ស៊ូ បាន​អះអាង​ថា អូរ​ធម្មជាតិ​ដែល​ជា​ខ្សែបន្ទាត់​ព្រំដែន​នេះ បាន​​ប្រែប្រួល​ទៅតាម​ដំណើរ​ធម្មជាតិ ដោយ​តំបន់​ខ្លះ​អូរ​មួយ​នេះ​បាន​ប្រែជា​កោង​ចូលក្នុង​ទឹកដី​ថៃ ខ្លះ​ចូលក្នុង​ទឹកដី​កម្ពុជា និង​កន្លែង​ខ្លះ​មាន​អូរ​ចំនួន​ពីរ​ជាន់​ទៀត​ផង។

ដោយឡែក នៅ​ឯ​ព្រំដែន​ខេត្តបាត់ដំបង ឯណោះ​វិញ យោធា​ថៃ​កំពុង​សាងសង់​របង​ជញ្ជាំង​អចិន្ត្រៃយ៍​ចាប់ពី​ចំណុច​បង្គោល​ព្រំដែន​លេខ ៥២​ដល់​៥៤ ដែល​ជា​តំបន់​ខ្សែបន្ទាត់​ព្រំដែន​ត្រង់​មាន​ប្រវែង​សរុប​ជាង ១​គីឡូម៉ែត្រ​(១.៣១០​ម៉ែត្រ​) ស្ថិត​ក្នុង​ស្រុក​កំរៀង ខេត្តបាត់ដំបង ជាប់​នឹង​ខេត្ត​ចន្ទ​បុរី របស់​ថៃ។

ទោះជា​យ៉ាងណា នៅ​តំបន់​ព្រំដែន​ស្រុក​ភ្នំព្រឹក និង​ស្រុក​សំពៅ​លូន ដែល​ជាប់​នឹង​ខេត្ត​ស្រះកែវ យោធា​ថៃ​បាន​ចាប់ផ្ដើម​ឈូស​ឆាយ​ធ្វើ​ផ្លូវ និង​រាយ​បន្លា​លួស នៅ​តាម​បណ្ដោយ​អូរ​ធម្មជាតិ​ដែល​មាន​ទីតាំងនៅ​ឃុំ​បារាំង​ធ្លាក់ និង​តំបន់​ភ្នំ​៥៣ ភូមិ​គគីរ ស្ថិត​ក្នុង​ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក រហូតដល់​តំបន់​មួយចំនួន​ក្នុង​ស្រុក​សំពៅ​លូន។

ពលរដ្ឋ​រស់នៅ​ឃុំ​ភ្នំព្រឹក​ម្នាក់ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​អត្តសញ្ញាណ​ថា យោធា​ថៃ​បាន​ច្រឹប​យក​ដីចម្ការ​អាស្រ័យ​ផល​មួយចំនួន​របស់​ពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្ដោយ​អូរ​ធម្មជាតិ ទោះបីជា​ទាហាន​ខ្មែរ​ធ្លាប់​ចេញ​មក​រារាំង​ជាច្រើន​ដក​មក​ហើយ​ក៏ដោយ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា និង​អភិបាលខេត្ត​នៅ​តាម​បណ្ដោយ​ព្រំដែន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​៧ ខែ​ឧសភា។

គិត​មកដល់ពេលនេះ រដ្ឋាភិបាល​មិនបាន​ចេញ​សេចក្ដីថ្លែងការណ៍​អំពី​ស្ថានភាព​នៅ​តាម​ព្រំដែន​ថៃ​នោះ​ឡើយ ខណៈ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្ដោយ​ព្រំដែន កំពុង​ភិតភ័យ​ដោយសារ​សកម្មភាព​ឈ្លានពាន​របស់​យោធា​ថៃ​បាន​ចាប់ផ្ដើម​កែសម្រួល​ព្រំដែន​តាម​ទំនើងចិត្ត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ