

អ្នកតាមដានសង្គមកម្ពុជា អះអាងថា ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន កំពុងប្រើយុទ្ធសាស្ត្រ ក្នុងការកសាងទំនុកចិត្តពីសាធារណជនឡើងវិញ ក្រោយពីមន្ត្រីនៅមូលដ្ឋានរបស់លោកបានធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ទំនុកចិត្ត។ ការអះអាងនេះ គឺបន្ទាប់ពីលោក ហ៊ុន សែន បានចុះជួបក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តតាកែវ ដោយរំលឹកដល់មន្ត្រីរាជការទាំងអស់ ត្រូវបម្រើរាស្ត្រដោយស្មោះត្រង់យកចិត្តទុកដាក់ដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព មិនត្រូវលំអៀងខាងភាគីណានោះទេ។
អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកលោក សេង វណ្ណលី បានប្រាប់ទូរទស្សន៍អាស៊ីសេរី ថា ការដែលលោក ហ៊ុន សែន ជំរុញឲ្យមន្ត្រីមូលដ្ឋានបម្រើរាស្ត្រដោយស្មោះត្រង់ គឺជាយុទ្ធសាស្ត្រមួយក្នុងការកសាងទំនុកចិត្តពីសាធារណជនឡើងវិញ ក្រោយពីមន្ត្រីរបស់គាត់បានធ្វើឲ្យប្រជាពលរដ្ឋបាត់បង់នូវជំនឿទុកចិត្តកន្លងមក។ តែយ៉ាងណាក្ដី លោកក៏សង្កេតឃើញថា នៅពេលដែលពាក្យសម្ភីនិងការអនុវត្តជាក់ស្ដែងមានគម្លាតពីគ្នា វានឹងធ្វើឲ្យមហាជនមានមន្ទិលសង្ស័យលើប្រសិទ្ធភាព នៃសាររបស់ លោក ហ៊ុន សែន កន្លងមក។
លោក សេង វណ្ណលី បន្ថែមទៀតថា លោកយល់ថា សកម្មភាពជាក់ស្តែង ដែលបង្ហាញអំពីភាពស្អាតស្អំនៃការដោះស្រាយបញ្ហាផ្ទាល់ ជូនប្រជាពលរដ្ឋ ទើបជាសក្ខីកម្មដ៏រឹងមាំបំផុត លើសពីពាក្យសម្ដីរាប់ម៉ឺនម៉ាត់។
លោក សេង វណ្ណលី៖ «សម្រាប់ខ្ញុំការនិយាយតែម្យ៉ាងវាមិនទាន់គ្រប់គ្រាន់ទេ ប្រសិនបើប្រព័ន្ធគ្រប់គ្រងមិនមានការដាក់ទណ្ឌកម្មឬក៏ការលើកទឹកចិត្តឲ្យបានច្បាស់លាស់ដល់មន្ត្រីដែលធ្វើការ បើគ្មានការកែទម្រង់រចនាសម្ព័ន្ធឲ្យស៊ីជម្រៅទេ ការលើកទឹកចិត្តតាមរយៈការថ្លែងសុន្ទរកថា អាចនឹងក្លាយទៅជារូបភាពនយោបាយច្រើនជាងការចង់បានលទ្ធផលពិតប្រាកដ»។
ការអះអាងរបស់អ្នកតាមដានភូមិសាស្ត្រនយោបាយរូបនេះ គឺបន្ទាប់ពីប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានចុះជួបក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តតាកែវ សរុបចំនួន១,២១៥ នាក់ នៅថ្ងៃទី៧ ខែឧសភា បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។
លោក ហ៊ុន សែន បន្ថែមទៀតថា អាជ្ញាធរ បន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ឱ្យបានលឿន រហ័សជៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងព្រឹទ្ធសភា គឺលោក ជា ធីរិទ្ធ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា គោលដៅនៃការចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការរបស់លោកហ៊ុន សែន នាពេលនេះ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។ ហើយ ម្យ៉ាងវិញទៀតក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
ចំណែកប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានឲ្យដឹងថា លោកពុំមានជំនឿទៅលើការអំពាវនាវរបស់លោក ហ៊ុន សែន នោះទេ ពីព្រោះតាមបទពិសោធន៍លោកកន្លងមកមន្ត្រីនៅមូលដ្ឋានតែងតែធ្វើរបាយការណ៍កុហកមន្ត្រីនៅថ្នាក់លើ ដើម្បីទទួលបានផលប្រយោជន៍ពីឈ្មួញ រឺក៏អ្នកមានលុយមានអំណាចទាំងនោះ ចំណែកបញ្ហារបស់ប្រជាពលរដ្ឋមិនបានដោះស្រាយនោះទេ។
លោក ស៊ឹង សែនករុណា បន្ថែមទៀតថា ទាំងមន្ត្រីអនុវត្តច្បាប់ ទាំងអាជ្ញាធរនៅមូលដ្ឋាន តុលាការ ស្ថាប័នពាក់ព័ន្ធនានា គឺប្រព្រឹត្តអំពើពុករលួយដូចសម្លកំពឹសទៅហើយ ដូច្នេះបើមិនដកមន្ត្រីទាំងអស់នោះយកទៅផ្តន្ទាទោសទេ គឺមិនអាចកសាងទំនុកចិត្តពីពលរដ្ឋបាននោះទេ។
លោក ស៊ឹង សែនករុណា៖ «សម្រាប់ខ្ញុំៗ មិនមានជំនឿទេ ពីព្រោះការលើកឡើងនេះវាមែនទើបតែលើកឡើងក្នុងពេលនេះទេ តាំងពីលោកនៅជានាយករដ្ឋមន្ត្រីនោះ»។
ទាក់ទងទៅនឹងបញ្ហាជម្លោះដីធ្លីនេះរបាយការណ៍របស់សមាគមអាដហុក នៅខែឧសភា បានឲ្យដឹងថា វិវាទដីធ្លីរវាងពលរដ្ឋ និងអ្នកមានអំណាចបានកើនឡើង ៤៥ករណីនៅឆ្នាំ ២០២៥ បានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋប្រមាណជាង ៥០០០គ្រួសារ និងផ្ទៃដីមិនតិចជាង ១១ម៉ឺនហិកតារ បើទោះបីជាកម្ពុជាមានច្បាប់គ្រប់គ្រងដីធ្លីក៏ដោយ ក៏បញ្ហានេះនៅតែមានភាពស្មុគស្មាញ និងធ្ងន់ធ្ងរទៅ ដោយសារ វិវាទទាំងនោះមានជាប់ពាក់ព័ន្ធនឹងអ្នកមានអំណាច និងមូលធន។
ក្រុមអ្នកឃ្លាំមើលសង្គមបានលើកឡើងថា មេដឹកនាំនៃគណបក្សកាន់អំណាច លោក ហ៊ុន សែន បង្ហាញពីការយកចិត្តទុកដាក់ដល់មន្ត្រីរបស់ខ្លួននៅថ្នាក់ខេត្ត តែមុនពេលបោះឆ្នោតប៉ុណ្ណោះ។ ប៉ុន្តែ គេសង្កេតឃើញថា មន្ត្រីរបស់គណបក្សកាន់អំណាចវិញ ពួកគេមួយចំនួន តែងតែធ្វើទុក្ខបុកម្នេញ ទៅដល់ពលរដ្ឋដែលស្វែងរកយុត្តិធម៌ ជាពិសេសក្នុងជម្លោះដីធ្លី គំរាមកំហែងដោយហិង្សាលើករូបរាងកាយ ចាប់ឃុំខ្លួនដាក់ពន្ធនាគារជាថ្នូរនៃការដោះលែងឲ្យមានសេរីភាពវិញ ដោយប្រគល់ដីឲ្យអ្នកមានអំណាចរឺក៏ក្រុមហ៊ុន៕









