

ពុទ្ធិកសមាគមខ្មែរនៃវត្តខ្មែរកាណាដា នឹងរៀបចំពិធីបុណ្យវិសាខបូជាទ្រង់ទ្រាយធំមិនធ្លាប់មាននៅប្រទេសកាណាដា នៅថ្ងៃ សៅរ៍ ទី ០៩ ឧសភា ស្អែកនេះ។ កម្មវិធីបុណ្យនេះប្រព្រឹត្តទៅនៅវត្តខ្មែរកាណាដា ស្ថិតនៅទីក្រុងម៉ុងរ៉េអាល់ (Montreal) ខេត្តកេប៊ិច (Quebec)។
ពុទ្ធិកសមាគមខ្មែរនៃវត្តខ្មែរកាណាដាឱ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា កម្មវិធីបុណ្យវិសាខបូជានេះ នឹងប្រព្រឹត្តទៅចាប់ពីម៉ោង ៧ ព្រឹកដល់ម៉ោង ៤ រសៀល ថ្ងៃទី ០៩ ឧសភា។ នៅពេលព្រឹក មានការរៀបចំពិធីតាមបែបសាសនា ដូចជា ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ ប្រគេនចង្ហាន់ដល់ព្រះសង្ឃ ព្រមទាំងនមស្សការ សមាទានសីល ចម្រើនព្រះបរិត្ត និងព្រះសង្ឃសម្ដែងធម្មទេសនា ជាដើម។ ពេលរសៀលចាប់ពីម៉ោង ១ រសៀលតទៅ មានកម្មវិធីសំខាន់ៗ ជាច្រើន ដូចជា ការឡើងថ្លែងសុន្ទរកថារបស់ភ្ញៀវកិត្តិយស ការដង្ហែក្បួនវិសាខបូជាចម្ងាយជាង ២ គីឡូម៉ែត្រ ពិធីថ្លែងការណ៍អំពីអត្ថន័យនៃបុណ្យវិសាខបូជាជាបីភាសា មានភាសាខ្មែរ អង់គ្លេស និងបារាំង ហើយចុងក្រោយគឺពិធីប្រកាសវិសាខពុទ្ធាភិសេក និងផ្សាយមេត្តាចិត្តជាកិច្ចបញ្ចប់កម្មវិធីបុណ្យ។
ដោយឡែកនៅល្ងាចថ្ងៃសុក្រ ទី៨ ឧសភា នេះ ពោលគឺមួយថ្ងៃមុនពិធីបុណ្យនេះ វត្តខ្មែរកាណាដានឹងមានធ្វើពិធីពិសេសមួយទៀត គឺការសម្ដែងព្រះធម៌ទេសនាគ្រែ ៥ និងការផ្សាយមេត្តាចិត្ត។
ពុទ្ធិកសមាគមខ្មែរនៃវត្តខ្មែរកាណាដាអំពាវនាវដល់ពុទ្ធបរិស័ទឱ្យចូលរួមឱ្យបានច្រើនកុះករ ពីព្រោះពិធីបុណ្យវិសាខបូជានេះជាពិធីបុណ្យដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា ដើម្បីរំលឹកដល់ថ្ងៃព្រះពុទ្ធប្រសូត ត្រាស់ដឹង និងបរិនិព្វាន នៅថ្ងៃ ១៥ កើតពេញបូណ៌មី ខែ ពិសាខ ដូចគ្នា៕









