

សកម្មជនព្រៃឈើ និងអ្នកឃ្លាំមើលលើកឡើងថា ត្រូវតែលុបបំបាត់អំពើពុករលួយ និងចាត់វិធានការទៅលើមន្ត្រីខិលខូច ដែលឃុបឃិតជាមួយជនល្មើស ទើបការពារព្រៃឡង់ឲ្យនៅគង់វង្ស និងមានប្រសិទ្ធភាព។ ការលើកឡើងធ្វើឡើងបន្ទាប់ពីអាជ្ញាធរជុំវិញព្រៃឡង់ចំនួន៤ខេត្ត ប្ដេជ្ញាចិត្តការពារព្រៃឡង់ឲ្យគង់វង្ស។
សកម្មជនព្រៃឈើ និងអ្នកឃ្លាំមើលលើកឡើងថា ដើម្បីទប់ស្កាត់ និងការពារព្រៃឈើ នៅតំបន់ព្រៃឡង់ឲ្យបានគង់វង្ស និងមានប្រសិទ្ធភាព ត្រូវតែចាត់វិធានការទៅលើ មន្ត្រីបរិស្ថានមួយចំនួន ដែលប្រព្រឹត្តអំពើពុករលួយ បណ្ដោយឲ្យក្រុមជនល្មើសកាប់ឈើធ្វើអាជីវកម្ម និងទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិ។ លើសពីនោះរដ្ឋាភិបាល ត្រូវតែបញ្ឈប់ការផ្ដល់ដីសម្បទានសេដ្ឋកិច្ច និងគម្រោងអាជីវកម្មរ៉ែធំៗ នៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃព្រៃឡង់។
សកម្មជនការពារព្រៃឡង់ ខេត្តព្រះវិហារ លោក ខេម សុឃី អះអាងប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី០៧ ខែឧសភា ថា ការសន្យារបស់អាជ្ញាធរ ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ មិនមែនជាលើកទីមួយនោះទេ ចំណែកបទល្មើស និងក្រុមឈ្មួញនៅតែបន្តកាប់ឈើនៅក្នុងតំបន់ព្រៃឡង់ដដែល ដោយលោកចាត់ទុកថា ការសន្យារបស់អាជ្ញាធរនៅពេលនេះ ធ្វើឡើងដើម្បីតែល្អមើលប៉ុណ្ណឹង។ «»
សកម្មជនព្រៃឡង់រូបនេះ បន្ថែមទៀតថា កន្លងទៅសហគមន៍បានរាយការណ៍ទៅមន្ត្រីជំនាញពាក់ព័ន្ធគ្រប់ស្ថាប័ន ជុំវិញការកាប់ឈើធ្វើអាជីវកម្ម និងកាប់ទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិ ប៉ុន្តែមន្ត្រីទាំងនោះ ហាក់គ្មានវិធានការច្បាប់ទៅលើសជនល្មើសទាំងអស់នេះនោះឡើង។ ប៉ុន្តែមន្ត្រីទាំងនោះ សកម្មខ្លាំងក្នុងការរារាំងមិនឲ្យសកម្មជនបរិស្ថាន និងអ្នកកាសែតចូលទៅស៊ើបអង្កេតបទល្មើស នៅក្នុងតំបន់ព្រៃឡង់ទៅវិញ។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីរបរិស្ថានខេត្តទាំង៤ នៅជុំវិញតំបន់ព្រៃឡង់បានទេ នៅថ្ងៃទី៧ ខែឧសភា។ ទោះជាយ៉ាងណា កាលពីថ្ងៃទី០៤ ខែឧសភា អភិបាលខេត្តចំនួន៤ ជុំវិញដែនជម្រកសត្វព្រៃ «ព្រៃឡង់» នៅក្នុងពិធីជួបសំណេះសំណាល ជាមួយតំណាងសហគមន៍តំបន់ការពារធម្មជាតិបានអះអាងថា នឹងជជែកគ្នាលើបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីថែរក្សាធនធានធម្មជាតិដ៏សំខាន់មួយនេះឲ្យបានគង់វង្ស។
ទោះជាបែបនេះក្ដី កន្លងទៅសកម្មជនបរិស្ថាន រកឃើញថា វិនាសកម្មព្រៃឈើនៅតំបន់ព្រៃឡង់ កើតចេញពីការប្រព្រឹត្តអំពើពុករលួយរវាងក្រុមជនល្មើស និងមន្ត្រីបរិស្ថាននៅជុំវិញតំបន់នោះ ចាប់តាំងពីថ្នាក់តំបន់រហូតដល់ប្រធានមន្ទីរបរិស្ថាន។
ចំណែក អ្នកស្រាវជ្រាវ និងឃ្លាំមើលធនធានធម្មជាតិនៅកម្ពុជា លោក សេង សុខហេង លើកឡើងថា រដ្ឋាភិបាលមិនអាចការពារព្រៃឈើឲ្យបានគង់វង្សនោះទេ ប្រសិនបើបន្តឲ្យមន្ត្រីក្រោមឱវាទប្រព្រឹត្តអំពើពុករលួយ និងមិនព្រមចាត់វិធានការច្បាប់ឲ្យបានតឹងរ៉ឹង ទៅលើជនល្មើស និងមន្ត្រីពាក់ព័ន្ធ។
ដែនជម្រកសត្វព្រៃព្រៃឡង់មានផ្ទៃដីជិត ៥សែន (៤៨៩.៦៦៣) ហិកតារ ជាប់ខេត្តចំនួន៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ត្រូវបានរដ្ឋាភិបាល បង្កើតជាតំបន់ដែនជម្រកសត្វព្រៃនៅក្នុងឆ្នាំ២០១៦។ ប៉ុន្តែរយៈពេលជិត ១០ឆ្នាំមកនេះ អង្គការជាតិនិងអន្តរជាតិ បានចេញរបាយការណ៍ជាបន្តបន្ទាប់ថា ដែនជម្រកសត្វព្រៃព្រៃឡង់តែងតែរងការកាប់ឈើធ្វើអាជីវកម្ម និងកាប់ទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញ និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនៅជុំវិញតំបន់នោះយ៉ាងអនាធិបតេយ្យ។
ក្រៅពីនោះ ដែនជម្រកសត្វព្រៃព្រៃឡង់ បច្ចុប្បន្នត្រូវបានក្រុមហ៊ុនឯកជនចំនួន៥ ដែលកំពុងច្បាមយកធ្វើធនធានរ៉ែផ្សេងគ្នា ក្នុងមានដូចជា ក្រុមហ៊ុន គ្លប៊ល ហ្គ្រីន កំពុងច្បាមយករ៉ែដែក ទំហំជាង១ម៉ឺន (១៤.៨៩៤) ហិកតារ នៅភាគខាងជើងនៃតំបន់ព្រៃឡង់ នៃខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ក្រុមហ៊ុន ឡេត ចេង ម៉ាញនីង កំពុងធ្វើអាជីវកម្មរ៉ែមាស នៅភាគខាងត្បូង ក្នុងខេត្តកំពង់ធំលើព្រៃដីជិត១ម៉ឺនហិកតារ និងរោងចក្រផលិតស៊ីម៉ងត៍ ខេភី ស៊ីមែន នៅភាគខាងកើត ក្នុងខេត្តក្រចេះ ហើយថ្មីនេះ រដ្ឋាភិបាលអនុញ្ញាតឲ្យក្រុមហ៊ុនចិនឈ្មោះខេមបូឌាន ខេ៨៨ អ៊ិនដាសស្ត្រី (Cambodian K88 Industry) ធ្វើអាជីវកម្មរ៉ែមាសថ្មីបន្ថែមទៀតនៅក្នុងភូមិសាស្ត្រតំបន់ការពារព្រៃឡង់ភាគខាងត្បូង ក្នុងខេត្តកំពង់ធំ និងខេត្តក្រចេះ៕









