

រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា កំពុងស្វែងរកអន្តរាគមន៍ពីរដ្ឋាភិបាលមហាអំណាចបារាំង ដើម្បីស្នើឲ្យជួយជំរុញ រដ្ឋាភិបាលក្រុងភ្នំពេញ បើកលំហសេរីភាពនយោបាយ គោរពសិទ្ធិមនុស្ស និង ដោះលែងអ្នកទោសមនសិការ នៅមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ខណៈអ្នកឃ្លាំមើលសង្គមអះអាងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែបន្តរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិធ្វើនយោបាយ និងសារព័ត៌មាន។
អ្នកនាំពាក្យរដ្ឋាភិបាលឯករាជ្យ២៣ តុលា លោក គឹម សុខ បានប្រាប់ទូរទស្សន៍អាស៊ីសេរីថា ប្រមុខរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា លោក សម រង្ស៊ី កំពុងប្រឹងប្រែងរកអន្តរាគមន៍ពីរដ្ឋាភិបាលមហាអំណាចបារាំង ដើម្បីស្នើភាគីបារាំង ជួយជំរុញឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ បើកលំហសេរីភាពនយោបាយ ការគោរពសិទ្ធិមនុស្ស និងជាពិសេស ទាមទារឲ្យដោះលែងអ្នកទោសមនសិការ និង/នយោបាយ នៅក្នុងប្រទេសកម្ពុជា នៅមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (ក្រុមប្រទេសនិយាយភាសាបារាំង) ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលលើកទី២០ (Sommet de la Francophonie) នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
លោក គឹម សុខ អះអាងថា បើទោះមានសង្ឃឹមប៉ុណ្ណាក៏រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ប្រឹងប្រែងធ្វើ ពីព្រោះវាជាកាតព្វកិច្ច ជាពិសេសលោក សម រង្ស៊ី ដែលជាមេដឹកនាំកំពូលបានដាក់ចេញគោលដៅសង្គ្រោះប្រទេសកម្ពុជា យកមកជូនប្រជាពលរដ្ឋខ្មែរវិញឲ្យបាន គឺឲ្យខ្មែរមានលំហសេរីភាពនយោបាយ ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ហើយនៅចំពោះមុខនេះគឺការដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការទាំងអស់។
លោក គឹម សុខ៖ «យើងដើរលើផ្លូវដែលមានសេចក្ដីសង្ឃឹមជានិច្ច ពីព្រោះប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលប់នៅជាមួយយើង ហើយបស្ចិមប្រទេសក៏គាំទ្រការតស៊ូដើម្បីប្រជាធិបតេយ្យរបស់យើង ជាពិសេសបារាំង ដែលជាសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ច្បាស់ណាស់មិនភ្លេច រំលឹករដ្ឋាភិបាលក្រុងភ្នំពេញ អំពីការស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើយ ហើយយើងចាំមើលលទ្ធផលទាំងអស់គ្នា»។
ការអះអាងរបស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា រូបនេះ បន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះ រាជធានីភ្នំពេញនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០។ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ នឹងមានការចូលរួមពីសំណាក់ប្រមុខដឹកនាំ និង តំណាងរដ្ឋជាសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ព្រមទាំងស្ថាប័នដៃគូនានាជាច្រើន។
អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ទៀតថា កិច្ចប្រជុំកំពូលនេះ មានគោលបំណងជំរុញកិច្ចសន្ទនា ផ្លាស់ប្តូរ យោបល់ និងរិះរកដំណោះស្រាយ ជាក់ស្តែងលើបញ្ហាប្រឈមជាសកលពាក់ព័ន្ធនឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាចំណុចអាទិភាពបំផុតរបស់សមាជិកអង្គការ OIF។
យ៉ាងណាក៏ដោយ ទាក់ទងទៅនឹងបញ្ហារឹតត្បិតសិទ្ធិសេរីភាព ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ថ្លែងថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត រឹតត្បិតសិទ្ធិនយោបាយ ការធ្វើឲ្យពលរដ្ឋភ័យខ្លាចមិនហ៊ានបញ្ចេញមតិ និងការរារាំងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ព្រមទាំងការរឹតត្បិតសិទ្ធិសេរីភាពការងាររបស់អង្គការសង្គមស៊ីវិល គឺដើម្បីតែការពារអំណាចរបស់ខ្លួនតែប៉ុណ្ណោះ។ លោកសង្ឃឹមថា បារាំង ដែលជាសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នឹងពិចារណាទៅលើការស្វែងរកអន្តរាគមន៍របស់ប្រមុខរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា លោក សម រង្ស៊ី។
អ្នកឃ្លាំមើលសង្គមអះអាងថា ស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិ វាយតម្លៃថា មានការធ្លាក់ចុះដុនដាបខ្លាំងបំផុតរាប់ចាប់តាំងពីសេរីភាពបញ្ចេញមតិ សេរីភាពជួបជុំ សេរីភាពនយោបាយ សេរីភាពសារព័ត៌មាន សេរីភាពខាងសមាគម សេរីភាពសង្គមស៊ីវិល និងសិទ្ធិដីធ្លីជាដើម។
យ៉ាងណា អ្នកឃ្លាំមើលសង្គមអះអាងថា រដ្ឋាភិបាលរបស់ត្រកូលហ៊ុន បានប្រើវិធីមិនស្របច្បាប់គ្រប់បែបយ៉ាងដូចជា គំរាមកំហែង ការរារាំង ការបង្ក្រាបដោយហិង្សា ការចាប់ដាក់គុក ការរឹបអូសទ្រព្យសម្បត្តិ និងការយាយីប្រព័ន្ធតុលាការចំពោះអ្នកនយោបាយ បក្សប្រឆាំងតាំងពីលើដល់ក្រោម និងបុគ្គលទាំងឡាយណាដែលហ៊ាននិយាយជំទាស់រិះគន់ទិតៀន។
ជំពូកទី៣នៃរដ្ឋធម្មនុញ្ញ ត្រង់មាត្រា៣១ និងមាត្រា៤១ ចែងថា កម្ពុជា ទទួលស្គាល់និងគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងការអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងទៅនឹងសិទ្ធិមនុស្សសិទ្ធិនារី និងសិទ្ធិកុមារ។ ពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិ ស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាពនយោបាយ សេរីភាពបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងការប្រជុំជាដើម។ ទោះជាយ៉ាងណា អ្នកឃ្លាំមើល អះអាងថា កម្ពុជាបានប្រែក្លាយខ្លួនពីប្រទេសដែលមានលក្ខណៈប្រជាធិបតេយ្យ សេរី ពហុបក្ស ក្លាយជាប្រទេសដែលមានលក្ខណៈផ្ដាច់ការ រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការដឹកនាំតវង្សត្រកូល។
អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សហៅកាត់ថា លីកាដូ (Licadho) ឱ្យដឹងថា គិតត្រឹមខែឧសភា ឆ្នាំ២០២៦ មានមនុស្សជាង១០០នាក់ហើយ ដែលត្រូវបានអាជ្ញាធរ និងស្ថាប័នអនុវត្តច្បាប់នៅកម្ពុជា ចាប់ដាក់ពន្ធនាគារដោយសារការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន៕









